នៅ​ថ្ងៃ​ចន្ទ​នេះ ក្រសួង​បង្រួបបង្រួម​កូរ៉េ​ទាំង​ពីរ​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​កីឡា​អូឡាំពិក​របស់​កូរ៉េ​ខាង​ជើង​បាន​បើក​ទ្វារ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត ដែល​អាច​ជួយ​បន្ធូរបន្ថយ​ភាព​តានតឹង​នា​ពេល​ថ្មីៗ​នេះ​ពាក់ព័ន្ធ​នឹង​កាយវិការ​គំរាមកំហែង ក៏​ដូចជា​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ និង​មីស៊ីល​ជា​ច្រើន​លើក​ច្រើន​សារ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​នៅ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ។



អ្នក​នាំ​ពាក្យ​ក្រសួង​បង្រួបបង្រួម​កូរ៉េ​ទាំង​ពីរ​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​លោក Baik Tae Hyun និយាយ​ថា៖ «ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​កីឡា​អូឡាំពិក​កូរ៉េ​ខាង​ជើង​នេះ​បាន​បង្ហាញ​ថា កូរ៉េ​ខាង​ជើង​មាន​ឆន្ទៈ​ក្នុង​ការ​បង្កើន​ទំនាក់ទំនង​រវាង​កូរ៉េ​ខាង​ត្បូង និង​កូរ៉េ​ខាង​ជើង។ យើង​ក៏​ជឿជាក់​ផង​ដែរ​ថា ដំណើរ​ទស្សនកិច្ច​នេះ​បាន​បង្ហាញ​ថា កូរ៉េ​ខាង​ជើង​អាច​ធ្វើ​សកម្មភាព​ខ្លាំងក្លា​ណា​មួយ​ដែល​មិន​ដែល​ធ្វើ​ពី​មុន​មក ប្រសិនបើ​ចាំបាច់»។

រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​បាន​បញ្ជាក់​ថា គោល​បំណង​នៃ​កិច្ច​ប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការ​ឲ្យ​កូរ៉េ​ខាង​ជើង​ចូលរួម​ក្នុង​កីឡា​អូឡាំពិក​នេះ គឺ​ដើម្បី​បង្កើត​ឲ្យ​មាន​នូវ​ការ​ចរចា​អំពី​ការ​គ្មាន​អាវុធ​នុយក្លេអ៊ែរ​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​កូរ៉េ​ខាង​ជើង។

កន្លង​មក ទាំង​សហរដ្ឋ​អាមេរិក និង​កូរ៉េ​ខាង​ជើង​មិន​បាន​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​ធ្វើ​សម្បទាន​ណា​មួយ​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ចរចា​នោះ​ទេ។ រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​មិន​មាន​ឆន្ទៈ​ក្នុង​ការ​ពិភាក្សា​អំពី​ការ​លះបង់​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​របស់​ខ្លួន ដែល​ខ្លួន​បាន​អះអាង​ថា​ដើម្បី​ការពារ​ខ្លួន​ពី​ការ​ឈ្លានពាន​របស់​សហរដ្ឋ​អាមេរិក​នោះ​ទេ។ រី​ឯ​រដ្ឋាភិបាល​អាមេរិក​វិញ ចង់​ឲ្យ​កូរ៉េ​ខាង​ជើង​លះបង់​មហិច្ឆតា​នុយក្លេអ៊ែរ​ជា​មុន​សិន មុន​នឹង​អាច​ចរចា​គ្នា​បាន៕ ប្រភព៖ VOA

Loading...