ភ្នំពេញ —ក្នុង​ថ្ងៃ​ទិវា​សិទ្ធិនារី​អន្តរជាតិ​ ៨មីនា​ ឆ្នាំ​ ២០១៨​នេះ​ ​មានការ​ផ្ទុះ​អំពើ​ហិង្សា​មួយ​បាន​កើត​ឡើងនៅ​ក្នុង​ខេត្តក្រចេះ​ ដែល​បង្កឲ្យ​មានការ​អះអាង​ពីចំនួន​មនុស្សស្លាប់​និងរបួស​ផ្ទុយគ្នា​ដ៏ចម្រូង​ចម្រាស។ ​ក្រុម​ប្រជា​ពល​រដ្ឋ​ និងមន្ត្រី​សិទ្ធិមនុស្ស​បាន​អះអាង​ថា​ មាន​អ្នកស្លាប់​ដោយ​គ្រាប់​កាំភ្លើង​ ចំនួន​ ៦នាក់​ និង​របួស​ជាច្រើននាក់​ផ្សេងទៀត។​ ប៉ុន្តែអភិបាល​ខេត្តក្រចេះ ​បានបដិសេធ​ភ្លាមៗថា​ គ្មានអ្នក​ស្លាប់​ក្នុង​ហេតុការណ៍​ផ្ទុះអាវុធ​នេះទេ។ ​អាជ្ញាធរ​ក៏បាន​ចាប់ខ្លួនអ្នកតវ៉ា​ជា​ច្រើន​នាក់ បន្ទាប់​ពីការ​តវ៉ា​ក្នុង​ទំនាស់​ដីធ្លី​រវាង​ប្រជាពល​រដ្ឋ​ និង​ក្រុមហ៊ុន​ចំការ​កៅស៊ូ​មួយ។ ​



​យ៉ាង​ហោច​ណាស់មាន​ពល​រដ្ឋ​ចំនួន៦នាក់ ត្រូវគេ​រាយការណ៍​មកថា បាន​ស្លាប់​ ​១៥នាក់​រង​របួស​ ហើយនឹង​ច្រើន​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ចាប់​ខ្លួនក្រោយ​កងកម្លាំង​ប្រដាប់​អាវុធ​បើក​ការ​បាញ់​ប្រហារ​ ​លើ​ក្រុម​អ្នក​តវ៉ាក្នុង​ជម្លោះ​ដីធ្លី​មួយ​ក្នុង​ខេត្ត​ក្រចេះ​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ។​ ​នេះ​បើ​យោងតាម​ការ​បញ្ជាក់​ពី​មន្ត្រី​សិទ្ធិ​មនុស្ស​ ​និង​ប្រជាពល​រដ្ឋ​ដែល​ស្ថិត​ក្នុងហេតុ​ការណ៍​នោះ។​

ការតវ៉ា​រឿងដីធ្លី​នាំដល់​ការ​ផ្ទុះអាវុធ​នេះ​ ​បាន​កើតឡើង​នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍​ ទី​ ៨​ ខែ មីនា​ ឆ្នាំ​ ២០១៨​ ​ក្រោយ​ពី​ក្រុម​ប្រជាពលរដ្ឋ បើក​ការតវ៉ា​ ​នៅ​ក្នុង​តំបន់​ក្រុម​ហ៊ុន ​ដាំដើម​កៅ​ស៊ូមួយ​ ​ក្បែរ​ផ្លូវ​ជាតិ​លេខ​ ៧៦ A​ ​នៅ​ក្នុង​ ​ស្រុក​ស្នួល​ ​ខេត្ត​ក្រចេះ។

តាម​ការ​ឱ្យ​ដឹង​ពី​សាក្សី​ផ្ទាល់​ភ្នែក​ឱ្យ​ដឹង​ថា​ ក្រុម​ទាហាន​ប្រដាប់​ដោយ​អាវុធ​វែង​ ​ក្នុង​ចំណោម​អាជ្ញាធរ​មាន​សមត្ថកិច្ច​ប្រមាណ​ជា​ ​១៥០​នាក់ ​បាន​បើក​ការ​បាញ់​ប្រហារ​ដើម្បី​បំបែក​ហ្វូង​បាតុករ​ទាំង​នោះ។​

លោក​ ​ប៊ី វន្នី​ ​មន្ត្រីសិទ្ធិ​មនុស្ស​របស់​សមាគម​សិទ្ធិមនុស្ស​ប្រចាំ​ខេត្ត​ក្រចេះ​បាន​ប្រាប់​ ​VOA​ ​ក្រោយ​ការ​បាញ់​បំបែក​ហ្វូង​បាតុករ​ ​អំពី​ការ​ស្លាប់​របស់​អ្នកតវ៉ា​យ៉ាង​ដូច្នេះ៖​

«តាមការ​ផ្តល់​ព័ត៌មាន​ពីប្រជាពលរដ្ឋ​ចុងក្រោយ​យើង​នេះ​ ​មានន័យ​ថា​ ​ប្រជាពលរដ្ឋ​ដែលស្លាប់​ ៦​នាក់​ ហើយ​ ២នាក់​ ដែល​ស្លាប់​នៅកន្លែង។ ស្លាប់​នៅពេល​ដែលបញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ បួន​នាក់ទៀត​ណ៎ា!​ បួននាក់​ទៀត។​ ប្រ​ជាពលរដ្ឋ​រង​របួស​ ១៥​ នាក់​ ១៥នាក់​ណ៎ា!​ ហើយ​ចំពោះ​ប្រជាពលរដ្ឋ​ ហើយចំពោះ​ប្រជាពលរដ្ឋ​ដែលគេ​ចាប់​បញ្ជូនទៅ​ ច្រើន​នាក់​ដែរ​ ប៉ុន្តែ​យើង​មិនបានកំណត់​ចំនួន​ច្បាស់​លាស់​ទេ​។​ ប៉ុន្តែ​ច្រើន»។​

លោក​អះអាងថា​ បើ​តាមសម្តី​ពលរដ្ឋ​ ​បាន​ឲ្យដឹងថា​ ​ប្រជា​ពល​រដ្ឋ​ដែលត្រូវ​បាន​ចាប់​ខ្លួនមាន​ចំនួន​ជាង​ ​៥០នាក់។​ ​លោក​បាន​បញ្ជាក់​បន្តថា​ ​មាន​ប្រជា​ពលរដ្ឋ​ប្រមាណ​ជា​បួនរយ​នាក់​បាន​ចូលរួម​តវ៉ានឹង​អាជ្ញាធរ​មាន​សមត្ថកិច្ច។​

កា​រត​វ៉ា​របស់​ប្រជាពលរដ្ឋ​ ​ដែល​ឈានដល់​ការ​ប្រើប្រាស់​អាវុធ​នេះ​ ​បាន​កើត​ឡើង​មួយ​ថ្ងៃ​ ​ក្រោយ​អាជ្ញាធរ​មូលដ្ឋាន​ និង​ក្រុមប្រជា​ពលរដ្ឋ​ខែ្វង​គំនិត​គ្នា​ក្នុងការ​ វាស់​ព្រំប្រទល់​បែង​ចែកដី​ ដែល​ជាន់​គ្នា​នឹង​ដី​របស់ក្រុមហ៊ុន​ចំការ​កៅស៊ូ​មេមត់។​

យាងណា​ក៏​ដោយ​ ​លោក​ ​ស ចំរុង​ ​អភិបាល​ខេត្តក្រចេះ​ ​បាន​បដិសេធ​ភ្លាមៗ​ ចំពោះ​ព័ត៌មាន​ដែល​ថា​ មាន​ការ​បាញ់​ប្រហារ​បណ្តាល​ឲ្យ​ស្លាប់មនុស្ស​នៅ​ខេត្ត​ក្រចេះ​នា​រសៀលនេះ។​ ​លោក​ប្រាប់​ ​VOA ​ថា ករណី​ទំនាស់​ដីធ្លីនេះបាន​កើត​ឡើង​រវាង​ពលរដ្ឋជាង​២០០គ្រួសារ​ ​ជាមួយ​ក្រុមហ៊ុន​មួយ​ឈ្មោះ​មេមត់ រហូត​ដល់​មានការ​ចេញមុខ​ដោះស្រាយ​ពី​អាជ្ញាធរជាបន្តបន្ទាប់។​ ​លោកបន្ថែម​ថា​ ​ប្រជា​ពល​រដ្ឋ​ប្រមាណជា​១០​ខ្ទម​ ក្រៅ​ពី​ប្រជា​ពល​រដ្ឋ​ជាង​២០០​គ្រួសារ​នោះ​ ​បាន​មក​សាង​សង់​បន្ថែម​លើ​ដីនោះ​នា​ពេល​ថ្មីៗ​ ​ទើប​អាជ្ញាធរ​រុះរើរហូត​ឈាន​ដល់​មានការ​ឃាត់​ខ្លួន​ពលរដ្ឋថ្មី​ម្នាក់នោះ។​

លោក​ ​ស ចំរុង​ ​បន្ថែមថា​ ​ពលរដ្ឋ១០​គ្រួសារ​នោះ​បានតវ៉ា​បិទផ្លូវ និង​ព្រមាន​ដុតគ្រឿងចក្រ​ ទាមទារ​ឲ្យមាន​ការ​ដោះលែងអ្នកដែល​ត្រូវ​បាន​ចាប់ខ្លួន​នោះ ​ដោយ​មានទាំង​កាន់​អាវុធ​កែច្នៃ​បាញ់​មក​លើ​សមត្ថកិច្ច​ផង។​

អភិបាល​ខេត្តក្រចេះ​ ស ចំរុង​ ​បញ្ជាក់​ថា៖​

«សមត្ថកិច្ចកំពុង​ចរចា​ម៉ោង​ប្រហែលជា​២​ គាត់មាន​អាវុធកែច្នៃ ​គេហៅកាំភ្លើង​ខ្យល់​នោះ​ បាញ់​មក​លើ​សមត្ថកិច្ច​ហ្នឹង​របួស​ប្រហែល​ជា៦-៧​នាក់។​ គាត់មាន​ជំពាម​កៅស៊ូ​គ្រប់ដៃ ​មាន​ដុំថ្ម ​មាន​កាំបិត មាន​ខ្វែវគ្រប់ដៃ។​ អញ្ចឹង​សមត្ថកិច្ច​គេក៏​ផ្ទុះអាវុធ​ឡើងលើ​ ដើម្បី​បំបែក​ហ្វូង​ហ្នឹងចេញ។​ ហើយ​ឧប្បត្តិ​ហេតុ​ហ្នឹង​បណ្តាល​ឲ្យ​របួស​មនុស្ស​ពីរនាក់ ​មនុស្ស​ប្រុសម្នាក់ត្រូវ​កំភ្លៅ​ស្រាល​ទេ​ ហើយ​មនុស្ស​ស្រី​ម្នាក់​របួស​គូទ ​ហើយ​អាជ្ញាធរ​បាន​យក​គាត់​មកព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​មួយ​នៅ​មន្ទីរ​ពេទ្យ​ស្រុក។ រឿង​មាន​តែប៉ុណ្ណឹងទេ ​មក​ដល់​ម៉ោងហ្នឹង»។​

ក៏​ប៉ុន្តែ​ ​លោក​ស្រី​ ​ទិន ភ័ក្រ្ត​ ​ពលរដ្ឋម្នាក់​ដែល​ស្ថិត​ក្នុង​ហេតុការណ៍នោះ​ប្រាប់ ​VOA ​នា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះថា ​លោកស្រី​ និង​ប្រជាពលរដ្ឋ​ប្រមាណ​ជា​២០០​នាក់​ផ្សេងទៀត​ ត្រូវ​បាន​អាជ្ញាធរវាយ​បង្រ្កាប ​និង​បាញ់​ប្រហារ​ បន្ទាប់ពី​ក្រុម​ពលរដ្ឋ​បិទ​ផ្លូវ​ជាតិលេខ​ ៦​ A ​ក្នុង​ស្រុក​ស្នួល ​តវ៉ា​មិនឲ្យ​អាជ្ញាធរ​ដុត​ផ្ទះ​របស់​ពួក​គាត់។ លោកស្រី​បន្ថែមថា ​ការ​បាញ់​ប្រហារ​នោះ​ធ្វើឡើង​ដោយ​អាជ្ញាធរ ហើយ​បាន​បណ្តាល​ឲ្យ​មនុស្ស​២​នាក់​ស្លាប់ ​២នាក់​ទៀត​បាត់​ខ្លួន ​និង៤​នាក់ទៀត​រង​របួស​ធ្ងន់។

លោកស្រី​បញ្ជាក់ថា៖​

«បាត់​បួន​នាក់​ទៀត​ប៉ុន្តែ​រកមិនទាន់​ឃើញ​ ​សពហ្នឹង​ក៏​រកអត់​ទាន់​ឃើញ​ដែរ។​ ស្លាប់​ពីរ​នាក់​ ខ្ញុំឃើញ​ផ្ទាល់ភ្នែក​ ​ស្រីមួយ​ ប្រុស​មួយ​ ​ខ្ញុំ​បាន​ទាំង​ជួយ​លើក​សព​ហ្នឹងទៀត។​ ដល់​ពេល​រួចហើយ​ខ្ញុំ​ចូល​យក​សព​ហ្នឹង​កម្លាំង​សមត្ថកិច្ច​អត់ឲ្យយក​ ​ដល់ពេល​អត់ឲ្យយក​ វាយខ្ញុំ​រួចអីរួច​ ខ្ញុំក៏​ដើរចេញ​មក​ ដល់​ពេល​ពួក​ខ្ញុំដើរ​ទៅ​យក​សព​ហ្នឹង​វិញ​ ​បាត់​សព​ហ្នឹងបាត់»។

តាម​ការ​បញ្ជាក់​បន្ថែម​របស់​ប្រជាពល​រដ្ឋ​ជាច្រើននាក់​ផ្សេងទៀត​បាន​ឲ្យដឹងថា​ នៅ​មុន​ពេល​មានការ​បាញ់​ប្រហារ​ពីសំណាក់ក្រុម​ទាហាន​មក​លើ​ អ្នកតវ៉ា​នេះ​ គឺ​ក្រុមអាជ្ញាធរ​មានសមត្ថកិច្ច​ បាន​ចូលទៅ​រុះរើ​ និង​ដុតផ្ទះប្រជាពលរដ្ឋ​ជាច្រើនខ្នង​តាំង​ពីព្រឹក​ព្រលឹម​ រហូត​ដល់​រសៀលថ្ងៃ​ព្រហស្បតិ៍។​

ពលរដ្ឋម្នាក់​ឈ្មោះ​ សុខ ម៉ន​ បាន​និយាយថា៖

«​គេៗ​ ដុត​តើបង​ គេ​យក​អាត្រាក់​មក​ទាញ​ដុត​ហ្មង​ ក្មេង​អាយុ​ ១៣​ ១៤​ឆ្នាំ​អី​ វាយគ្នា​ទះគ្នា​អីចឹង​»។

លោក​ ​ប៊ី វន្នី​ ​មន្ត្រី​សិទ្ធិ​មនុស្ស​របស់​សមាគម​ការ​ពារ​សិទ្ធិមនុស្ស​អាដហុក​ ​ប្រចាំ​ខេត្ត​ក្រចេះ​ បាន​បញ្ជាក់​ថា​ ​ក្រុមទាហាន​មិន​គួរ​ប្រើ​អាវុធ​ដើម្បី​បំបែក​ហ្វូង​អ្នកតវ៉ា​ ដែល​ធ្វើការ​តវ៉ា​ដោយ​សន្តិវិធី​ ​ទោះបី​ពួក​គេ​មានកាន់​ដំបង​ និង​កាំបិត​ក៏​ដោយ។​ លោក​ថា​ ការឆ្លើយ​តប​យ៉ាង​ហិង្សា​របស់​ទាហាន​ ​មិន​សមា​មាត្រ​នឹង​ក្រុម​អ្នកត៉វា​នោះទេ​ ដែល​ទាម​ទារ​ឲ្យការ​បើក​កិច្ច​ស៊ើប​អង្កេត។​ ​ប៉ុន្តែ​លោក​ សរ​ ចំរុង​ អះ​អាង​កា​រ​ផ្តល់​ព័ត៌មាន​របស់​អ្នកការពារ​សិទ្ធិមនុស្ស​ និង​ប្រជាពលរដ្ឋ​មិន​អាច​យក​ជាការ​បាន​ទេ ប៉ុន្តែ​គ្រាន់តែ​ជា​ការ​បំផ្លើស​ និង​ ​ញុះញង់​ប៉ុណ្ណោះ៕​ ប្រភព៖ VOA