រដ្ឋមន្ត្រី​ការពារ​ប្រទេស​សហរដ្ឋអាមេរិក​ លោក ​Jim Mattis ថ្លែង​ថា​សហរដ្ឋ​អាមេរិក​កំពុង​បាត់​បង់​អត្ថប្រយោជន៍​នៃ​ការ​ប្រកួត​ប្រជែង​ទាហាន​របស់​ខ្លួន​ ទៅ​លើ​ចិន​ និង​រុស្ស៊ី​ ដែល​ការណ៍​នេះ​បង្ហាញ​ពី​ការប្រឈម​ផ្នែក​កម្លាំង​ប្រដាប់​អាវុធ​របស់​អាមេរិក។

លោក Mattis បាន​ថ្លែង​កាល​ពី​ថ្ងៃសុក្រ​ម្សិលមិញ​ ខណៈ​ដែល​លោក​បញ្ចេញ​ផ្នែក​ខ្លះ​នៃ​យុទ្ធសាស្រ្ត​ការពារជាតិ​របស់​រដ្ឋបាល​លោក ត្រាំ​ នៅក្នុង​រដ្ឋធានី​វ៉ាស៊ីតោន ដោយ​លោក​បាន​ថ្លែង​ថា «ការប្រកួត​ប្រជែង​ផ្នែក​អំណាច​យោធា​ ដែល​មិន​ជា​បញ្ហា​ភេរវកម្ម​នោះ​ ឥឡូវ​នេះ​បាន​ក្លាយ​ជា​ការផ្តោត​យ៉ាង​សំខាន់​របស់​សហរដ្ឋ​អាមេរិក​ទៅ​ជា​បញ្ហា​សន្តិ​សុខ​ជាតិ»។

លោក​បាន​ថ្លែង​បន្ថែម​ទៀត​ថា​ យុទ្ធសាស្ត្រ​នេះ​មាន​គោល​បំណង​បង្កើត​កម្លាំង​ឲ្យ​បាន​ខ្លាំង​ជាង​មុន​ នៅ​ស្រប​ពេល​កំពុង​ពង្រីក​អត្ថប្រយោជន៍​នៃ​ការប្រកួត​ប្រជែង​របស់​អាមេរិក​ និង​ការកំណត់​អទិភាព​ពី​ការ​ត្រៀម​ខ្លួន​រួច​ជាស្រេច​របស់​សហរដ្ឋអាមេរិក​នៅ​ពេល​មាន​សង្គ្រាម​កើត​ឡើង។

លោករដ្ឋមន្រ្តី​ការពារប្រទេស​ Jim Mattis បាន​ថ្លែង​ទៀត​ថា៖ «ទាហាន​របស់​យើង​នៅ​តែ​រឹងមាំ​ ក៏ប៉ុន្តែ​ការ​មាន​ប្រៀប​របស់​យើង​បាន​ធ្លាក់ចុះ​នៅ​គ្រប់ផ្នែក​ទាំងអស់​ មិន​ថា​តាម​អាកាស​ លើដី​ តាម​សមុទ្រ​ និង​តាម​បណ្តាញ​អ៊ីនធឺណិត​នោះ​ទេ​ ហើយ​យើង​នៅ​តែ​បន្ត​ធ្លាក់​ចុះ។ ប្រវត្តិសាស្ត្រ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ អាមេរិកាំង​គ្មាន​បុព្វសិទ្ធិ​ណា​ដែល​ត្រូវ​បាន​កំណត់ថា​ នឹង​ឈ្នះ​នៅ​ក្នុង​សមរភូមិ​សង្គ្រាម​នោះ​ទេ។

មាន​ឯកសារ​មួយ​ចំនួន​បាន​ចោទ​ប្រកាន់​ប្រទេស​ចិន​ពី​ការ​កេង​ប្រវ័ញ្ជ​ផ្នែក​សេដ្ឋកិច្ច​ ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​ជិត​ខាង​មាន​ការភ័យ​ខ្លាច​ ខណៈ​ពេល​ដែល​ខ្លួន​កំពុង​កសាង​ទីតាំង​ផ្ទុក​យន្តហោះ​ចម្បាំង​ និង​សព្វាវុធ​យោធា​នៅ​ក្នុង​កោះសិប្បនិម្មិត​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ ដែល​កំពុង​មាន​ជម្លោះ​នោះ។

ឯកសារនោះ​ក៏​បាន​បញ្ជាក់​ពីការ​រំលោភ​បំពាន​របស់​រុស្ស៊ី​ទៅ​លើ​ព្រំដែន​របស់ប្រទេស

ជិត​ខាង​ និង​ព្យាយាម​កម្ទេច​សម្ព័ន្ធមិត្ត​របស់​អង្គការ​អូតង់​ ក្នុង​គោល​បំណងផ្លាស់​ប្តូរ​សន្តិសុខ​និង​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​អ៊ឺរ៉ុប​ និង​តំបន់​មជ្ឈិមបូព៌ា​ទៅ​តាម​ការចង់​បាន​របស់​ខ្លួន៕ ប្រភព៖ VOA

Loading...