បណ្តាញ​​អាស៊ាន​ ដើម្បី​​ការ​​បោះ​ឆ្នោត​​ដោយ​​សេរី​ ហៅកាត់​ថា​ANFREL​ បាន​ចេញ​​សេច​ក្តី​​ថ្លែង​ការណ៍​មួយ​កាល​ពី​ម្សិល​មិញ​ ដោយ​​ទាត់​ចោល​ការ​ចុះ​ផ្សាយ​​របស់​​ព័ត៌​មាន​Online​ចំនួន​ពីរ​ដែល​ស្និទ​នឹង​រដ្ឋាភិបាល​កម្ពុជា​ដែល​ថា ​ANFREL​ ធ្វើ​សកម្មភាព​​បំផ្លាញ​​ការ​​បោះ​ឆ្នោត​​នៅ​កម្ពុជា​ តាម​រយៈ​ការ​សហការ​ជាមួយ​​បន្ទប់​​ស្ថាន​ការណ៍​។​ បើ​តាម​ ANFREL​ គឺ​ខ្លួន​មិន​មាន​​ពាក់​​ព័ន្ធ​​​ឬ​ចូលរួម​​សកម្មភាព​​ណា​មួយ​ជាមួយ​នឹង​​បន្ទប់​​ស្ថានការណ៍​ដែល​​រដ្ឋា​ភិបាល​​កម្ពុជា​ចោទ​ថា​ជា​ទី​តាំង​​បញ្ជា​បដិវត្តន៍​ពណ៌នោះ​ឡើយ​។​

Loading…

ANFREL គឺជាបណ្តុំអង្គការនៅអាស៊ាន​ឃ្លាំ​មើល​ការ​បោះឆ្នោតដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ បាន​បដិសេធចំពោះ​អត្ថបទ​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​ព័ត៌មានអនឡាញ ឈ្មោះ Swiftnews និង Freshnews ដែលមាននិន្នាការគាំទ្រ​រដ្ឋាភិបាលកម្ពុជា។ បណ្តាញព័ត៌មានទាំងពីរនេះ ​បាន​សរសេរ​​ថា អង្គការ ANFREL នឹង​ធ្វើ​សកម្មភាព​បំផ្លាញដល់​ការ​បោះឆ្នោតនៅកម្ពុជា តាមរយៈការសហការជាមួយ បណ្តុំ​អង្គការឃ្លាំមើល​ការ​បោះឆ្នោត​នៅកម្ពុជា​ដែល​ដាក់​ឈ្មោះថា ​បន្ទប់​ស្ថានការណ៍។ បន្ទប់ស្ថានការណ៍កាលពីពេលកន្លងទៅនេះ ​ត្រូវបានលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ហៅថា ជាទីតាំងបញ្ជាឲ្យមានបដិវត្តន៍ពណ៌នៅកម្ពុជា។ ប៉ុន្តែបន្ទប់​ស្ថានការណ៍​ដែល​មាន​អង្គការ​ខុម​ហ្រ្វែល និង​អង្គការ​និចហ្វិចជាដើមនោះ បានបដិសេធចំពោះការ​ចោទ​ប្រកាន់នេះ​ដោយ​សំអាង​ថា កន្លងមក បន្ទប់ស្ថានការណ៍នេះ​ អាចធ្វើការ​បានដោយ​មានការ​យល់ព្រមពីគ.ជ.ប ហើយ​​ត្រូវបាន​រំលាយ​ខ្លួនឯងទៅវិញក្រោយពីចេញ​លទ្ធផលបោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០១៧។

ដោយឡែក សេចក្តី​ថ្លែង​ការណ៍​របស់ ANFREL ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១០ មេសា​ បញ្ជាក់​ថា អង្គការANFREL មិន​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ផែនការ​ណា​មួយ ដែល​ធ្វើ​ឲ្យ​គ្រោះថា្នក់​ដល់​ដំណើរ​ការ​បោះឆ្នោត​នៅ​កម្ពុជា​ឡើយ។

ប៉ុន្តែ ក្នុងអត្ថបទវិភាគដែលចុះផ្សាយដោយ Swiftnews កាសែតអនឡាញ​មួយនេះ​បានសរសេរថា ដោយសារតែ​បន្ទប់​ស្ថានការណ៍​បោះ​ឆ្នោត​នឹង​មិនមានវត្តមាន​នៅ​កម្ពុជាទៀតនោះ បន្ទប់​ស្ថានការណ៍នេះនឹង​ផ្លាស់ទៅ​ទីក្រុង​បាងកកប្រទេសថៃ។ លោក គល់ បញ្ញា នឹងត្រូវតែងតាំងជាប្រធានថ្មីនៃបណ្តាញ​អាស៊ាន ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី ហៅកាត់ថាANFREL នៅទីក្រុងបាងកក។ នេះបើតាមការ​ផ្សាយ​របស់បណ្តាញ​ព័ត៌​មានដែលស្និទរដ្ឋាភិបាលកម្ពុជាដដែល។

បណ្តាញព័ត៌មានដដែលបានអះអាងថា នៅពេល​លោក គល់ បញ្ញា ធ្វើជាប្រធាន​ANFREL គឺ​ប្រធានអង្គការនេះត្រូវបានបំបែកទៅធ្វើ​នៅអង្គការAsia Democracy Network (AND) ដែល​គេថាអង្គការនេះ​ពាក់​ព័ន្ធ​ក្នុង​ការរៀប​ចំ​ផែនការ​បំផ្លាញ​ការ​បោះឆ្នោត។

សម្រាប់ លោក កន សាវ៉ាង អ្នកសម្របសម្រួល​ផ្នែកអង្កេតនៃអង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ក្នុង​ស្រុក​មួយហៅកាត់ ខុមហ្រ្វែល ថាលោកមិនចាប់អារម្មណ៍​នឹង​ការ​ចុះ​ផ្សាយ​របស់បណ្តាញ​ព័ត៌មាន​ទាំងពីរនេះទេ ដោយសំអាង​ថាវាគ្រាន់តែជា​លិខិត​របស់​មិត្តអាន មិន​មែនជាជំហរបស់​រដ្ឋាភិបាល​ឬ​ជាសំណេររបស់អ្នក​កាសែតដែល​មិនមាន​សម្ភាស​ប្រភពច្បាស់លាស់នោះឡើយ៕ ប្រភព៖ RFI

Loading...