​ពិតណាស់ ការអប់រំ គឺជា​រឿង​ដែល​ពុំ​អាច​ខ្វះ​បាន ឬ ដក​ចេញទៅ​ឆ្ងាយ ។ ហើយក៏​គួរ​សោកស្តាយ​ផងដែរ ដែល​វា​ពុំ​អាច​សម្រេច​គោលបំណង​នេះ​បាន​ដោយ​ងាយស្រួល ដោយសារ​បញ្ហា​ណាមួយ ។ នៅក្នុង​ប្រទេស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក ភាពក្រីក្រ​បានក្លាយ​ជា​ឧបសគ្គ​មួយ ចំពោះ​កុមារ​ជាច្រើន ដែល​ចង់​រៀនសូត្រ ។ ទោះបី​មាន​សាលារៀន ដែល​ផ្តល់​ការអប់រំ​ដោយ​ឥតគិតថ្លៃ តែ​ឪពុកម្តាយ​មួយចំនួន​នៅតែ​ពុំ​អាច​លៃលក​ប្រាក់​គ្រប់គ្រាន់ ក្នុងការ​ផ្គត់ផ្គង់​សម្រាប់​កូនៗ​របស់​ពួកគេ ។ លើសពីនេះ​ទៀត កុមារ​តូចៗ​នៅតាម​ផ្ទះ​របស់​ពួកគេ នៅក្នុង​សហគមន៍​ក្រីក្រ ពិតជា​មានការ​លំបាក​ខ្លាំង ជាពិសេស​នៅតាម​តំបន់​ដាច់ស្រយាល​គ្មាន​ភ្លើងអគ្គិសនី​ប្រើប្រាស់ ។​

​ក្មេងស្រី​ម្នាក់​ឈ្មោះ Divya បាន​ទៅកាន់​ស្ថានីយ៍​រថភ្លើង ដើម្បី​ធ្វើ​កិច្ចការ​សាលា​របស់​នាង​រៀងរាល់​យប់ ។ នាង​បានយូរ​កាតា​ប​ដែល​ផ្ទុក​មានដូចជា សៀវភៅ និង​សៀវភៅ​កត់ត្រា ដើរទៅ​កាន់​ស្ថានីយ៍​រថភ្លើង នៅ Utta Pradesh ដោយ​ជើង​ទទេ ។ បន្ទាប់មក នាង​បាន​អង្គុយ​ចុះ និង​ផ្តោតអារម្មណ៍​ទៅលើ​កិច្ចការ​សាលា​របស់​នាង ដោយ​មិន​ចាប់អារម្មណ៍​ចំពោះ​មនុស្ស​សម្លឹងមើល​នាង ។​

​បុរស​ម្នាក់​ឈ្មោះ Rajesh Kumar Singh បានកត់សម្គាល់​ឃើញ​នាង និង​សម្រេចចិត្ត​ថតរូប​ភាព ។ ក្មេងស្រី​ម្នាក់នេះ​នៅតែ​មិន​ចាប់អារម្មណ៍​ទៅនឹង​ការយកចិត្តទុកដាក់ ដែល​នាង​កំពុង​ទទួល និង​បន្តធ្វើ​កិច្ចការ​របស់​នាង ។ ក្រោយមក គេ​បានដឹងថា Divya រស់នៅ​ក្នុងភូមិ​ជិតខាង​នេះ ហើយ​ផ្ទះ​របស់​នាង​ពុំមាន​ភ្លើងអគ្គិសនី​ប្រើប្រាស់​ទេ ហេតុដូច្នេះ នាង​ក៏បាន​មកកាន់​ស្ថានីយ៍​រថភ្លើង ដើម្បី​រក​ពន្លឺភ្លើង សម្រាប់​នាង​រៀន ។​

​សូមបញ្ជាក់ថា ស្ថានីយ៍​រថភ្លើង​នេះ មាន​ទីតាំង​ស្ថិតនៅ​រដ្ឋ Uttar Pradesh ដែលជា​រដ្ឋ​មាន​ប្រជាជន​ច្រើន​បំផុត និង​ជា​រដ្ឋ​ក្រីក្រ​បំផុត ឬក៏​ជាទី​កន្លែង​ទី​៥ នៅក្នុង​ប្រទេស​ឥណ្ឌា ដែល​ពលរដ្ឋ​របស់​វា​ខ្លួន​មាន​ជីវភាព​ក្រីក្រ និង​កំពុងមាន​ផលប៉ះពាល់ ។​

​នៅពេល​រឿងរ៉ាវ​របស់​នាង​ត្រូវបាន​ចែករំលែក​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត​ជាច្រើន បាន​សរសើរ​ក្មេងស្រី​នេះ​យ៉ាងខ្លាំង ហើយ​សង្ឃឹមថានឹង​ជួយ​នាង​ឆាប់ៗ​ផងដែរ សម្រាប់​ឆន្ទៈ​ដ៏​ខ្ពង់ខ្ពស់​របស់​នាង ៕​

Loading...