អ្នក​យក​ព័ត៌មាន​២​នាក់​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ត្រូវ​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​លើ​បទ​សង្ស័យ​ពីការ​មាន​ឯកសារ​សម្ងាត់​របស់​ប៉ូលិស​ដែល​ទាក់​ទង​នឹង​វិបត្តិ​ជន​ភៀស​ខ្លួន​នៅ​ក្នុង​រដ្ឋ Rakhine ​នេះ​តាម​ការ​បញ្ជាក់​របស់​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​ពុធ។

ក្រុម​ប្រឹក្សា​សាព័ត៌មាន​មីយ៉ាន់ម៉ា​របស់​រដ្ឋាភិបាល​បាន​និយាយ​ថា «អ្នក​កាសែត​ឈ្មោះ Wa Lone ​និង Kyaw Soe Oo បាន​ត្រូវចាប់​ខ្លួន​កាល​ពី​យប់​ថ្ងៃ​អង្គារ​នៅ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន​ហើយ​បាន​រងការ​ចោទ​ប្រកាន់​ពី​ការរំលោភ​ច្បាប់​សន្តិសុខ។អ្នក​កាសែត​ទាំង២​នាក់​នោះបាន​រងការ​ចោទ​ប្រកាន់​ពីការ​រៀប​ចំ​ផែន​ការ​បញ្ជូន​ឯកសារ​សន្តិសុខ​ដ៏​សំខាន់អំពី​កងកម្លាំង​សន្តិសុខ​នៅ​ក្នុង​រដ្ឋ Rakhine ​ទៅ​ឲ្យ​ទីភ្នាក់ងារ​បរទេស​នៅ​បរទេស‍»។

លោក Zaw Htay អ្នក​នាំពាក្យ​រដ្ឋាភិបាលបាន​និយាយ​ថា ​ពួកមន្ត្រី​ប៉ូលិស​ដែល​ពាក់​ព័ន្ធ​ក្នុងរឿងក្តី​នោះ​ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ដែរ​ហើយ​រដ្ឋាភិបាល​នឹង​ចាត់​វិធានការ​ប្រឆាំង​នឹង​ប៉ូលិសនិង​អ្នក​យក​ព័ត៌មានទាំង​នោះ។

លោក Abbe Serphos អ្នកនាំ​ពាក្យ​ទីភ្នាក់​ងារ​ព័ត៌មាន Reuters បាន​និយាយ​ថា ​អង្គការ​ព័ត៌មាន​នេះ​កំពុង​ស្វះស្វែងរក​ព័ត៌មាន​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត​អំពី​កាលៈទេសៈ​នៃការ​ចាប់​ខ្លួន​របស់​ពួកគេ​ហើយ​នឹង​ស្ថាន​ភាព​នៅ​ពេល​បច្ចុប្បន្ន​នេះ​របស់​ពួកគេ។

ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បាន​និយាយ​ថា «យើង​មាន ការ​ព្រួយ​កង្វល់​យ៉ាង​ខ្លាំង​ពីការ​ចាប់​ខ្លួន​ខុស​ពី​ភាព​ប្រក្រតី​របស់​អ្នក​យក​ព័ត៌មាន​ទីភ្នាក់​ងារ​ព័ត៌មាន Reuters ​២​នាក់​បន្ទាប់​ពី​ពួកគេ​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ជួប​ជាមួយ​មន្ត្រី​ប៉ូលិស​នៅ​ពេល​យប់​ក្នុង​ទីក្រុង​រ៉ង់ហ្គូន។​ ដើម្បី​ឲ្យ​លទ្ធិ​ប្រជា​ធិបតេយ្យ​បាន​ជោគជ័យ ​អ្នក​យក​ព័ត៌មាន​អាច​ធ្វើ​ការងារ​របស់​ពួកគេ​ដោយ​សេរី។ យើង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពន្យល់​ការ​ចាប់​ខ្លួន​ពួកគេ​ទាំង​នោះ​ហើយ​និង​ឲ្យ​ជួប​អ្នក​កាសែត​នោះ​ភ្លាម»‍៕ ប្រភព៖ VOA