ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​ចាប់​ផ្តើម​ធ្វើ​ការ​សាកល្បង​ Explore Feed កាល​ពី​ខែ​តុលា ឆ្នាំ​មុន នៅ​ក្នុង​ប្រទេស​ចំនួន​៦ គឺ បូលីវី កម្ពុជា ក្វាតេម៉ាឡា ស៊ែរប៊ី ស្លូវ៉ាគី និង​ស្រីលង្កា ហើយ​ការ​ពិសោធន៍​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ភ្លាមៗ​ដល់​លទ្ធភាព​ចែកចាយ​ព័ត៌មាន​តាម​ហ្វេសប៊ុក​របស់​ក្រុមហ៊ុន​ព័ត៌មាន​ធន​តូច​និង​មធ្យម។



មហាក្រុមហ៊ុន​បណ្តាញ​សង្គម​ហ្វេសប៊ុក កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​សម្រេច​បញ្ឈប់​ការ​ពិសោធន៍​ Explore Feed ដែល​បែងចែក​ទំព័រ​ដើម Newsfeed ឲ្យទៅ​ជា​ពីរ ​នៅ​ប្រទេស​ចំនួន​៦ រួម​ទាំង​កម្ពុជា​ផង​ដែរ ក្រោយ​ពី​មាន​ប្រតិកម្ម​ពី​អ្នក​ប្រើប្រាស់ និង​ការ​រិះគន់​ពី​បណ្តាញ​ព័ត៌មាន​និង​សកម្មជន​សង្គម។ ​

​បណ្តាញ​សង្គម​ដ៏​ដំ​នេះ​បាន​សម្រេច​ចិត្ត​ទុកទំព័រ Newsfeed តែ​មួយ ​ដោយ​សារ​អ្នកប្រើប្រាស់​ហ្វេសប៊ុក បាន​ប្រាប់​ទៅ​ក្រុមហ៊ុន​នេះនៅ​ក្នុង​ការ​ស្ទង់​មតិ​មួយ​ថា ពួក​គេ​មិន​ចូល​ចិត្ត​ការ​ផ្លាស់​ប្តូរ​ទាំង​នេះ​ទេ។ នេះ​តាម​ការ​ថ្លែង​របស់​លោក Adam Mosseri ប្រធាន​ផ្នែក​ Newsfeed នៃ​ក្រុមហ៊ុន​ហ្វេសប៊ុក នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ ដែល​ត្រូវ​ដក​ស្រង់​ដោយ​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters។​

លោក Mosseri បញ្ជាក់​បន្ថែម​ថា៖ «នៅ​ក្នុង​ការ​ស្ទង់​មតិ​នានា អ្នកប្រើប្រាស់​ប្រាប់​យើង​ថា ពួក​គេលែង​មាន​ការ​ពេញ​ចិត្ត​នឹង​ post (ព័ត៌មាន) ដែល​គេ​ទទួល​បាន​ ហើយ​ការណ៍​ដែល​មាន​ទំព័រ feed ពីរ​ដាច់​គ្នា​តាម​ពិត​ទៅ​មិន​បាន​ជួយ​ឲ្យ​ពួក​គេ​ទាក់ទង​បាន​ល្អ​ជាង​មុន​ជាមួយ​មិត្ត​ភក្តិ​និង​ក្រុម​គ្រួសារ​ទេ។»

ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​ចាប់​ផ្តើម​ធ្វើ​ការ​សាកល្បង​ Explore Feed កាល​ពី​ខែ​តុលា ឆ្នាំ​មុន នៅ​ក្នុង​ប្រទេស​ចំនួន​៦ គឺ បូលីវី កម្ពុជា ក្វាតេម៉ាឡា ស៊ែរប៊ី ស្លូវ៉ាគី និង​ស្រីលង្កា ហើយ​ការ​ពិសោធន៍​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ភ្លាមៗ​ដល់​លទ្ធភាព​ចែកចាយ​ព័ត៌មាន​តាម​ហ្វេសប៊ុក​របស់​ក្រុមហ៊ុន​ព័ត៌មាន​ធន​តូច​និង​មធ្យម។

​នៅ​ប្រទេស​កម្ពុជា​ ការ​សាកល្បង​របស់​ហ្វេសប៊ុក​នេះ បាន​កើត​ឡើង​មិន​យូរ​ប៉ុន្មាន​ក្រោយ​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅ​លើ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​បណ្តាញ​ព័ត៌មាន​ឯករាជ្យ ហើយ​ត្រូវ​គេ​រិះគន់​ថា​ បាន​ប៉ះពាល់​ដល់​ការ​ផ្តល់​ព័ត៌មាន​ឯករាជ្យ​តាម​បណ្តាញ​សង្គម ដែល​ជា​កន្លែង​ចុង​ក្រោយ​មួយ​សម្រាប់​ការ​លទ្ធភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ៕ ប្រភព៖ VOA