ភ្នំពេញ —លោក សម រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ដែល​ត្រូវ​បាន​គេរំលាយ​ បាន​បន្ត​សុំ​ឲ្យ​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ដែល​ចាប់ផ្តើម​កើន​សំឡេង​ខ្លាំង​ក្នុងការ​បោះឆ្នោត​ជាតិឆ្នាំ​២០១៣​ កុំ​ទៅ​បោះឆ្នោត​ ហើយ​បោះ​ក្នុង​ចិត្ត​ដល់​គណបក្ស​ប្រឆាំង​សង្គ្រោះជាតិ។​ អ្នក​នាំ​ពាក្យ​ស្ថាប័ន​រៀប​ចំ​បោះឆ្នោត​ជាតិ​ និយាយ​ថា​ ការ​អំពាវ​នោះ​ ផ្ទុយពី​ច្បាប់​ និង​ស្ថានភាព​សង្គម​ជាក់​ស្តែង​នៅ​កម្ពុជា។

​នៅ​ថ្ងៃ​អង្គារ​នេះ​ គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត​ (គ.ជ.ប)​ បានប្រកាស​ឲ្យ​ដឹង​ពី​ការ​ដាក់​ពង្រាយ​ការិយាល័យ​បោះ​ឆ្នោតចំនួន​ប្រមាណ​២៤០០០​កន្លែងនៅទូទាំង​ប្រទេស ដែល​ការិយា​ល័យ​ទាំងនោះ​ នឹង​ដាក់​ឲ្យ​ប្រតិបត្តិការនៅ​ក្នុង​ការ​បោះឆ្នោត​ ថ្ងៃ​ទី​២៩ ខែ​កក្កដា​ ឆ្នាំ​២០១៨។​ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំពាក្យ​គ.ជ.ប។

សេចក្តី​ប្រកាស​អំពី​ការិយាល័យ​បោះឆ្នោត​នេះ​ បាន​ធ្វើ​ឡើង​ភ្លាមៗ ​ក្រោយ​នីតិវិធី​ចុះ​បញ្ជី​ឈ្មោះ​គណបក្ស​នយោបាយ​និង​បេក្ខជន​សម្រាប់​ការ​ឈរ​ឈ្មោះ​បោះឆ្នោត​សភា​ដែល​ត្រូវ​បាន​បិទ​កាល​ពី​ថ្ងៃ​ចន្ទ។​ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ លោក​ សម រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​គេ​រំលាយ​ បាន​បន្ត​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ពហិការ​មិន​ចូលរួម​ការ​បោះឆ្នោត​ ខែ​កក្កដា​ខាង​មុខ។

លោក​ ហង្ស ពុទ្ធា​ អ្នក​នាំ​ពាក្យ​គ.ជ.ប​ មាន​ប្រសាសន៍​ប្រាប់​ VOA ​នៅថ្ងៃ​អង្គារ​នេះ​ថា​ គ.ជ.ប​ បាន​សម្រេច​ឲ្យ​មាន​ការិយាល័យ​បោះឆ្នោត​នៅ​ទូទាំង​២៥​រាជធានី​ខេត្ត​ ហើយ​ការិយាល័យ​នីមួយៗ ​នឹង​មានមន្ត្រី​ចំនួន​៦នាក់ ​ដើម្បី​រៀបចំការ​បោះឆ្នោត។​ លោក​ថា​ ការ​ប្រកាស​ណាមួយ​ដែលមិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​ ជា​ការ​អំពាវ​នាវ​ផ្ទុយ​ពីច្បាប់​ និង​តថភាព​សង្គម។ ​លោក​មាន​ប្រសាសន៍ថា៖

«​បាទ​អានេះ​ ជាការ​ដើរ​បញ្ច្រាស​ច្បាប់​ ដើរបញ្ច្រាស​សង្គម​ ដែល​គណបក្ស​ចំនួន​២០​ លោក​មាន​ជំនឿ​ចិត្ត​ទៅលើ​ការ​បោះឆ្នោត​ ដែលបាន​ចុះឈ្មោះ​ប្រកួតប្រជែង​ ហើយ​ប្រជាពលរដ្ឋ​ក៏បាន​ត្រៀម​ខ្លួន​ជា​ស្រេច​អ៊ីចឹង​ អ្វីដែល​គាត់​បាន​លើក​ឡើង​គឺ​ជា​ការ​ដើរ​បញ្ច្រាសច្បាប់​ហើយ​ ហើយ​ក៏ជា​ការ​បង្ហាញ​នូវ​ភាព​ផ្តាច់​មុខ​ខាង​នយោបាយ​ ដែលប្រកាស​ថា​ ទាល់​តែ​មាន​គណបក្ស​អតីត​សង្គ្រោះជាតិ​បាន​ឲ្យប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​អ៊ីចឹង​ ច្បាប់​ចែង​ ឬក៏​លទ្ធិប្រជាធិបតេយ្យ​មិនមាន​ចែង​ថា​ ត្រូវ​តែ​មាន​គណបក្ស​នេះ​ ត្រូវ​តែ​មាន​គណបក្ស​នោះ​ទេ​ បាទ​។​ អ៊ីចឹង​ អ្វី​ដែល​គាត់​ធ្វើ​គឺ​ កំពុង​តែ​ដើរ​បញ្ច្រាស​ច្បាប់​ហើយ​បាទ»។

លោក ​សម រង្ស៊ី​ យល់​ផ្ទុយពី​ការ​អះអាង​របស់​គ.ជ.ប។​ លោក​ សម រង្ស៊ី​ ដែល​បច្ចុប្បន្ន​ជា​មេដឹកនាំ​ចលនា​សង្គ្រោះជាតិ​ បាន​បន្ត​ហៅការ​បោះឆ្នោត​ នាពេលខាង​មុខ​ បើ​គ្មាន​គណបក្ស​សង្គ្រោះជាតិថា​ ជាការ​បោះឆ្នោត​ក្លែងក្លាយ។​ លោក​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅថ្ងៃ​ទី១៥​ ខែ​ឧសភា​នេះ​ ក្នុង​អត្ថន័យ​ដើម​ថា៖ ​

«យើង​ត្រូវ​បន្ត​ការ​តស៊ូ​ ដែល​យើង​បាន​ចាប់​ផ្តើម​នៅ​ឆ្នាំ​ ២០១៣​ ដោយ​ធ្វើ​ពហិការ​ មិន​ចូលរួម​ការ​បោះឆ្នោត​ក្លែងក្លាយ ​នៅ​ឆ្នាំ ​២០១៨​នេះ។ ពេល​នេះ​នៅ​ផ្ទះ​ មិន​ទៅ​បោះឆ្នោត​ មាន​ន័យ​ថា ​បោះ​ឆ្នោត​ក្នុង​ចិត្ត​ឲ្យ​គណបក្ស​សង្គ្រោះជាតិ»​។

បន្ថែម​លើ​ការ​អំពាវនាវ​របស់​លោក​ សម រង្ស៊ី​ ដែល​ឥឡូវ​កំពុង​រស់នៅ​ដោយ​និរទេស ខ្លួន​នៅ​ប្រទេស​បារាំង​នោះ​ គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​នេះ ក្រោយ​ពី​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​បិទ​ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ ដោយ​ពុំ​មាន​វត្តមាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម។

សេចក្ដី​ថ្លែងការណ៍​របស់​បក្ស​ប្រឆាំង​ ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ច័ន្ទ​នេះ​ បាន​សរសេរ​ថា៖«គណបក្ស​សង្គ្រោះ​ជាតិ​ថ្កោល​ទោស​ចំពោះ​រដ្ឋាភិបាល​លោក ​ហ៊ុន សែន ​និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ដែល​បាន​ដក​ជម្រើស​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ម្ចាស់​ឆ្នោត ​តាម​រយៈ​ការ​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ‍»។

សេចក្ដី​ថ្លែងការណ៍​នោះ​បាន​ជំរុញ​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​ «ធ្វើ​ពហិការ​កុំ​ចូលរួម​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី ២៩ ​ខែ​កក្កដា ​ឆ្នាំ ​២០១៨ ​ខាង​មុខ​នេះ‍» ​ដោយ​បាន​បញ្ជាក់​ថា​ ការ​មិន​ទៅ​បោះ​ឆ្នោត​ជា​ «សិទ្ធិ​របស់​ពលរដ្ឋ​ម្នាក់ៗ‍» ​និង ​«មាន​ន័យ​ថា​ គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ក្នុង​ចិត្ត‍»។

នៅ​មុន​ការ​បិទ​ដំណើរការ​ចុះបញ្ជី​គណបក្ស​នយោបាយ​សម្រាប់​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ខែ​កក្កដា​នោះ​ អ្នកស្រី​ រ៉ូណា ស្មីត​ អ្នក​រាយការណ៍​ពិសេស​របស់​អ.ស.ប.​ដែល​បាន​បន្ត​ឃ្លាំមើល​ការ​វិវត្តន៍​ស្ថាន​ការណ៍​សិទ្ធិ​មនុស្ស​និង​នយោបាយ​កម្ពុជា​យ៉ាង​ដិត​ដល់​នោះ​ បាន​ថ្លែង​តាម​សេចក្ដី​ប្រកាសមួយ ​ដោយ​បាន​លើកឡើង​ថា​ «ការ​បោះឆ្នោត​មួយ​មិន​អាច​ក្លាយ​ជា​ការ​បោះឆ្នោត​ពិតប្រាកដ​បាន​ទេ​ ប្រសិន​បើ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​ត្រូវ​បាន​រារាំង​មិន​ឲ្យ​ចូលរួម»។

អ្នក​ស្រី​ ស្មីត ​បាន​សង្កត់​ធ្ងន់​ទៀត​ថា​ រដ្ឋាភិបាល​ត្រូវ​តែ​ដោះលែង​មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ​ជា​បន្ទាន់​ និង​លុប​ចោល​ការ​ហាម​ឃាត់​សមាជិក​គណបក្ស​ប្រឆាំង​ក្នុង​ការ​ចូលរួម​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី​២៩​ ខែ​កក្កដា​ ឆ្នាំ​២០១៨។

បន្ទាប់​ពី​អាជ្ញាធរ​កម្ពុជា​ ចាប់​ខ្លួន​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​គឺ​លោក កឹម សុខា ​ក្រោម​ការ​សង្ស័យ​ថា​ លោក​បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ​ ការ​គាប​សង្កត់របស់​អាជ្ញាធររដ្ឋាភិបាល​មកលើ​សេរីភាព​សារព័ត៌មាន​ឯករាជ្យ​ និង​ការ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​តាម​អំណាច​សាល​ដីកាតុលាការ​កំពូល​កាល​ពី​ឆ្នាំ​ ២០១៧​ ប្រទេស​ប្រជាធិប​តេយ្យ​ធំៗ​ ដែល​រួមមាន​ស៊ុយអែត ​អាល្លឺម៉ង់​ ព្រមទាំង​សហរដ្ឋ​អាមេរិក ​សហភាព​អឺរ៉ុប​និង​ប្រទេស​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ជាច្រើន​ទៀត​បាន​ប្រតិកម្ម​ជា​បន្ត​បន្ទាប់​ ដោយ​បាន​សម្ដែង​ក្ដី​បារម្ភ​ពី​ការ​ដើរ​ថយក្រោយ​នៃ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ទោះបីជា​យ៉ាង​ណាក៏ដោយ​ មាន​គណបក្ស​នយោបាយ​ចំនួន​បួន​ ត្រូវបាន​ទទួលស្គាល់​ជាផ្លូវការ​សម្រាប់​ការ​ចូលរួម​ការ​បោះឆ្នោត​ខែកក្កដា។ ​នេះបើ​យោងតាម​សេចក្តី ប្រកាស​គ.ជ.ប​ ដែលបាន​ចេញផ្សាយ​ជា​សាធារណៈ​កាល​ពីថ្ងៃ​ចន្ទ។

គណបក្ស​ទាំងបួន​នោះ​រួមមាន​ គណបក្ស​យុវជន​កម្ពុជា​ ដែល​នឹង​ឈរឈ្មោះ​ក្នុង​មណ្ឌល​ចំនួន​១៧ ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​ ដែល​នឹង​ឈរ​ឈ្មោះ​ក្នុងមណ្ឌល​ចំនួន​២៥​ គណបក្ស​សញ្ជាតិ​កម្ពុជា​ ដែល​នឹង​ឈរ​ឈ្មោះ​ក្នុងមណ្ឌល​ចំនួន​២៥​ ហើយ​និងគណបក្ស​ខ្មែររួបរួម​ជាតិ​ដែលត្រូវបាន​បង្កើត​ឡើង​ដោយ​លោក​ញឹក ប៊ុន​ឆៃ​ អតីត​មេទ័ព​របស់​ព្រះម្ចាស់​នរោត្ត​ម​រណឫទ្ធិ។ ​គណបក្ស​នេះក៏នឹង​ឈរ​ឈ្មោះក្នុង​មណ្ឌល​ចំនួន​២៥។

គណបក្ស​នយោបាយ១៥ផ្សេង​ទៀតត្រូវគេ​រាយ​ការណ៍​មកថា​ កំពុង​ត្រូវបាន​គ.ជ.ប​ ពិនិត្យ​ ខណៈ​ដែល​គណបក្ស​ហ៊្វុន​ស៊ីនប៉ិច​ ក៏​ត្រូវបាន​សម្រេច​ទទួល​ស្គាល់​សម្រាប់​ឈរឈ្មោះ​ក្នុង​២៥ មណ្ឌល៕ ប្រភព៖ VOA

Loading...