​ព្រះសីហនុ​៖ គណៈកម្មាធិការ​ជាតិ​សុ​វត្តិភាព​ចរាចរណ៍​ផ្លូវគោក ខេត្ត​ព្រះសីហនុ បាន​អះអាងថា ឆមាស​ទី​១ ឆ្នាំ​២០១៧ ចំនួន​មនុស្ស​ស្លាប់ និង​រងរបួស​ធ្ងន់​ស្រាល ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក បាន​ថយចុះ បើ​ប្រៀបធៀប​ឆមាស​ទី​១ ឆ្នាំ​២០១៦​។

​លទ្ធផល​នេះ បង្ហាញ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែតុលា នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុ​វត្តិភាព​ចរាចរណ៍​ផ្លូវគោក ដែល​ក្រុមការងារ​ខេត្ត​នេះ សម្រេចបាន ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៧ រៀបចំ​ដោយ​អនុគណៈកម្មការ​សុ​វត្តិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ព្រះសីហនុ​។

​នាឱកាស​នោះ លោក ណុប ហេង ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ បាន​លើកយក​របាយការណ៍​អំពី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ឆមាស​ទី​១ ឆ្នាំ​២០១៧ ឲ្យ​ដឹងថា គ្រោះថ្នាក់​នេះ បាន​កើតមាន​ចំនួន​១១០​ករណី (​បរទេស ១៥​ករណី ជនបង្ក ១២​លើក ជនរងគ្រោះ ៣​លើក )​។ ចំនួន​នេះ​បើ​ប្រៀបធៀប​ឆមាស​ទី​១ ឆ្នាំ​២០១៦ កើតមាន​ចំនួន ១៧៦​ករណី គឺ​ថយចុះ ៦៦​ករណី ឬ​ស្មើ ៣៧​ភាគរយ​។​

​គ្រោះថ្នាក់​នេះ បានសម្លាប់​មនុស្ស​ចំនួន ៣១​នាក់ ស្រី ៨​នាក់ (​ជនបរទេស ២​នាក់ គឺ​ជន​ជាតិចិន និង​អង់គ្លេស​។ បើ​ប្រៀបធៀប ឆមាស​ទី​១ ឆ្នាំ​២០១៦ សម្លាប់​មនុស្ស​ចំនួន ៥៦​នាក់ បាន​ថយចុះ ២៥​នាក់ ឬ​ស្មើ​៤៤.៦៤​ភាគរយ​។ ក្នុងនោះ​រងរបួស​ធ្ងន់​ស្រាល​ចំនួន ២០២​នាក់ ស្រី ៤២​នាក់ (​ជនបរទេស ១៧​នាក់ )​។ បើ​ធៀប​ឆមាស​ទី​១ ឆ្នាំ​២០១៦ មាន​អ្នករងរបួស​ចំនួន ៣១០​នាក់ គឺ​ថយចុះ ១០៨​នាក់ ឬ​ស្មើ ៣៤.៨៣​ភាគរយ​។ របួសធ្ងន់ ១០០​នាក់ ស្រី ១៤​នាក់ (​បរទេស ៨​នាក់​) និង​របួសស្រាល ១០២​នាក់ ស្រី ៣២​នាក់ (​បរទេស ៩​នាក់​)​។

​លោក ណុប ហេង ឲ្យ​ដឹង​ទៀតថា អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ឆមាស​ទី​១ ឆ្នាំ​២០១៧ បាន​ខូចខាត​យានយន្ត ចំនួន ១៨១​គ្រឿង បើ​ប្រៀបធៀប​ឆមាស​ទី​១ ឆ្នាំ​២០១៦ មាន​យានយន្ត​ចំនួន ២៩២​គ្រឿង បាន​ខូចខាត គឺ ថយចុះ​ចំនួន ១១១​គ្រឿង ឬ​ស្មើ ៣៨​ភាគរយ​។

​ទាក់ទិន​បញ្ហា​នេះ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ និង​ជា​ប្រធាន​អនុគណៈកម្មការ​សុ​វត្តិភាព ចរាចរណ៍​ផ្លូវគោក​ខេត្ត ដែល​បាន​ចូលរួម​ជា​អធិបតី នៃ​កិច្ចប្រជុំ​នេះ បាន​រំលឹក​ដល់​មន្ត្រីរាជការ អាណាព្យាបាល និង​ក្រុមយុវជន ត្រូវ​រួមគ្នា​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​បាន​ទាំងអស់គ្នា ដើម្បី​ឈានទៅ​ទប់ស្កាត់​ចំនួន​មនុស្ស​ស្លាប់ និង​រងរបួស ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​ថយចុះ​ចំនួន​នា​បណ្តា​ឆ្នាំ​ខាងមុខ​។​

​បន្ថែម​លើ​នេះ លោក យន្ត មីន បាន​កត់សម្គាល់ថា កន្លងមក ទោះបី​អ្នកប្រើប្រាស់​ផ្លូវ ឬ​អ្នកបើកបរ បាន​ចូលរួម​គោរព ឬ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក មាន​កំណើន​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់​បែបណា​ក្តី ក៏ប៉ុន្តែ​គេ​សង្កេតឃើញថា រាល់ថ្ងៃនេះ ក៏​នៅមាន​អ្នកបើកបរ ឬ​អ្នក​កាន់​ដៃចង្កូត​មួយចំនួន បាន​ធ្វេសប្រហែស ឬ​នៅ​បើកបរ​បំពាន​ច្បាប់ នៅមាន​កំណើន​ខ្ពស់ ជាពិសេស​ការបើកបរ នៅពេល​មាន​ពិធីបុណ្យ​ជាតិ​ធំៗ​ចូល​មកដល់​ជាដើម​។

​លោក យន្ត មីន បាន​សម្គាល់ថា រាល់ថ្ងៃនេះ សកម្មភាព​បើកបរ របស់​អ្នក​កាន់​ដៃចង្កូត​មួយចំនួន គឺ​នៅបាន​ប្រើ​ល្បឿន​លឿន​លើក​ពី​ច្បាប់​បានកំណត់ ការមិន​គោរព​សិទ្ធិ​អទិភាព ការបត់ ការបើក​ជែង បើកបរ​ក្រោម​ឥទ្ធិពល​ស្រវឹង ការដឹក​លើស​ចំណុះ ការមិន​ពាក់មួក​ការពារ​សុ​វត្តិភាព និង​ការបើកបរ​ទន្ទឹមគ្នា​ជាដើម គឺជា​មូលហេតុ​ចម្បង បង្កើត​ឲ្យ​មាន​គ្រោះ​ធ្នាក់​ចរាចរណ៍​កើត​ឡើងជា​បន្ត​បន្ទាប់មក​នេះ​។​

​ផ្តើម​ពី​បញ្ហា​នេះ លោក​អភិបាលខេត្ត​ព្រះសីហនុ ទទូច​ដល់​សមត្ថកិច្ច​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ អាណាព្យាបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ត្រូវ​ចូលរួម​អប់រំ​ផ្សព្វផ្សាយ ការអនុវត្ត​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ទូលំទូលាយ ដល់​ប្រជាពលរដ្ឋ យុវជន ពិសេស​អ្នកបើកបរ ឲ្យ​បាន​ច្រើន​ថែមទៀត​។ ជាពិសេស​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក ក៏ត្រូវ​បង្កើន​សកម្ម​ភាពចុះ​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅតាម​គោលដៅ​នានា ទាំង​ទីប្រជុំជន​ក្នុង​ក្រុង និង​នៅតាម​ផ្លូវ​សាធារណៈ ឲ្យ​បាន​ច្រើន​ថែមទៀត ដើម្បី​ឈានទៅ​កាត់បន្ថយ​អត្រា​ស្លាប់ និង​រងរបួស ដោយ​គ្រោះថ្នាក់​ចរាចរណ៍ នា​ខេត្ត​ព្រះសីហនុ ឲ្យ​ថយចុះ​ចំនួន​ថែមទៀត​នា​បណ្តា​ឆ្នាំ​ខាងមុខ​៕ ខ្មែរ​ស្ថាបនា​

Loading...