​ខេត្ត​កោះកុង​៖ សកម្មជន​ការពារ​បរិស្ថាន នៃ​អតីត​អង្គការ​មាតា​ធម្មជាតិ ២​រូប គឺ​លោក ហ៊ុន វណ្ណៈ និង​លោក ឌឹ​ម គុណ​ឌី ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​ខេត្ត​កោះកុង ហើយ​កាលពី​វេលា​ម៉ោង​ជាង ១១ ព្រឹក​ថ្ងៃ​អង្គារ ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨​។



​មន្ត្រី​សង្គម​ស៊ីវិល​មិន​មែន​រដ្ឋាភិបាល និង​សាច់ញាតិ យុវជន​ការពារ​បរិ​ស្ថាន​ទាំង ២​នាក់ បានចាត់ទុក​ការឃុំខ្លួន យុវជន​ជន​ទាំង ២​នាក់ របស់​សាលាដំបូង​ខេត្តកោះកុង​កន្លងមកនេះ ថា​ជា​រឿង​អ​យុត្តិធ៌ម និង​មាន​រឿង​មិន​ប្រក្រី​តី នៅក្នុង​ដំណើរការ​ក្តី​មួយនេះ​។

​យ៉ាងណា​ក៏ដោយ​ចុះ តាំងពី​ព្រឹក​ព្រលឹម ថ្ងៃ​ដដែល​នេះ គេ​សង្គេត​ឃើញ​វត្តមាន របស់ មន្ត្រី​សង្គម​ស៊ីវិល សាច់ញាតិ និង មិត្តភ័​ក្រ​យុវជន​ការពារ​បរិស្ថាន​ទាំង ២​នាក់ បាន​ប្រមូលផ្តុំ​គ្នា​នៅ​ពីមុខ​ពន្ធនាគារ​ខេត្ត​កោះកុង ដើម្បី​ទទួល​ស្វាគមន៍​យុវជន​ទាំង ២​រូប​។

​ទាក់ទិន​បញ្ហា​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស បាន​ពិនិត្យឃើញ​ថា សកម្មជន​បរិស្ថាន​ទាំង ២​រូប មិន​បាន​ប្រព្រឹត្ត​កំហុស ដូច​ការចោទប្រកាន់រ​បស់​តំណាង​អយ្យការ​នោះទេ​។​

​សកម្មជន​អង្គការ​មាតា​ធម្មជាតិ ២​រូប គឺ​លោក ហ៊ុន វណ្ណៈ និង​លោក ឌឹ​ម គុណ​ឌី ត្រូវបាន​អាជ្ញាធរ​ចាប់ឃុំខ្លួន​តាំងពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៧ មកម្ល៉េះ ក្រោយ​ពេល​អ្នក​ទាំង​ពីរ​បាន​ជិះទូក​ថត​រូបភាព និង​វីដេអូ សកម្មភាព​កប៉ាល់​ដឹក​ខ្សាច់​ស៊ី​លីកា ពីរ​គ្រឿង​ក្នុង​លំហ​សមុទ្រ នៅ​ឃុំ​ព្រែក​ខ្សាច់ ស្រុក​គី​រី​សាគរ ខេត្ត​កោះកុង​។​

​ដើមបណ្ដឹង​ក្នុង​សំណុំរឿង​នេះ គឺ​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង ដែល​ហៅ​កាត់​ថា អេស​.​អ៊ី​.​ហ្សិ​ត (SEZ Koh Kong Co., Ltd.) របស់​លោក​ឧកញ៉ា លី យ៉ុង​ផាត់ ដែល​ជា​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នករកស៊ី​នាំចេញ​ខ្សាច់​នៅ​ខេត្តកោះកុង​ជាច្រើន​ឆ្នាំ​មកហើយ​។​

​សកម្មជន​បរិស្ថាន​ទាំង​ពីរ​ត្រូវបាន​ចោទប្រកាន់​ចំនួន ២​បទល្មើស គឺ​ទី​១ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​ទី​២ ធ្វើឲ្យប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល​។​

​ក្រុមមន្ត្រី​សង្គម​ស៊ីវិល បាន​អះអាង​ថា លោក ហ៊ុន វណ្ណៈ និង​លោក ឌឹ​ម គុណ​ឌី គឺ​មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វី​នោះ​ទេ គឺ​ពួកគេ​ទាំង ២​នាក់ គ្រាន់តែ​ធ្វើ​ការងារ ទៅ​តាម​អនុសាសន៍ របស់ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជំរុញ​ឱ្យ​យុវជន​ចូលរួម​ក្នុង​កិច្ច​ការពារ​បរិស្ថាន និង​ធនធានធម្មជាតិ​ប៉ុណ្ណោះ​។​

​បញ្ហា​នេះ​ដែរ អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) នៅមុន​តុលាការ​ខេត្ត​កោះកុង​ដោះ លែង​យុវជន​ទាំង ២​នាក់ បាន​ហៅ​សកម្មជន​ទាំង ២​រូប​ខាងលើនេះ ថា​ជា​អ្នកទោស​មនសិការ និង​ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត​កោះកុង ដោះលែង​អ្នក​ទាំង​ពីរ​ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ ព្រោះ​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​មួយ​នេះ រក​មិន​ឃើញ​ថា សកម្មភាព​របស់​អ្នក​ទាំង​ពីរ​គឺជា​ការប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​នោះឡើយ​។

​ចំណែក ម្ដាយ លោក ហ៊ុន វណ្ណៈ និង​លោក ឌឹ​ម គុណ​ឌី វិញ កន្លងមកនេះ ក៏​បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​បរិស្ថាន និង​ក្រសួង​រ៉ែ និង​ថាមពល ដើម្បី​ស្វះស្វែង​រក​អន្តរាគមន៍​ពី​ស្ថាប័ន​ជំនាញ​ទាំង​ពីរ​ក្នុង​សំណុំរឿង​នេះ​។ កាលនោះ អាណា​ព្យាបាល​យុវជន​ទាំង ២​នាក់ រំពឹងថា តុលាការ​ខេត្ត​កោះកុង នឹង​ផ្ដល់​ភាពយុត្តិធម៌​ដល់​កូនប្រុស របស់​ពួកគាត់ ហើយ​ដោះលែង​ពួកគេ​ទាំង ២​នាក់ ឱ្យ​មាន​សេរីភាព​វិញ​៕

Loading...