ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ចេញផ្សាយ​​លទ្ធផល​ស៊ើបអង្កេត​ បង្ហាញថា ការ​បន្ត​រុករកទាញ​ប្រយោជន៍​ហួសហេតុ​ពី​ផែនដី ដែល​ជា​ស្នាដៃ​របស់​មនុស្ស​យើង​សព្វថ្ងៃ​នេះ ជាការគំរាម​ធ្វើអោយ​ប្រភេទ​សត្វនានា​ផុតពូជ​។ ផលវិបាក គឺ​មនុស្ស​ខ្លួនឯងដដែល​ ​ដែល​កំពុង​គំរាមការរស់នៅ ​​ការចិញ្ចឹម​ជីវិត​របស់​ខ្លួន ទៅ​អនាគត។

ក្រុមអ្នកវិទ្យាសាស្ត្រ​ក្រុមIPBES ជា​អក្សរ​កាត់​នៃ​ក្រុម​អន្តរដ្ឋាភិបាល​ស្រាវជ្រាវ​ផ្នែក​ជីវៈចម្រុះ និង​ប្រព័ន្ធ​អេកូឡូហ្ស៊ី​​ បាន​ជួបជុំគ្នា​នៅ​ប្រទេស​កូឡុំប៊ី បង្ហាញ​លទ្ធផល​ការងារ​ គួរអោយ​ព្រួយបារម្ភ។ យោងតាម​ការ​ស្រាវជ្រាវ​របស់​ពួកគេ ជីវៈចម្រុះ​ ​ដែល​ជា​​ភាព​សំបូរបែប​នៃ​គ្រប់ទំរង់​ជីវិត​ក្នុង​ភពផែនដី កំពុង​​​​​រងការ​បំផ្លិចបំផ្លាញ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ នៅ​គ្រប់ទិសទី​ក្នុងពិភពលោក។ ​មនុស្ស​នៅតែ​បន្ត​​ទាញ​យក​ប្រភព​ធនធាន​​ពីផែនដី​ហួសហេតុ។

ផលវិបាក​គឺថា ​​៣០ឆ្នាំ​ខាងមុខ​​ ​ធនធាន​ត្រី​នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​​​ នឹងបាត់បង់។ ​​​​ឆ្នាំ​២០៥០​ ផ្កាថ្ម​រហូត​៩០ភាគរយ​អាច​​នឹង​ហិនហោច​។ ​ប្រភេទ​សត្វស្លាប​ និង​ថនិកសត្វ​​ជាងពាក់កណ្តាល​ អាច​​នឹង​ត្រូវបាត់បង់ ​​ពី​ទ្វីបអាហ្វ្រិក ​​​ នៅ​ឆ្នាំ​២១០០ខាងមុខ​នេះ។ នេះជាលើកទី១​ហើយ​ដែល​ផែនដី​​ប្រឈម​នឹង​ការ​ផុតពូជ​​​ទ្រង់ទ្រាយ​ធំ​នៃ​ប្រភេទ​សត្វ​ គិតតាំង​ពី​​ពេល​​សត្វ​ឌីណូស ផុតពូជ​​៦៥​លានឆ្នាំ​មុនមក។ ជា​មធ្យម ​​២​សតវត្ស​មកនេះ​ ប្រភេទ​សត្វឆ្អឹង​កង ២​ប្រភេទ​បាន​បាត់ផុតពូជ ​រៀងរាល់ឆ្នាំ។ ​រមាស​ស ឈ្មោះថា Sudan ​នៅ​ប្រទេស​កេនយ៉ា ​ក៏​កំពុង​ជិតផុតពូជ​ដែរហើយ។ រមាស​ស​ Sudan ឈ្មោលចុងក្រោយ​​​ បាន​ស្លាប់​ដោយការ​ប្រមាញ់។ ពេលនេះ ​​នៅសល់​តែ​រមាស​ស​ញី​២ក្បាល​ប៉ុណ្ណោះ។ ​ ​

បញ្ហា​ទាំងនេះ​ ​ជាស្នាដៃ​មនុស្ស​តែ​​មនុស្ស​ខ្លួនឯង​កំពុង​បំផ្លាញ​ការរស់នៅ និង​ការចិញ្ចឹម​ជីវិត​ខ្លួនឯង​ក្នុង​ពេលអនាគត ពេល​ដែលធនធាន​ធម្មជាតិ​ទាំងអស់​នេះ​ហិនហោច​អស់ ខណៈ​ចំនួន​មនុស្ស​នឹង​កើនឡើង​​ ពេលអនាគត។ ​​ក្រុមអ្នកវិទ្យាសាស្ត្របាន​បរិហារ​ពីការខ្ជះខ្ជាយ​ម្ហូបអាហារ​ ដែល​គិតទៅ ​​មនុស្ស​យើងខ្ជះខ្ជាយ​រហូត​៤០ភាគរយ នៃ​អាហារ​ដែល​​​ផលិតបាន។ ​​ដោយឡែក​ ក្រុមអ្នកវិទ្យាសាស្ត្រ​លើកឡើង​​​ថា​ ​មិនទាន់​យឺតពេល​ទេ ដើម្បី​ស្តារ​ស្ថានភាព​ឡើងវិញ។ ដំណោះស្រាយ​​គឺ​​ ត្រូវ​បង្កើត​អោយ​មាន​តំបន់​ការពារ​កាន់តែ​ច្រើន ស្តារ​តំបន់​ដែល​ដុនដាប និងអភិវឌ្ឍន៍​កសិកម្ម​​នឹងនរ​យូរអង្វែង៕ ប្រភព៖ RFI

Loading...