រថយន្តក្រុង​មួយគ្រឿង បាន​ «សម្ពោធ​» ស្ពាន​អាកាសស្តុ​បផ្សារ​ដី​ហុយ​មុនគេ ដោយ​បាន​បើកបំ​បុកបា​រ៉ាស់​សម្រាប់​ឃាត់​មិន​ឲ្យ​រថយន្ត​ធុន​ធំ​បើក​ឆ្លងកាត់ បណ្តាលឲ្យ​បាក់​ធ្លាក់​លើ​ស្ពាន​តែម្តង​។

Loading…

ជាមួយ​ករណីនេះ តាមរ​យៈផេក​ហ្វេស​ប៊ុក​ផ្លូវការ​នា​រសៀល​ថ្ងៃទី​១២​ខែ​មេសា​នេះ លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានសរសេរថា “​បើក​ភ្លាម បុក​ភ្លែត​”​។​

​បា​រ៉ាស់​កំណត់​កម្ពស់​រថយន្ត​ឆ្លងកាត់​លើ​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ត្រូវបាន​រថយន្តក្រុង​ពណ៌​ស ពាក់​ស្លាក​លេខ 3A 1053 បើក​បុក​បណ្ដាលឲ្យ​បាក់​ធ្លាក់ នៅ​មុន​នេះ​បន្តិច នៅ រសៀល​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០១៨​។

គួរបញ្ជាក់ផងដែរថា កាលពីព្រឹកមិញនេះ  ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ប្រកាស​បើ​កឲ្យប្រើប្រាស់​ជា​បណ្តោះអាសន្ន ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ជូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ដើម្បី​អបអរសាទរ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ដែល​ខិត​ជិត​មក​ដល់​ក្នុង​រយៈពេល​២​ថ្ងៃ ខាងមុខនេះ នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០១៨​នេះ ។​

​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែងថា ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ត្រូវបាន​ដាក់ឲ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​សិន ហើយ​សម្តេច​តេជោ ហ៊ុន សែន នឹង​មក​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅពេល​ដែល​ស្ពាន​នេះ​ស្ថាបនា​រួចរាល់​។ យើង​បើក​ក្នុងថ្ងៃនេះ​គឺ​ឲ្យ​ឡានតូច​ធ្វើដំណើរ ទាំងសងខាង ទៅ​ពីរ​មកពីរ​ខ្សែ ចាប់ពី​ថ្ងៃ​ទី​១២​រហូត​ដល់​ថ្ងៃ​ទី​១៨​ខែ​មេសា​។ ក្រោយ​ថ្ងៃ​ទី​១៨​ខែ​មេសា យើង​បិទ​ពី​គន្លង​សិន ដើម្បី​ទុក​ឱកាស​ឲ្យ​ក្រុមហ៊ុន​បង្ហើយ​ការងារ ហើយ​បើក​ពីរ​គន្លង ឲ្យ​ដំណើរការ​ផ្លាស់ប្តូរ​គ្នា រហូត​ដល់​ថ្ងៃ​ទី​១០​ខែ​ឧសភា ទើប​យើង​អនុញ្ញាត​ឲ្យ​ដំណើរការ​ជា​ធម្មតា ។ ស្ពាន​នេះ ជា​គម្រោង​ក្រវាត់ក្រុង​ទី​២ ដោយ​ថវិកា​សាងសង់​ស្ពាន​និង​ថ្នល់ ប្រើ​ថវិកា​អស់​៦១​លាន​ដុល្លារ ជា​សម្បទាន​ពី​រដ្ឋាភិបាល​ចិន និង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល ។​

​លោក​រដ្ឋមន្ត្រី បានបញ្ជាក់​ថា “​ខ្ញុំ​សូម​យក​ឱកាស​នេះ​សុំ​ទោស​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​គ្រោះថ្នាក់​ចរាចរ នៅលើ​ផ្លូវ​ដែល​កំពុង​សាងសង់​នេះ​ដែរ ដោយសារ​តែ​បង្គោល​ភ្លើង​ធំៗ​មិនទាន់​ដោះចេញ​នៅឡើយ​។ យើង​បាន​ពិភាក្សា​ជាមួយ​អគ្គិសនី​កម្ពុជា ដោយ​អគ្គិសនី​កម្ពុជា​បាន​សន្យា​នឹង​ធ្វើការ​ដោះ​បង្គោល​ភ្លើង​ចេញពី​ផ្លូវ​ក្រវាត់ក្រុង​ទី​២ ក្នុង​ចន្លោះ​ខែ​មេសា រហូតដល់​ខែ​មិថុនា ។ លោក​ថា បង្គោល​ភ្លើង​នេះ​មិនមែន​នៅ​កណ្តាលផ្លូវ​ទេ បង្គោល​ភ្លើង​នេះ​សាងសង់​ជា​យូរ​មក​ហើយ នៅ​កៀក​ផ្លូវ​នៅ​ឡើយ​ទេ ដែល​កាលណោះ​ផ្លូវ​មាន​តែ​ពីរ​គន្លង​ទេ ប៉ុន្តែ​ដល់​ពេល​យើង​ពង្រីក​ផ្លូវ​ឡើង​ដល់​៤​គន្លង ធ្វើឲ្យ​បង្គោល​ភ្លើង​ទៅ​ជា​នៅ​ចំ​កណ្តាល​ផ្លូវ​វិញ​។ ចុះ​ហេតុអ្វី​ជា​យើង​មិនទាន់​ដោះ​បង្គោល​ភ្លើង​ចេញ ដោយសារតែ​មិន​ទាន់​កាត់​ខ្សែភ្លើង​ចេញ ដូច្នេះ​អគ្គិសនី​ត្រូវការ​ពេលវេលា​ដាក់​ខ្សែភ្លើង​ថ្មី​បង្កប់​ក្រោម​ដី ជំនួស​ខ្សែភ្លើង​ចាស់​ឲ្យបាន​ចប់​រួចរាល់ ទើប​អាច​កាត់​ខ្សែភ្លើង​ចាស់​បាន ដែល​នេះ​ជា​បញ្ហា ។ លោក​រដ្ឋមន្ត្រី ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​តាមផ្លូវ​ក្រវាត់ក្រុង​ទី​២​នេះ សូមមេត្តា​ប្រយ័ត្នប្រយែង និង​មាន​ការដាក់​ចំណាំង​ផ្លាត ឲ្យ​បងប្អូន​បាន​មើលឃើញ នៅពេល​យប់ ។​

​សូម​សម្រាប​ថា ស្ពាន​អាកាស​ផ្សារ​ដី​ហុយ បាន​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​កាលពី ចុងខែ​សីហា​២០១៦ ហើយ​បាន​បញ្ចប់ និង​ដាក់ឲ្យ​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន នៅ​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០១៨៕

 

Loading...