​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន ១៨​នាក់​បាន​ស្លាប់ និង​ជា​ច្រើន​នាក់​ទៀត​កំពុង​ជាប់​ខ្លួន បន្ទាប់​​ពី​ស្ពាន​អាកាស​បាន​បាក់ នៅ​ទីក្រុង Varanasi ប្រទេស​ឥណ្ឌា​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ BBC នៅ​ព្រឹក​ថ្ងៃ​ពុធ ទី ១៦ ខែ​ឧសភា​នេះ​។​



​ស្ពាន​អាកាស​នោះ​កំពុង​ស្ថិត​ក្រោម​ការសាងសង់​នៅឡើយ តែ​ស្រាប់តែ​មាន​បំណែក​ស្ពាន​ដ៏​ធំ​បាន​​បាក់​ធ្លាក់​មក​ក្រោម បណ្តាល​ឲ្យ សង្ក​ត់​រថយន្ត​ដែល​កំពុង​ធ្វើដំណើរ​នៅ​ខាងក្រោម​ជា​ច្រើន​គ្រឿង​។​

​ក្រុម​ជួយសង្គ្រោះ​កំពុង​បន្ត​ប្រតិបត្តិការ​ជួយ​អ្នក​ដែល​នៅ​ជាប់​នៅ​ខាងក្រោម ប៉ុន្តែ​ស្ថានភាព​​អ្នក​ដែល​ជាប់​ទាំងនោះ មិន​ត្រូវបាន​គេ​ដឹង​នៅឡើយ​ទេ​។​

​បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឥណ្ឌា NDTV បាន​រាយការណ៍​ថា មនុស្ស​ភាគច្រើន​ដែល​ជាប់​នៅ​ខាងក្រោម​​បំណែក​ស្ពាន​គឺជា​កម្មករ​ដែល​ធ្វើការ​សាងសង​ស្ពាន​នោះ​។​

​មូលហេតុ​នៃ​ការបាក់​ស្ពាន​ដ៏​រន្ធត់​នេះ​មិនទាន់​ត្រូវបាន​គេ​ដឹង​នៅឡើយ​នោះទេ ហើយ​អាជ្ញាធរ​ឥណ្ឌា​​បញ្ជា​ឲ្យមាន​ការស៊ើបអង្កេត​៕​

 

Loading...