ការ​​រំជួយដី​​​​ដ៏​​​សាហាវ​​​បំផុត​​​មួយ​​​​ក្នុង​​​កំរិត​​៧,៣​​អង្សា បាន​វាយប្រហារ​នៅ​​ភាគ​ឥសាន្ត​​​ប្រទេស​អ៊ីរ៉ាក់​​​និង​នៅ​​ក្នុង​​តំបន់​ព្រំដែន​​អ៊ីរ៉ង់ ​និង​ តួកគី​។ យោង​តាម​តុល្យាការ​ចុង​ក្រោយ ​ការរំជួយដី​​នេះ បាន​​បណ្តាល​អោយ​​មនុស្ស​ស្លាប់​​ជាង​២០០​នាក់​​និង​រង​របួស​ជន​ជាង​១៧០០​នាក់ ​ខាង​អ៊ីរ៉ង់។ ចំណែក​​​ខាង​​អ៊ីរ៉ាក់វិញ​ មនុស្ស​ស្លាប់ ​មាន​ចំនួន​​៦​នាក់​។​​

ប្រទេស​អ៊ីរ៉ង់ ត្រូវ​ទទួល​រង​មហន្តរាយ​​នៅ​ក្នុង​ការ​រំជួយដី​មួយយ៉ាងធ្ងន់ធ្ងរ​​កាលពី​យប់​ថ្ងៃ​អាទិត្យទី​១២វិច្ឆិកា​​ម្សិលមិញ។ យោង​តាម​ប្រព័ន្ធផ្សព្វផ្សាយ​​​អ៊ីរ៉ង់ តួលេខ​នៃចំនួន​ជន​រងគ្រោះ​​ បាន​ឡើង​ដល់​ជាង ២០០​នាក់​ហើយ​​និង​​អ្នករងរបួសវិញ មាន​​រហូតដល់​ជាង​១៧០០​នាក់​ នៅ​ខេត្ត​មួយ​ក្នុង​ភាគ​ខាង​លិច​អ៊ីរ៉ង់​និង​ជាប់​ព្រំដែន​អ៊ីរ៉ាក់​។

ចំណែក​​ទីភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​អ៊ីរ៉ង់ Irma វិញ បាន​អះអាង​ប្រាប់ថា ​ក្រុម​​ជំនួយ​សង្គ្រោះ​​​​និង​ឆ្មាំ​បដិវត្តន៍ ​ក៏ព្រមទាំង​កងទ័ព​ អ៊ីរ៉ង់​ បាន​កែណ្ឌ​ប្រមូល​គ្នា​ ដើម្បី​ចុះ​ទៅ​ជួយ​ដល់​ប្រជាជន​​​​រងគ្រោះ​នៅ​​ក្នុង​​ភាគ​​ខាង​លិច​​ប្រទេស​។ ក៏ប៉ុន្តែ​ ប្រតិបត្តិការ​ជួយ​សង្គ្រោះ​នេះ ​ត្រូវ​ជួប​ប្រទះ​នឹង​ឧបសគ្គ​ជា​ច្រើន ​ដោយ​សារតែ ​​ផ្លូវខ្លះ​ៗ ​​ត្រូវ​កាត់​ផ្តាច់អស់​​​​បន្ទាប់​ពី​​​​មហន្តរាយ​រំជួយដី​នេះរួច​។

រីឯ​ប្រព័ន្ធ​វិបសៃ​នៃ​​វិទ្យុ​និង​ទូទស្សន៍រដ្ឋ​អ៊ីរ៉ង់​វិញ ក៏​បាន​ជូន​ដំណឹងប្រាប់​អោយ​​ដឹងដែរ​ថា”​ ​សាលារៀននានា​ត្រូវ​​​បិទទ្វារ​​នៅ​ថ្ងៃ​ចន្ទ​នេះ​នៅ​​ខេត្ត Ilman ​ភាគ​និរតី​​ប្រទេស​អ៊ីរ៉ង់​និងនៅ​​ខេត្ត​Kermanshah ​ដែលនៅ​ជាប់​ព្រំដែន​​អ៊ីរ៉ាក់។

ទន្ទឹមនេះដែរ ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវការ​អ៊ីរ៉ង់ ក៏​បាន​អំពាវនាវ​ដល់​ប្រជាជន​របស់​ខ្លួន ឲ្យ​​រក្សា​នូវ​ភាព​ស្ងប់ស្ងាត់​​ ដោយ​​បាន​គូស​បញ្ជាក់​ប្រាប់​​ថា ក្នុង​ពេល​នេះ ​​អាជ្ញាធរ​ បាន​ក្តោបក្តាប់បាន​​ហើយ​​ស្ថានការណ៍​​នៅ​ក្នុង​​តំបន់​​រង​អន្តរាយ​។​ ចំណែក​ ​ការ​​កាន់​មរណៈទុក្ខ ក៏​ត្រូវ​បាន​អាជ្ញាធរ ​កំណត់ធ្វើ​ឡើង​ចំនួន​​៣​ថ្ងៃ​​នៅ​ខេត្ត​ Kermanshah។​

គួររំលឹកថា កាលពី​ខែ​ធ្នូ​ឆ្នាំ ២០០៣ ទីក្រុង​ប្រវត្តិសាស្ត្រ​នៅ​ Bam ​ភាគ​ខាង​ត្បូង​អ៊ីរ៉ង់ ត្រូវ​ទទួល​​រង​មហន្តរាយ​ទាំង​ស្រុង​​​ដោយ​គ្រោះ​រំជួយដី​ដ៏​សាហាវ​បំផុត​មួយ​ដែលជំនាន់នោះ​បានសម្លាប់មនុស្សចំនួន ៣ ម៉ឺន​១ ពាន់​នាក់​។ ​ហើយ​​​នៅ ក្នុង​ខែ​មិថុនា​ឆ្នាំ​១៩៩០ ​គ្រោះមហន្តរាយ​​រំជួយ​ដីមួយទៀត​​ក្នុង​កំរិត​៧,៤​អស្សា​នៅ​ជិត​តំបន់សមុទ្រ Capienne ​បាន​សម្លាប់​ជីវិត​មនុស្ស​ជាង​៤​ម៉ឺន​នាក់ អ្នក​រង​របួស មាន​ចំនួន​ជាង​៣០​ម៉ឺន​នាក់និង​អ្នក​ឥត​ទីលំនៅ​ជ្រក​ជាង​៥០​ម៉ឺន​នាក់។​

ចំណែក ​នៅ​អ៊ីរ៉ាក់​វិញ អាជ្ញាធរ​នៅ​ខេត្ត Souleimaniyeh ​ក្នុង​តំបន់​ Kurdistan Irak វិញ​បាន​ជូនដំណឹង​​​ដែរ​ថា​​ ​ជន​រងគ្រោះស្លាប់​នៅ​ក្នុង​​ការ​រំជួយដី​កាល​ពី​ថ្ងៃអាទិត្យ​ម្សិលមិញ​​មានចំនួន​៦ នាក់​​៕ ប្រភព៖ RFI

Loading...