​ក្រុមបាល់ទាត់ U-23 របស់​វៀតណាម បាន​គ្រប់គ្រង​យកឈ្នះ​មេដាយប្រាក់ នៅក្នុង​ព្រឹត្តិការណ៍​ប្រកួត​ពាន់រង្វាន់ AFC Asian Cup បន្ទាប់ពី​ធ្វើការ​ប្រកួត​យ៉ាង​ស្វិតស្វាញ ឈានទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​លើកដំបូង ។ យ៉ាងណាមិញ ខណៈ​ពលរដ្ឋ​វៀតណាម កំពុង​អបអរសាទរ​ចំពោះ​ជ័យជំនះ​របស់​ក្រុមបាល់ទាត់​ខ្លួន​នោះ ស្រាប់តែ​បុគ្គលិក​​នៃ​ជើងយន្តហោះ​វិល​ត្រឡប់មក​ទឹកដី​កំណើត​សម្រាប់ពួកគេ នាំគ្នា​ធ្វើ​អ្វីៗ​គួរ​ឲ្យ​ភ្ញាក់ផ្អើល ។​

​ក្រុមហ៊ុន​អាកាសចរណ៍ VietJet Air ដឹក​ក្រុម​កីឡាករ​បាល់ទាត់​វៀត​ណា​ម ចេញពី​ក្រុង Changzhou ប្រទេស​ចិន ទៅកាន់​ទីក្រុង​ហាណូយ​, ទីកន្លែង​ដែល​ក្រុម​នោះ​ត្រូវបាន​ផ្តល់ជូន​ការសម្តែង​«​យ៉ាង​ពិសេស​» ។ ក្រុមហ៊ុន​អាកាសចរណ៍​នេះ បាន​អញ្ជើញ​តារា​ម៉ូ​ឌែ​ល​ស្អាតៗ​ជាច្រើន​ដួង ដើម្បី​សម្តែង​ក្នុង​ឈុត​ប៊ី​គី​នី នៅលើ​ជើង​យន្ត​របស់​ក្រុម​កីឡាករ​បាល់ទាត់​នោះ ក្នុង​បំណង​បង្ក​ការភ្ញាក់ផ្អើល​ដល់​ពួកគេ ។ យោងតាម​ក្រុមហ៊ុន ហេតុការណ៍​បង្ក​ជា​រឿងអាស្រូវ​នេះ ដែល​ពាក់ព័ន្ធ​នឹង​ការបង្ហាញ​សម្លៀកបំពាក់​ខោអាវ​ទ្រនាប់ គឺ​ដើម្បី «​កំដរ​អារម្មណ៍​» ដល់​អ្នកដំណើរ​ទាំងនោះ​ប៉ុណ្ណោះ ។​

​ភ្លាមៗ​នោះ វីដេអូ​ហេតុការណ៍​នេះ ក៏បាន​រីក​រាល​យ៉ាង​លឿន​នៅលើ​បណ្តាញ​សង្គម និង​ទទួល​ប្រតិកម្ម​ប្រឆាំង​ជាច្រើន ពី​សំណាក់​អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត ទៅនឹង​ក្រុមហ៊ុន​អាកាសចរណ៍​នេះ ។ ក្រោយ​ផ្ទុះ​ការរិះគន់​យ៉ាងខ្លាំង ក្រុមហ៊ុន​ក៏បាន​ចេញ​សុំទោស ដោយ​អះអាងថា វា​មិនមាន​ជា​គ្រោងការ​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​ទេ ។

​អគ្គនាយក​ក្រុមហ៊ុន​អាកាសចរណ៍ VietJet Air លោក Nguyễn Thị Phương Thảo បាន​និយាយថា បណ្តា​មេដឹកនាំ​ក្រុមហ៊ុន​បានដឹង​ពី​រៀន​របស់​ពួកគេ ហើយ​បុគ្គលិក​ដែល​ពាក់ព័ន្ធ​នៅក្នុង​ហេតុការណ៍​នេះ​នឹងត្រូវ​បានដាក់​ពិន័យ ។​

​គួរ​បញ្ជាក់ថា Vietjet ត្រូវបាន​គេ​ដឹងថា តែងតែ​បង្កើត​យុទ្ធនាការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ដោយ​ផ្តោត​សំខាន់​ជាមួយ​តារា​ម៉ូ​ឌែ​ល​ប៊ី​គី​នី​លំដាប់​កំពូលៗ ។ ពួកគេ​ថែមទាំង​បានចេញ​ផ្សាយ​នូវ​ប្រតិទិន​សម្រាប់​ឆ្នាំ​២០១៨ ជាមួយ​ស្រី​ស្រស់ស្អាតៗ​ថត​សម្តែង​នៅ​ខាងក្រៅ និង​ក្នុង​យន្ត​របស់​ពួកគេ​តែម្តង ៕​

Loading...