​ក្នុង​ខែធ្នូ ឆ្នាំ​មុននេះ ប្រជាជន​ម៉ាឡេស៊ី​មានការ​ស្លុតរន្ធត់​ជាខ្លាំង នៅពេល​ទទួលបាន​ព័ត៌មាន​ថា តារា​ម៉ូ​ដែល​ស្រី​នាង Ivana Smit អាយុ ១៨ ឆ្នាំ បាន​ស្លាប់ ដោយ​សាកសព​របស់​នា​ង​ត្រូវបាន​រកឃើញ​នៅ​យ៉​មុខ​នៃ​ជាន់​ទី​៦ នៃ​អគារ​កុន​ដូ​មួយកន្លែង​ស្ថិតក្នុង Jalan Dang Wangi កាលពី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៧ ។



​នាង​ត្រូវបាន​គេ​ជឿថា បាន​ធ្លាក់​ពី​ជា​ន់ទី​២០ បន្ទាប់ពី​ពិធី​ជួបជុំ​ផឹកស៊ី​នា​រាត្រី​មួយ ជាមួយ​បុរស​សញ្ជាតិ​អាមេរិកាំង​ឈ្មោះ Alexander Amado Johnson អាយុ ៤៨ ឆ្នាំ និង​ប្រពន្ធ​របស់គាត់​ជា​ជនជាតិ​ឥណ្ឌូនេស៊ី​ឈ្មោះ Luna អាយុ​ខ្ទង់ ៣០ ឆ្នាំ ដែលជា​ម្ចាស់​អគារ​កុន​ដូ​នោះ ។​

​ជុំវិញ​ករណីនេះ នោះ​ការស្លាប់​ដ៏​គួរ​ឲ្យ​អាណោច​អាធ​មរ​បស់ Ivana បាន​បង្ក​ឲ្យ​មានការ​សង្ស័យ​ច្រើន​ពី​គ្រួសារ​របស់​នាង ដែល​មិន​សប្បាយ​ចិត្តនឹង​ចំណាត់ការ​របស់​អាជ្ញាធ​រ​ម៉ាឡេស៊ី ក្នុង​រឿងហេតុ​នេះ ព្រោះតែ​ពួកគេ​បានចាត់ទុក​ហេតុការណ៍​នេះ​ជាការ​ស្លាប់​ភ្លាមៗ ។ ប៉ុន្តែ ឥឡូវនេះ ព័ត៌មាន​ថ្មី​មួយចំនួន​បាន​លេចឡើង ។​

​យោងតាម Malay Mail Online នោះ​គ្រួសារ Ivana បានស្នើ​សុំ​ជំនួយ​ពី​លោក Mark Williams-Thomas ដែលជា​អ្នកស៊ើប​អង្កេត​ឯកជន​ជនជាតិ​អង់គ្លេស ។ លោក Williams-Thomas បាន​ចំណាយពេល​១​សប្តាហ៍ នៅក្នុង​ទីក្រុង​គួ​ឡា​ឡាំ​ពួរ ដើម្បី​ប្រមូល​ការពិត​ទាំងឡាយ ជុំវិញ​ករណី​ស្លាប់​របស់ Ivana ។

​លោក Williams-Thomas ក៏បាន​កត់សម្គាល់​ផងដែរ នូវ​ការសង្ស័យ​មួយចំនួន ដែល​ពាក់ព័ន្ធ​ជុំវិញ​ចំណាត់ការ​របស់​អាជ្ញាធ​រ​ម៉ាឡេស៊ី ក្នុងការ​គ្រប់គ្រង​ករ​ណី​នេះ ។ លោក​ក៏បាន​ចង្អុល​បង្ហាញថា មាន​សញ្ញា​ជាច្រើន​ពី​ការ​លាក់បាំង និង​ចោទប្រកាន់ថា ម៉ាឡេស៊ី​មាន «​បញ្ហា​ពុករលួយ​ដ៏​ធំ​» ។

​លោក​បន្តថា​៖ «​មាន​មនុស្ស​តិចតួច​ណាស់ ដែល​យើង​និយាយ​ទៅកាន់​នៅទីនេះ ដែល​ពួកគេ​ពុំបាន​និយាយថា មាន​អ្វីៗ​ដែល​គួរ​ឲ្យ​សង្ស័យ​ចំពោះ​រឿងនេះ ។ វា​ពិតជា​ពុំមែន​ជាហេតុ​ការណ៍​សោកនាដកម្ម​ឡើយ​» ។​

​កាលពី​ថ្ងៃទី​៧ កុម្ភៈ មេធាវី​ម្នាក់​ឈ្មោះ Sébas Diekstra ដែល​កំពុង​ជួយ​គ្រួសារ​របស់​តារា​ម៉ូ​ឌែ​ល​នេះ ក្នុងការ​ស៊ើបអង្កេត​ក​រ​ណី​ស្លាប់​របស់​នាង បាន​បង្ហោះ​រូបភាព​កាត់​ចេញពី​កាមេរ៉ា​ឃ្លាំមើល ទៅកាន់ Twitter ។​

​ខ្សែ​វីដេអូ​ពី​កាមេរ៉ា​ឃ្លាំមើល បានបង្ហាញ​ឲ្យ​ឃើញ​រូបភាព Ivana Smit កំពុងស្ថិត​នៅក្នុង​ក្លឹប​មួយ ក្នុងប្រទេស​ម៉ាឡេស៊ី ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​មុន​ការស្លាប់​របស់​នាង ។ វីដេអូ​ឃ្លី​ប​ក៏បាន​បង្ហាញ​ឲ្យ​ឃើញ​បុរស​ម្នាក់​ដែល​ត្រូវបាន​គេ​ស្គាល់​យ៉ាងច្បាស់​ថា​ជា​លោក Johnson បាន​បី​តារា​ម៉ូ​ឌែ​លវ័យ ១៨ ឆ្នាំ រូបនេះ ចូល​ជណ្តើរយន្ត​ ខណៈចេញពី​ក្លឹបរាត្រី​មួយ ។ នេះ​បើតាម​កាសែត NL Times រាយការណ៍​ឲ្យ​ដឹង ។​

​គួរ​បញ្ជាក់ថា ខ្សែ​វីដេអូ​ឃ្លី​ប​នេះ ត្រូវបាន​រកឃើញ​ដោយ​អ្នកស៊ើប​អង្កេត​ឯកជន​ជនជាតិ​អង់គ្លេស​ខាងលើ​រូបនេះ ។​

​តើ​ប្តី​ប្រពន្ធ​នេះ​អាច​នឹង​រួច​ផុតពី​សំណាញ់​ច្បាប់​ដែរ ឬទេ ក្នុងករណី​ពាក់ព័ន្ធ​នឹង​ការស្លាប់​របស់ Ivana ! ។

​យ៉ាងណាក៏ដោយ គេ​សង្ឃឹមថា ទាំង​អាជ្ញាធរ​ក្នុងស្រុក និង​អន្តរជាតិ នឹងធ្វើ​ការស៊ើបអង្កេត​ករណីនេះ​យ៉ាង​ម៉ត់ចត់​បន្ថែមទៀត ដើម្បី​ឈាន​ចាប់ខ្លួន​ជនដៃដល់ យកមក​កាត់ទោស​តាមផ្លូវ​ច្បាប់ ៕

Alexander Amado Johnson អាយុ ៤៨ ឆ្នាំ និង​ប្រពន្ធ​របស់គាត់​ក៏ជាតារាម៉ូឌែល​ជនជាតិ​ឥណ្ឌូនេស៊ី​ឈ្មោះ Luna

លោក Mark Williams-Thomas

Loading...