នាយករដ្ឋមន្រ្តី ជប៉ុន លោក​ស្ហ៊ីនហ្សូ អាបេ នៅ​ថ្ងៃ​សុក្រ​នេះ​បាន​ចាកចេញ​ពីចាកចេញ​ពីទីក្រុង​តូក្យូ ដើម្បី​ផ្តើម​ទស្សនកិច្ច​មួយជុំ​នៅអឺរ៉ុប​កណ្តាល។ អម​ដំណើរ​ដោយ​អ្នកតំណាង​របស់​ក្រុមហ៊ុន​ជប៉ុន​ចំនួន​៣០ ប្រមុខ​រដ្ឋាភិបាល ជប៉ុន គ្រោង​នឹង​ពង្រឹង​ចំណងពាណិជ្ជកម្ម​ជាមួយ​បណ្តា​ប្រទេស នៅ​អឺរ៉ុប​កណ្តាល ជាទី ដែល​ប្រទេស​ចិន បាន​ដាក់​ទុន​វិនិយោគ​ រាប់ពាន់​លាន​ដុល្លារ នៅក្នុង​គម្រោង ផ្លូវមួយ ខ្សែក្រវ៉ាត់។

លោក​ស្ហ៊ីនហ្សូ អាបេ​ជា​នាយករដ្ឋមន្រ្តី ជប៉ុន​លើក​ដំបូង​គេ​ដែល​ធ្វើ​ទស្សនកិច្ច នៅក្នុង​ប្រទេស​សមុទ្រ​បាល់ទិក។ នៅក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​ទៅ​អឺរ៉ុប​កណ្តាល ដូចជា​នៅ​ប្រទេស​អេស្តូនី លីទុយអានី ឡេតូនី ប៊ុហ្ការី ស៊ែប៊ី និង​រូម៉ានី ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​គ្រោង​ស្វែងរក​ការគំាំទ្រ ពី​បរទេស ក្នុង​ការដាក់សម្ពាធ​លើ​កូរ៉េខាងជើង។

នៅ​មុន​ចាក​ចេញ​ពី​ទីក្រុង​តូក្យូ នៅ​ថ្ងៃ​សុក្រ នេះ លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​បាន​និយាយ​ថា ជាមួយ​រដ្ឋាភិបាល​របស់​ប្រទេស​ដែល​លោក​អញ្ជើញ​ទៅ​ធ្វើ​ទស្សនកិច្ច លោក​ចង់​បញ្ជាក់​ការសហការ​របស់​ជប៉ុន នៅក្នុង​សំណុំរឿង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ហើយ​និង​សំណុំរឿង​បន្ទាន់​ផ្សេងទៀត ដែល​សហគមន៍​អន្តរជាតិ​កំពុង​ប្រឈម​នាពេល​បច្ចុប្បន្ន។

នៅក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​ចំនួន ៦ នៅ​អឺរ៉ុប​កណ្តាល នាយករដ្ឋមន្រ្តី​ជប៉ុន មានអមដំណើរ​ផងដែរ​ដោយ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ធំៗ​របស់​ជប៉ុន​ចំនួន​៣០។ ក្រុមហ៊ុន​ពាណិជ្ជកម្ម​តាមអ៊ីនធ័រនែត​របស់​ជប៉ុន គឺ Rakuten នឹង​ផ្តោតសំខាន់​លើ​ប្រទេស​អេស្តូនី ដែល​អភិវឌ្ឍន៍​នាំមុខ​គេ នៅក្នុង​តំបន់ ខាង​ផ្នែក​បច្ចេកវិទ្យា ព័ត៌មានវិទ្យា និង​សេវា​តាមអ៊ីនធ័រនែត។ នៅប្រទេស​អេស្តូនី ជប៉ុន​សង្ឃឹម​ចង់បង្កើន​ការសហការ​នៅក្នុង​វិស័យ​បច្ចេកវិទ្យា ហើយ​និង​សន្តិសុខ​ព័ត៌មានវិទ្យា។ នេះ​បើតាម​មន្រ្តីទូត​ជប៉ុនម្នាក់ ដែល​បាន​រំលឹក​ពី​សារៈសំខាន់​របស់​ប្រទេស​អេស្តូនី ដែល​មាន​តាំងនូវ​​មជ្ឈមណ្ឌល​សន្តិសុខ​ព័ត៌មាន​វិទ្យា​របស់​អង្គការ​អូតង់។

ដោយធ្វើ​ទស្សនកិច្ច​ទៅ​អឺរ៉ុប​កណ្តាល នាយករដ្ឋមន្រ្តី​ជប៉ុន ចង់​ស្រោចស្រង់​មុខមាត់​របស់​ប្រទេស​ជប៉ុន ដើម្បី ប្រកួតប្រជែង​នឹង​ចិន ដែល​បាន​ជំរុញ បុកគ្រឹះ​វត្តមាន​របស់ខ្លួន នៅ​អឺរ៉ុប​កណ្តាល។ ជាក់ស្តែង ប្រទេស​ទាំង​៦ ដែល​លោក​ស្ហ៊ីនហ្សូ អាបេ​ត្រូវ​ធ្វើ​ទស្សនកិច្ច ចាប់ពី​ថ្ងៃ​សុក្រនេះ គឺ​ជា​ប្រទេស​ដែល​ស្ថិតនៅក្នុង​ចំណោម​ប្រទេស​ទាំង​១៦ ដែល​តែងតែ​បើកិច្ចប្រជុំកំពូល​ជា​រៀងរាល់​ឆ្នាំ ជាមួយ​ប្រទេស​ចិន។ ចិន​បាន​បោះទុន​វិនិយោគ ១ពាន់ ពាន់​លាន​ដុល្លារ សម្រាប់​គម្រោង​ផ្លូវមួយ ខ្សែក្រវ៉ាត់​មួយ ដែលនៅក្នុង​នោះ​មាន​ការសាងសង់​កំពង់ផែ ផ្លូវរទេះភ្លើង ដែល​រត់កាត់​ពី​អាស៊ី ទៅ​អឺរ៉ុប ដោយឆ្លងកាត់​អឺរ៉ុប​កណ្តាល៕ ប្រភព៖ RFI

Loading...