ភ្នំពេញ —លោក​ ​យឹង យន​ ​និពន្ធ​និង​ច្រៀង​រៀបរាប់​ពី​រដ្ឋ​ ​Florida​ ​សហ​រដ្ឋ​អាមេរិក។​ ​បទ​ចម្រៀង​នេះ​ជា​បទ​មួយ​ក្នុង​ចំណោម​១១​បទ​ ​ដែល​ត្រូវ​បាន​តែង​ឡើង​ ខណៈ​ដែល​លោក​ធ្វើ​ដំណើរ​ទស្សនកិច្ចទៅ​កាន់​រដ្ឋ​ផ្សេងៗ​នៅ​សហ​រដ្ឋ​អាមេរិក។​

បទ​ចម្រៀង​ក្នុង​អាល់ប៊ុម​ ​«Lovin’ USA: Yorn Young Journey Across America»​ ​ដែល​បកប្រែ​ជា​ភាសា​ខ្មែរ​ថា​ ​«ជាប់​ស្នេហ៍​នៅ​អាមេរិក​ ​ដំណើរ​កំសាន្ត​របស់​លោក​ ​យឹង យន​ ​នៅ​សហ​រដ្ឋ​អាមេរិក»​ ​ដែល​និយាយ​អំពី​ភាព​ស្រស់​ស្អាត​នៃ​ទីក្រុង​ ​និង​រដ្ឋនានា​របស់​អាមេរិក​ដែល​លោកបាន​ទៅ​ទស្សនា​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំថ្មីៗ​នេះ​ ​ក្នុង​ការ​ធ្វើ​ដំណើរ​ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក។​ ​ពី​តំបន់​ឆ្នេរ​ខាង​លិច​នៃ​សហ​រដ្ឋ​អាមេរិក​ ​ដែល​មាន​ប្រជាជន​ខ្មែរ​ភាគ​ច្រើន​រស់​នៅ​ ​រហូត​ដល់​តំបន់​ឆ្នេរ​ខាង​កើត​ ​និង​ ​New York​ ​លោក​ ​យឹង យន​ ​បាន​រៀបរាប់​តាក់​តែង​ពី​សម្រស់​ធម្មជាតិ​និង​ទីក្រុង​នានា​របស់​អាមេរិក​ ​ដែល​លោក​ប្រៀប​ទៅ​នឹង​សម្រស់​ស្រី​ក្រមុំ​ដែល​កំពុង​មាន​ភាព​ទាក់​ទាញ។​

បទ​ចម្រៀង​ដ៏​មាន​អត្ថន័យ​ទាំង​នេះ​ត្រូវ​បាន​លោក​ ​យឹង យន​ ​ច្រៀង​ឡើង​វិញ​កាល​ពី​យប់ថ្ងៃ​សៅរ៍​ ​ក្នុង​ការ​ប្រគំ​តន្រ្តីដើម្បី​បង្ហាញ​អាល់ប៊ុម​ចម្រៀង​ថ្មី​របស់​លោក​ ​នៅ​ក្នុង​ក្រុង​ស្ទឹងសែន​ ​ខេត្ត​កំពង់ធំ។ ក្នុង​ការ​ប្រគំ​តន្រ្តី​ផ្សព្វផ្សាយ​បទ​ចម្រៀង​ ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោល​បំណង​ដើម្បី​កសាង​ទំនាក់​ទំនង​ល្អ​រវាង​ប្រជាជន​កម្ពុជា​ ​និង​ប្រជាជន​អាមេរិក​ ​មាន​អ្នក​ទស្សនា​ប្រមាណ​ជា​៤០០​នាក់​ ​ទាំង​ក្មេង​ចាស់​ប្រុសស្រី។​

លោក យឹង យន ច្រៀងនៅក្នុងប្រគំតន្រ្តីប្រកាសអាល់ប៊ុមចម្រៀងថ្មីរបស់លោក ក្នុងខេត្តកំពង់ធំ ដើម្បីកសាងទំនាក់ទំនងល្អរវាងប្រជាជនកម្ពុជា និងប្រជាជនអាមេរិក តាមរយៈតន្រ្តី និងកម្មវិធីវប្បធម៌ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧។(ទុំ ម្លិះ/VOA)

តាមរយៈ​តន្រ្តី​ ​និង​កម្មវិធី​វប្បធម៌​នោះ​ ​គេ​ឃើញ​ថា​ ​ក្រៅ​ពីចម្រៀង​ដែល​ច្រៀងរៀបរាប់​ពី​រដ្ឋ​មួយ​ចំនួន​ក្នុង​សហរដ្ឋ​អាមេរិក​ ​ក៏​នៅ​មាន​ចម្រៀង​មួយ​ចំនួន​ទៀត​ដែល​ក្រុម​តន្រ្តី​របស់​លោក​ ​យឹង យន​ ​បាន​និពន្ធ​ពី​ទេសភាព​នៅ​កម្ពុជា​ ​ចម្រៀង​ចាប៉ី​ ​និង​របាំ​ប្រពៃណី​ផ្សេងៗ​ទៀត​របស់​កម្ពុជា​ផង​ដែរ។​ ​ក្នុង​កម្មវិធី​នោះ​ ​ក៏​មាន​ការចែក​ថាស​ចម្រៀង​ចំនួន​៦០០​ដោយ​ឥត​គិត​ថ្លៃ​ ហើយ​មាន​ថត​ផ្តិត​យក​ទេសភាព​ពីរដ្ឋ​មួយ​ចំនួនបញ្ចូល​ក្នុង​បទ​ចម្រៀង​របស់​លោក។​

កំពុង​បីកូន​តូ​ច​ឈរ​មើល​ការ​ប្រគំ​តន្រ្តី​នៅ​ខាង​ឆ្វេង​ឆាក​ ​លោក​ ​គឹម សាន​ ​លើក​ឡើងថា​ ​ការ​ច្រៀង​រៀបរាប់​ពី​រដ្ឋ​នីមួយៗ​ក្នុង​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ឲ្យ​លោក​ស្រម៉ៃ​ទៅ​ដល់​ភាព​ស្រស់​បំព្រង​ ​និង​ការរីក​ចម្រើន​នៃ​ប្រទេស​អភិវឌ្ឍន៍​មួយ​នោះ។​ ​បុរស​វ័យ​៣៥​ឆ្នាំ​រូប​នេះ​បន្ថែមទាំង​ញញឹម​ថា​ ​ការ​ប្រគំ​តន្រ្តីដែល​មាន​លាយវប្បធម៌​ខ្មែរ​ ​ជា​មួយ​សហ​រដ្ឋ​អាមេរិក​ ​ធ្វើ​ឲ្យ​លោក​មាន​អារម្មណ៍​ថា​ ​ទំនាក់​ទំនង​រវាង​កម្ពុជា-អាមេរិក​ ​មាន​ភាព​ស្និទ្ធ​ស្នាល​ជាង​មុន។​

លោក​ ​គឹម សាន​ ​មាន​ប្រសាសន៍​ថា៖​

«គាត់​បាន​ទៅ​និពន្ធ​ទំនុក​បទ​ចម្រៀង​នៅ​អាមេរិក​ហ្នឹងគឺ​ដូច​ដែល​យើង​ចាប់​អារម្មណ៍​ថា​ ​យើង​បាន​ទៅ​ទស្សនា​នៅ​អាមេរិក​អីចឹង​ដែរ។​ ហើយ​គាត់​រៀបរាប់​ពី​ទេសភាព​ ​រៀបរាប់​ពី​រដ្ឋ​ ​ហើយ​មាន​កន្លែង​ដំណើរ​កំសាន្ត​ ​ចាប់​អារម្មណ៍​ ដូចជា​ការ​ផ្លាស់​ប្តូរ​វប្បធម៌​ពិតៗ​ ដូច​ខ្លឹមសារ​តន្រ្តី​ដែល​ថា​ មក​ផ្លាស់​ប្តូរ​នូវ​វប្បធម៌​ហ្នឹង។​ ​តាម​រយៈបទ​ចម្រៀង​របស់ពួក​គាត់​ ​ស្វែង​យល់​ពី​ថា​ ​សហ​រដ្ឋ​អាមេរិក​ក៏​គេ​ចង់​យក​វប្បធម៌​យើង​ទៅ​ផ្សព្វផ្សាយ​នៅ​ប្រទេស​គេ​ ​ហើយ​ចង់​នាំ​វប្បធម៌​គេ​មក​ផ្សព្វ​ផ្សាយនៅយើង។​ ​បើ​យើង​ស្តាប់​ទៅ​គឺ​ការ​ទំនាក់​ទំនង​គ្នា​ល្អ»។​

ខណៈ​កំពុង​អង្គុយ​លើ​ម៉ូតូ​ផ្តោត​អារម្ភ​របស់​ខ្លួន​ទៅ​លើ​ឆាក​ដែល​ពោរពេញ​ទៅដោយ​ភ្លើង​ពណ៌​ ​និង​សំឡេង​តន្រ្តី​ អម​ដោយ​អ្នក​សម្តែង​ផង​នោះ​ ​កញ្ញា​ ​នួន ដាណេត​ ​និយាង​ថា​ ការ​និពន្ធ​បទ​ភ្លេង​ ​និង​ទំនុក​ច្រៀង​ថ្មី​ដោយមិន​ចម្លង​តាម​គេ​ ​គឺ​ជា​មោទនភាព​មួយ​សម្រាប់​កម្ពុជា។​ ​កញ្ញា​បន្ថែម​ថា​ ​ពី​មុន​កញ្ញា​មិនសូវ​ស្គាល់​ពី​អាមេរិក​នោះ​ទេ។​ ​ប៉ុន្តែ​កញ្ញា​ថា​ ​សម្រាប់​ការផ្សព្វផ្សាយ​បទ​ចម្រៀង​ដែល​មាន​រៀប​រាប់​ ​និង​បង្ហាញពី​ទេសភាព​នៅ​សហ​រដ្ឋ​អាមេរិក​ ​ដែល​មាន​បញ្ជូលការសម្តែង​របាំ​របស់​ខ្មែរ​ជាមួយ​គ្នា​បែប​នេះ​ ​ធ្វើ​ឲ្យ​កញ្ញា​យល់​ថា​ ​កាន់​តែ​ស្គាល់​សហ​រដ្ឋ​អាមេរិក​បាន​ច្រើន​ជាង​មុន។​

កញ្ញា​ ​ដាណេត​ ​បញ្ជាក់​ថា៖​

«តាម​រយៈ​បទ​ចម្រៀង​ហ្នឹង​គឺ​បង្ហាញ​ឲ្យ​ឃើញ​ថា​ ​ភាព​ទំនាក់​ទំនង​គ្នា​រវាង​ប្រទេស​កម្ពុជា​ ​ហើយ​នឹង​សហ​រដ្ឋ​ ​គឺ​មាន​ភាព​ស្និទ្ធស្នាល​គ្នា។​ ​គឺ​ល្អ​ ​ដូច​ថា​ មាន​សម្ព័ន្ធ​ភាពល្អ។​ បង​ចង់​បាន​បែប​ហ្នឹង»។​

អ្នក​ទស្សនា​វ័យ២៧​ឆ្នាំ​រូប​នេះ​បន្ថែម​ថា​ ​កញ្ញា​ចង់​ឲ្យ​កម្មវិធី​ប្រគំ​តន្រ្តី​បែប​នេះ​មាន​ជា​រៀងរាល់​ឆ្នាំ ​ដើម្បីឲ្យ​កម្ពុជា​ និង​អាមេរិក​មាន​ឱកាស​ផ្លាស់​ប្តូរ​វប្បធម៌​គ្នា​ទៅ​វិញ​ទៅ​មក។​

រូបឯកសារ៖ លោក យឹង យន (ស្តាំទី២) ច្រៀង​នៅមុន​ពេល​មាន​សនិ្នសីទកាសែត​មួយ​នៅក្នុងទីក្រុងភ្នំពេញ នៃប្រទេសកម្ពុជា នៅថ្ងៃទី ៦ ខែមីនា ឆ្នាំ២០១៨។ (Reuters)

លោក​ ​យឹង យន​ ​ធ្លាប់​បាន​ប្រគុំតន្រ្តី​បែប​នេះ​ឲ្យ​ពលរដ្ឋ​ទស្សនា​ម្តង​ក្នុង​រាជធានី​ភ្នំពេញ​ ​នៅ​មជ្ឈ​មណ្ឌ​ល​សហ​ប្រតិបត្តិការ​កម្ពុជា-កូរ៉េ​ ​(CKCC)​ ​កាលពី​ថ្ងៃ​ទី១៥​ ​ខែធ្នូ ​ឆ្នាំ​២០១៧​ ​កន្លង​ទៅ។​ ​សម្រាប់​ការ​ចាប់​ផ្តើម​នៅ​ខេត្ត​កំពង់ធំ​ ​លោក​ ​យឹង យន​ ​ប្រាប់​ថា​ ​ដោយសារ​ខេត្ត​នេះ​ជា​ស្រុក​កំណើត​របស់​លោក ​ហើយ​លោក​រំពឹង​ថា​ ​លោក​នឹង​ទទួល​បាន​ការ​គាំទ្រ​ ​និង​ការ​ឧបត្ថម្ភបន្ថែម​ ដើម្បី​អាច​ទៅ​ប្រគំ​តន្ត្រី​ ​និង​ចែក​ចាយ​ដល់​ប្រជា​ពលរដ្ឋ​នៅ​តាមបណ្តា​ខេត្ត​ផ្សេងៗ​ជា​បន្ត។​

អ្នក​ចម្រៀង​វ័យ៣៧​ឆ្នាំ​រូបនេះ​បន្ថែម​ថា​ ​ការ​ប្រគំ​តន្រ្តី​នេះ​ ​ជា​ការ​ចែក​រំលែក​ព័ត៌មាន​ ​និង​ចំណេះ​ដឹងតាម​រយៈ​ចម្រៀង​ ​ដែល​លោក​ថា​ ​វិធី​សាស្រ្ត​នេះ​អាច​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​បាន​ស្គាល់​ពី​អន្តរជាតិ​កាន់​តែ​ច្រើន។​

លោក​ ​យឹង យន​ ​ អ្នក​ចម្រៀង​សម្បុរ​ស្រអែម​ដែលត្រូវ​បាន​គេ​ដាក់​រហ័ស​នាម​ថា​ ​កែវ សារ៉ាត់​ ​ទី២ ​មាន​ប្រសាសន៍​ថា៖​

«ចម្រៀង​ក៏​ជា​ចំណែក​មួយ​នៃ​ការ​ផ្សព្វផ្សាយ​ចំណេះ​ដឹង​ទាក់ទង​នឹង​ភូមិសាស្រ្ត​នយោបាយ។​ ​ដូច​បង​ប្អូន​ដែល​យើង​រៀន​នៅ​សាលា​ចំណេះ​ដឹង​ទូទៅ​ ​ដែល​រៀន​ភូមិ​សាស្រ្ត​ ​ប្រវត្តិ​សាស្រ្ត​អន្តរជាតិ។ ​អីចឹង​ខ្ញុំ​គិត​ថា​ ​ចម្រៀង​ក៏​ជា​ចំណែក​មួយ​នៃ​ការ​ផ្តល់​ចំណេះ​ដឹង​ ​ការ​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​រវាង​ប្រជា​ជន​ ​និង​ប្រជា​ជន​ ​រវាង​ប្រទេស​ ​និង​ប្រទេស​ ​ដើម្បី​ឲ្យ​ប្រជា​ជន​នៅ​ក្នុង​ពិភព​លោក​បាន​ស្គាល់​គ្នា​ ​ជា​ពិសេស​គឺ​ថា​ បងប្អូន​ខ្មែរ​ដែល​មិន​ធ្លាប់​ទៅ​អាមរិក​ ​បាន​ស្គាល់​អាមេរិក​តាម​រយៈ​បទ​ចម្រៀង​របស់​ខ្ញុំ»។​

ក្នុង​កម្មវិធី​ប្រគំ​តន្រ្តី​នោះ​ ​ក៏​មាន​ការ​ចូលរួម​ពី​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ ​គឺ​លោក​ ​William Heidt​ ​ភរិយា​ ​និង​កូន​ប្រុសរបស់​លោក​ ​ព្រម​ទាំង​មន្រ្តី​ស្ថានទូត​មួយ​ចំនួន​ផង។​

ចាប់​តាំង​ពីទំនាក់​ទំនង​រវាង​សហ​រដ្ឋ​អាមេរិក​ ​និង​កម្ពុជា​មាន​ភាព​រកាំរកូស​ ​ស្រប​ពេល​ឥទ្ធិពល​របស់​ចិន​កំពុង​កើន​ឡើង​កាន់​តែ​ស្អិត​រមួត​ជាមួយ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​នោះ​ ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីន​តោនកំពុង​ព្យាយាម​រក​វិធី​ថ្មី​មួយ​ដើម្បី​ទាក់​ទាញ​បេះដូង​ ​និង​ចិត្ត​ប្រជា​ពលរដ្ឋ​ខ្មែរ​តាម​រយៈ​ការ​បញ្ជ្រៀប​ ​និង​ផ្លាស់​ប្តូរ​វប្បធម៌​ ​និង​តន្រ្តី។​

ថ្លែង​ពី​ស្រុក​ស្ទឹងសែន​ ​ទី​ដែល​មាន​ការ​ប្រគំតន្រ្តីនេះ​ ​ ​លោក​ ​William Heidt​ ​ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​កម្ពុជា ​បាន​ឲ្យ​ដឹង​ថា​ ​សហ​រដ្ឋ​អាមេរិក​បាន​ឧបត្ថម្ភ​លោក​ ​យឹង យន​ ​និង​ក្រុម​តន្រ្តី​របស់​លោកដើម្បី​ប្រគំ​តន្រ្តី​នេះ​ឡើង​ ​បន្ទាប់​ពី​លោក​បាន​ឃើញ​ពី​ទេពកោសល្យ​ដ៏​ល្អ​ក្នុង​ការ​តែង​និពន្ធ​ ​និង​ច្រៀង​ចម្រៀង។​ ​លោក​បន្ថែម​ថា​ ​ប្រជាជន​កម្ពុជា​ ​និង​ប្រជាជន​អាមេរិក​សុទ្ធ​តែ​ចូល​ចិត្ត​ចម្រៀង​ និង​តន្ត្រី ​ដូច្នេះ​លោក​ថា​ ​តាម​រយៈតន្រ្តី​ ​ទំនាក់​ទំនង​របស់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​នឹង​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ។​

លោក William Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងការប្រគំតន្រ្តីប្រកាសអាល់ប៊ុមចម្រៀងថ្មីរបស់លោក យឹង យន ក្នុងខេត្តកំពង់ធំ ដើម្បីកសាងទំនាក់ទំនងល្អរវាងប្រជាជនកម្ពុជា និងប្រជាជនអាមេរិក តាមរយៈតន្រ្តី និងកម្មវិធីវប្បធម៌ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧។(ទុំ ម្លិះ/VOA)

លោក​ ​William Heidt​ ​ថ្លែង​ជា​ភាសា​អង់គ្លេស​ ​និង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា៖​

«ប្រជា​ជន​ខ្មែរ​ស្រឡាញ់​តន្ត្រី​ ​ប្រជាជន​អាមេរិក​ក៏​ស្រឡាញ់​តន្ត្រី។​ ​យើង​មាន​អារម្មណ៍​ថា​ វា​ជា​រឿង​ដ៏​អស្ចារ្យ​មួយ​អំពី​បុរស​ខ្មែរ​វ័យក្មេង​ម្នាក់​ដែល​បាន​ទៅ​សហ​រដ្ឋ​អាមេរិច។​ ​ក្នុង​ក្រសែភ្នែក​របស់​ប្រជាជន​ខ្មែរ​ ​គាត់​មើល​ឃើញ​ភាព​ស្រស់​ស្អាត​តាម​របៀប​ផ្សេងៗ។​ ​គាត់​បាន​សរសេរ​បទ​ចម្រៀង​អំពី​អាមេរិក​ហើយ​ត្រឡប់​មក​វិញ​ដោយ​ច្រៀង​ជា​ភាសា​របស់​គាត់​ ​គឺ​ភាសា​ខ្មែរ។​ ​ដូច្នេះ​ប្រជា​ជន​កម្ពុជា​អាច​ស្តាប់​បាន។​ ​ដូច្នេះ​តាម​រយៈ​តន្ត្រី​ ​ពួក​យើង​កសាង​ទំនាក់​ទំនង​រវាង​ប្រជាជន​កម្ពុជា​ ​និង​ប្រជាជន​អាមេរិក»។​

នៅ​ឆ្នាំ​២០១៣​ ​លោក​ ​យឹង យន​ ​បាន​ចូលរួម​ក្នុង​កម្មវិធី​ផ្លាស់ប្តូរ​ផ្នែក​តន្រ្តី​មួយ​ដែល​មាន​ឈ្មោះ​ថា One​Beat​ ​នៅ​ក្នុង​សហ​រដ្ឋ​អាមេរិក។​ ​កម្មវិធី​នោះ​មាន​ការ​ចូលរួម​ពី​តន្រ្តីករ​មក​ពី​ទូទាំង​ពិភពលោក ​ដើម្បី​ធ្វើ​ការ​សហ​ការ​គ្នា​ ​និង​បង្កើត​បទ​ចម្រៀង​ដើម​ ​ដែល​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក។​ ​ទីនោះ​ហើយ​ដែល​លោក​ ​យឹង យន​ ​មាន​ឱកាស​បាន​ធ្វើ​ដំណើរ​ទៅ​រដ្ឋ​ផ្សេងៗ​ក្នុង​សហ​រដ្ឋ​អាមេរិក ​ជា​បន្តបន្ទាប់​ ​និង​បានសរសេរ​បទ​ចម្រៀង​ខ្មែរ​ទាំង១១​បទ​ ​ដែល​រៀប​រាប់​ពី​រដ្ឋ​ទាំង​នោះ។​ ក្រោយ​ពេល​ត្រឡប់​ពី​អាមេរិក​វិញ​ ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​ក៏​បាន​ផ្តល់​អំណោយ​ថវិកា​ប្រមាណ​ជា​២​ម៉ឺន​ដុល្លារ​ដល់​លោក​ ​យឹង យន​ ​និង​ក្រុម​តន្រ្តី​របស់​លោក​ ​ដើម្បី​ជំរុញ​ការ​បង្កើត​អាល់ប៊ុម​ចម្រៀងថ្មី និង​រៀបចំ​ការ​ប្រគំ​តន្រ្តី​នៅ​ខេត្ត​កំពង់ធំ​នេះ​ឡើង៕ ប្រភព៖ VOA