ភ្នំពេញ —នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ ​លោក​ ​ហ៊ុន សែន​ ​បាន​ថ្លែង​ក្នុង​ពិធី​ជួបសំណេះ​សំណាលប្រជាពលរ​ដ្ឋ​ខ្មែរ ​នៅ​ប្រទេស​អូស្ត្រាលី​ ​កាល​ពីថ្ងៃ​សៅរ៍​ថា​ ​មូលនិធិ​សម្រាប់​ទ្រទ្រង់​មន្ទីរ​ពេទ្យ​គន្ធបុប្ផានឹង​អាច​ដំណើរការនៅ​មុន​ពិធីបុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ ​ដើម្បី​ធ្វើ​ឲ្យ​មន្ទីរ​ពេទ្យ​ព្យាបាល​កុមារ​នេះ​ អាច​បន្ត​ប្រតិ​បត្តិការ​របស់​ខ្លួន​ ​នៅ​ពេល​មិន​មាន​វត្តមាន​លោក​វេជ្ជបណ្ឌិត​ ​Beat Richner​ (បេអាត ​រិចឆ្នឺរ)។​ នេះ​បើយោង​តាម​ព័ត៌មាន​សង្ខេប​មួយ​ផ្សព្វផ្សាយ​ដោយ​អង្គភាព​ព័ត៌មាន​ក្នុង​ស្រុក​ ​ដែល​បាន​បង្ហោះ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ ​Richner។

Loading…

ព័ត៌មាន​របស់​អង្គភាព​ ​Freshnews​ ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ ​ហើយ​ដែល​បាន​បង្ហោះ​លើ​គណនី​ហ្វេស​ប៊ុក​របស់​លោក​វេជ្ជបណ្ឌិត​ ​Richner​ នៅ​ថ្ងៃ​ច័ន្ទ​ ឲ្យ​ដឹង​ថា​ ​លោក​ ​ហ៊ុន សែន​ ​បាន​ជួប​ជាមួយ​ប្រជា​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ប្រទេស​អូស្រ្តាលី​ និង​នូវែលសេឡង់​ ​នៅ​ក្នុង​ទីក្រុង​ស៊ីដនី​ ​ប្រទេស​អូស្ត្រាលី។​ ​ក្នុង​ជំនួប​នោះ​ ​លោក​ ​ហ៊ុន សែន​ ​បាន​ប្រកាស​ថា​ ​មូលនិធិ​សម្រាប់​ទ្រទ្រង់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ​ដែល​មាន​ឈ្មោះ​ថា​ ​«មូលនិធិ​គន្ធបុប្ផាកម្ពុជា»​ នឹង​អាច​ដំណើរ​ការ​នៅ​ថ្ងៃទី​១១​ ​ខែ​មេសា​ សម្រាប់​មន្ទីរពេទ្យ​ដែល​ត្រូវ​ការ​ថវិកា​ប្រមាណ​៤០​លាន​ដុល្លារ​អាមេរិកក្នុង​មួយ​ឆ្នាំៗ​នេះ។​

លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​បាន​ថ្លែង​យ៉ាង​ដូច្នេះ៖​

«តាម​ការ​គ្រោង​ទុក​ បើ​គ្មាន​ការ​ប្រែប្រួល​ទេ​ ថ្ងៃទី​១១​ ខែ​មេសា​ មុន​ចូល​ឆ្នាំ​ខ្មែរ​ យើង​នឹង​ប្រកាស​ឲ្យ​ចាប់ផ្តើម​អនុវត្ត​សម្ពោធ​ អនុវត្ត​មូលនិធិ​គន្ធបុប្ផាកម្ពុជា​ ដែល​ជា​ជំនួយ​ដ៏ធំ​សម្រាប់​ស្រោច​ស្រង់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា»។​

លោក​ ​ហ៊ុន សែន​ ​លើក​ឡើង​ថា​ ​មូលនិធិ​ថ្មី​នេះ​នឹង​ផ្តល់​ការផ្គត់​ផ្គង់​ខាង​ហិរញ្ញ​វត្ថុ​ដល់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា បន្ថែម​លើ​មូលនិធិ​របស់​លោក​វេជ្ជបណ្ឌិត​ រិចឆ្នឺរ។​

«មាន​មូលនិធិ​គន្ធ​បុប្ផាដែល​វេជ្ជបណ្ឌិត​ រិចឆ្នឺរ​ គាត់​បង្កើត​នៅ​ឯ​ក្រៅ​ប្រទេស​ និង​យើង​មាន​មូលនិធិ​គន្ធ​បុប្ផា នៅ​ក្នុង​ប្រទេស​យើង​ ដែល​យើង​ប្រមូល​ធនធាន​នៅ​ក្នុង​ជាតិ​របស់​យើង​ ជួយ​មន្ទីរពេទ្យ​មួយ​នេះ​ ​ដែល​ក្នុង​មួយ​ឆ្នាំ​ចំណាយ​ ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​នេះ​ សម្រាប់​ព្យាបាល​កុមារ​ ​ប្រមាណ​ជាង​៤០​លាន​ដុល្លារ​អាមេរិក»។

លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​ដែល​បាន​ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អូស្រា្តលី​នៅ​ប្រទេស​អូស្រ្តាលី​ អះអាង​ថា លោក​គឺ​ជា​ប្រធាន​កិត្តិយស​របស់​មូលនិធិ​នេះ។​

លោក​វេជ្ជ​បណ្ឌិត​ ​បេអាត រិចឆ្នឺរ​ ​ដែល​មានវ័យ​៧១​ឆ្នាំ​ ​គឺ​ជា​ស្ថាបនិក​នៃ​មន្ទីរ​ពេទ្យ​មនុស្ស​ធម៌​គន្ធបុប្ផា។​ ​លោក​បាន​ជួយ​ធ្វើ​ឲ្យ​មន្ទីរពេទ្យ​គន្ធបុប្ផាដំណើរ​ការ​នៅ​រាជធានី​ភ្នំពេញ​ក្នុង​ឆ្នាំ​១៩៩២​ បន្ទាប់​ពី​មន្ទីរ​ពេទ្យ​នេះ​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​នៅ​សម័យ​សង្គ្រាម។​

លោក​ រិចឆ្នឺរ​ បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់កាលពីខែ​មីនា​ ឆ្នាំ​២០១៧។ ​បុគ្គលិក​សុខា​ភិបាល​នៅ​មន្ទីរពេទ្យ​នេះ​មិន​អាច​បញ្ជាក់​អំពី​ជំងឺ​របស់​លោក​ រិចឆ្នឺរ​ នោះ​ទេ ​កាល​ពី​ពេល​នោះ។​

ជាង​២៥​ឆ្នាំមក​នេះ​ មាន​កុមារ​ជាង​១២​លាន​នាក់​បាន​ទទួល​ការ​ព្យាបាល​ជំងឺ​ពី​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ ដែល​មាន​ទីតាំង​ចំនួន​ប្រាំ​កន្លែង​នៅ​ក្នុង​ប្រទេស។​ ​តួលេខ​នេះ​ រាប់​ចាប់​ពី​ឆ្នាំ​១៩៩២​ដល់​ខែមីនា​ ​ឆ្នាំ​២០១៧។​

យោង​តាម​តួលេខ​ចុង​ក្រោយ​របស់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ កុមារ​កម្ពុជា​ចំនួន​ជាង​ ​៨​ម៉ឺន​នាក់​ត្រូវ​បាន​នាំយក​មក​ពិគ្រោះ​ជំងឺ ​និង​កុមារ​មាន​ជំងឺ​ធ្ងន់ៗជាង​មួយ​ម៉ឺន​នាក់​ ​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ។​ ​តួលេខ​នេះ​ត្រូវ​បាន​ស្រង់​ចាប់​ពីថ្ងៃ​ទី​ ២១ ​ខែ​មករា​ ដល់​ថ្ងៃ​ទី​២១​ ខែកុម្ភៈ​ឆ្នាំ២០១៨​ ​នៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា។​

លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​កាលពី​ថ្ងៃ​ទី១​ ​ខែមីនា​ ​ឆ្នាំ២០១៨​ ​បាន​ចុះ​ហត្ថលេខា​បង្កើតជា​ផ្លូវការ​នូវ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ ​ដើម្បី​បន្ត​ប្រតិ​បត្តិការ​របស់​មន្ទីរពេទ្យ​នេះ​ ​កុំ​ឲ្យ​ដួល​រលំ​ដោយ​សារ​អវត្ត​មាន​លោក​វេជ្ជបណ្ឌិត​ បេអាត រិចឆ្នឺរ។ ​នេះ​បើយោង​តាម​ការ​ផ្សព្វផ្សាយ​របស់​អង្គភាព​ព័ត៌មាន​ Freshnews​ដែល​មាន​និន្នាការ​លម្អៀង​ទៅរក​រដ្ឋាភិបាល​កម្ពុជា។​

លោក​វេជ្ជបណ្ឌិត​ ​រិចឆ្នឺរ​ ​ត្រូវ​បាន​បញ្ជូន​មក​ធ្វើការ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​នៅ​ប្រទេស​កម្ពុជា​ក្នុង​ចន្លោះ​ឆ្នាំ​១៩៧៤​ និង​១៩៧៥​ ដោយ​កាកបាទ​ក្រហម​ប្រទេស​ស្វ៊ីស។​ ក្រោយ​សម័យ​សង្គ្រាម​គឺ​នៅ​ខែ​ធ្នូ​ ឆ្នាំ​១៩៩១​ រដ្ឋាភិបាល​កម្ពុជា​ស្នើ​ឲ្យ​លោក​កសាង​ឡើង​វិញ​ និង​គ្រប់គ្រង​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា ​ដែល​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ក្នុង​សម័យ​សង្គ្រាម៕ ប្រភព៖ VOA

Loading...