អាជ្ញាធរកម្ពុជាទើប​តែ​​បានបណ្ដេញ​​ជនជាតិ​វៀតណាម​ប្រុស​ស្រី​ចំនួន​២២​នាក់ចេញ​ពី​ប្រទេស កាល​ពី​ថ្ងៃទី​១៨​ខែ​មេសា​កន្លង​ទៅ ក្រោយ​ពី​រក​ឃើញ​ថា ជនជាតិ​វៀតណាម​ទាំង​​នោះ ចូល​មក​រស់​នៅ​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយខុស​ច្បាប់​។ សូម​ជម្រាប​ជូនថា ចាប់​តាំង​ពី​ឆ្នាំ​២០១៤​មក អាជ្ញាធរ​កម្ពុជា​បាន​បើក​យុទ្ធនាការ​ក្ដៅ​គគុក ដើម្បី​ស្វែង​រក​និង​ចាប់​បញ្ជូន​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ចេញ​ពី​កម្ពុជា​​​។ គិត​ត្រឹម​រយៈ​ពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​​ជន​អន្តោ​ប្រវេសន៍​រស់​ខុស​ច្បាប់​ជាង​២​ម៉ឺន​នាក់​ហើយ​ដែល​ត្រូវ​បាន​បញ្ជូន​ចេញ​ពី​កម្ពុជា។ បើ​តាម​អាជ្ញាធរ ក្នុង​ចំណោម​ពួក​ជាង​២​ម៉ឺន​នាក់​នេះ ៩០ភាគរយ​គឺ​ជា​ជន​វៀត​ណាម។

លោក កែវ សារិន ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ គូស​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ជន​អន្តោប្រវេសន៍​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ទាំង​ជាង​២ម៉ឺន​នាក់​នេះ​មិន​អាច​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​បាន​ឡើយ។ មិន​អាច​វិល​ចូល​បាន ព្រោះ​សមត្ថកិច្ច​បាន​បង្កើន​ការ​ប្រុងប្រយ័ត្ន​នៅ​តាម​ច្រក​អន្តរ​ជាតិ និង​ច្រក​របៀ​ង ដើម្បី​ទប់​ស្កាត់​ការ​លួច​ចូល​ដោយ​ខុស​ច្បាប់។ ក្នុង​ករណី​លួច​ចូល​មក​កម្ពុជា​​ជា​ថ្មី​ ពួក​គេ​នឹងត្រូវ​ប្រឈម​នឹង​ការ​ជាប់​ទោស​មុន​បញ្ជូន​ត្រឡប់​ទៅ​ប្រទេសកំណើត​ម្ដង​ទៀត។

​បើ​តាម​មន្ត្រី​ដដែល​ការ​ចាប់​បញ្ជូន​ជន​អន្តោប្រវេសន៍​ទាំង​នេះ ចេញ​ពី​កម្ពុជា​ធ្វើ​ឡើង​ដោយ​​សារ​តែ​ពួក​គេ​កាន់​កាប់​ឯកសារ​រដ្ឋបាល​មិន​ប្រក្រតី​​៧​ប្រភេទ រួមមាន៖ ​សៀវភៅ​ស្នាក់​នៅ សៀវភៅ​គ្រួសារ សំ​បុត្រ​កំណើត សំបុត្រ​អាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ លិខិត​ឆ្លង​ដែន និង​បណ្ណ​សម្គាល់​កម្មសិទ្ធិ​អចលនវត្ថុ។ លោក កែវ សារិន គូស​បញ្ជាក់ថា ប្រតិបត្តការ​ត្រួត​ពិនិត្យ​របស់​សមត្ថកិច្ច ត្រូវ​អនុវត្ត​ជា​ប្រចាំ នៅ​ទូទាំង​ប្រទេស​កម្ពុជាដើម្បី​លុប​បំ​បា​ត់អន្តោ​ប្រវេសន៍​រស់​នៅ​ខុស​ច្បាប់។

សូម​ជម្រាប​ជូន​ថា ការ​បណ្តេញ​ជន​បរទេស​ខុស​ច្បាប់​ពី​ប្រទេស​កម្ពុជា​នៅ​ក្នុង​ឆ្នាំ២០១៧​វិញ មានចំនួន ១.៨៨៥នាក់ មាន៤៧សញ្ជាតិ ក្នុងនោះជនជាតិវៀតណាម មាន ចំនួន ច្រើនជាងគេ គឺដល់ទៅ៩១៧នាក់ ចិន៥៩៨នាក់ នីហ្សេរីយ៉ា១៥៥នាក់ ឥណ្ឌា ៣១នាក់ តៃ វ៉ាន់៣១នាក់ កូរ៉េខាងត្បូង១៥នាក់ អង់គ្លេស១៤នាក់ អាមេរិក១៣នាក់ និង ហ្វីលី ពីន ១២នាក់ជាដើម។ របាយការណ៍​របស់​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍​នៃ​ក្រសួង មហាផ្ទៃ បង្ហាញថា បច្ចុប្បន្ន​ជន​បរទេស​អន្តោប្រវេសន៍​ដែល​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជាមាន​ចំនួន​ជាង​១៧​ម៉ឺន​នាក់ ។ ក្នុង​នោះ​អ្នក​កាន់​ឯកសារ​មិន​ប្រក្រតី​មាន​ជាង​៧​ម៉ឺន​នាក់​៕ ប្រភព៖ RFI

Loading...