អង្គការ​លើកលែង​ទោស​​អ​ន្ដ​រ​ជាតិ​​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃចន្ទ​នេះ​ថា រដ្ឋាភិបាល​ភូមា​ កំពុង​តែ​សាងសង់​មូលដ្ឋាន​ទ័ព នៅលើ​ភូមិឋាន​ ដែល​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីង​យ៉ា​ធា្លប់​រស់​នៅ ​មុនពេល​រត់​​ភៀសខ្លួន​​ទៅកាន់​ ​ប្រទេស​​បង់ក្លាដេស​។ សកម្មភាព​នេះ​ ធ្វើ​ឲ្យ​សហគមន៍​​អន្តរជាតិ​ ខ្វល់ខ្វាយ​ចំពោះ​ ​កិច្ច​ព្រមព្រៀង​ ធ្វើ​មាតុភូមិ​និវត្តន៍​​​ក្រុម​រ៉ូហ៊ីងយ៉ា​រាប់រយ​ពាន់​នាក់ ទៅកាន់​ ភូមា​វិញ​។

របាយការណ៍​ថ្មី របស់​អង្គការ​លើកលែង​ទោស​​អ​ន្ដ​រ​ជាតិ​ បាន​បង្ហាញថា​ អាជ្ញាធរ​ភូមា កំពុង​តែ​ឈូសឆាយ​ដី​ និង​ផ្ទះ​សម្បែង​ពួក​រ៉ូហ៊ីងយ៉ា​ដែល​នៅ​សេសសល់​ ដើម្បី​សាង​សង់​ ហេដ្ឋារចនា​សម្ព័ន្ឋ​ និង​ មូល​ដ្ឋាន​កងទ័ព​ថ្មី ​នៅ​រដ្ឋ​រ៉ាឃីន​។ រដ្ឋ​រ៉ាក់ឃីន ​ដែល​ជា​ភូមិកំណើត​ របស់​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​រស់នៅ​ មុន​ពេល​ពួកគេ ​បង្ខំចិត្ត​រត់​ភៀសខ្លួន​ ដោយសារ ​ការធ្វើ​ទុក្ខ​បុកម្នេញ​ពី​កងទ័ព ​និង​អ្នកកាន់​ព្រះពុទ្ឋ​សាសនា​ ជ្រុល​និយម​ភូមា​។

តាម​រយៈ​រូបភាព​ផ្កាយ​រណប​ ដែល​មើលឃើញ​ពី​សកម្មភាព​ឈូស​ឆាយ​ របស់​អាជ្ញាធរ​ភូមា ដែល​មាន​នៅ​ក្នុង​របាយការណ៍​របស់​អង្គការ​លើកលែង​ទោស​អន្ដរជាតិ ​បាន​ជំរុញ ឲ្យមានការ​សង្ស័យ​ជាខ្លាំង​ ទៅ​លើ​គម្រោង​ ធ្វើ​មាតុភូមិ​និវត្តន៍​របស់​ជនជាតិ​រ៉ូហ៊ីងយ៉ា ​មកកាន់​ប្រទេស​ភូមា​វិញ​។ តែ​ទោះ​ជា​យ៉ាងណាក្តី​ អាជ្ញាធរ​ភូមា​ អះអាង​ថា ​ សកម្មភាព​ឈូស​ឆាយរបស់​ខ្លួន​ នៅ​រដ្ឋ​រ៉ាឃីន​ គឺ​ផែនការ​រៀបចំ ​សម្រាប់ ​ទទួល​ជនជាតិ ​រ៉ូហ៊ីងយ៉ា​ ត្រលប់​មកវិញ​តែ​ប៉ុណ្ណោះ​។ ​

អង្គការ​លើកលែង​ទោស​អ​ន្ដ​រ​ជាតិ ក៏​បានបង្ហាញ​ ពី​ការព្រួយបារម្មណ៍​ ផង​ដែរ ​ថា​ ទឹកដី​ កំណើត​ របស់​ពួក​រ៉ូហ៊ីងយ៉ា​ អាច​ត្រូវបាន​អាជ្ញាធរភូមា​ សម្រាប់​ ជនជាតិ​ភាគតិច​ កាន់ ​ព្រះពុទ្ឋ​សាសនា​ និង ​ក្រុម​ផ្សេងទៀត​ ដែល​មិន​កាន់​សាសនា​អ៊ីស្លាម​។

គួរ​ជម្រាប​ថា​ មាន​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ជិត ៧០០,០០០ នាក់ ​បាន​រត់ចេញ​ពី​ភាគខាងជើង​រដ្ឋ​រ៉ាឃីន​ ទៅ​ប្រទេស​បង់ក្លាដេស​ ចាប់​តាំងពី​មាន​ការ ​បោស​សំអាត​ជាតិ​​ សាសន៍​ប្រឆាំង​នឹង​ជន​ភាគតិច​រ៉ូហ៊ីងយ៉ា​ដែល​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម​ នៅភូមា​។

ភូមា​ និង​បង់ក្លាដេស​ គ្រោង​ចាប់​ផ្តើម​គម្រោង​ធ្វើ​មាតុភូមិ​និវត្តន៍​​ក្រុមរ៉ូហ៊ីងយ៉ា​ ទៅកាន់​ ប្រទេស​ភូមា​វិញ តាំង​ពី​ចុងខែ​មករា​មកម្ល៉េះ​។ ប៉ុន្តែ​ ជនជាតិ​រ៉ូហ៊ីងយ៉ា​មួយចំនួន​ នៅតែ​ ស្ទាក់ស្ទើរ​ មិន​ហ៊ាន​ត្រលប់​ទៅ​ រដ្ឋ​រ៉ាឃីនវិញ​ឡើយ​ ដោយសារ​តែ​មិនមាន​ការ​ធានា​លើ​សិទ្ឋិ​ និង ​សុវត្តិភាព​ សម្រាប់​ពួកគេ​៕ ប្រភព៖ RFI

Loading...