ភ្នំពេញ —ការ​ប្រកួត​ប្រជែង​ថ្នាក់​ជាតិ​មួយ​តាម​រយៈ​ការ​ធ្វើ ​Robot​ ឬរូបយន្តក្នុង​ទឹក​ ដោយ​សិស្ស​វិទ្យាល័យ​កម្ពុជា នឹង​ប្រារព្ធ​ឡើង​ជា​លើក​ដំបូងនា​ដើម​ខែ​មីនា​នេះ។​

ការ​ប្រកួត​ robot​ ឬ​រូបយន្តថ្នាក់​ជាតិ​នេះ​គឺជា​ផ្នែក​មួយ​នៃ​មហោ​ស្រព​លើក​ទី​បួន​នៅ​កម្ពុជា​ស្តី​ពី​វិទ្យាសាស្ត្រ​ និង​វិស្វកម្ម​ ដែល​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១ ​ដល់​ថ្ងៃ​ទី​៣​ ខែ​មីនា​ នា​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក។​

សិស្សា​នុសិស្ស​ ដែល​ចូល​រួម​ប្រកួត​ ​មក​ពី​វិទ្យាល័យ​រដ្ឋ​ និង​ឯកជន​ ហើយ​ក្រុម​នីមួយៗ​មាន​សមាជិក​៣​នាក់។​

ថ្វី​បើ​ការ​ប្រកួត​នេះ​តម្រូវ​ឲ្យ​មាន​ការ​ធ្វើ​ robot​ ឬ​រូបយន្ត ដែល​ដំណើរ​ការ​ក្នុង​ទឹក​ ដែល​អាច​ជំរុញ​ឲ្យ​សិស្សា​នុសិស្ស​មាន​គំនិត​ច្នៃ​ប្រឌិត​ខាង​បច្ចេក​វិទ្យា​ក៏​ដោយ ​ក៏​គោល​បំណង​សំខាន់​បំផុត​នៃ​ការ​ប្រកួត​នេះ​គឺផ្តោត​លើការ​ធ្វើ​ការ​ងារ​ជា​ក្រុម​ដើម្បី​ដោះ​ស្រាយ​បញ្ហា។ ​នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពីលោក​ តាន់​ អេលែន​ (Allen Tan)​ ​ជា​នាយក​គ្រប់គ្រង​អង្គការ​ស្ទែម​កម្ពុជា​ ដែល​ជា​អង្គការរៀប​ចំ​មហោ​ស្រព​វិទ្យាសាស្ត្រ​និង​វិស្វកម្ម​នៅ​កម្ពុជា។​

សិស្ស​ដែល​ចូលរួម​ប្រកួត​រ៉ូបូត​ក្នុង​ទឹក​ ធ្វើ​ការ​តេស្ត​សាកល្បង​រ៉ូបូត​ខ្លួន​ក្នុង​អាង​ហែល​ទឹក​ នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ កាល​ពី​ខែ​មករា​ ឆ្នាំ​២០១៨​។ (រូប​ពី​ STEM Cambodia)

លោក​ តាន់​ អេលែន​ បាន​ឲ្យដឹងថា ​៖​

«គោល​បំណង​នៃ​ការ​ប្រកួត​នេះ​គឺ​មិន​មែន​បង្រៀន​ផ្នែក​បច្ចេក​ទេស​នោះ​ទេ​ តែ​វា​ជា​ការ​បង្រៀន​អំពី​ការ​ធ្វើ​ការងារ​ជា​ក្រុម​ និង​ការ​ប្រើប្រាស់​សមត្ថភាព​ដោះ​ស្រាយ​បញ្ហា​ ដោយ​ប្រើប្រាស់​មុខ​វិជ្ជា​ស្ទែម»។​

អង្គការ​ស្ទែម​កម្ពុជា​បាន​ឧបត្ថម្ភ​ឧបករណ៍​សម្រាប់​ធ្វើ​ robot​ ឬ​រូបយន្ត ដល់សិស្ស​វិទ្យាល័យ​រដ្ឋ​ចំនួន​១៥​ និង​បណ្តុះ​បណ្តាល​ពី​របៀប​ធ្វើ​ robot​ ឬ​រូបយន្ត តាម​រយៈ​គ្រូ​និង​អ្នក​ណែនាំ​ (mentors) ​មក​ពី​មហា​វិទ្យាល័យ​ មុន​នឹង​ធ្វើ​ការ​ប្រកួត​នៅ​ឯ​មហោ​ស្រព​វិទ្យាសាស្ត្រ​នោះ។​

ការ​ប្រកួត​ប្រជែង​នេះ​គឺពឹង​ផ្អែក​លើ​មូលដ្ឋាន​នៃ​ការ​ប្រកួត​មួយ​នៅ​សហ​រដ្ឋ​អាមេរិក​ដែល​មាន​ឈ្មោះ​ថា​ Marine Advanced Technology Education (​MATE) Remotely Operated Vehicles (ROV) Competition ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា ការ​ប្រកួត​ធ្វើ​ឧបករណ៍​បញ្ជា​ពី​ចង្ងាយ​ដោយ​ប្រើប្រាស់​ការ​អប់រំ​បច្ចេក​វិទ្យា​ជាន់​ខ្ពស់​ដើម្បី​សិក្សា​ពីសមុទ្រ។​

សិស្ស​ដែល​ចូលរួម​ប្រកួត​រ៉ូបូត​ក្នុង​ទឹក​ ធ្វើ​ការ​តេស្ត​សាកល្បង​រ៉ូបូត​ខ្លួន​ក្នុង​អាង​ហែល​ទឹក​ នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ កាល​ពី​ខែ​មករា​ ឆ្នាំ​២០១៨​។ (រូប​ពី​ STEM Cambodia)

លោក​ អាំង លី​ ដែល​ជា​អ្នក​ស្ម័គ្រចិត្ត​នៃ​អង្គការ​ស្ទែម​កម្ពុជា​ និង​ជា​អ្នក​ណែនាំ​ (mentor) ​ឲ្យ​ក្រុម​សិស្ស​មក​ពី​វិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​ការ​ប្រកួត​កូន​សិស្ស​នឹង​ទទួល​បាន​ scenario ​(បញ្ហា)​មួយ​ ដែល​ពួកគេ​ត្រូវ​ធ្វើ​ការ​រួម​គ្នា​ដោះ​ស្រាយ។​

លោក​ អាំង លី​បាន​លើក​ឧទាហរណ៍​ថា៖​

«ឧទារហរណ៍​ថា​ មាន​ aircraft​ (យន្តយោះ) ​មួយ​ធ្លាក់​នៅ​តំបន់​ឈូង​សមុទ្រ​មួយ។ ​តើ​វា​នៅ​ប្រវែង​ណា​ ជម្រៅ​ប៉ុន្មាន​ ហើយ​ឲ្យ​កូន​សិស្ស​គណនា​ទីតាំង​ដែល​ធ្លាក់​ហ្នឹង​ ហើយ​បាន​យក​ robot​ (ឬ​រូបយន្ត) ​ខ្លួន​ឯង​ហ្នឹង ​ទៅ​ចុះ​ក្នុង​ទឹក​ដើម្បី​រក​ ក៏​ប៉ុន្តែ​ robot​ (ឬ​រូបយន្ត) របស់​កូន​សិស្ស​ហ្នឹង​មិន​មែន​ខ្លាំង​រហូត​ទៅ​ចុះ​យក​ឥវ៉ាន់​អី​បាន​ទេ​ គ្រាន់​តែជា​ basic robot​ (ឬ​រូបយន្ត)​មួយ»។​

ការ​ធ្វើ​ robot​ ឬ​រូបយន្តនេះ​គឺ​មាន​លក្ខណៈ​សាមញ្ញ​ ដោយ​ប្រើប្រាស់​ម៉ូទ័រ​ចំនួន​៣​ អាច​ធ្វើ​ចលនា​ឡើង​ចុះ​ ទៅ​មុខ​ ទៅ​ក្រោយ​ និង​បត់​ឆ្វេង​ បត់​ស្តាំ​បាន។​

អ្នក​ឈ្នះ​ការ​ប្រកួត​លើក​នេះ​នឹង​អាច​ត្រូវ​បាន​បញ្ជូនទៅ​ប្រកួត​បន្ត​នៅ​សហ​រដ្ឋ​អាមេរិក​ ឬ​ប្រកួត​ក្នុង​កម្រិត​តំបន់​បន្ថែម​ទៀត ​អាស្រ័យ​លើ​មូលនិធិ​ ដែល​រៃ​អង្គាស​បាន​នា​ពេល​បន្ទាប់។​

សិស្ស​ដែល​ចូលរួម​ប្រកួត​រ៉ូបូត​ក្នុង​ទឹក​ ធ្វើ​ការ​តេស្ត​សាកល្បង​រ៉ូបូត​ខ្លួន​ក្នុង​អាង​ហែល​ទឹក​ នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ កាល​ពី​ខែ​មករា​ ឆ្នាំ​២០១៨​។ (រូប​ពី​ STEM Cambodia)

ចាប់​តាំងពី​រដ្ឋាភិបាលកម្ពុជា​ចាប់ផ្តើមជំរុញ​គោល​នយោបាយ​អប់រំ​លើ​មុខ​ជំនាញ​ STEM ​និង​បង្កើត​ឲ្យមាន​មហោ​ស្រពជាតិស្តីអំពី​វិទ្យា​សាស្ត្រ​ និង​វិស្វកម្ម​ដំបូង​បំផុត​នៅ​ឆ្នាំ​២០១៥​មកដល់​ឆ្នាំ២០១៨​នេះ​ អ្នកជំនាញ​លើ​វិស័យ​ STEM ​មើល​ឃើញ​ថា វា​គឺ​ជា​ពេល​វេលា​ដែល​កម្ពុជា​ត្រូវបង្កើន​បន្ថែម​នូវប្រសិទ្ធភាព​ធនធាន​មនុស្សចេញ​ជំនាញ​ STEM ​ប្រកប​ដោយ​វិជ្ជាជីវៈដើម្បី​បំពេញ​ទីផ្សារ​ការងារ។​

លោក ​តាន់ អេលែន​ បាន​និយាយ​ថា៖​

«យើង​បាន​ឃើញ​ការ​ផ្លាស់​ប្តូរ​ជា​ច្រើន​ ក្នុង​រយៈពេល​៤​ឆ្នាំ​ចុង​ក្រោយ​នេះ ​ក្នុង​ទិស​ដៅ​ត្រឹម​ត្រូវ​មួយ។ ​យើង​គិត​ថា​ យើង​បាន​សម្រេច​ការ​លើក​កម្ពស់​ការ​យល់​ដឹង​កម្រិត​ថ្នាក់​ជាតិ​ ហើយ​ជំហាន​បន្ទាប់​គឺ​ការ​អនុវត្ត។ ​យើង​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ យើង​ត្រូវ​ប្រែ​ការ​យល់​ដឹង​អំពី​ស្ទែម​ ហើយ​ឲ្យ​មាន​សន្ទុះ​សិស្ស​រៀន​ចប់​ជំនាញ​នេះ​ ទាំង​នៅ​ថ្នាក់​បរិញ្ញា​ប័ត្រ​ និង​វគ្គ​ជំនាញ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ បន្ទាប់​មក​ចូល​ទៅ​ក្នុង​វិស័យ​ការងារ»។​

ក្រៅ​ពីការ​ប្រកួត​ធ្វើ ​robot​ ឬ​រូបយន្តក្នុង​ទឹក​ និងពិព័រណ៍​នានា​ទាក់ទង​នឹង​ជំនាញ​ស្ទែម​ មហោស្រព​នេះ​ក៏​ធ្វើ​ការ​សម្ពោធ​យុទ្ធនាការ​ «ស្ទែម​ដើម្បី​អនាគត​ខ្ញុំ» ​អម​ដោយ​បទ​ចម្រៀង​និពន្ធ​ផ្ទាល់ ការ​ប្រគុំ​តន្ត្រី​ និង​សហការ​រួម​ជាមួយ​ YSEALI ស្តីពី​សិក្ខាសិលា​ថ្នាក់​តំបន់​អាស៊ាន​ ទាក់​ទង​នឹង​ស្ទែម​ផង​ដែរ៕ ប្រភព៖ VOA