ប្រមុខ​​​រដ្ឋាភិបាល​​កម្ពុជា​ លោក​ ហ៊ុន​ សែន​ បាន​​បញ្ជាក់​​ជា​​ថ្មី​​ម្តង​ទៀត​​ថា ​ការ​​បោះ​​ឆ្នោត​ជាតិ​​ឆ្នាំ​​២០១៨​ នឹង​​គ្មាន​​ការ​​ពន្យា​​ពេល​​នោះ​​ទេ​ ហើយ​ថា ​ក៏​គ្មាន«​អ្នក​ណា​ក្បាល​ប៉ាន​ដែកមកចាប់»​ខ្លួន​លោក​ ដោយសារ​តែ​លោកមិន​ព្រម​ពន្យា​ពេល​បោះឆ្នោត​នោះដែរ​។ ​ការ​​ប្រកាស​​របស់​​លោក​នាយករដ្ឋ​​មន្រ្តី​កម្ពុជា​នៅពេលនេះ ​គឺស្រប​ពេល​ដែល ​គណៈ​កម្មា​ធិការ​ជាតិ​​រៀប​​ចំ​ការ​​បោះឆ្នោត​​ចាប់​​ផ្តើម​​បើក​​ទ្វារ​​ទទួល​​ចុះ​​បញ្ជី​​គណ​បក្ស​នយោបាយ​ដើម្បី​ចូល​រួម​​ការ​​បោះឆ្នោត​នៅថ្ងៃ​ទី​២៩​​ខែ​កក្កដា​ខាង​មុខ​។​

ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​​និស្សិត​​នៅ​ថ្ងៃ​ចន្ទ​នេះ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​​អះអាង​ថា ​គណបក្ស​ប្រឆាំង​​មិន​អាច​​រស់​ឡើង​វិញ​​បាន​ទេ ហើយ​​ថា​​ដំណើរ​​ការ​​បោះ​ឆ្នោត​​នឹង​​ប្រព្រឹត្តិ​​ទៅ​​ដោយ​​មិន​មាន​​ការ​​ពន្យា​ពេល​នោះ​ដែរ។ លោក​​ប្រមុខ​​រដ្ឋាភិបាល​ក៏​អះអាង​ថា ការ​​ដែល​​លោក​មិន​ព្រម​​ពន្យា​ពេល​​បោះ​ឆ្នោត​នេះ ក៏​គ្មាន​«អ្នក​ណា​ក្បាល​​ប៉ាន​ដែក»​មក​​ចាប់​​ខ្លួន​​លោក​​​​​នោះ​ឡើយ។

ការ​​ប្រកាស​​របស់​លោកនាយក​រដ្ឋ​មន្រ្តី​កម្ពុជា​នៅ​ពេល​នេះ គឺ​ស្រប​ពេល​ដែល គណៈកម្មា​ធិការ​ជាតិ​​រៀប​​ចំ​​ការ​​បោះ​ឆ្នោត​​ចាប់​​ផ្តើម​​បើក​​ទ្វារ​​ទទួល​​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ចូលរួម​ការ​បោះឆ្នោតនៅ​ថ្ងៃ​ទី​២៩​​ខែ​កក្កដា​ខាង​មុខ។

​បើ​ទោះ​បី​ជា​មិន​ទាន់​ដឹង​ពី​ចំនួន​គណបក្ស​ដែល​​ចូល​រួម​ឈរ​ឈ្មោះ​​បោះ​ឆ្នោត​​នៅ​​អាណត្តិ​នេះ​ក៏​ដោយ​តែ លោក ហ៊ុន សែន សង្ឃឹម​ថា នឹង​មាន​គណបក្ស​​ច្រើន​​ចូល​​រួម​​ប្រកួត​ ខណៈ​លោក​ក៏​បាន​ការពារ​ចំពោះ​​ការ​​បង្កើត​​គណបក្ស​ថ្មី​ដើម្បី​​ចូល​រួម​​ការ​​បោះ​​ឆ្នោត​​​នេះ​ ដែល​គ្មាន​វត្តមាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ។

លោក ហ៊ុន សែន អះអាងទៀតថា អ្នកណាចូលរួមបោះឆ្នោត ឬមិនចូលរួមគឺជាសិទ្ធិ​របស់ពួកគេ។តែថារដ្ឋាភិបាលនឹងការពារដំណើរការបោះឆ្នោតមួយនេះ។

ជាមួយ​គ្នា​នេះ លោក សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស បាន​បន្ត​​សរសេរ​​​នៅ​​លើ​​ហ្វេសប៊ុក​របស់​​លោក​​ដោយ​អំពាវនាវ​សារ​ជា​​ថ្មី​ម្តង​ទៀត កុំ​ឲ្យ​ពលរដ្ឋ​​ទៅ​​បោះ​​ឆ្នោត​​ឲ្យ​​សោះ បើ​រដ្ឋ​អំណាច​សព្វ​ថ្ងៃ មិន​ឲ្យ គណបក្ស​សង្គ្រោះ​ជាតិ​មាន​ឈ្មោះ ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ។ អតីត​ប្រធាន​ប្រឆាំង​ដ៏​ធំ​ជាង​គេ​នេះ បាន​លើក​ឡើង​ទៀត​ថា គណបក្ស​​ដទៃ​ទៀត ដែល​មក​ចូល​រួម​ការ​បោះ​ឆ្នោត ដោយ​ឆ្លៀត​ឱកាស ពេល​មិន​មាន​វត្តមាន​​គណបក្ស​សង្គ្រោះ​ជាតិ គឺ​«គ្រាន់​តែ​មក លម្អ​ឆាក​ល្ខោន​ឲ្យ​របប​​ផ្តាច់​ការ​​រៀប​​ចំ​ការ​​បោះ​​ឆ្នោត​ក្លែង​ក្លាយ ដើម្បី​បន្ត​កាន់​អំណាច​របស់​ខ្លួន តែ​ប៉ុណ្ណោះ»៕ ប្រភព៖ RFI