​ស្ត្រី​ជា​ប្រពន្ធ​ដែល​ត្រូវបាន​ប្រើ​អំពើហិង្សា​ដោយ​ប្តី​របស់​នាង បានសម្រេច​គេចខ្លួន​ចេញ រួមជាមួយ​កូនស្រី​តូច​ម្នាក់​របស់​នាង ។ ប៉ុន្តែ គួរ​ឲ្យ​អាសូរ នាង និង​កូនស្រី​ត្រូវបាន​សម្លាប់​ដោយ​បុរស​ម្នាក់ ដែល​បានផ្តល់​ទីកន្លែង​សុវត្ថិភាព​ដល់​ពួកគេ​ស្នាក់​នៅឯ​ផ្ទះ​របស់ខ្លួន ។​

​មួយថ្ងៃ​ក្រោយ​នាង​គេច​ចេញពី​ប្តី​ប្រើ​អំពើហិង្សា​, សាកសព​របស់​ស្ត្រី Bismi Sulong អាយុ ២៧ ឆ្នាំ និង​កូនស្រី​របស់​នាង​ឈ្មោះ Nasarin Mama អាយុ ៥ ឆ្នាំ ត្រូវបាន​រកឃើញ​ស្ថិតក្រោម​ស្ពាន​មួយ នៅ​ពុំ​ឆ្ងាយ​ពី​ផ្ទះ​របស់​ជនសង្ស័យ ។​

​ប៉ូលីស​ក្នុងប្រទេស​ថៃ​និយាយថា ជនល្មើស Hasan Jeha អាយុ ៣០ ឆ្នាំ រស់នៅ Narathiwat ត្រូវ​បានឃើញ​ក្នុង​វីដេអូ បានមក​ដឹក​សាកសព​ជនរងគ្រោះ​ម្តាយ និង​កូនស្រី មកកាន់​ស្ពាន​ដោយ​ម៉ូតូ ។​

Jeha បាន​ប្រាប់​ប៉ូលីស​ថា ខ្លួន​បាន​ជួប Bismi និង​កូនស្រី​របស់​នាង ដែល​បានគេច​ចេញពីផ្ទះ​របស់​ពួកគេ ដោយសារ​មានរឿង​រ៉ាវ​អំពើហិង្សា​ក្នុង​គ្រួសារ ។​ Jeha បាន​អញ្ជើញ​ម្តាយ និង​កូនស្រី​នេះ ស្នាក់​នៅផ្ទះ​របស់ខ្លួន​១​យប់ ហើយ​អ្នក​ទាំងពីរ​ក៏​យល់ព្រម ។​

​យោងតាម​ប៉ូលីស Jeha បាន​សារភាពថា នៅវេលា​ម៉ោង ១ និង ០០ នាទី​យប់ ក្រោយពី​បាន​ប្រើប្រាស់​ថ្នាំញៀន រូបគេ​ក៏​កើតមាន​អារម្មណ៍​ផ្លូវភេទ និង​សុំ Bismi រួមភេទ​ជាមួយ ។​

​នៅពេល​នាង​បដិសេធ រូបគេ​ក៏​កើតការ​ក្តៅក្រហាយ​យ៉ាងខ្លាំង ។ ជនសង្ស័យ​បន្តថា រូបគេ​បាន​យក​កាំបិត​ចាក់ Bismi និង​វាយ​នាង ។ ហើយ​នៅពេល​កូនស្រី​របស់​នាង​ភ្ញាក់​ដឹងខ្លួន រូបគេ​ក៏​សំពង​ទាំង​បន្ថែមទៀត ។​

​នៅពេល​ម្តាយ និង​កូនស្រី​នេះ បាន​ដាច់ខ្យល់​ស្លាប់ Jeha បាន​ដឹកយក​សាកសព​ពួកគេ​ទៅ​បោះចោល​ក្រោម​ស្ពាន​តែម្តងទៅ ។​

​ក្នុងអំឡុងពេល​ឆែកឆេរ ប៉ូលីស​បាន​រកឃើញ​កាំបិត​ប្រឡាក់​ពោរពេញ​ដោយ​ឈាម និង​ភស្តុតាង​ផ្សេងៗ​ទៀត​នៅឯ​ផ្ទះ​របស់ Jeha ។​ Jeha ដែល​ប៉ូលីស​សន្ម​ត់​ថា ជា​អ្នកញៀន​គ្រឿងញៀន​ម្នាក់ ត្រូវបាន​ចាប់ខ្លួន និង​ចោទប្រកាន់​ពីបទ​ឃាតកម្ម ២ ករណី ៕ ចាន់ ធី (ប្រភព៖ worldwideweirdnews)

Loading...