ភ្នំពេញ —សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ហៅ​កាត់​ថា​ GMAC ​បាន​ស្នើ​ឲ្យ​អង្គការ​សហប្រជាជាតិ​ និង​សហគមន៍​អន្តរជាតិ​នានា​ កុំ​យក​បញ្ហា​នយោបាយ​នៅ​ក្នុង​ប្រទេស​នេះ​មក​បង្ក​ភាព​ច្របូកច្របល់​ដល់​ឧស្សាហកម្ម​កាត់ដេរ​ ​ដែល​នឹង​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ ដល់​ជីវភាព​រស់​នៅ​របស់​កម្មករ​យ៉ាង​ហោច​ណាស់​ជាង​ ​៧០​ម៉ឺន​នាក់​ ដែល​កំពុង​ធ្វើ​ការ​ក្នុង​វិស័យ​នេះ។​ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍របស់​ GMAC ​ដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​សុក្រ​នេះ។​

យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​ GMAC​ ចុះ​ថ្ងៃ​ទី​១ ខែ​ធ្នូ​ ឆ្នាំ​២០១៧​នេះ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ អង្គការ​សហប្រជាជាតិ​ ស្ថានទូត​បរទេស​នានា​ សហភាព​អឺរ៉ុប​ សហរដ្ឋ​អាមេរិក​ អ្នក​បញ្ជា​ទិញ​ និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ មិន​គួរ​ប្រែក្លាយ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​ឲ្យ​ទៅ​ជា​សកម្មភាព​ផ្សេងៗ​ ដែល​បង្ក​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ការ​ផលិត​ប្រចាំ​ថ្ងៃ​ និង​ខ្សែ​សង្វាក់​នៃ​ការ​ផ្គត់ផ្គង់​នៅ​ក្នុង​ឧស្សាហកម្ម​នេះ។

GMAC ​បាន​បញ្ជាក់​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួនតាម​ន័យ​ដើម​ថា៖

«យើង​សូម​រក្សា​ប្រតិបត្តិការ​ដែល​រលូន​នៃ​រោងចក្រ​ជា​សមាជិក​របស់​ពួក​យើង​ចំនួន​៦០០​រោងចក្រ​ ដែល​បាន​ផ្គត់ផ្គង់​ខាង​សេដ្ឋកិច្ច​ដល់​កម្មករ​ជាង​ ៧០​ម៉ឺន​នាក់​ ហើយ​និង​ប្រជាពលរដ្ឋ​ជាង​ ២​លាន​នាក់​ទៀត​ ដែល​ជា​សមាជិក​គ្រួសារ​របស់​ពួកគេ។ រាល់​និយោជក​ និង​និយោជិត​ ព្រម​ទាំង​សហជីព​ពាណិជ្ជ​កម្ម​ បាន​កំពុង​ធ្វើ​ការ​តាម​ធម្មតា​ និង​ដោយ​សុខសាន្ត​ ដើម្បី​គាំទ្រ​ពួកគេ​ និង​សេដ្ឋ​កិច្ច​ប្រទេស​កម្ពុជា។​ កិច្ច​អភិវឌ្ឍ​របស់​ពួក​យើង​រហូត​មកដល់​ពេល​នេះ​ បាន​ស្រោចស្រង់​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​ឲ្យ​ចេញ​ផុត​ពី​ភាព​ក្រីក្រ។​ កិច្ច​អភិវឌ្ឍន៍​បន្ថែម​ទៀត​ត្រូវ​តែ​មាន​ជា​ចាំបាច់​ ​ដើម្បី​ជួយ​អ្នក​ផ្សេង​ទៀត​ ដែល​នៅ​ក្រ»។​

GMAC ​បាន​ថ្លែង​បន្ត​ក្នុង​ន័យ​ដើម​ថា៖​

«GMAC ​សូម​អំពាវនាវ​ទៅ​ដល់​អ្នក​ទិញ​ទំនិញ​អន្តរជាតិ​ទាំង​ឡាយ​បន្ត​ជួយ​គាំទ្រ​ប្រទេស​កម្ពុជា​ និង​រោងចក្រ​សមាជិក​របស់​ពួក​យើង​ទាំង​អស់ ដើម្បី​ធ្វើ​ឲ្យ​គោលដៅ​សេដ្ឋកិច្ច​របស់​យើង​បាន​សម្រេច​ ដែល​គោលដៅ​នោះ​ គឺ​សុខុមាលភាព​ល្អ​ប្រសើរ​សម្រាប់​ប្រជា​ជន​កម្ពុជា​ទាំង​អស់»។​

ការ​ស្នើ​របស់​ GMAC ​កើត​មាន​ឡើង​ ​ក្រោយ​ការ​អំពាវនាវ​របស់​ក្រុម​សហជីព​មួយ​ចំនួន​ ​ដែល​បាន​ស្នើ​ឲ្យ​សហភាព​អឺរ៉ុប​កុំ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​កម្ពុជា។ ​សេចក្តី​អំពាវនាវ​របស់​អ្នក​ការពារ​សិទ្ធិ​កម្មករ​ និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ ​ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​កំពូល​បាន​ចេញ​សេចក្តី​សម្រេច​កាលពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។​ ការ​រំលាយ​បក្ស​ជំទាស់​សង្គ្រោះ​ជាតិ​ ដែល​ទទួល​ការ​គាំទ្រ​ពី​ម្ចាស់​ឆ្នោត​ជាង​៤០​ភាគ​រយ​ក្នុង​ការ​បោះឆ្នោត​កន្លងមក​ បាន​ធ្វើ​ឱ្យ​មាន​ប្រតិកម្ម​ធ្ងន់ៗ​ពី​សំណាក់​សហគមន៍​អន្តរជាតិ​ រួម​ទាំង​ការ​ព្រមាន​ដាក់​ការ​ហ៊ុំ​ព័ទ្ធ​សេដ្ឋកិច្ច​ផង​ដែរ។

លោក​ ខេន​ លូ​ (Ken Loo)​ ​អគ្គលេខាធិការ​របស់​ GMAC ​បាន​ប្រាប់​ VOA ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ម្ចាស់​រោងចក្រ​មិន​បារម្ភ​ខ្លាំង​ ចំពោះ​វិធានការ​សេដ្ឋកិច្ចណា​មួយ​ ដែល​អាច​ធ្វើ​ឡើង​ ដោយ​សហគមន៍​អន្តរ​ជាតិ​ដែល​ប្រកាន់​ខ្ជាប់​លទ្ធិ​ប្រជាធិបតេយ្យ​នោះ​ទេ​ តែ​ម្ចាស់​រោងចក្រ​គ្រាន់​តែ​លើក​ឡើង​ពី​ការ​បង្ការ​អំពី​ហានិភ័យ​នៅ​ពេល​ខាងមុខ។​

«យើង​ធ្វើ​អា​ preventive​ [ការ​បង្ការ]​ មែនៗ​ ថា ​យើង​បារម្ភ​ខ្លាំង ​ឬ​ក៏​យ៉ាង​ម៉េច​ទេ​ ប៉ុន្តែ​ឃើញ​អា​សហជីព​ វា​ចេញ​លិខិត​ដែរ​ អីចឹងយើង​ ក្នុង​នាម​សមាគម​ យើង​គិត​ថា​ យើង​ក៏​ត្រូវ​យក​ចិត្ត​ទុកដាក់​ណ៎ា ហើយ​ចេញ​ statement [សេចក្តី​ថ្លែង​ការណ៍] ​មួយ​ ដើម្បី​ប្រាប់​ទៅ​ភ្ញៀវ​ ប្រាប់​ទៅ​ ប្រាប់​ទៅ​អ្នកទិញ​ ហើយ​យើង​យក​ចិត្ត​ទុកដាក់​ យើង​មើល​បញ្ហា​ហ្នឹង​ដែរ​ ​ណ៎ា»។​

លោក​ ខេន លូ​ បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ថែម​ថា​ រហូត​មក​ដល់​ពេល​នេះ​ មិន​មាន​សញ្ញាណ​នៃ​ការ​ថមថយ​សម្រាប់​ ការ​បញ្ជា​ទិញ​នោះ​ទេ។​ លោក​និយាយ​ថា​ អ្នក​បញ្ជា​ទិញ​តែង​តែ​សួរនាំ​អំពី​ការ​វិវត្ត​នៃ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា។ ​

«អត់​មាន​ថា ​ថយ​ទេ​ ប៉ុន្តែ​មាន​អ្នក​បញ្ជា​ទិញ​ គាត់​ទាក់ទង​មក​សួរ​ សួរ​ថា​ យើង​យល់​ឃើញ​យ៉ាង​ម៉េច​ ហើយ​ហ្នឹង​ហើយ។ គ្រាន់​តែ​ គ្រាន់តែ​មាន​អ្នក​បញ្ជា​ទិញ​ដែល​មក​សួរ​ទេ​ អត់​មាន​ថា​ ឃើញ​ថយ​ ឬក៏​កាត់​បន្ថយ​ order ​ពី​ស្រុក​ខ្មែរ​ មិន​ទាន់​ទេ»។​

បភាព​ឯកសារ៖ លោក ខេន លូ អគ្គលេខាធិការ​របស់​តំណាង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ហៅ​កាត់​ថា ​GMAC នៅ​ក្នុង​រោងចក្រ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា​ ឆ្នាំ​២០១៦។ (ហ៊ាន សុជាតា/VOA)

កាល​ពី​ថ្ងៃ​ពុធ​ ក្រុម​មេដឹកនាំ​សហជីព​ចំនួន​ប្រាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​បាន​ស្នើ​ឲ្យ​សហភាព​អឺរ៉ុប​បែង​ចែក​ឲ្យ​ដាច់​ពី​ដំណើរការ​នយោបាយ​ និង​ពាណិជ្ជកម្ម​នៅ​ក្នុង​ប្រទេស​នេះ​ ​ដើម្បី​បញ្ចៀស​ការ​ដាក់គំនាប​ខាង​ហិរញ្ញវត្ថុ​នានា​ ដែល​អាច​បង្ក​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់កម្មករ​ខ្មែរ​រាប់​សែន​នាក់ ​ដែល​កំពុង​ទាញ​បាន​ផល​ប្រយោជន៍​ពី​ឧស្សាហកម្ម​កាត់​ដេរ។​

ក្រុម​សហជីព​បាន​បញ្ជាក់​នៅ​ក្នុង​លិខិត​របស់​ខ្លួន​ផ្ញើ​ទៅ​ស្ថានទូត​សហភាព​អឺរ៉ុប​ កាលពី​ថ្ងៃ​ទី​២៩​ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៧​ ថា​ កម្ពុជា​គឺ​ជា​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍ ហើយ​ក្នុង​នោះ​ ​សហគមន៍​អឺរ៉ុប​ គឺ​ជា​បណ្តុំ​នៃ​ប្រទេស​ជា​ច្រើន​ ដែល​បាន​រួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​នេះ។​ បច្ចុប្បន្ន​នេះ​ វិស័យ​កាត់ដេរ​ និង​ស្បែក​ជើង​ ​គឺ​ជា​វិស័យ​មួយ​ដ៏​សំខាន់​ ​ដែល​បាន​ជំរុញ​ឲ្យ​មាន​កំណើន​ខាង​សេដ្ឋកិច្ច​ និង​ផ្តល់​ឱកាស​ការងារ​ ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ជា​ ​៨០ម៉ឺន​នាក់។​ ផលិតផល​កាត់ដេរ​សម្លៀកបំពាក់​ និង​ស្បែក​ជើង​ប្រមាណ​ជា​ ​៨០​ភាគរយ​ ​ត្រូវ​បាន​នាំចូល​ទៅ​កាន់​ទីផ្សារ​អន្តរ​ជាតិ​ ​ក្នុង​នោះ​នាំ​ចូល​ទៅ​កាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប​ ​ចន្លោះ​ពី​៤០​ភាគរយ​ ​ទៅ​ ​៥០​ភាគរយ។​

​លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ​បាន​ថ្លែង​ក្នុង​នាម​ជា​ពលរដ្ឋ​មួយ​រូប​ថា​ សហគមន៍​អន្តរជាតិ​ រួម​មាន​អាមេរិក​ និង​សហភាព​អឺរ៉ុប​ នឹង​មិន​យក​បញ្ហា​នយោបាយ​ មក​ធ្វើបាប​កម្មករ​ និង​ពលរដ្ឋ​ខ្មែរ​ចំនួន​១៥​លាន​នាក់​នោះ​ឡើយ។​

អ្នក​នាំ​ពាក្យ​រូប​នេះ​ថ្លែង​ប្រាប់ VOA តាម​ទូរស័ព្ទ​ថា៖

«ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ម្នាក់​ខ្ញុំ​យល់​ថា​ គួរ​តែ​ប្រទេស​ធំៗ​ ប្រទេស​ដែល​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​ល្អ​តាំង​ពី​ដើម​មក​ហើយ​ គួរតែ​ពិនិត្យ​ពិចារណា​ កុំ​យក​គេ​ហៅ​ថា​ មេ​បក្ស​ប្រឆាំង​មួយ​ ឬ​ក្រុម​បក្ស​ប្រឆាំង​មួយ​មក​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ ១៥​លាន​នាក់​ជា​ចំណាប់​ខ្មាំង​ ដោះដូរ​ផលប្រយោជន៍​ប្រជាជន​ទូ​ទាំង​ប្រទេសជាមួយ​នឹង​មនុស្ស​ម្នាក់​ ពីរ​នាក់​អា​ហ្នឹង​វា​អត់​ត្រឹមត្រូវបាទ»។​

លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/ VOA​)

ប្រទេស​កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅ​សហភាព​អឺរ៉ុប​ក្នុង​ទឹកប្រាក់​ ៤,៥៥៥​លាន​ដុល្លារ​ ​និង​នាំ​ចូល​ទំនិញ​ពី​សហភាព​អឺរ៉ុប​ក្នុង​ទឹកប្រាក់​ ៦៤៣​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ឆ្នាំ​ ២០១៦។​ ប្រទេស​កម្ពុជា​ក៏​បាន​ចេញ​ទំនិញ​ទៅ​សហរដ្ឋ​អាមេរិក​ក្នុង​ទឹកប្រាក់​ ​២,៨១៤​ លាន​ដុល្លារ​អាមេរិក​ និង​នាំ​ចូល​ទំនិញ​ពី​សហរដ្ឋ​អាមេរិក​ក្នុង​ទឹកប្រាក់​ ​២៨៥ ​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៦។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​ការិយាល័យ​ស្ថិតិ​របស់​សហភាព​អឺរ៉ុប​និង​ការិយាល័យ​ស្ថិតិ​របស់​អាមេរិក។

​ភ្លាមៗ​ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ស្ថាន​បេសកកម្ម​ការ​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ បាន​ហៅ​ការ​សម្រេច​នោះ​ ថា​ជា​ជំហាន​មួយ​ដ៏​សំខាន់​ នៃ​ការ​នាំ​ប្រទេស​កម្ពុជា​ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​ប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​ ដែល​បាន​ដាក់​តម្កល់​ក្នុង​រដ្ឋធម្មនុញ្ញ​ប្រទេស​កម្ពុជា​ ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ដៃគូ​អន្តរជាតិ​របស់​កម្ពុជា​ រួម​ទាំង​សហភាព​អឺរ៉ុប​ជាង​ពីរ​ទសវត្សរ៍​មក​នេះ។

សហភាព​អឺរ៉ុប​បាន​បញ្ជាក់​ឲ្យ​ដឹង​តាម​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ចុះ​ថ្ងៃទី​ ១៦ ​ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៧​ ​ថា​ ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​ប៉ះពាល់​ដល់​ភាព​ស្របច្បាប់​នៃ​ដំណើរការ​បោះឆ្នោត​មួយ។

សហភាព​អឺរ៉ុប​បាន​ថ្លែង​ថា៖​

«ដំណើរការ​បោះឆ្នោត​មួយ​នឹង​មិន​មាន​ភាព​ស្រប​ច្បាប់​ នៅ​ពេល​ដែល​គណបក្ស​ប្រឆាំង​សំខាន់​មួយ​មិន​ត្រូវ​បាន​រាប់​បញ្ចូល។ ការ​រំលាយ​គណបក្ស​ប្រឆាំង​ដែល​មាន​លក្ខណៈ​ចាប់​បង្ខំ​ បាន​ដក​ហូត​យ៉ាង​មាន​ប្រសិទ្ធភាព​ នូវ​សិទ្ធិ​របស់​អ្នក​ដែល​បាន​ផ្តល់​ការ​គំាទ្រ​របស់​ពួកគេ​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​ ២០១៣​ និង​ឆ្នាំ​ ២០១៧។ ស្ថានភាព​មួយ​ដែល​នឹង​អនុញ្ញាត​ឲ្យ​រាល់​គណបក្ស​នយោបាយ​រួម​ទាំង​គណបក្ស​សង្គ្រោះ​ជាតិ​ និង​មេដឹកនាំ​ ក៏​ដូច​ជា​ អ្នក​គាំទ្រ​របស់​គណបក្ស​នេះ​បាន​អនុវត្ត​មុខងារ​ស្របច្បាប់​របស់​ពួកគេ​បាន​បន្ត​ទៀត​ ត្រូវតែ​ស្តារ​ឡើង​វិញ​ឲ្យបាន​ជាបន្ទាន់»។​

សហភាព​អឺរ៉ុប​ក៏​បាន​ព្រមាន​ថា​ ប្រសិន​បើ​កម្ពុជា​ចង់​ទទួល​បាន​ផលប្រយោជន៍​ពី​កម្មវិធី​ពាណិជ្ជកម្ម​របស់​ខ្លួន​ តាម​កម្មវិធី​មួយដែល​គេ​ដឹង​ថា​ «អ្វីៗ​ទាំងអស់​លើកលែង​តែ​អាវុធ‍» (Everything But Arms)​ នោះ​ ប្រ​ទេស​នេះ​ ត្រូវ​តែ​ធានា​ឲ្យ​បាន​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស។​

​មន្ត្រី​នាំ​ពាក្យ​នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ បាន​បដិសេធ​មិនផ្តល់​ការ​អធិប្បាយ​អំពី​ចំណាត់​ការ​ខាង​សេដ្ឋកិច្ច​ ដែល​សហរដ្ឋ​អាមេរិក​អាច​នឹង​ធ្វើ​ឡើង​នៅ​ពេល​ខាង​មុខ។​ យ៉ាង​ណា​មិញ​ សេតវិមាន​របស់​ប្រធានាធិបតី​អាមេរិក​បាន​ប្រតិកម្ម​ខ្លាំងៗ​ ដោយ​ប្រកាស​ផ្តាច់​ការ​គាំទ្រ​ខាង​ថវិកា​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប)។

នៅ​ក្នុង​បទសម្ភាសន៍​ផ្តាច់មុខ​ជាមួយ​ VOA​ លោក​ William Heidt​ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ ​បាន​បញ្ជាក់​ថា​ រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​ Donald Trump​ កំពុង​ពិនិត្យ​ឡើង​វិញ​ ​ចំពោះ​ក្រុម​ប្រទេស​ដែល​ស្ថិត​ក្នុង​បញ្ជី​ ​GSP​ ​(Generalized System of Preferences)​ ​ទូទាំង​ពិភពលោក​រួម​ទាំង​ក្រុម​ប្រទេស​នៅ​អាស៊ី។​ លោក​ Heidt​ ថា​ តាម​ចំណាត់​ថ្មីរបស់​ប្រធានាធិបតី ​Donald Trump​ ​នឹង​មាន​ការ​សើរើ​ ​ហើយ​ដាក់​ចំណាត់​ថ្នាក់​ក្រុម​ប្រទេស​ ​ដែល​ទទួល​បាន​ GSP ​ឡើង​វិញ​ ​ដោយ​ផ្អែក​ទៅ​លើ​ការ​គោរព​សិទ្ធិ​កម្មករ​ ​និង​ការ​ការពារ​កម្មសិទ្ធិ​បញ្ញា។​

​GSP​ គឺ​ជា​កម្មវិធី​អនុគ្រោះ​ពាណិជ្ជកម្ម​ ដែល​មាន​អាយុកាល ​៤០​ឆ្នាំ​មក​ហើយ​ ហើយ​នៅ​ក្រោម​កម្មវិធី​នេះ​គ្មាន​ការ​យកពន្ធ​លើ​ទំនិញ​ជា​ច្រើន​ដែល​ចេញ​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍​ចូល​ទៅ​ស.រ.អា.​និង​ផលិតផល​បន្ថែម​ទៀត​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ ​ហៅ​កាត់​ថា LDBDCs។

ប្រទេស​ស៊ុយអែត​ ដែល​ជា​ម្ចាស់​ជំនួយ​ធំ​ទី​បួន​របស់​កម្ពុជា​ ​ក៏​ប្រកាស​ផ្តាច់​ជំនួយ​សម្រាប់​កំណែ​ទម្រង់​វិមជ្ឈការ។​ ​កាល​ពី​ថ្ងៃ​ទី​ ២៨​ ខែ វិច្ឆិកា លោក​ ឆៀរី ម៉ាធូ​ (Theirry Mathou)​ ​ប្រធាន​នាយកដ្ឋាន​អាស៊ី​ និង​អូសេអានី​នៃ​ក្រសួង​ការបរទេស​បារាំង​ បាន​បញ្ជាក់​ឲ្យ​ដឹង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ ​បារាំង​ប្រចាំ​កម្ពុជា​ថា​ ការ​រំលាយ​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​ ​ការ​ចាប់​ខ្លួន​ និង​ការ​ឃុំ​ខ្លួន​មេដឹកនាំ គណបក្ស​នេះ​ រួម​ទាំង​ការ​ហាមឃាត់​សមាជិក​គណ​បក្ស​ចំនួន​ ​១១៨​រូប​ ធ្វើ​នយោបាយ​ក្នុង​អំឡុង​ ​ពេល​៥ឆ្នាំ​ បាន​ចោទ​ជា​បញ្ហា​ ​ដល់​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា៕ ប្រភព៖ VOA

Loading...