បន្ទាប់​ពី​មាន​សំណួរ​ក្នុង​បរិយាកាស​ដ៏​ក្តៅ​គគុក​ពីវេទិកា​ដែល​មាន​សមាជិក​ព្រឹទ្ធសភា ពីរ​រូប​នោះ​ លោក​ ម៉ាក ហ្ស៊ាគឺប៊ឺក ​(Mark Zuckerberg)​ ត្រូវ​ត្រឡប់​មក​កាន់​សភា​វិញ នៅ​ថ្ងៃ​ពុធ​នេះ​ ដើម្បី​ចូល​រួម​ឆ្លើយ​សំណួរ​របស់​គណៈ​កម្មការ​សភា​អំពី​តម្លាភាព​នៃ បណ្តាញ​សង្គម​គឺប្រព័ន្ធ​កម្មវិធី​ហ្វេសប៊ុក ​និង​ ការ​សម្ងាត់​របស់​អ្នក​ប្រើ​ប្រាស់។

ក្រុម​សមាជិក​សភា​ចង់​ឲ្យ​មាន​ការ​ការពារ​ប្រសើរ​ជាង​មុន ​បន្ទាប់ពី​មាន​ការ​រំលោភ បំពាន​ទិន្នន័យ​ដែល​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​អ្នក​ប្រើប្រាស់​រាប់សិប​លាន​នាក់។

លោក ​Chuck Grassley​ ជា​ប្រធាន​គណៈ​កម្មការ​តុលាការ​នៃសភា​អាមេរិកាំង​ខាង គណបក្ស​សាធារណរដ្ឋ ​បានថ្លែង​ថា៖ «វាពិត​ជា​មានការ​រំលោភ​យ៉ាង​ច្បាស់​ក្រឡែត​លើ​សេចក្តី​ទុកចិត្ត​របស់​អតិថិជន ​ហើយ​និង​ទៅ​លើការ​ផ្ទេរ​ទិន្នន័យ​ដែល​ទំនង​ជា​មិន​ត្រឹម​ត្រូវ​ទៀត‍»។

លោក​ ម៉ាក ហ្ស៊ាគឺប៊ឺក​ បានថ្លែង​ថ្មីៗនេះ​ថា៖​ «វាជា​កំហុស​របស់ខ្ញុំ​ ហើយខ្ញុំ​សុំទោស‍»។

ក្រុម​សមាជិក​ព្រឹទ្ធសភា​បានទាម​ទារ​ឲ្យមាន​វិធានការ​ពីនាយក​គ្រប់គ្រង ​ហ្វេសប៊ុក។

លោក​ Bill Nelson ​មេដឹកនាំ​កំពូល​នៃគណៈ​កម្មាការ​ពាណិជ្ជកម្ម ​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​មកពី ​រដ្ឋ Florida​ បានថ្លែងថា​ ប្រសិន​បើហ្វេសប៊ុក​និង​ក្រុមហ៊ុន​ប្រព័ន្ធ បណ្តាញ​សង្គម​ផ្សេង​ទៀត​មិនរៀបចំ​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ច្បាប់​ទម្លាប់​ទេ ​គ្មាន​នរណា ម្នាក់​ក្នុង​ចំណោម​ពួកយើង​អាច​រក្សា​ការ​សម្ងាត់​បាន​ទេ៕ ប្រភព៖ VOA

Loading...