ភ្នំពេញ —ព្រះ​មហាក្សត្រ​ខ្មែរ​ ​ព្រះករុណា​ព្រះ​បាទ​ នរោត្តម សីហមុនី​ ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ ​មាន​ព្រះរាជឱង្ការ ​ជំរុញ​ឲ្យព្រឹទ្ធសភាក្នុង​នីតិកាល​ថ្មី ធានា​នូវ​ការ​ការពារ​យុត្តិធម៌​ ​គោរព​សិទ្ធិមនុស្ស​ ​និង​គោរព​រដ្ឋធម្មនុញ្ញ​កម្ពុជា​ ​ដើម្បី​បង្កើត​ភាព​សុខដុមរមនា​យូរ​អង្វែង​ក្នុង​សង្គម​និង​ជាតិ​ខ្មែរ។

​រាជឱង្ការ​បែប​នេះ​របស់​អង្គ​ព្រះ​មហា​ក្សត្រ​ធ្វើឡើង​ ក្នុង​ឱកាស​ដែល​ព្រះអង្គ​យាង​បើក​សម័យ​ប្រជុំ​លើកទី១​របស់​ព្រឹទ្ធ​សភា​ ​នីតិកាល​ទី៤​ ​បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​ប្រមូល​យក​កៅអី​ទាំងអស់​ក្នុង​ព្រឹទ្ធសភា​ ក្រោយ​ពី​ការ​បោះឆ្នោត​ព្រឹទ្ធសភា​នៅ​ខែ​កុម្ភៈ ដោយ​បាន​ប្រែក្លាយ​ស្ថាប័នជាតិ​កំពូល​មួយ​នេះ ​ជា​ព្រឹទ្ធសភាស្ទើរតែ​ឯក​បក្ស។

ព្រះ​មហាក្សត្រ​មាន​ព្រះ​រាជឱង្ការ​ថា​ ​នា​ពេល​បច្ចុប្បន្ន​ ​កំណែ​ទម្រង់​រដ្ឋ​ដ៏​ស៊ី​ជម្រៅ​ ​និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ ​តម្រូវ​ឲ្យ​មាន​ច្បាប់​ ​ព្រមទាំង​ការ​គោរព​ ​និង​ប្រតិបត្តិ​ច្បាប់​ឲ្យ​បាន​ល្អ​ប្រពៃ​ ​ដែល​ជា​គន្លឹះ​សំខាន់​សម្រាប់​ទ្រទ្រង់​ស្ថិរភាព​សង្គម​ ​សន្តិភាព​ ​ការ​អភិវឌ្ឍ​ ​និង​ការ​ថែរក្សា​ការពារ​ឯករាជ្យ​ ​និង​អធិបតេយ្យ​ភាពផ្សេងៗ។

ព្រះ​អង្គ​មាន​ព្រះ​រាជឱង្ការ​បន្ថែម​ថា​ ​ក្នុង​បរិបទ​នេះ​ ​ព្រឹទ្ធសភា​បាន​និង​កំពុង​រួម​ចំណែក​ជាមួយ​រដ្ឋសភា​ក្នុងការ​កសាង​ច្បាប់​ឲ្យ​បាន​កាន់​តែ​ល្អ​ប្រសើរ ដើម្បី​ឆ្លើយតប​ឲ្យ​បានទាន់​ពេល​វេលា​ទៅ​នឹង​តម្រូវ​ការ​រួម​របស់​ប្រជាពលរដ្ឋ​ ​និង​ជាតិទាំងមូល។​

ព្រះ​អង្គ ​ក៏​មាន​ព្រះ​រាជឱង្ការ​ ជំរុញ​ឲ្យ​ព្រឹទ្ធសភា​ត្រូវ​ការពារ​យុត្តិធម៌​ ​គោរព​សិទ្ធិមនុស្ស​ ​និង​គោរព​តាម​រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា​ ​ដើម្បី​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​ប្រជាជាតិ​ដែល​ចង់​បាន​ព្រឹទ្ធសភាប្រកប​ដោយ​មនសិការទទួល​ខុសត្រូវ​ខ្ពស់។

ព្រះ​អង្គ​មាន​ព្រះ​រាជឱង្ការ​ថា៖

«ខ្ញុំ​សូម​សមាជិក​ ​សមាជិកា​ព្រឹទ្ធសភា​ខិតខំ​បំពេញ​ការងារ​ ថែរក្សា​វិន័យ​ ​គោរព​បទបញ្ជា​ ​និង​ក្រម​សីលធម៌​សមាជិក​ព្រឹទ្ធសភា​ឲ្យ​បាន​ខ្ពស់​ជាប់​ជានិច្ច​ ​ព្រមទាំង​គោរព​ដោយ​ត្រឹមត្រូវ​តាម​រដ្ឋ​ធម្មនុញ្ញ​ ច្បាប់​ជា​ធរមាន​របស់​រដ្ឋ ដើម្បី​បំពេញ​ និង​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​ប្រជា​ជាតិ​យើង​ ​ដែល​ប្រាថ្នា​ចង់​បាន​ព្រឹទ្ធសភា​ប្រកប​ដោយ​មនសិការ​ទទួល​ខុស​ត្រូវ និង​មាន​ប្រសិទ្ធភាព​ខ្ពស់»។

ព្រះ​មហាក្សត្រ​ មាន​ព្រះ​រាជបន្ទូល​បន្ថែម​ថា​ ​ឈរ​លើ​ភាព​ជា​តំណាង​ផ្ទាល់​របស់​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ព្រឹទ្ធសភា​ត្រូវ​ខិត​ខំ​រួមចំណែក​ជំរុញ​ឲ្យ​ការ​អនុវត្ត​គោល​នយោបាយ​វិមជ្ឈការ​ ​និង​វិសហមជ្ឈការនៅ​កម្ពុជា​ ​កាន់​តែ​មាន​សន្ទុះ​រីក​ចម្រើន​ថែមទៀត​ ​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ ​និង​ការ​គ្រប់​គ្រង​សេដ្ឋកិច្ចសង្គម​ ​វប្បធម៌​ ​ប្រព្រឹត្ត​ទៅ​ដោយ​សមធម៌​ ​មាន​តម្លាភាព​ ​និង​គណនេយ្យភាព​ក្នុង​ក្រប​ខណ្ឌ​អភិបាល​កិច្ច​ល្អ​ និង​នីតិរដ្ឋ​ពិត​ប្រាកដ។

លោក​ ​ម៉ម ប៊ុននាង​ ​អ្នក​នាំពាក្យ​ព្រឹទ្ធសភា​ ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ ​ដោយ​បញ្ជាក់​ថា ​លោក​កំពុង​ជាប់​រវល់​នៅ​ព្រះបរមរាជវាំង។​

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ​ព្រឹទ្ធសភា​កម្ពុជា​នីតិកាល​ទី​៤​ ​បាន​បើកសម័យ​ប្រជុំ​ពេញ​អង្គ​របស់​ខ្លួន​លើកទី១​ និង​ប្រកាស​ទទួល​យក​ពេញ​សិទ្ធិ​នូវ​សមាជិក​ ​ដែល​តែង​តាំង​ដោយ​ព្រះ​មហាក្សត្រ​ ​និង​រដ្ឋសភា​ជាតិ។

ដោយ​មិន​មាន​សំឡេង​ជំទាស់​ ​សមាជិក​ព្រឹទ្ធសភា​ទាំង​៦២​រូប​ ក៏​បាន​បោះឆ្នោត​ជ្រើស​តាំង​ ​លោក​ ​សាយ ឈុំ​ ​អនុ​ប្រធាន​គណបក្ស​កាន់​អំណាច​ ​ជា​ប្រធាន​ព្រឹទ្ធសភា​ លោក​ ​ណៃ ប៉េណា​ ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​អនុ​ប្រធាន​ទី១​ ​និង​ ​លោក​ ​ទេព ងន ​មក​ពី​បក្ស​កាន់​អំណាច​ដដែល​ជា​អនុប្រធាន​ទី២។

ការ​បោះឆ្នោត​ព្រឹទ្ធសភា​ ​សម្រាប់​នីតិកាល​ទី​៤​ ​កាលពី​ខែ​កុម្ភៈ​ ​ឆ្នាំ​២០១៨​ ​បាន​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​ចូល​រួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​ជា​គូរ​ប្រជែង​ដ៏​សំខាន់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច។

​ជា​លទ្ធផល​ ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ទាំងស្រុង​ ​ហើយ​នឹង​ទទួល​បាន​អាសនៈ​ទាំង​៥៨​ ក្នុង​ចំណោម​អាសនៈ​ទាំង​៦២​ នៃ​សមាជិក​ព្រឹទ្ធសភា​សរុប​ក្នុង​អាណត្តិ​ថ្មី​ ​ដែល​បាន​ដាក់​ឲ្យ​ប្រកួត​ប្រជែង។​ ​អាសនៈ៤​ទៀត​ ​ត្រូវ​បាន​តែង​តាំង​ដោយ​ព្រះ​មហាក្សត្រ​និង​រដ្ឋសភា។

លោក​ ​មាស នី​ ​អ្នក​សិក្សា​ពី​ការ​អភិវឌ្ឍ​សង្គម​ ​និង​ជា​អ្នកវិភាគ​នយោបាយ​ឯករាជ្យបដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ព្រះ​រាជបន្ទូល​របស់​ព្រះ​មហាក្សត្រ។

​ទោះ​យ៉ាង​ណា​ លោក​ប្រាប់​ ​VOA​ នា​រសៀល​ថ្ងៃ​ចន្ទ​នេះ​ថា​ ​ព្រះ​រាជបន្ទូល​របស់​ព្រះ​មហាក្សត្រ​ ​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ស្ថាន​ការណ៍​នយោបាយ​នៅកម្ពុជា។

លោក​មាន​ប្រសាសន៍​ថា៖

«ខ្ញុំ​គិត​ថា​ អ្វី​ដែល​ព្រះ​អង្គលើក​ឡើង​ ​បាន​ន័យ​ថា​ ព្រះ​អង្គ​បាន​ឈ្វេង​យល់​ ​ទៅ​លើ​ស្ថាន​ការណ៍​នយោបាយ​បច្ចុប្បន្ន​ ​ទោះបីជា​ព្រះអង្គ​មិន​ធ្លាប់​មាន​បញ្ចេញ​នូវ​ព្រះ​ឱង្ការ​យ៉ាង​ម៉េច​ក៏​ដោយ​ ​ប៉ុន្តែ​ខ្ញុំ​ជឿ​ថា ​អ្វី​ដែល​ព្រះ​អង្គ​លើក​ឡើង​ហ្នឹង​ ឆ្លុះ​បញ្ចាំង​ទៅ​លើ​ស្ថានការណ៍​វិវត្តន៍​នៃ​នយោបាយ​នៅ​ក្នុង​ប្រទេស​ខ្មែរ​ ​ជា​ពិសេស​ទាក់ទង​នឹងវិស័យ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ»។

​កាលពី​ដើម​ខែ​កញ្ញា​កន្លង​ទៅ​ លោក​ ​កឹម សុខា​ ​មេដឹកនាំ​គណបក្ស​ប្រឆាំង ត្រូវ​បាន​ចាប់​យក​ទៅ​ឃុំក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង ដោយ​រង​ការ​ចោទ​ពី​បទ​ក្បត់ជាតិ។

ក្រោយ​មក​ ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​អ្នក​បោះឆ្នោត​គាំទ្រ​ជាង​៤០​ភាគរយ​នៅ​ទូទាំង​ប្រទេស​ ​និង​មន្ត្រី​ជាន់ខ្ពស់​គណ​បក្ស​នេះ​ជាង​១០០​នាក់​ ​ត្រូវ​បាន​ព្យួរ​សិទ្ធិ​ធ្វើ​នយោបាយ​ម្នាក់ៗ​ចំនួន​៥​ឆ្នាំ​ ​ដោយ​តុលាការ​បាន​ចោទ​គណបក្ស​នេះ​ថា បាន​ឃុបឃិត​ជាមួយ​បរទេស​ ក្នុង​ការ​រៀប​គម្រោង​ផ្ដួល​រំលំ​រដ្ឋាភិបាល។

​ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​កៅអី​តំណាងរាស្ត្រ​រដ្ឋសភា​ចំនួន​៥៥​ ​និង​អាសនៈ​មន្ត្រី​ថ្នាក់​ឃុំ​សង្កាត់​របស់​គណបក្ស​នេះ​ចំនួន​ជាង​ ​៥ពាន់​ភាគ​ច្រើន ​ត្រូវ​ធ្លាក់​លើ​គណបក្ស​កាន់​អំណាច។​

​ក្រោយ​ការបោះឆ្នោត​ព្រឹទ្ធសភា​ដែលជាលទ្ធផល​គណបក្ស​ប្រជាជន​កម្ពុជា​ ​ក្លាយ​ជា​គណបក្ស​ដឹកនាំព្រឹទ្ធសភា​ដោយ​ឯក​បក្ស​ ​គេ​ឃើញ ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ព្រមទាំង​សភា​អឺរ៉ុប​ផង បាន​លើក​ឡើង​ថា​ ​ការ​បោះឆ្នោត​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​តាម​របៀប​មួយ​ ​«ដែល​មិន​ស្រប​នឹង​ដំណើរការ​ ​និង​គោលការណ៍​ប្រជាធិបតេយ្យ»​ ​នោះ​ទេ។​

ក្នុង​នោះ​គេ​ឃើញ​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​មួយ​ចំនួន​ ដូច​ជា​សហរដ្ឋ​អាមេរិក​ ​និង​សហភាព​អឺរ៉ុប​ ​បាន​ប្រកាស​ដក​ខ្លួន​ឈប់​គាំទ្រ​ដំណើរ​ការ​បោះឆ្នោត​នៅ​កម្ពុជា។ សហរដ្ឋ​អាមេរិក​ក៏​បាន​ប្រកាស​ផ្ដាច់​ជំនួយ​អភិវឌ្ឍន៍​ជា​ច្រើន​មក​កម្ពុជា​ ​ដោយ​ថា​រដ្ឋាភិបាល​កម្ពុជា ​បាន​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​ ​និង​មិន​អើពើ​ជុំវិញ​ការ​ទទូច​ឲ្យ​មាន​ការ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ។

កម្ពុជា​ ក៏​គ្រោង​ធ្វើ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ សម្រាប់​អាណត្តិ​ទី​៦ ​នៅ​ថ្ងៃ​ទី២៩ ​ខែ​កក្កដា​ខាង​មុខ។ ​ការ​បោះឆ្នោត​នេះ​ ​ត្រូវ​បាន​មតិ​អន្តរជាតិ​មើល​ឃើញ​ថា​ នឹង​មិន​ស្រប​តាម​គោល​ការណ៍​ប្រជាធិបតេយ្យ​ផង​ដែរ ​ប្រសិន​បក្ស​ប្រឆាំង​សង្គ្រោះ​ជាតិ​ មិន​បាន​ចូលរួម​នោះ៕ ប្រភព៖ VOA