​ស្ត្រី​ទេសចរ​ជនជាតិ​តៃវ៉ាន់​ម្នាក់ បាន​កំពុង​ប្រយុទ្ធ​តតាំង​នឹង​ជីវិត​នៅឯ​មន្ទីរពេទ្យ Kuala Lumpur បន្ទាប់ពី​ត្រូវបាន​ចោរឆក់​កាបូប​នៅ​ជិត Masjid Negara ខណៈ​ព្យាយាម​គ្រប់គ្រង​ទ្រព្យសម្បត្តិ​របស់​នាង​ពី​ចោរ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ដួល​បោក​ក្បាល​នឹង​កម្រាល​ខឿន​ចិញ្ចើមផ្លូវ​ពោរពេញ​ដោយ​ថ្លុកឈាម​គួរ​ឲ្យ​អាសូរ ។​

​ប៉ូលីស​ស្រុក Dang Wangi បាន​ឲ្យ​ដឹងថា ស្ត្រី​ទេសចរ​តៃ​វាន់​ដែលមាន​ឈ្មោះ Liu Ling អាយុ ៥៥ ឆ្នាំ ទើបតែ​បាន​ចាក​ចេញពី​សារមន្ទីរ​សិល្បៈ​អ៊ិ​ស្លាម និង​កំពុង​ឆ្ពោះទៅកាន់ Masjid Negara នៅពេលនោះ​នាង​បាន​ជួប​ហេតុការណ៍​នេះ​នៅវេលា​ម៉ោង ១២ ថ្ងៃត្រង់ ។​

​ស្ត្រី​រងគ្រោះ​កំពុងធ្វើដំណើរ​នៅលើ​ផ្លូវ​ថ្មើរជើង នៅពេលនោះ​ចោរ​ម្នាក់​បាន​ជិះ​ម៉ូតូ​ដេញតាម និង​ធ្វើ​សកម្មភាព​ឆក់​កា​បូក​ពីក្រោយ​នាង​តែម្តង ។ ជនរងគ្រោះ​បាន​បាត់បង់​ជំហរ និង​ដួល​បោក​ក្បាល​ទៅនឹង​កម្រាល​ថ្ម បណ្តាល​ឲ្យ​រងរបួស​ក្បាល​ទំហំ ៤ សង់ទីម៉ែត្រ នៅ​ផ្នែក​ខាងស្តាំ​ក្បាល​របស់​នាង ។​

​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ បាន​និយាយថា ដោយ​ឃើញ​ជនរងគ្រោះ​ពោរពេញ​ដោយ​ឈាម ជនសង្ស័យ​បាន​រត់គេចខ្លួន​ពី​កន្លែងកើតហេតុ​តែម្តង ។ ចំណែក​ស្ត្រី​រងគ្រោះ​ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ទូទៅ Kuala Lumpur ។

​ប៉ូលីស​បញ្ជាក់ថា ជនរងគ្រោះ​ត្រូវបានធ្វើ​ការវះកាត់ ប៉ុន្តែ នៅតែ​សន្លប់ ។ បច្ចុប្បន្ន នាង​នៅតែ​ភ្ជាប់​ម៉ាស៊ីន​អុកស៊ីហ្សែន ខណៈ​ខាង​ក្រុមគ្រូពេទ្យ​កំពុង​រៀបចំ​ស្កេ​ន​កាំរស្មី X-ray និង CT សម្រាប់​ជនរងគ្រោះ ។ នេះ​ជា​ករណី​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​មួយ ដែល​យើង​គ្រប់គ្នា​ត្រូវ​ប្រុងប្រយ័ត្ន​ខ្លួន​ជានិច្ច ខណៈពេល​ធ្វើដំណើរ ជាពិសេស​នៅ​ទីកន្លែង​ស្ងាត់ ៕

Loading...