ភ្នំពេញ —សត្វ​ផ្សោត​ក្នុង​ទន្លេ​មេគង្គ​ផ្នែក​ខាង​លើ​របស់​កម្ពុជា​ ​ដែល​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ប្រកាស​អាសន្ន​ជិត​ផុតពូជ​ ​ទើប​បាន​ស្គាល់​ចំនួន​នៃ​ការ​កើន​ឡើង​ជា​លើក​ដំបូង​ក្នុង​រយៈពេល​២០ឆ្នាំ​ចុង​ក្រោយ​នេះ​ ទៅ​ដល់​ចំនួន​៩២​ក្បាល​នា​ពេល​ថ្មីៗ​នេះ។​ ​នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ការិយាល័យ​ប្រចាំ​ប្រទេស​កម្ពុជា​ ​នៃ​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធាន​ធម្ម​ជាតិ ​WWF។



នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ ​WWF​ ​ដែល​បាន​ធ្វើ​អង្កេត​រួម​ជាមួយ​ស្ថាប័ន​ពាក់​ព័ន្ធ​ក្នុង​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​បាន​រាយការណ៍​ថា​ ​ចំនួន​សត្វ​ផ្សោត​នៅ​ក្នុង​ទន្លេ​មេគង្គ​ គិត​ពី​ភូមិ​សាស្ត្រ​ក្នុង​ទី​រួម​ខេត្ត​ក្រចេះ​ឡើង​ទៅ​ដល់​ទឹក​ធ្លាក់​ល្បាក់ខោន​ក្នុង​ខេត្ត​ស្ទឹងត្រែង​ជាប់​ព្រំដែន​ឡាវ​ ​មាន​ការ​កើន​ឡើង​ចំនួន​១២​ក្បាល​ ​ពី​ចំនួន​៨០​ក្បាល​ក្នុង​ឆ្នាំ​២០១៥​ ​មក​ដល់​ចំនួន​៩២​ក្បាល​ ​ក្នុង​ឆ្នាំ​២០១៧​ ដែល​ការ​កើន​ឡើង​នេះ​មាន​អត្រា​ប្រមាណ​ ១០ភាគរយ។

ការ​កើន​ឡើង​នៃ​ចំនួន​សត្វ​ផ្សោត​ក្នុង​អាង​ទន្លេ​មេគង្គ​កម្ពុជា​ផ្នែក​ខាង​លើ​នេះ​ ​ត្រូវ​បាន​ ​WWF​ ​ឱ្យ​ដឹង​ថា​ បណ្ដាល​មក​ពី​ប្រសិទ្ធភាព​នៃ​ការ​កាត់​បន្ថយ​កត្តា​ប្រឈម​ធំ​ចម្បង​នៃ​ការ​រស់​រាន​មាន​ជីវិត​របស់​ថនិកសត្វ​ដែល​រស់​នៅ​ក្នុង​ទឹក​មួយ​នេះ​ ​រួម​មាន​ការ​ចាត់​វិធានការ​បង្ក្រាប​លើ​ការ​នេសាទ​ខុស​ច្បាប់​ ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ផ្សោត​ជា​ដើម។​អង្គការ​អភិរក្ស និង​គាំពារ​សត្វ​ព្រៃ​ខាង​លើ បាន​ចាត់​ទុក​សុខុមាលភាព​របស់​សត្វ​ផ្សោត​ថា​ជា​សូចនាករ​មួយ​ដ៏​សំខាន់​ ក្នុង​ការ​ចង្អុល​វាស់​នូវ​ស្ថិរភាព និង​ស្ថានភាព​ជីវចម្រុះ ក្នុង​អាង​ទន្លេ​មេគង្គ​កម្ពុជា ដែល​ជា​ប្រភព​ផ្ដល់​ជីវិត និង​អាហារ​ដ៏​សំខាន់​ដល់​ប្រជា​ជន​ខ្មែរ​រាប់​លាន​នាក់។

ទិន្នន័យ​សត្វ​ផ្សោត​នៅ​ប្រទេស​កម្ពុជា​គិត​ពី​ឆ្នាំ​១៩៩៧ ​ដល់​ឆ្នាំ​២០១៧។ ​(ក្រាហ្វិក៖ WWF)

លោក​ ​សេង ទៀក​ ​នាយក​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​អង្គការ ​WWF បាន​ប្រាប់​ VOA​ ​កាល​ពីរ​រសៀល​ថ្ងៃ​ចន្ទ​ថា និន្នាការ​វិជ្ជ​មាន​នៃ​កំណើន​ចំនួន​សត្វ​ផ្សោត​នេះ ​បាន​ផ្ដល់​ជា​ក្ដី​សង្ឃឹម​ទៅ​ដល់​អនាគត​នៃ​ការ​រស់​រាន​មាន​ជីវិត​របស់​សត្វ​ដែល​កំពុង​រង​គ្រោះ​ជិត​ផុតពូជ​មួយ​ប្រភេទ​នេះ។

«ខ្ញុំ​មាន​សុទិដ្ឋិនិយម​ច្រើន ផ្អែក​ទៅ​លើ​សញ្ញាណ​វិជ្ជមាន​ដែល​ចេញ​នៅ​ក្នុង​ឆ្នាំ​២០១៧ ជា​សញ្ញាណ​មួយ​វិជ្ជមាន និង​ផ្ដល់​នូវ​ក្ដី​សង្ឃឹម​ដល់​យើង​គ្រប់​គ្នា ជា​ពិសេស​ផ្ដល់​នូវ​កម្លាំង​ចិត្ត​ដ៏​ធំ​ធេង​មួយ​ដល់​មន្ត្រី​រដ្ឋបាល​ជលផល ឆ្មាំ​ទន្លេ និង​ដៃ​គូ​នៅ​ថ្នាក់​ក្រោម​ជាតិ និង​ថ្នាក់​ជាតិ​ទាំង​អស់ អំពី​ព័ត៌មាន​ល្អ​ដែល​ជា​លើក​ទី​មួយ​ហើយ​ចំនួន​ផ្សោត​មាន​ការ​កើន​ឡើង​ជាង​១០%»។

លោក​ ​អេង ជាសាន​ ​ប្រធាន​រដ្ឋបាល​ជលផល ដែល​ជា​សេនាធិការ​របស់​រដ្ឋាភិបាល​លើ​វិស័យ​ជលផល បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ដែរ​ថា​ សត្វ​ផ្សោត​ជា«រតនសម្បត្តិ​ជាតិ​មាន​ជីវិត»​របស់​ប្រទេស​កម្ពុជា និង​បាន​បន្ថែម​ថា​ កំណើន​នៃ​ចំនួន​សត្វ​ផ្សោត​នេះ​បង្ហាញ​ពី​លទ្ធផល​នៃ​ការ​សហការ​អភិរក្ស​ជា​មួយ​ភាគី​នានា។

លោក​ប្រធាន​រដ្ឋបាល​ជលផល​បាន​និយាយ​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖

«ពួក​យើង​នឹង​បន្ត​កិច្ច​ខិតខំ​ប្រឹង​ប្រែង​អភិរក្ស​នេះ ដើម្បី​ស្ដារ​ចំនួន​សត្វ​ផ្សោត​ឡើង​វិញ ដោយ​លុបបំបាត់​រាល់​ការ​គំរាមកំហែង​នានា​ ចំពោះ​ភាព​រស់​រាន​មាន​ជីវិត​របស់​សត្វ​ផ្សោត»។

ក្រៅ​តែ​ដំណឹង«ដ៏​ល្អ»​នៃ​ការ​កើន​ឡើង​នេះ WWF ក៏​បាន​ដាក់​ការ​ប្រុង​ប្រយ័ត្ន​ថា​វា«មិន​ទាន់​ដល់​ពេលដើម្បី​សប្បាយ​រីក​រាយ​នៅ​ឡើយ​ទេ» ដ្បិត​អី​កិច្ច​ការពារ​សត្វ​ផ្សោត ដែល​បាន​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជា​បន្ត​បន្ទាប់​ទៅ​ទស្សនា​ប៉ែក​ឦសាន​កម្ពុជា ត្រូវ​ការកិច្ច​ខិតខំ​ប្រឹង​ប្រែង និង​កិច្ច​សហការ​ជា​ច្រើន​ទៀត​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ។

បើ​តាម​លោក​ ​សេង ទៀក​ ​បញ្ហា​ប្រឈម​មួយ​ទៀត​នៃ​ការ​សាង​សង់​ទំនប់​វារីអគ្គិសនី​កាត់​ទទឹង​ទន្លេ​មេគង្គ ក៏​អាច​ផ្ដល់​ជា​ការ​គំរាមកំហែង​ដល់​បរិស្ថាន​រស់​នៅ​ក្នុង​ផ្ទៃ​ទន្លេ​របស់​សត្វ​ផ្សោត​ ដែល​រស់​នៅ​ក្នុង​ជម្រក​របស់​ពួក​វា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។

​នាយក​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​អង្គការ ​WWF រូប​នេះ បាន​ប្រាប់ ​VOA តាម​ទូរស័ព្ទ​ថា៖

«កត្តា​មួយ​ចំនួន​ដែល​បាន​លើក​ឡើង​អំពី​ផែនការ​នៃ​ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​នៅ​តាម​ដង​ទន្លេ​មេគង្គ​ហ្នឹង ​ក៏​ជា​កត្តា​មួយ​ដែល​មាន​ការ​បារម្ភ​ច្រើន​ទៅ​លើ​ការ​រស់​នៅ​របស់​សត្វ​ផ្សោត​ផង​ដែរ​នៅ​ក្នុង​ហ្នឹង។ អ៊ីចឹង​ទេ ទាមទារ​ឱ្យ​មាន​ការ​ពិនិត្យ​មើល [​និង​វាយ​តម្លៃ​] ​ឱ្យ​បាន​ម៉ត់ចត់​បំផុត​ទៅ​លើ​ផល​ប៉ះពាល់​មួយ​ចំនួន ដែល​បណ្ដាល​មកពី​ការ​សាង​សង់​វារីអគ្គិសនី​នៅ​តាម​ដងទន្លេ​មេគង្គ​មេ​ហ្នឹង​ជា​ដើម ដែល​ជាទី​កន្លែង​ដ៏​សំខាន់​ដល់​ការ​រស់​នៅ​របស់​ផ្សោត និង​ជា​ធនធាន​មួយ​ដ៏​សំខាន់​សម្រាប់​ជា Food Security (សន្តិសុខ​ស្បៀង) ​របស់​ប្រជាជន​យើង​ផងដែរ»។​

មាន​ក្ដី​ព្រួយ​បារម្ភ​នានា​ទាក់​ទង​នឹង​តម្លៃ​ ដែល​ត្រូវ​បង់​ប៉ះប៉ូវ​នៃ​ផល​ប៉ះពាល់​បណ្ដាល​មកពី​ការ​សាង​សង់​ជា​បន្ត​បន្ទាប់​នៃ​ទំនប់​វារីអគ្គិសនី​នៅ​ផ្ទៃ​ទន្លេ​មេគង្គ និង​ដៃ​របស់​ទន្លេ​ដ៏​វែង​មួយ​នេះ​ ​ជា​ពិសេស​គម្រោង​វារីអគ្គិសនី​ ​ក្នុង​ស្រុក​សំបូរ ក្នុង​ខេត្ត​ក្រចេះ​ ​ដែល​មាន​ទី​តាំងភូមិ​សាស្ត្រ​ស្ថិត​នៅ​ចំកណ្ដាល​នៃ​តំបន់​អង្កេត​ជម្រក​សត្វ​ផ្សោត​ក្នុង​ទន្លេ​មេគង្គ​កម្ពុជា​តែម្ដង។

ក្នុង​ពីរ​ទសវត្សរ៍​ចុង​ក្រោយ​ចាប់​តាំង​ពី​ចាប់​ផ្ដើម​អង្កេត​ជា​ផ្លូវ​ការ​ ​ចំនួន​សត្វ​ផ្សោត​ជាទូទៅ​មាន​ការ​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់​ ​ពី​ចំនួន​២០០​ក្បាល ក្នុង​ឆ្នាំ​១៩៩៧ មក​ត្រឹម​ចំនួន​៨៥​ក្បាល​ក្នុង​ឆ្នាំ​២០១០ និង​ចំនួន​៨០​ក្បាល​ក្នុង​ឆ្នាំ​២០១៥ មុន​នឹង​មាន​ការ​កើន​ឡើង​វិញ​នៅ​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ។ ​នេះ​បើ​យោង​តាម​ WWF។

បច្ចេកទេស​នៃ​ការ​រាប់​ចំនួន​សត្វ​ផ្សោត​ ​ត្រូវ​បាន​ WWF ​ប្រាប់​ឱ្យ​ដឹង​ថា​ ​ធ្វើ​ឡើង​ដោយ​មាន​ការ​រៀបចំ​ក្រុម​ការងារ​ថតរូប​ថនិកសត្វ​ដ៏​កម្រ​មួយ​ប្រភេទ​នេះ យក​មក​ធ្វើ​ការ​ប្រៀបធៀប​សញ្ញា​សម្គាល់​ដែល​គេ​ដាក់​លើ​ខ្នង និង​ព្រុយខ្នង​របស់​ពួក​វា និង​ផ្គូផ្គង​ជាមួយ​នឹង​ទិន្នន័យ​តួ​លេខ​នៃ​សត្វ​ផ្សោត​ ដែល​មាន​ស្រាប់​ ​និង​បាន​ធ្វើ​កំណត់​សម្គាល់​រួច​ហើយ៕ ប្រភព៖ VOA