ភ្នំពេញ ​៖​ ក្នុង​ឆ្នាំ​២០១៧ ប្រាក់​ចំណូល​លក់​ជ័រកៅស៊ូ លើ​ទំហំ​ផ្ទៃ​ដី​ដាំ​សរុប​ជាង ៤៣​ម៉ឺន​ហិកតា បាន​រហូតដល់​ជិត​៣០០ ​លាន​ដុល្លារ ដែល​ចំណូល​នេះ ពិតជា​បាន​រួមចំណែក​យ៉ាង​ធំធេង ក្នុងការ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​ក្នុង​រង្វង់​៧​ភាគរយ​។​

​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០១៨ របស់ អគ្គនាយកដ្ឋាន​កៅស៊ូ​ស្ថិត​នា​ព្រឹក​ថ្ងៃ​ពុធ ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នៅ​អគ្គនាយកដ្ឋាន​កៅស៊ូ លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ថ្លែងថា គោលបំណង​សំខាន់​នៃ​កិច្ចប្រជុំ​គឺ​ដើម្បី​ពិនិត្យ​លទ្ធផល​ការងារ​ដែល​សម្រេចបាន​ក្នុង​ការអនុវត្ត​ចង្កោម​សកម្មភាព​ពាក់ព័ន្ធ ប្រមូល​យក​រាល់​បញ្ហា​ប្រឈម​ផ្សេងៗ និង​ធាតុ​ចូល​បន្ថែម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ដើម្បី​លើក​ជា​ដំណោះស្រាយ​កំណត់​ទិសដៅ​និង​វិធានការ​អនុវត្ត​ក្នុង​ឆ្នាំ​បន្ទាប់​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព បន្ត​រួម​ចំណែក​សម្រេច​ឲ្យបាន​នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៤-២០១៨ ក៏​ដូចជា​ផែនការ​យុទ្ធសាស្ត្រ អភិវឌ្ឍន៍​វិស័យ​កសិកម្ម​២០១៤-២០១៨​។

​លោក ប៉ុល សុខា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ​បានឲ្យដឹងថា ផ្ទៃ​ដី​ដាំ​សរុប​ជាង ៤៣​ម៉ឺន​ហិកតា ក្នុង​នោះ​ប្រហែល ៦៤%​ជា​ដី​កៅស៊ូ​កសិឧស្សាហកម្ម ផ្ទៃ​ដី​កៅស៊ូ​ចៀរ​ជ័រ ១៧​ម៉ឺន​ហិកតា​។ មាន​រោង​សិប្បកម្ម​កែច្នៃ​ចំនួន ១៣៩ ផលិត​កៅស៊ូ​ស្ងួត​បាន​ជាង​១៩ ម៉ឺន​តោន​។ ក្នុង​ឆ្នាំ​២០១៧ ប្រាក់​ចំណូល​លក់​ជ័រ​បាន​រហូតដល់​ជិត​៣០០​លាន​ដុល្លារ ដែល​ចំណូល​នេះ​ពិតជា​បាន​រួមចំណែក​យ៉ាង​ធំធេង​ក្នុង​ការ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​ក្នុង​រង្វង់​៧%​។ ក្រសួង​ក៏​បាន​យកចិត្តទុកដាក់​ទៅលើ​ការអភិវឌ្ឍ​ឧស្សាហកម្ម​កៅស៊ូ​ធម្មជាតិ កន្លងមក​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជារឿយៗ​តែងតែ​បាន​រំលឹក​អំពី​ការរីកចម្រើន​និង​សក្ដានុពល​នៃ​ឧស្សាហកម្ម​កៅស៊ូ​ធម្មជាតិ​នៅ​កម្ពុជា​ផង​ដែរ​។

​លោក អគ្គនាយក បានបញ្ជាក់​ថា កៅស៊ូ​ធម្មជាតិ​គឺជា​ដំណាំ​យុទ្ធសាស្ត្រ​ដែល​ផ្តល់​ពហុ​ប្រយោជន៍​ជាច្រើន​ដល់​អ្នក​ដាំ ដល់​សេដ្ឋកិច្ចជាតិ សង្គម​បរិស្ថាន និង​ចូលរួម​លើកកម្ពស់​ប្រាក់ចំណូល​សេដ្ឋកិច្ច និង​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ តាមរយៈ​ការបង្កើត​ការងារ មុខរបរ កាត់បន្ថយ​ចំណាកស្រុក ផ្តល់​ឈើ​សម្រាប់​ប្រើប្រាស់​ជា​គ្រឿង​សង្ហា​រឹម ជា​គម្រប​ព្រៃឈើ ចូលរួម​ថែរក្សា​លំនឹង​បរិស្ថាន និង​កាត់បន្ថយ​បម្រែបម្រួល​អាកាសធាតុ​។

​លោក​រដ្ឋមន្ត្រី​បាន​ធ្វើការ​ណែនាំ​បន្ថែម​មួយចំនួន​ឲ្យ​យក​ទៅ​គិតគូ​ពិចារណា​និង​អនុវត្តឲ្យ​ទទួលបាន​លទ្ធផល​ល្អៗ​ថែម​ទៀត​នា​ឆ្នាំ​២០១៨៖​ទី​១-​ត្រូវ​ធ្វើ​បច្ចុប្បន្នភាព​ផែនការ យុទ្ធសាស្ត្រ​សម្រាប់​អភិវឌ្ឍ​កៅស៊ូ​ឱ្យបាន​សមស្រប​។ ដូច្នេះ​ចាំបាច់​ត្រូវ​ប្រមូល​ធាតុ​ចូល​ឱ្យ​គ្រប់គ្រាន់ អគ្គនាយកដ្ឋាន​កៅស៊ូ​ត្រូវ​ចុះ​ពិនិត្យ​និង​ណែនាំ​ទៅ​ដល់​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច ឲ្យ​រៀបចំ​របាយការណ៍​ស្តី​ពី​វឌ្ឍនភាព​នៃ​ការគ្រប់គ្រង និង​ការអនុវត្ត​ប្រចាំខែ ប្រចាំឆ្នាំ រួម​នឹង​គម្រោង​ផែន​ការដាំដុះ និង​ផែនការអាជីវកម្ម​ប្រចាំឆ្នាំ រួច​ផ្ញើ​មក​អគ្គនាយកដ្ឋាន​កៅស៊ូ​។

អគ្គនាយកដ្ឋាន​កៅស៊ូ​ត្រូវ​សហការ​ជាមួយ ELCs លើ​ការងារ​បច្ចេកទេស​ដាំ​ដុះ ការថែទាំ ការ​យក​ផល ការកែច្នៃ រួម​ទាំង​ការនាំចេញ​ផងដែរ​ឱ្យបាន​សមស្រប​តាម​លក្ខ​ខណ្ឌ​បច្ចេកទេស​និង​នីតិវិធី​ជា​ធរមាន​។​ ទី​២-​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ទីផ្សារ​នាំចេញ​ផលិតផល​កៅស៊ូ​ដោយ​ត្រូវ​គិតគូរ​ជា​ចម្បង​ទៅលើ​៖ ទីផ្សារ ជំរុញ​ការធ្វើ​ពិពិធ​កម្ម​ផលិតផល​កៅស៊ូ​កែច្នៃ​បឋម ជា​ប្រភេទ​ផលិតផល​ជ័រកៅស៊ូ​ខាប់​និង​កៅស៊ូ​ចំរុះ សិក្សា​អំពី​តម្រូវការ​ធនធានមនុស្ស​បម្រើ​ក្នុង​វិស័យ​កៅស៊ូ ត្រូវ​ពិនិត្យ​ឡើងវិញ​អំពី​យន្តការ​គ្រប់គ្រង​មួយ​ឱ្យបាន​ច្បាស់លាស់​ចំពោះ​ចម្ការ​កៅស៊ូ​កសិឧស្សាហកម្ម​និង​ចម្ការកៅស៊ូ​គ្រួសារ រួមទាំង រោងចក្រ​និង​សិប្បកម្ម​កែច្នៃ​កៅស៊ូ​បឋម​។ ទី​៣-​ត្រូវ​សិក្សា​បន្ថែម​លើ​ការងារ​ស្រាវជ្រាវ​បច្ចេកទេស ការពង្រីក​ទីតាំង​ស្ថានីយ​និង​មន្ទីរពិសោធន៍ បង្កើន​សមត្ថភាព​ស្រាវជ្រាវ ផ្សព្វផ្សាយ បង្ហាញ​និង​ផ្ទេរ​បច្ចេកវិទ្យា​។ ទី​៤-​ត្រូវ​បន្ត​ជំរុញ​ចងក្រង និង​ពង្រឹង​សហគមន៍​កសិករ​កៅស៊ូ​គ្រួសារ​ដើម្បី​បង្កើត​កាលានុវត្តភាព​ក្នុង​ការការពារ​ផលប្រយោជន៍​របស់​កសិក​រទាំង​ការដាំដុះ ការ​យក​ផល ការកែច្នៃ និង​អំណាច​នៃ​ការចរចា​ថ្លៃ​ពេល​លក់​ផលិតផល​។ ទី​៥-​ត្រូវ​បន្ត​កៀរគរ​និង​ទាក់ទាញ​រក​ប្រភព​ហិរញ្ញប្បទាន ឬ​បច្ចេកវិទ្យា​ពី​ដៃគូ​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត ដើម្បី​អនុវត្ត​ឱ្យ​សម្រេច​បាន​តាម​គោលដៅ​នៃ​ផែនការ​យុទ្ធសាស្ត្រ សម្រាប់​ការអភិវឌ្ឍ​កៅស៊ូ​ឱ្យ​ទទួលបាន​ជោគជ័យ​។ ទី​៦-​សិក្សា​ស្រាវជ្រាវ​អំពី​លទ្ធភាព​ក្នុង​ការបង្កើន​ទិន្នផល ដើម្បី​ឆ្លើយតប​ទៅ​និង​សេចក្តីត្រូវការ​របស់​ប្រជាជន និង​កំណើន​សេដ្ឋកិច្ចជាតិ​។ ទី​៧-​ជំរុញ​សិប្បកម្ម​កែច្នៃ​ឲ្យ​កាន់តែជិត​សហគមន៍​កៅស៊ូ​គ្រួសារ​ដើម្បី​កាត់បន្ថយ​ថ្លៃដើម និង​បង្កើន​តម្លៃ​បន្ថែម​លើ​ផលិតផល​។ ទី​៨.​អគ្គនាយកដ្ឋាន និង​វិទ្យាស្ថាន​ស្រាវជ្រាវ​កៅស៊ូ​ត្រូវ​សហការ​គ្នា ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យបាន​ល្អ ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការអនុវត្ត​ភារកិច្ច​ឲ្យបាន​ទទួលជោគជ័យ​៕​