ភ្នំពេញ —កាលពី​ខែ​មីនា​ ​ឆ្នាំ២០១៦​ ​ក្នុង​ពេល​ដែល​លោក​ដឹកនាំ​កិច្ច​ប្រជុំ​មេដឹក​នាំ​ជា​លើក​ទីមួយ​នៃ​កិច្ច​សហ​ប្រតិបត្តិការ​មេគង្គ​ឡាន​ឆាង​ ​(LMC)​ ​លោកនាយក​រដ្ឋមន្ត្រី​ចិន​ ​Li Keqiang​ ​បាន​ពោលពាក្យ​ស្លោក​ប្រជាប្រិយ​មួយ​ឃ្លា​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ថា៖ ​«នៅ​ពេល​ខ្យល់​ដង្ហើម​តិចៗ​ទាំង​ពួង​ពូន​គ្នា​ជា​តែ​មួយ​ ​វា​នឹង​មាន​កម្លាំង​ស្មើ​ខ្យល់​ព្យុះ​ទីហ្វុង»។

Loading…

លោក​ ​Li Keqiang​ ​បាន​ថ្លែង​នៅ​គ្រា​នោះ​ទៅ​កាន់​មេ​ដឹកនាំ​នៃ​ប្រទេស​ ដែល​ដង​ទន្លេ​មេគង្គ​ហូរកាត់។ ការ​ថ្លែង​នោះ​បង្កប់ ​និង​បង្ហាញ​នូវគំនិត​ផ្ដួចផ្ដើម​នៃ​នយោបាយ​ការ​បរទេស​ចិន​ប៉េកាំង​មក​លើ​តំបន់​ទន្លេ​មេគង្គ​ តាម​រយៈ​កិច្ច​សហ​ប្រតិបត្តិការ​មេគង្គ​ឡាន​ឆាង​ជាមួយ​នឹង​គោល​ដៅ​ផ្សារ​ភ្ជាប់​ និង​លើក​កម្ពស់​កិច្ច​សហ​ប្រតិបត្តិការ​ និង​ការ​អភិវឌ្ឍ​នៅ​ក្នុង​តំបន់។​

​បើ​ទោះ​ជាមុន​នេះ​មិន​សូវ​មានឈ្មោះ​បោះ​សំឡេងដូច​គម្រោងការ​ធំ​ផ្សេង​ទៀត​របស់​ចិន​គឺ គំនិត​ផ្ដួច​ផ្ដើម​ខ្សែ​ក្រវ៉ាត់​ និង​ផ្លូវ ​(BRI)​ ​យ៉ាង​ណាក្ដី​ ​កិច្ចសហ​ប្រតិបត្តិ​ការ​មេគង្គ​ឡាន​ឆាង​ត្រូវ​បាន​ណែនាំ​ផ្ដួចផ្ដើម​គំនិត​ចេញ​ពីទី​ក្រុង​ប៉េកាំង​ ​កាល​ពីអំឡុង​ឆ្នាំ​២០១៤​ ​មុន​នឹង​សម្រេច​ចេញ​ជា​រូបរាង​នៅ​ឆ្នាំ​២០១៥។

​ជា​ផ្លូវ​ការ​ ​កិច្ច​សហ​ប្រតិបត្តិ​ការ​មេគង្គ​ឡានឆាង​កំណត់​ខ្លួន​ឯង​ថា​ជា​«យន្ត​ការ​ប្រភេទ​ថ្មីមួយ​នៃ​កិច្ច​សហ​ប្រតិបត្តិការថ្នាក់​អនុ​តំបន់» ​ក្នុង​គោល​ដៅ​ឆ្ពោះ​ទៅ​រក​«ការ​កសាង​សហគមន៍​មួយ​ដែល​មាន​អនាគត​រួម​ក្នុង​ចំណោម​បណ្ដា​ប្រទេសមេ​គង្គ​ឡាន​ឆាង»។

នាយករដ្ឋមន្រ្តីចិនលោក Li Keqiang ចាប់​ដៃ​ជាមួយ​នាយករដ្ឋមន្រ្តី​វៀតណាម​លោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តី​ថៃ​លោក​ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តី​កម្ពុជា​ លោក​ហ៊ុន សែន និង​នាយករដ្ឋមន្រ្តី​ឡាវ​លោក Thongloun Sisolith នៅ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃទី១០ ខែ​មករា ឆ្នាំ​២០១៨​។

កិច្ច​ប្រជុំ​ស្រដៀង​គ្នា​នេះ​របស់​មេ​ដឹកនាំ​រដ្ឋាភិបាល​បណ្ដា​ប្រទេស​មេ​គង្គ​ឡាន​ឆាង​បាន​ប្រព្រឹត្ត​ទៅ​នៅ​រាជធានី​ភ្នំពេញ ​កាលពីល្ងាច​ថ្ងៃពុធ​ ​ដែល​កម្ពុជា​និង​ចិន​បន្ត​ធ្វើ​ជា​សហ​ប្រធាន​នៃ​កិច្ច​ប្រជុំ ​និង​មាន​ការ​ពិភាក្សា​ និង​អនុម័ត​គម្រោងការ​ប្រាំ​ឆ្នាំ​នៃកិច្ច​សហ​ប្រតិបត្តិ​ការ​នេះ​ ​ក៏​ដូច​ជា​លើក​ឡើង​នូវ​របៀប​វារៈ​មួយ​ចំនួន​ រួមមាន​ការ​គ្រប់គ្រង​ដង​ទន្លេ ​និង​ការ​ចាត់ចែងរៀបចំ​ប្រព័ន្ធ​ធារាសាស្ត្រ​អាស្រ័យ​នឹង​ដង​ទន្លេ​មេគង្គ​ផង​ដែរ។

មាន​ប្រភព​ពី​តំបន់​ខ្ពង់រាប​ទីបេ​ ប្រទេស​ចិន​ ទន្លេ​មេគង្គ​ដែល​ស្គាល់​ថា​ ឈ្មោះ​«ឡានឆាង»​តាម​សូរ​សៀង​ចិន ​ហូរកាត់ធ្លាក់ពី​ប្រទេស​ចិន​ពុះ​ជ្រែក​បណ្ដា​ប្រទេស​ទាំង​ប្រាំ​នៃ​តំបន់​អាស៊ី​អាគ្នេយ៍ និង​ផ្ដល់​ជា​ប្រភព​ប្រូតេអ៊ីន​អាហារ​ និងប្រភព​ទឹក​ដល់​ប្រជាជន​ប្រមាណ​៣០០​លាន​នាក់ ដែល​មាន​ក្រុម​ជាតិ​ពន្ធុ​ជាង​១០០។ ​នេះ​បើយោង​តាម​មូល​និធិសត្វ​ព្រៃពិភពលោក​ ​(WWF)។​

រាល់​វិធាន​ការ​នានា ​ដែល​ធ្វើ​និយ័តកម្ម​គ្រប់គ្រង​ផ្ទៃ​ទន្លេ​ ​ដូច​ជា​ការ​កសាង​ទំនប់​វារី​អគ្គិសនី​ជាដើម ​មាន​ផ​លប៉ះ​ពាល់​ជា​សារវន្ត​ដល់​សេដ្ឋកិច្ច​ និង​ជីវិត​នៅ​តាម​បណ្ដោយ​ដង​ទន្លេ។​

​លោក ​Milton Osborne ​ប្រវត្តិ​វិទូ​ជំនាញ​កិច្ចការ​អាស៊ី​អាគ្នេយ៍ បាន​និយាយ​ថា ​ លោក​មើល​ឃើញ​ថា កិច្ច​សហ​ប្រតិបត្តិការ​មេគង្គ​ឡាន​ឆាង​ជា​គម្រោង​ការ​របស់​ចិន​ក្នុង​ការ​ដណ្ដើម​ការ​គ្រប់គ្រង​រាល់​កិច្ចការ​នានា​ ទាក់ទង​នឹង​ទន្លេ​មេគង្គ។​

អ្នក​ជំនាញ​ជាតិ​អូស្ត្រាលី​រូប​នេះ​បាន​ប្រាប់​ ​VOA​ ​តាម​សារ​អេឡិចត្រូនិក​ ក្នុង​ន័យ​ដើម​ទាំង​ស្រុង​ថា៖​

«តាម​រយៈ​ការណ៍​នេះ​ ចិន​អាច​ស្វះស្វែង​រក​ភាព​ស្រប​ច្បាប់​ដល់​រាល់​សកម្មភាព​របស់​ខ្លួន​ក្នុង​ការ​កសាង​ទំនប់វារី​អគ្គិសនី​នៅ​ក្នុង​បន្ទាត់​ព្រំដែន​របស់​ខ្លួន ​បូករួម​នឹង​ការណ៍​ពិត​ជាក់ស្ដែង​ដែល​ថា​ ក្រុមហ៊ុន​ឯកជន​ដែល​មាន​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធ​នឹង​រដ្ឋ​ចិន​ មាន​ការ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កសាង​ទំនប់​វារី​អគ្គិសនី​នៅ​តាម​ដង​ទន្លេ​ខ្សែ​ទឹក​ខាង​ក្រោម»។​

ប្រទេស​កម្ពុជា ​ឡាវ ​ភូមា​ ឬ​មីយ៉ាន់ម៉ា​ ថៃ ​និង​វៀតណាម​ ជា​សមាជិក​នៃ​អង្គការ​ថ្នាក់​អនុតំបន់​មួយ​ទៀត​គឺ​ គណៈកម្មការ​ទន្លេ​មេគង្គ ​(MRC)​ ដែល​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៥ ​ហើយដែល​ប្រទេស​ចិន​បដិសេធ​មិន​ព្រម​ចូល​រួម។​ លោក​ Milton ​Osborne ​បាន​និយាយ​ថា ​ការ​បង្កើត​នូវ​ក្រប​ខណ្ឌ​ កិច្ច​សហ​ប្រតិបត្តិ​ការ​មេគង្គ​ឡានឆាង ​ឆ្លុះ​បញ្ចាំង​ពី​ភាព​អសកម្ម ​និង​កង្វះ​សិទ្ធិ​អំណាច​របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ ​(MRC)​ ហើយ​លោក​មិន​មាន​សុទិដ្ឋិនិយម​នោះ​ទេ​ថា ​គំនិត​ផ្ដួច​ផ្ដើម​នេះ​អាច​នឹង​ជួយ​ធានា​និរន្តរ​ភាព​នៃ​ប្រព័ន្ធ​បរិស្ថាន​ជីវចម្រុះ​ក្នុង​អាង​ទន្លេ​មេគង្គ។​

រូបឯកសារ៖ ទំនប់វារី​អគ្គិសនី​សាយ៉ាប៊ូរី​របស់​ឡាវ ដែល​នឹង​បញ្ចប់​ការ​សាងសង់​នៅ​ចុង​ឆ្នាំ​២០១៩​ខាងមុខ​មុខនេះ។ (ស៊ុន ណារិន/VOA)

លោក​ ​Elliot Brennan​ ​អ្នក​ស្រាវជ្រាវ​ឯករាជ្យ​លើ​កិច្ចការ​អាស៊ី​អាគ្នេយ៍​ បាន​ប្រាប់​កាសែត​ ​South China Morning ​Post​ ​កាលពី​ពេល​ថ្មីៗ​នេះ​ថា ​តាម​រយៈ កិច្ច​សហ​ប្រតិ​បត្តិ​ការ​មេគង្គ​ឡានឆាង ​បើ​សិន​ជា​ប្រទេស​ចិន​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​គ្រប់គ្រង​តំបន់​មេគង្គ ​នោះ​វា​នឹង​ផ្ដល់​មូលដ្ឋាន​ និង​លទ្ធភាព​ដល់​ប្រទេស​កុម្មុយនីស្ត​មួយ​នេះ​បន្សាយ​ឥទ្ធិពល​របស់​ខ្លួន​ដល់​តំបន់​អាស៊ី​អាគ្នេយ៍​ទាំងមូល​តែ​ម្ដង។​

VOA​ ​មិន​អាច​ស្នើសុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​ស្ថានទូត​ចិន​នៅ​ភ្នំពេញ​បាន​ទេ​នៅ​សប្តាហ៍​នេះ។​

ប្រទេស​ចិន​បាន​ប្រកាស​សារ​ចុះ​សារ​ឡើង​ថា ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​មេគង្គ​ឡានឆាង​កំពុង​រំកិល​បោះ​ជំហាន​ទៅមុខ​គួរ​ឱ្យ​កត់​សម្គាល់​តាំងពី​ពេល​វា​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ពីរ​ឆ្នាំ​មុន​ ហើយ​ខ្លួន​ប្ដេជ្ញា​អនុវត្ត​គំនិត​ផ្ដួចផ្ដើម​នេះ​ជាមួយនឹង​ «គោល​នយោបាយ​ការទូត​អ្នក​ជិត​ខាង»​ ក្នុង​បរិបទ​មេគង្គ​ឡានឆាង។

នៅ​ក្នុង​ពេល​ប៉ុន្មាន​សប្ដាហ៍​នេះ​ ចិន​ និង​បណ្ដា​រដ្ឋ​សមាជិក​មេគង្គ​ឡាន​ឆាង​ ដូច​ជា​ កម្ពុជា ​និង​ឡាវ​បាន​ប្រញាប់​ប្រញាល់​បង្ហើយ​កិច្ច​ព្រមព្រៀង​ផ្ដល់​ហិរញ្ញប្បទាន​របស់​ចិន​ដល់​គម្រោង​នានា​ក្នុង​ប្រទេស​ទាំង​ពីរ។​ ហើយ​គិត​មក​ត្រឹម​ខែ​ធ្នូ ​ឆ្នាំ​២០១៧​នេះ ​លេខាធិការដ្ឋាន​ថ្នាក់​ជាតិ ​ដែលទទួល​បន្ទុក​កិច្ចការ​មេគង្គ​ឡាន​ឆាង​ ត្រូវ​បាន​បង្កើត​រួចរាល់​នៅ​បណ្ដា​ប្រទេស​ជា ​សមាជិក​ទាំង​៦។​ កាលពី​ខែ​កញ្ញា​ វិទ្យាស្ថាន​ស្រាវជ្រាវ​មកពី​បណ្ដា​ប្រទេស​ទាំង​៦​ ដែល​ភាគ​ច្រើន​ មាន​ទំនាក់​ទំនង​ជិតស្និទ្ធ​ជា​មួយ​រដ្ឋ ​បាន​រួមគ្នា​បង្កើត​ មជ្ឈ​មណ្ឌល​សកល ​ដើម្បី​សិក្សា​តំបន់​មេគង្គ ​(GCMS)​ ដើម្បី​ផ្ដល់​ជា​ប្រឹក្សា​ដល់​រដ្ឋ​សមាជិក​មេគង្គ​ឡានឆាង​លើ​វិស័យ​អាទិភាព​នានា។​

កាលពី​ថ្ងៃ​អង្គារ ​លោក​នាយក​រដ្ឋមន្ត្រី​ចិន​ Li Keqiang​ បាន​សរសេរ​លិខិត​មួយ​និយាយ​អំពី​កិច្ច​សហ​ប្រតិបត្តិការ​មេគង្គ​ឡាន​ឆាង ​និង​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ ​ដោយ​កាសែត​ជា​ភាសា​អង់គ្លេស​ ​The Khmer Times​ ​ខណៈ​ដែល​លោក​ត្រូវ​មកចូល​រួម​កិច្ច​ប្រជុំ​មេដឹក​នាំ​កំពូល​លើក​ទីពីរ​ ​និង​ពេល​លោក​បំពេញ​ទស្សន​កិច្ច​ផ្លូវការ​នៅ​កម្ពុជា​ នៅ​ក្នុង​សប្ដាហ៍​នេះ។​

​ក្នុង​លិខិត​នោះ​ លោក​ ​Li Keqiang ​បាន​សរសេរ​រៀបរាប់​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖​

«នៅ​ក្នុង​បរិបទ​សកល​នៃ​ការ​រីក​ឡើង​ប្រតិកម្ម​ទប់ទល់​នឹង​ចរន្ត​សកល​ភាវូបនីយ​កម្ម​ ​និង​គោល​គំនិត​គាំពារ​និយម​ ​បូក​រួម​នឹង​កង្វះ​កិច្ច​សហ​ប្រតិបត្តិការ​នៅ​អាស៊ី​ចុង​បូព៌ា ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​មេគង្គ​ឡានឆាង​ ក្នុង​នាម​ជា​ធាតុ​ផ្សំ​មូលដ្ឋាននៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ថ្នាក់​តំបន់​ គឺ​មិន​គ្រាន់តែ​បង្រួម​គន្លាត​នៃ​ការ​អភិវឌ្ឍ​នៅ​ក្នុង​សមាហរណ​កម្ម​អាស៊ាន​ប៉ុណ្ណោះ​ទេ​ ​ក៏​ប៉ុន្តែ​ក៏​ពង្រឹង​ផង​ដែរ​ នូវ​កិច្ច​សហ​ប្រតិ​បត្តិការ​បណ្ដា​ប្រទេស​នៅ​អឌ្ឍគោល​ខាងត្បូង​ និង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ក្នុង​ការ​ជំរុញ​ឱ្យ​មាន​សកលភាវូបនីយ​កម្ម​សេដ្ឋ​កិច្ចមួយ​ដែល​បើក​ទូលាយ ​មាន​ការ​បូក​បញ្ចូល ​និង​មាន​តុល្យភាព»។

​លោក ​ប៉ូ ​សូវីនដា ​អ្នក​វិភាគ​កិច្ច​ការ​ទំនាក់​ទំនង​អន្តរជាតិ ​នៅ​សាកលវិទ្យាល័យ ​East ​China ​Normal ​University ​ក្នុង​ទីក្រុង​សៀងហៃ ​ប្រទេស​ចិន ​បាន​និយាយ​ថា ​ក្នុង​នាម​ជា​ប្រទេស​នៅប៉ែក​ខាង​លើ​ដែល​ជា​ប្រភព​នៃ​ទន្លេ​មេគង្គ ប្រទេស​ចិនទំនង​ជា​នឹង​កំពុង​យក​កិច្ច​សហ​ប្រតិបត្តិការ​ឡានឆាង​មេគង្គជា​គំរូ​សម្រាប់​ការ​ធ្វើ​ស្ថាប័នូបនីយ​កម្ម​ពហុភាគី​របស់​ខ្លួន ​និង​បង្ហាញ​ប្រាប់​ពិភព​លោក​ថា​ ខ្លួន​មិន​ស្រវា​ស្រទេញ​ចាប់​យក​អនុត្តរភាព​អំណាច​ក្នុង​តំបន់​ឡើយ។

«កិច្ច​សហ​ប្រតិ​បត្តិការ​ឡានឆាង​មេគង្គ​ ផ្ដល់​លទ្ធភាព​ដល់​សមាជិក​របស់​ខ្លួន​ក្នុង​ការ​ដាក់​ប្រទេស​ចិន​ឱ្យ​ស្ថិត​ក្នុង​បរិបទនៃ​សហ​ប្រតិបត្តិការ​តាម​បែប​ស្ថាប័នូបនីយ​កម្ម​ ដែល​អាច​កាត់​បន្ថយ​លទ្ធភាព​ដែល​ចិន​អាច​ចាប់យក​សកម្មភាព​ជាឯកតោ​ភាគី​ណាមួយ​ ហើយ​នេះ​ក៏អាច​លើក​ទឹកចិត្ត​ឱ្យ​មាន​«ការ​តាំង​ចិត្ត​ដែល​អនុវត្ត​ដោយ​ខ្លួន​ឯង»​ របស់​ចិន​ ចំពោះកិច្ច​សហ​ប្រតិ​បត្តិការ​ឡានឆាង​មេគង្គ​ ដែល​ស្រប​គ្នា​នឹង​ការ​ទន្ទេញ​ជាប់​មាត់​របស់​ខ្លួន​អំពី ​«ការ​អភិវឌ្ឍ​ដោយ​សន្តិភាព»។​

​អ្នក​ស្រាវជ្រាវ​ជនជាតិ​កម្ពុជា​រូប​នេះ​ក៏​បាន​បន្ត​ដែរ​ថា៖​

«ទន្លេ​ដែល​មាន​សក្ដានុពល​នៃ​ជម្លោះ​មួយ​នេះ​នឹង​បែរ​ត្រឡប់​មក​ផ្ដល់​ជា​ប្រតិកម្ម​ប្រឆាំង​នឹង​ចិន​វិញ ​បើសិនជា​ប្រទេស​មួយ​នេះ​គ្រប់គ្រង​ខ្សែ​ទឹក​មិន​ត្រឹម​ត្រូវ​តាម​រយៈ​ការ​សម្រេច​ចិត្ត​ដោយ​ឯកតោ​ភាគី​នៅ​ខណៈ​ណា​មួយ​ ដែល​មាន​ចរិត​ដើរបញ្ច្រាស​ពី​វោហារសាស្ត្រ​របស់​ខ្លួន​អំពី ​«ការ​អភិវឌ្ឍ​ប្រកប​ដោយ​សន្តិភាព»។​

ដោយ​ដក​តែ​ប្រទេស​ចិន​ និង​វៀតណាម​ចេញ​ បណ្ដា​ប្រទេស​មេ​គង្គ​ឡានឆាង​ ដែលនៅ​សល់​ទាំង​ប៉ុន្មាន​មិន​មាន​ការ​ជាប់​ជំពាក់​វាក់​វិន​ក្នុង​ជម្លោះ​ដែនទឹក​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ទេ។

​លោក​ ​ផៃ ស៊ីផាន​ ​អ្នកនាំ​ពាក្យ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​កម្ពុជា​ បាន​និយាយ​ថា​ ប្រទេស​ចិន​ជា​អ្នក​ផ្ដល់​ហិរញ្ញប្បទាន​ទាំងអស់​ក្នុង​ការ​អនុវត្ត​គម្រោង​នានា​ក្នុង​ក្របខណ្ឌ​កិច្ច​សហ​ប្រតិបត្តិការ​មេគង្គ​ឡានឆាង​ តែ​អំណាច​នៃ​ការ​សម្រេច​ចិត្ត​ត្រូវ​ធ្វើ​ឡើង​ក្នុង​រូបមន្ត​ឯកច្ឆ័ន្ធ​កុងសង់ស៊ីស​ ដែល​ត្រូវ​មាន​ការ​ឯក​ភាព​ពី​រដ្ឋ​សមាជិក​ទាំងអស់។​

«ព្រោះ​អង្គការ​នេះ​ភាគ​ច្រើន​សំដៅ​ទៅលើ​សន្តិសុខ ​ការ​អភិវឌ្ឍ​ដោយ​ចិរភាព​ និង​សុខុមាល​ភាព​របស់​ប្រជាជន​ នេះ​ជា​ចំណុច​បី​សំខាន់ … ​ហើយ​តើ​កម្ពុជា​បាន​អំពី​ក្នុង​ហ្នុង​ គឺ​ថា​ យើង​វិនិយោគ​លើ​វិស័យ​ការ​ត​ភ្ជាប់​ផ្លូវ​ថ្នល់​ ប្រឡាយ​ទឹក​ ប្រភព​ស្កាត់​ទឹក ​ហើយ​នឹង​ធានា​ការ​ប្រើប្រាស់​ថាមពលចំណាយ​តិច​ ហើយ​គេ​មក​បណ្ដាក់​ទុន​ឱ្យ​មាន​ការងារ​ធ្វើ​ច្រើន»។​

​ប្រទេស​ចិន​កំពុង​ដើរ​តួនាទី​សំខាន់​ក្នុង​នាម​តួអង្គ​ដ៏​មាន​ឥទ្ធិពល​ក្នុង​បរិបទ​នៃ​ជម្លោះ​ជា​ច្រើន​នៅ​តាម​បណ្ដា​រដ្ឋ​ជា​សមាជិក​កិច្ច​សហ​ប្រតិបត្តិការ​មេគង្គ​ឡាន​ឆាង។​ ខណៈ​ដែល​ខ្លួន​កំពុង​ក្លាយ​ជា ​ប្រទេស​ផ្ដល់​ហិរញ្ញប្បទាន​ធំជាង​គេ​នៅ​ប្រទេស​ឡាវ​ ចិន​បាន​ផ្ដល់​ការ​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​ ខណៈ​ដែល​មាន​ការ​បង្ក្រាប​នយោបាយ​ដ៏​កម្រោល​នា​ប៉ុន្មាន​ខែចុង​ក្រោយ​នេះ។

ដោយខ្លួន​ជា​ប្រទេស​នៅ​ផ្នែក​ខាង​លើ​នៃ​ទន្លេ​មេគង្គ​ ប្រទេស​ចិន​ដែល​ជា​ម្ចាស់​ទំនប់​វារី​អគ្គិសនី​បែរ​ជា​ ទទួល​បាន​ការ​អរគុណ​ពី​ប្រទេស​នៅ​ផ្នែក​ខាង​ក្រោម​ នៅ​ពេល​ខ្លួន​បាន​បើក​ទ្វារ​ទឹក​ជួយ​ស្រោច​ស្រង់​គ្រោះ​រាំង​ស្ងួត​នៅ​តំបន់​ឥណ្ឌូចិន​កាល​ពី​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ៕ ប្រភព៖ VOA

Loading...