សត្វព្រៃ​នៅក្នុង​តំបន់​អភិរក្ស​ក្នុង​ទ្វីបអាហ្រិក ត្រូវ​នាំ​ចេញ​យ៉ាងគំហុស​ទៅ​កាន់​ទ្វីប​អាស៊ី នារយៈពេល​ប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ។ ​ សត្វព្រៃទាំង​​​នោះ មាន​អណ្តើក ពស់ថ្លាន់ ​សត្វ​សេក និងក្រពើ។ នេះបើ​តាម​របាយការណ៍​សិក្សា​មួយ របស់​ក្រុម​អង្គការ​ការពារ​សត្វ​ព្រៃ ចេញផ្សាយ​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ។

នៅក្នុង​​របាយការណ៍ អង្គការការពារសត្វព្រៃ (ONG Trafic) បាន​ប្រាប់​ឲ្យដឹងថា ចាប់​តាំងពី​​ឆ្នាំ​​២០០៦មក សត្វ​ព្រៃប្រមាណ​​១លាន​៣សែន​ក្បាល ស្បែក​សត្វ​១លាន​៥សែន និង​សាច់​សត្វ​ព្រៃ២ពាន់តោន ត្រូវ​នាំចេញ​ពី​ទ្វីបអាហ្វ្រិក ទៅកាន់​ទ្វីប​អាស៊ី គឺពិសេស​ទៅកាន់​អាស៊ី​បូព៌ា និង​អាស៊ីអគ្នេយ៍។​

អ្នក​ស្រាវជ្រាវ​រឿងនេះ​ ពន្យល់ទៀត​ថា​ ​កំណើន​នៃការ​នាំចេញសត្វព្រៃ​ពីអាហ្រ្វិក​​នេះ គឺ​ដោយសារមាន​តម្រូវការបញ្ជាទិញរបស់ក្រុមហ៊ុនកែច្នៃ​ផលិតផលពីស្បែកសត្វ និង​ក្រុមហ៊ុនខាង​ចំណីអាហារ ហើយក៏មានដែរ ការបញ្ជាទិញសត្វព្រៃ​ដើម្បីយកទៅចិញ្ចឹម។ សព្វ​ព្រៃពេញ​និយម​នាំចេញ​ទាំង​នោះ មាន​ដូច​ជា​ពស់ថ្លាន់ សេក​ អណ្តើក​ ក្រពើ ភេសមុទ្រ ជា​ដើម។

ចំពោះ​សត្វ​ពស់​ថ្លាន់​​និង​អណ្តើក គឺ​មាន​ការ​និយម​ទិញ​យកទៅ​ចិញ្ចឹមនៅ​អាស៊ី​ ពិសេស​​នៅ​ហុងកុង ព្រោះ​ថា​ សត្វ​ទាំងនេះ​​​ ឆាប់​ស៊ាំ​នឹង​បរិស្ថាន​ក្នុង​ស្រុក ​ហើយ​និង​​មិន​សូវ​ត្រូវការទី​​ជម្រក​ធំនោះទេ​។ បើ​សរុប​ចំនួន ​​អណ្តើកនិងពស់ថ្លាន់ ដែលបានត្រូវ​​នាំចេញពី​អាហ្វ្រិក គឺមាន​ជិត​៩ពាន់ក្បាល ​នៅ​ឆ្នាំ​២០០៦ តែចំនួននេះ ​វា​បាន​កើន​ឡើង​រហូត​ដល់ទៅ ៨ម៉ឺន​ក្បាល ឆ្នាំ​២០១៥។

ចំណែកសត្វ​សេក​ពណ៌ប្រផេះ​ត្រូវ​នាំ​ចេញពី​ប្រទេស​ហ្គា​ប៉ុង ប្រមាណ​១០ម៉ឺន​ក្បាល​ ទៅកាន់​អតិថិជន​នៅ​អាស៊ី​។ ​ហ្គាប៉ុក ត្រូវគេ​ដាក់បញ្ចូល​ក្នុង​តំបន់​រង​ហានិភ័យ​ ដែល​ធ្វើ​ជំនួញ​សត្វ​សេក​ខុស​ច្បាប់។

ក្រៅ​ពី​ទិញលក់​សត្វព្រៃ​​រស់ ស្បែក​សត្វ​ក៏​រឹត​តែពេញ​និយម​ណាស់ដែរ គឺ​ពិសេស​ស្បែក​ភេសមុទ្រដែល​ប្រមាញ់​ចេញពី​ប្រទេស ណាមីប៊ី យក​ទៅលក់​នៅ​ស្រុក​ចិន និង​ហុងកុង​។ ស្បែក​សត្វ​ត្រូវ​គេ​ប៉ាន់​ប្រមាណ​ថា នាំចេញពី​អាហ្វ្រិក ចំនួន​ជិត​២ពាន់​​ស្បែក នៅ​ឆ្នាំ​២០០៧ តែ​ចំនួន​នេះ បាន​កើនឡើង​ ​ដល់​ជាង​​២ម៉ឺន​ស្បែក នៅ​ឆ្នាំ​២០១២។ រីឯ​ចរាចរ​ណ៍​ស្បែក​ក្រពើវិញ​ ក៏ត្រូវ​គេ​កត់​សម្គាល់​ថា ​មាន​ការ​កើត​ឡើង​ខ្លាំងដែរ​​ សម្រាប់​​នាំ​ចេញទៅកាន់​ប្រទេស​ ជប៉ុន និង​សីង្ហបុរី៕​ ប្រភព៖ RFI