ភ្នំពេញ —អាជ្ញាធរ​កម្ពុជា​ ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​សេវា​ដឹកជញ្ជូន​អ្នកដំណើរ​តាម​រថភ្លើង​ទៅ​កាន់​អាកាស​យានដ្ឋានរបស់​ខ្លួន​ជាលើក​ដំបូង។​ នេះ​បើ​តាម​ការ​ប្រកាស​របស់​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ដឹក​ជញ្ជូន​នៅ​ថ្ងៃ​អង្គារ។

សេវា​ដឹកអ្នកដំណើរ​តាម​រថភ្លើងទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នេះ​ នឹង​ត្រូវដាក់​ឲ្យ​ដំណើរ​ការបណ្តោះ​អាសន្ន​រហូត​ដល់​ថ្ងៃ​ទី​១ ខែសីហា​ ឆ្នាំ​ ២០១៨។

លោក​ ​ស៊ុន ចាន់ថុល​ ​រដ្ឋមន្ត្រី​ក្រសួង​សាធារណៈការ​ និង​ដឹកជញ្ជូន​បានថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​នា ថ្ងៃ​អង្គារ​នេះ នៅ​ស្ថានីយ​រថភ្លើង​ក្នុង​ទីក្រុង​ភ្នំពេញ​ថា៖

«​ព្រឹក​នេះ​ជាព្រឹក​ ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ ដែល​រាជរដ្ឋាភិបាល​ក្រោមការ​ដឹកនាំ​ដ៏ឈ្លាសវៃ​ របស់​សម្តេច​អគ្គមហាសេនា​ធិបតី​តេជោ​ហ៊ុន សែន​ ​បានដាក់​ឲ្យដំណើរ​ការជាបណ្តោះ​អាសន្ន​ការ​ដឹកអ្នកដំណើរ​ ពីស្ថានីយ​ភ្នំពេញ​ ទៅព្រលានយន្តហោះ ភ្នំពេញ​របស់​យើង‍»។

លោក​រដ្ឋមន្ត្រី​ក្រសួង​សាធារណៈការ​ និង​ដឹកជញ្ជូន​ ស៊ុន ថុល​ ធ្វើ​សន្និសីទ​ព័ត៌មាន​អំពីការចាប់ផ្តើម​សេវា​ដឹកជញ្ជូន​តាម​ផ្លូវដែក​ទៅ​កាន់​អាកាសយានដ្ឋាន​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​សា្ថនីយ​រថភ្លើង​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១០​ ខែ​មេសា​ ឆ្នាំ​២០១៨។ (ហ៊ុល រស្មី/VOA)

លោក​ស៊ុន​ ចាន់ថុល​បកស្រាយ​ថានេះ​ជា​ដំណើរការ​ជា​បណ្តោះ​អាសន្ន​ ដោយសារ​ថ្ងៃ​នេះ​ រដ្ឋាភិបាល​ប្រើ​រទេះភ្លើងដែល​មានស្រាប់​ជា​រទេះភ្លើងចាស់ៗ​ដើម្បី​សាក​ល្បងសិន។

លោក​បាន​បន្ថែមថា៖​

«សាកល្បង​ឲ្យដំណើរការ​បាន​ស្រួល​ទើបយើង​គោរព​អញ្ជើញ​សម្តេចអគ្គ​មហាសេនា​ធិបតី​តេជោ​ហ៊ុន សែន​ លោក​មក​ដាក់​ឲ្យប្រើ​ប្រាស់​ជា​ផ្លូវការ»។

ទីកន្លែង​អ្នកដំណើរ​ឡើង​ជិះ​រថភ្លើង​ ទៅ​ព្រលាន​យន្តហោះ​ភ្នំពេញ កាលពី​ថ្ងៃ​ទី​ ១០ ខែមេសា​ ឆ្នាំ​ ២០១៨។ (ហ៊ុល រស្មី/VOA)
រថភ្លើង​ថ្មី​ចំនួន​បីគ្រឿង​នឹង​ត្រូវបាន​ដាក់​ឲ្យដំណើរ​ការ​បន្ទាប់​ពីការ​បញ្ចប់​នៃ​សេវា​ដឹកជញ្ជូនដោយ​ឥតគិតថ្លៃ​បណ្តោះអាសន្ន​នេះហើយ​ វា​មាន​ទម្ងន់​ស្រាល​ អង្គុយបាន​៥៦នាក់​ និង​ឈរ​បាន​ប្រហែល​ពី​៤៥​ ទៅ​៥០នាក់។​នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក​ ​ស៊ុន ចាន់ថុល។

លោកបាន​បន្តថា​ ​រថភ្លើង​ថ្មី​ដដែល​នេះ​នឹងមាន​ល្បឿន​លឿន​ជាងរថភ្លើង​ចាស់​ ហើយ​វាក៏​អាច​ឈប់​បាន​លឿន​ជាង​មុន។ លោក​ក៏​បានអំពាវនាវ​ឲ្យ​សាធារណជន​ មានការប្រុងប្រយ័ត្ននៅពេល​ធ្វើដំណើរ​ឆ្លង​កាត់​ផ្លូវ​រថភ្លើង​ចូល​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​លើ​ម​ហាវិថីសហព័ន្ធ​រុស្ស៊ី៖

«ការ​ធ្វើ​ដំណើរ​ពីភ្នំពេញ​ទៅព្រលាន​យន្ត​ហោះ ធ្វើដំណើរ​រយៈពេល​ប្រហែល​២២​ ទៅ​៣០​នាទី។ ប៉ុន្តែ​រទេះភ្លើង​ថ្មី​នេះ​ ប្រហែល​ជា​២២​ ទៅ​២៥នាទី​ប៉ុណ្ណោះឯង។​ ​ពេល​យើង​ឆ្លង​កាត់​ផ្លូវ​សហព័ន្ធ​រុស្ស៊ី យើង​ចំណាយពេល​តែ​ ២០​ទៅ​២២វិនាទីយ៉ាង​ច្រើន​បំផុត»។

តាម​សេចក្តីប្រកាស​មួយ​របស់​ក្រុមហ៊ុន​ Royal Railway របស់​អ្នកឧកញ៉ា​គិត​ ម៉េង​ បាន​ឲ្យដឹង​ថា រថភ្លើង​ថ្មី​លឿនទាន់​ចិត្ត​របស់​ក្រុមហ៊ុន​ រ៉ូយ៉ាល់​រេលវេ​ នឹង​ត្រូវបញ្ជូន​មក​ពីប្រទេស​ម៉ិកស៊ីក​(Mexico) មក​ដល់​ប្រទេសកម្ពុជាក្នុងរយៈពេល​ពីរខែទៀត​ ហើយ​នឹង​ចាប់​ផ្តើម​ដំណើរការ​នៅខែ​មិថុនា​ ឆ្នាំ​ ២០១៨​ខាងមុខនេះ។​

ស្ថានីយ​រថភ្លើង​នៅ​កណ្តាល​ទី​ក្រុង​ភ្នំពេញ នៅ​ថ្ងៃទី​១០​ ខែ​មេសា​ ឆ្នាំ​ ២០១៨។ (ហ៊ុល រស្មី/VOA)

រថភ្លើង​ដើរ​ដោយ​ថាមពល​ប្រេង​ម៉ាស៊ូត​ទាំង​៣​ ​គ្រឿងនោះ​ នឹង​ធ្វើដំណើរ​ចេញពី​ស្ថានីយ៍​បច្ចុប្បន្ន​ដែល​ជាស្ថានីយ៍​រថភ្លើងកណ្តាល​ហើយ​បន្តដំណើរ​តាម​ផ្លូវ​ដែក​ចម្បង​មាន​ស្រាប់​មួយ​ មានប្រវែង​ ៨,៤គីឡូម៉ែត្រ​ រួចបត់​តាម​ផ្លូវ​ដែល​ស្រប​តាម​ផ្លូវ​លេខ​ ១០៥​K ​និងមានប្រវែង​១,៦ គីឡូម៉ែត្រ។​

នៅពេល​អ្នកសារព័ត៌មាន​សួរ​លោក​រដ្ឋមន្ត្រី​ ​ស៊ុន ចាន់ថុល​ អំពីថ្លៃ​សេវា​រថភ្លើង​ផ្លូវ​ការ​ ក្រោយការ​បញ្ចប់​នៃសេវា​ឥតគិត​ថ្លៃនោះ​ ​លោក​បានឆ្លើយថា​ ក្រុមហ៊ុន​នឹង​ធ្វើ​ការ​សិក្សា។​ តែ​លោក​បានធានាថា​ ការធ្វើ​ដំណើរ​ពីព្រលានយន្តហោះ​ភ្នំពេញ​ ​មក​ស្ថានីយ​រថភ្លើង​ នឹង​ថោក​ជាង​សេវាដឹកជញ្ជូនផ្តល់​ដោយ​រថយន្តតាក់​ស៊ី។ យ៉ាង​ណាក៏ដោយ​ ទាំង​លោក​ ស៊ុន ចាន់ថុល​ និង​លោក​ គិត ម៉េង​ ​មិនអាច​បញ្ជាក់​ប្រាប់​VOA​ ​បាន​ទេ​ អំពី​តម្លៃ​រថភ្លើង​ថ្មីបី​គ្រឿង​ ​ដែល​ផលិត​នៅ​ប្រទេស​ប្រទេស​ម៉ិកស៊ីក​នោះ។

ក្រៅ​ពី​ការដាក់​ឱ្យ​ដំណើរ​ការ​សេវា​ដឹក​ជញ្ជូនផ្លូវ​រទេះ​ភ្លើង​ពី​កណ្តាល​ក្រុង​ភ្នំពេញ​ ​ទៅ​អាកាស​យាន​ដ្ឋាន​ភ្នំពេញ រដ្ឋាភិបាលលោក​ហ៊ុន​សែន​នៅសប្តាហ៍នេះ​ ​ក៏​បាន​ដាក់​ឱ្យ​ដំណើរ​ការ​ ការ​ដឹក​ជញ្ជូន​ផ្លូវទឹក​ក្នុងរាជ​ធានី​ភ្នំពេញ​ផងដែរ​ ​ពីសង្កាត់​ព្រែកពៅ្ន​ ​ក្រុង​ភ្នំពេញ​ទៅ​ក្រុង​តាខ្មៅ​ខេត្ត​កណ្តាល៕ ប្រភព៖ VOA

Loading...