ភ្នំពេញ —នៅ​សប្តាហ៍​នេះ​ ​ស្ត្រី​ខ្មែរ​បី​រូប​ក្នុង​ចំណោម​ ​៣០រូប​ ​បាន​ទទួល​ជ័យលាភី​ ​ពានរង្វាន់​ ​«ស្ត្រី​ឆ្នើម»​ ​ក្នុង​វិស័យ​បច្ចេក​វិទ្យា​ឆ្នាំ​២០១៨​ ដែល​ជា​ពានរង្វាន់​មួយ​បង្កើត​ឡើង​ដើម្បី​បញ្ចៀប​ចំណេះ​ដឹង​ផ្នែក​បច្ចេក​វិទ្យា​ដល់​ស្ត្រី​ ​ការតាំងចិត្ត​ ​និង​ទាក់ទាញ​ចំណាប់​អារម្មណ៍​ស្ត្រី​ក្នុង​ផ្នែក​ដ៏​ថ្មីថ្មោង​នេះ​នៅ​កម្ពុជា។​

​ពាន​រង្វាន់​ទាំង​បី​នោះ​គឺ ​ពាន​រង្វាន់​ស្រ្តី​ដែល​បាន​ចូលរួម​ជំរុញ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​ ​ឬ​សហគមន៍ ​បាន​ទៅ​លើ​ កញ្ញា​ ​ចន្ទ ពេញល័ក្ខ​ ​ពាន​រង្វាន់​វិស្វករ​ស្រ្តី​ជោគជ័យ​ក្នុង​ជំនាញ​បច្ចេកវិទ្យា ​បាន​ទៅ​លើ​អ្នកស្រី​ ​ហ្វាត ស៊ីអែម​ ប្រធាន​ផ្នែក​រៀបចំ​គម្រោង​ទិន្នន័យ​ក្នុង​ក្រុម​ហ៊ុន​ទូរគមនាគមន៍​ ​និង​ពាន​រង្វាន់​សហគ្រិន​ស្ត្រីឆ្នើម​ក្នុង​វិស័យ​បច្ចេកវិទ្យា​ កញ្ញា​ ​ឡុង លក្ខិណា​ ​ស្ថាបនិក​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​ «ជូនអ្នក»។​

បេក្ខនារីទាំង​៣០​រូប​ត្រូវ​បាន​វាយ​តម្លៃ​ទៅ​លើ​ភាព​ជោគ​ជ័យ​របស់​ខ្លួន​ក្នុង​វិស័យ​បច្ចេកវិទ្យា​ ​គមនា​គមន៍​និង​ព័ត៌មាន​វិទ្យា​ ​បទពិសោធន៍​ ​ជំនាញ​ និង​សេវាកម្ម​ដែល​ពួកគេ​បាន​ចូល​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សង្គម។ ​នេះ​បើយោង​តាម​អ្នកស្រី​ ​តាន់ សូដានី​ ​ប្រធាន​នាយក​ដ្ឋាន​គោល​នយោបាយ​បច្ចេក​វិទ្យា​ ​គមនាគមន៍​ ​និង​ព័ត៌មាន​វិទ្យា។

អ្នកស្រី​ ​តាន់ សូដានី​ ​បាន​ប្រាប់​ ​VOA​ ​ក្នុង​សប្តាហ៍​នេះ​ថា៖​

«​យើង​មើល​ទៅ​លើ​ឥទ្ធិពល​នៃ​ការងារ​របស់​គាត់​ ​ចំពោះ​អ្នកនៅ​ជុំវិញ​ខ្លួន​ ​យើង​មើល​កេរ្តិ៍​ឈ្មោះ​របស់គាត់​ដែរ​ ​ហើយ​យើងមើល​មួយ​ទៀត​គឺ​ទៅ​លើ​ការ​តាំង​ចិត្ត​របស់​គាត់​ដែរ ថាកន្លង​មក​គាត់​ធ្វើ​ហ្នឹង​គាត់​មាន​កម្រិត​នៃ​ការតាំង​ចិត្ត​បែបម៉េច​ ​ហើយ​ទៅថ្ងៃអនាគត​តើ​ការតាំង​ចិត្តរបស់​គាត់​នៅ​តែ​បន្ត​ទៀត​ដែរឬ​ទេ»។

ពានរង្វាន់​ ​ស្ត្រី​កម្ពុជាក្នុងវិស័យ​បច្ចេកវិទ្យា​ឆ្នាំ​២០១៨​ ​នេះ ត្រូវបាន​បង្កើត​ឡើង​ជាលើក​ដំបូង​បង្អស់​នៅ​ប្រទេស​កម្ពុជា​ ដើម្បី​លើក​កម្ពស់​ការ​ចូល​រួម​របស់​ស្រ្តី​ ​បញ្ច្រៀប​ចំណេះ​ដឹង​ផ្នែក​បច្ចេក​វិទ្យា​ដល់​ស្រ្តី និង​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៏​របស់ស្រ្តី​សហគ្រិន​ក្នុង​ផ្នែក​បច្ចេក​វិទ្យា។​ នេះ​បើ​តាម​លើក​ឡើងរបស់​ ​លោក​ ​កាន់ ច័ន្ទមេត្តា​រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍​ ​នៅ​ពិធី​ក្នុង​ប្រគល់​ពានរង្វាន់​នៅ​ក្នុង​ការក្រសួង​កាល​ពី​ថ្ងៃ​ពុធ។​

លោក​ ​កាន់ ច័ន្ទមេត្តា​បន្ត​ថាស្រ្តីក្នុង​វិស័យ​បច្ចេកវិទ្យា​នៅ​មាន​កំណត់​ដោយសារ​តែ​មូល​ហេតុ​បី​គឺ​ការ​ខ្វះ​អ្នក​ណែនាំ​ ស្រ្តីគំរូ​ ​និង​ទីកន្លែង​ធ្វើការ។​

លោក​បាន​ថ្លែង​ថា៖​

«ភាគរយ​ ៤៨​ភាគរយ​គឺ​កើតមកចេញ​ពី​ការ​ខ្វះ mentor ​ខ្វះ​អ្នក​បង្រៀន​ ​ភាគ​រយ​ចំនួន​៤២​ភាគ​រយ​គឺ​មកពី​ការ​កង្វះ​ខាត​អំពីស្រ្តី​គំរូ​ ​មាន​ន័យថា​អត់​មាន​ស្រ្តី​ឆ្នើម​នៅ​ក្នុង​ការ​ទទួល​បាន​ភាព​ជោគជ័យ»។​

​វិស័យ​បច្ចេកវិទ្យា​ ​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំងពលរដ្ឋ​វ័យ​ក្មេង​នៅ​ទូទាំង​ពិ​ភពលោក​ ក៏​ប៉ុន្តែ​ចំនួន​ស្ត្រី​ក្នុង​វិស័យ​នេះ​មាន​ត្រឹម​តែ​ ២៨​ភាគ​រយ​តែ​ប៉ុណ្ណោះ។​ ​នេះ​បើយោង​តាម​របាយ​ការណ៍​ឆ្នាំ​ ២០១៦​ ​របស់​អង្គការ​យូណេស្គូ។​

​ក្នុង​ប្រ​ទេស​កម្ពុជា​ម្ចាស់​អាជីវកម្ម​នឹង​អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​បច្ចេក​វិទ្យា​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា​ភាគ​ច្រើន​ជា​បុរស។​ ការងារ​ក្នុង​វិស័យ​បច្ចេកវិទ្យា​គឺ​ការងារ​មួយ​ដែល​លំបាក​សម្រាប់​ស្រី្ត​ ​ដែល​បណ្តាល​ឲ្យ​ស្រ្តី​មួយ​ចំនួន​បាន​សម្រេច​ចិត្ត​បោះ​បង់។​

​ទោះយ៉ាង​ណាក៏​ដោយ​ ​អ្នកស្រី​ ​ហ្វាត ស៊ីអែម​ ​ជ័យលាភី​ពាន​រង្វាន់​វិស្វករ​ស្រ្តី​ជោគជ័យ​ក្នុង​ជំនាញ​បច្ចេក​វិទ្យា​និង​មាន​បទ​ពិសោធន៍​ជិត​១០ឆ្នាំ​ ក្នុង​ផ្នែក​ ​បច្ចេកវិទ្យា​ ​គមនាគមន៍​ ​និង​ព័ត៌មាន​វិទ្យា​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​អ្នក​ស្រី​មិន​សូវ​ប្រទះ​ឃើញ​ស្រ្តី​ធ្វើ​ការ​ក្នុង​វិស័យបច្ចេក​វិទ្យា​នេះ​ទេ។​ ​ប៉ុន្តែ​អ្នក​ស្រី​បាន​ជំរុញ​លើក​ទឹក​ចិត្ត​ស្រ្តី​ផ្សេង​ទៀត​ឲ្យ​ព្យាយាម​សម្រេច​អ្វី​ដែល​ខ្លួន​ស្រឡាញ់។

អ្នក​ស្រី​ ​ហ្វាត ស៊ីអែម​ ​បាន​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ថា៖

«វិស័យ​នេះ​សម្រាប់​ខ្ញុំ​គឺជា​វិស័យ​មួយ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៏រិត​តែ​ធ្វើ​រិត​តែ​ចង់​ធ្វើ​វា​ថែម​ទៀត​ ដោយ​សារ​តែ​វា​គឺ​ជា​អ្វីដែល​ ​គេហៅ​ថា​ ​update​ (បច្ចុប្បន្នភាព)​រហូត»។​

ស្រ្តី​ឆ្នើម​ទាំង​បី​រូប​នេះ​ក៏នឹង​ត្រូវ​ស្នើសុំ​ផ្តល់​បទ​សម្ភាសន៍​ដើម្បី​បង្កើត​ជា​វីដេអូ​ខ្លី​ៗ​ក្នុង​ប្រធាន​បទ​ «ការផ្តល់​សិទ្ធិ​អំណាច​ដល់​ស្រ្តី​តាម​រយៈ​បច្ចេកវិទ្យា​ ​គមនាគមន៍​និង​ព័ត៌​មាន​» ​ដើម្បី​ផ្សព្វផ្សាយ​ជំ​រុញ​ការ​ចូលរួម​របស់​ស្រ្តី​ដទៃ​ទៀត​ជា​បន្តបន្ទាប់​ដែរ៕​ ប្រភព៖ VOA