អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​បាន​មើល​ឃើញ​ស្រដៀង​គ្នា​ថា គ្មាន​អ្វី​ចោទ​បញ្ហា​ឡើយ​នៅក្នុង​ការ​ទូទាត់​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និងចិន ដោយ​គិត​ជា​ប្រាក់​យន់​របស់​ចិន​នោះ។ ការ​លើក​​ឡើង​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​ធនាគារជាតិ​កម្ពុជា នៅ​ថ្ងៃ​ទី​២៤​ខែ​តុលា​ម្សិល​មិញ​​បាន​អះអាង​ថា ការ​ប្រើប្រាស់​ប្រាក់​យន់​ចិន​ក្នុង​ការ​ទូទាត់​ពាណិជ្ជកម្ម​ទ្វេ​ភាគីរវាង​កម្ពុជា និង​ចិន​ផ្ដើម​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។

«ការ​កើន​ឡើង​នៃ​ការ​ប្រើ​ប្រាស់​ប្រាក់​យន់​ចិន ក្នុង​ការ​ទូទាត់​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​និង​ចិន​នេះ ប្រហែល​គ្រាន់​តែ​ជា​ការ​កើន​ឡើង​ខ្លាំង​នៅ​ក្នុង​ដំណាក់​កាល​ដំបូង​ប៉ុ​ណ្ណោះ ប៉ុន្តែ​នឹង​មិន​មាន​ការ​កើន​ឡើង​ខ្លាំង​ប៉ុន្មាន​ទេ» នេះ​គឺ​ការ​លើក​ឡើង​របស់​លោក ង៉ែត ជូរ ទីប្រឹក្សា​សេដ្ឋកិច្ច​នៃ​ក្រុមហ៊ុន Emerging Markets Consulting (EMC)។

លោក ង៉ែត ជូរ បន្ថែម​ថា ទោះ​បី​ជា​កម្ពុជា​មាន​ការ​វិនិយោគ​ច្រើន​ពី​ក្រុម​ហ៊ុន​ចិន​ក៏​ពិត​មែន តែ​ការ​កើន​ឡើង​នៃ​ការ​ទូទាត់​ប្រាក់​យន់​នេះ មាន​ត្រឹម​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​ដោយ​សារ​តែ​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា នៅ​តែ​ពឹង​ផ្អែក​លើ​ការ​នាំ​ចេញ​ទៅ​អាមេរិក ឬ​ក៏អឺរ៉ុប​ជា​ដើម ដែល​ការ​នាំ​ចេញ​នេះ​ត្រូវ​បាន​ទូទាត់​ជា​ប្រាក់​ដុល្លារ។ តែយ៉ាងណាក៏​ដោ​យ​សម្រាប់​អ្នក​សេដ្ឋកិច្ច​រូប​នេះ​មើល​ឃើញ​ថា ការ​ប្រើ​ប្រាស់​ប្រាក់​យន់​ចិន ក្នុង​ការ​ទូទា​ត់​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា និង​ចិន​នេះ មិនមែន​ជា​រឿង​អាក្រក់​ទេ​នៅ​ក្នុង​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ច​កម្ពុជា ព្រោះ​កម្ពុជា​មាន​អ្នក​វិនិយោគ​ចិន​ច្រើន។

ចំណែកសាស្ត្រាចារ្យវិទ្យាសាស្ត្រសេដ្ឋកិច្ច លោក តេង ដឺលុច​ថា ការប្រើប្រាស់​ប្រាក់​យន់​ចិន ក្នុងការទូទាត់ពាណិជ្ជកម្មទ្វេភាគីចំណេញនៅក្នុងការទូទាត់ពាណិ​ជ្ជកម្ម​អន្តរ​ជាតិ ក៏ដូចជារក្សាតម្លៃនៅក្នុងការប្រកួតប្រជែងរវាងចិន និងកម្ពុជា។ ស​ម្រាប់ ​លោក តេង ដឺលុច មើលឃើញថា នេះគឺជាផ្នែកមួយនៃគោលយោបាយចិន ដែល​ចង់​ពង្រីក​ខ្លួន​នៅ​លើទីផ្សារក្នុងពិភពលោក តាមរយៈការកាត់​បន្ថយការ​ពឹង​ផ្អែក​ទាំងស្រុង​លើ​ដុល្លារ​អាមេរិក។

តែយ៉ាងណាក៏​ដោយ សម្រាប់​សេដ្ឋកិច្ចវិទូ​កម្ពុជា​ខាង​លើ ចលនា​នៃ​ការ​ប្រើ​ប្រាស់​ប្រាក់​យន់​​ទាំង​ស្រុង​នៅ​ក្នុង​សេដ្ឋកិច្ច​កម្ពុជា គឺ​ជា​រឿង​មួយ​មិន​អាច​ទៅ​រួច​ទេ ។ បើ​ទោះ​ណាជា​ទៅ​រួច​ក៏​ត្រូវ​ប្រើ​ពេល​វេលា​ដ៏​យូរ​ទៀត​ដែរ។ ហ៊ាន​ថា ដូច្នេះ​ក៏​ដោយ​សារ​តែ​ប្រើ​ប្រាស់​ប្រាក់​​យន់​នៅ​មិន​ទាន់​មាន​ភាព​ទូលំទូលាយ​ដូច​ប្រាក់​ដុល្លារ​អាមេរិក ដែល​ប្រាក់​ដុល្លារ​អាមេរិក​ត្រូវ​បាន​ចាយ​វាយ​ពេញ​ពិភពលោក។

ទោះ​យ៉ាង​ណា នៅ​ក្នុង​សន្និសីទ​ស្ដីពី​ខ្សែរ​ក្រវ៉ាត់​មួយ ផ្លូវ​មួយ​នៅ​ក្នុង​ការ​លើក​កម្ពស់​ការ​ប្រើ​ប្រាស់​ប្រាក់​យន់​ចិន និង​ប្រាក់រៀល​ក្នុង​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ទ្វេភាគី កាល​ពីថ្ងៃ​ទី​២៤​ខែ​តុលា លោកស្រី ជា សិរី អគ្គនាយិកា​ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​ថ្លែង​ថា ការប្រើ​ប្រាស់​ប្រាក់​យន់​ចិន ក្នុង​ការ​ទូទាត់​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា និង​ចិន​នេះ​បានកាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​ប្រាក់​ដុល្លារ​អាមេរិក។ សូមបញ្ជាក់ថា នៅ​ក្នុង​ឆ្នាំ​២០១៦​ការប្រើ​ប្រាស់​ប្រាក់​យន់​ចិន នៅ​ក្នុង​ការ​ដោះ​ដូរ​ទំនិញ​និង​សេវា​មាន​ចំនួន២,៥ពាន់​លានយន់ និង​ប្រមាណ​៣៧៧​លាន​ដុល្លារ​អាមេរិក​៕ ប្រភព៖ RFI

Loading...