ថ្ងៃ​ព្រហស្បតិ៍ ទី១៧ ឧសភា​នេះ​ជា​ថ្ងៃទី២ និង​ជា​ថ្ងៃ​ចុងក្រោយ​នៃ​ជំនួបកំពូល​រវាង​សមាជិក​អឺរ៉ុប​ទាំង ២៨ប្រទេស និង​ក្រុម​ប្រទេស​ក្នុង​តំបន់​បាល់កង់។ កម្មវត្ថុ​នៃ​ជំនួបកំពូល​អឺរ៉ុប បាល់កង់​រៀបចំ​ក្នុង​ទីក្រុង​សូហ្វ៊ីយ៉ា ប្រទេស​ប៊ុលហ្ការី​ពេល​នេះ គឺ​ដើម្បី​បញ្ជាក់​ពី​ទស្សនវិស័យ​របស់​អឺរ៉ុប​ចំពោះ​ក្រុម​ប្រទេស​បាល់កង់ ពិសេស​ជជែក​ពី​គម្រោង​បញ្ចូល​ក្រុម​ប្រទេស​បាល់កង់​ទៅ​ក្នុង​សមាជិក​អឺរ៉ុប។

តែ​ជំនួប​ពេញ​មួយ​ថ្ងៃ​ពុធ ទី១៦ ឧសភា សហភាព​អឺរ៉ុប​បាន​ព្យាយាម​ស្វែង​រក​ជំហរ​រួម និង​ម៉ឺងម៉ាត់​ប្រឈម​ទប់​នឹង​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ក្នុង​រឿង​ពាណិជ្ជកម្ម និង​កិច្ចព្រមព្រៀង​អន្តរជាតិ។

អឺរ៉ុប​គ្មាន​ជម្រើស​អ្វី ក្រៅ​ពី​ឯកភាព​គ្នា​ជា​ធ្លុង​មួយ​ទេ នោះ​បើ​ទោះ​បី​ជា​អឺរ៉ុប​នៅ​មិន​ទាន់​ដឹង​ថា តើ​ត្រូវ​មាន​ចម្លើយ ឬ​វិធានការ​យ៉ាង​ម៉េច​ដើម្បី​តប​នឹង​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ក៏​ដោយ។ ការ​ឯកភាព​គ្នា​ជា​ធ្លុង​មួយ និង​ការ​និយាយ​សម្លេង​តែ​មួយ​ដូច​គ្នា​មក​ពី​អឺរ៉ុប​ឆ្អែតឆ្អន់ និង​មិន​ចង់​ទុក​ឲ្យ​លោក​ត្រាំ​បន្ត​បង្វិល​ក្បាល​ស្រេច​នឹង​ចិត្ត។ វា​ពិត​ជា​ពិសេស​ខ្លាំង​ណាស់​ដែល​អឺរ៉ុប​មាន​សមាជិក​ដល់​ទៅ ២៨ប្រទេស​អាច​ធ្វើ​យ៉ាង​នេះ​បាន។ សម្រាប់​លោក​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​ដូណាល់ ទូស្ក នេះ​ជា​កត្តា​ចាំ​បាច់​មិន​អាច​ខ្វះ​បាន​មុន​នឹង​ឈាន​ទៅ​រក​ចម្លើយ​សម្រាប់​តប ត​នឹង​លោក​ដូណាល់ ត្រាំ​វិញ។

« អ្វី​ដែល​យើង​ត្រូវ​ការ​នៅ​ក្នុង​ជំហាន​ដំបូង គឺ​ឯកភាព​នយោបាយ និង​ការ​ប្តេជ្ញាចិត្ត។ ឬ​មួយ​យើង​រួមរស់​ជាមួយ​គ្នា ឬ​មួយ​យើង​រស់នៅ​បែកបាក់​គ្នា » នេះ​ជា​ការ​បញ្ជាក់​របស់​លោក​ដូណាល់ ទូស្ក។ ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​រូប​នេះ​ដដែល​បាន​បន្ថែម​ដោយ​ដាក់​ផ្លែផ្កា​លើ​លោក​ត្រាំ​ថា អឺរ៉ុប​ត្រូវ​តែ​ដឹង​គុណ​លោក​ត្រាំ​ទៅ​វិញ​ទេ ព្រោះ​ដោយសារ​តែ​លោក​ត្រាំ​ទើប​ធ្វើ​បាន​យើង​ភ្ញាក់​ខ្លួន​លែង​ភាន់ច្រឡំ​ទៀត​ឡើយ។ « លោក​ត្រាំ​បាន​អនុញ្ញាត​ឲ្យ​យើង​យល់​បាន​ថា នៅ​ពេល​ដែល​គេ​ត្រូវ​ពឹងពាក់​លើ​នរណា​ម្នាក់ គឺ​មាន​តែ​ពឹង​លើ​ខ្លួន​ឯង​ទេ » នេះ​ជា​ការ​ថ្លែង​របស់​លោក​ទូស្ក។ សម្រាប់​លោក​ដូណាល់ ទូស្ក អឺរ៉ុប​ត្រូវ​តែ​ងើប​ក្បាល​ឡើង​គ្រប់​ពេល ទោះ​ត្រូវ​ប្រឈម​នឹង​មិត្ត ឬ​សត្រូវ​ក៏​ដោយ។

អឺរ៉ុប​សន្យា​ទុកកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ និង​បន្ត​ចរចា​រឿង​ផ្សេង

ទាក់ទង​នឹង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចុះ​ហត្ថលេខា​ឆ្នាំ ២០១៥ និង​ដែល​លោក​ត្រាំ​ទើប​បាន​ដក​ខ្លួន​ចេញ អឺរ៉ុប​បាន​ឯកភាព​គ្នា​ក្នុង​ការ​បន្ត​រក្សា​ទុកកិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់។ តែ​លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​មែរកិល​បាន​ថ្លែង​នៅ​ពេល​បើក​ជំនួបកំពូល​ថា សមាជិក​អឺរ៉ុប​ម្នាក់ៗ​សុទ្ធ​តែ​បាន​យល់​ឃើញ​ដូច​គ្នា​ថា កិច្ចព្រមព្រៀង​នោះ​នៅ​មិន​ទាន់​មាន​លក្ខណៈ​ពេញលេញ​នៅ​ឡើយ​ទេ។ តាម​លោកស្រី​មែរកិល កង្វះ​ខាត​ដែល​មិន​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​នោះ គឺ​ទាក់ទង​នឹង​កម្មវិធី​គ្រាប់មីស៊ីល​បាលីស្ទិក​អ៊ីរ៉ង់ និង​ឥទ្ធិពល​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់ ពិសេស​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ លីបង់ ស៊ីរី និង​នៅ​ក្នុង​ប្រទេស​យេម៉ែន។

ចំណែក​លោក​ប្រធានាធិបតី​បារាំង​ម៉ាក្រុង​បាន​ថ្លែង​ថា អឺរ៉ុប​នឹង​បន្ត​រក្សា​ទុក​ខ្លឹមសារ​ទាំង​អស់​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥ ទោះ​បី​អាមេរិក​សម្រេចចិត្ត​យ៉ាង​ម៉េច​ក៏​ដោយ។ តាម​លោក​ម៉ាក្រុង អឺរ៉ុប​នឹង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ទាំង​អស់​ដើម្បី​គាំទ្រ​ដល់​ដំណើរការ​របស់​ក្រុមហ៊ុន រោងចក្រ​អឺរ៉ុប​ដែល​កំពុង​រកស៊ី​ក្នុង​ប្រទេស​អ៊ីរ៉ង់ និង​ដែល​លោក​ត្រាំ​ត្រៀម​ដាក់​ទណ្ឌកម្ម។ ក៏​ដូច​ជា​លោកស្រី​មែរកិល​ដែរ លោក​ម៉ាក្រុង​បាន​អំពាវនាវ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ឲ្យ​បន្ត​កិច្ចចរចា​ដើម្បី​ស្វែង​រក​កិច្ចព្រមព្រៀង​ថ្មី​ដែល​មាន​លក្ខណៈ​ទូលំទូលាយ​ជាង​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥។

នៅ​ក្នុង​រឿង​ពាណិជ្ជកម្ម អឺរ៉ុប​បាន​និយាយ​សម្លេង​តែ​មួយ​ដោយ​មិន​ខ្លាច​ចំណាត់ការ​របស់​លោក​ត្រាំ​ដែល​ចង់​ដំឡើង​ពន្ធ​លើ​ផលិតផល​ដែកថែប និង​អាលុយមីញ៉ូម​អឺរ៉ុប​នាំ​ចូល​អាមេរិក​ឡើយ។ អឺរ៉ុប​ថា បើ​លោក​ត្រាំ​ហ៊ាន​ធ្វើ​មែន អឺរ៉ុប​នឹង​វាយ​បក​វិញ​ដោយ​ដំឡើង​ពន្ធ​លើ​ផលិតផល​អាមេរិក ពិសេស​រថយន្ត​អាមេរិក​នាំ​ចូល​អឺរ៉ុប។ គណៈកម្មការ​អឺរ៉ុប​បាន​បញ្ជាក់​ថា ខ្លួន​កំពុង​រៀបចំ​បញ្ជី​ផលិតផល​អាមេរិក​នាំ​ចូល​អឺរ៉ុប​ដើម្បី​ដំឡើង​ពន្ធ​វិញ បើ​អាមេរិក​ផ្តើម​ដំឡើង​ពន្ធ​លើ​ផលិតផល​ដែកថែប និង​អាលុយមីញ៉ូម​អឺរ៉ុប​នាំ​ចូល​អាមេរិក​នៅ​ថ្ងៃទី១ មិថុនា​ខាង​មុខ។

អឺរ៉ុប​កំពុង​ឈឺ​ក្បាល​នឹង​រឿង​វិវាទ​របស់​សមាជិក​ខ្លះ​ជាមួយ​ប្រទេស​ខ្លះ​នៅ​បាល់កង់

ក្រៅ​ពី​ស្វែង​រក​ដំណោះស្រាយ​ជាមួយ​អាមេរិក អឺរ៉ុប​ក៏​ត្រូវ​ពិនិត្យ​លើ​នីតិវិធី​នៃ​ការ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ក្រុមប្រទេស​ក្នុង​តំបន់​បាល់កង់​ចំនួន ៦ប្រទេស គឺ​អាល់បានី បូស្នី-អ៊ែរហ្សេហ្គោវីន កូសូវ៉ូ ម៉ាសេដ្វាន ម៉ុងតេណេហ្គ្រោ និង​ប្រទេស​ស៊ែរប៊ី។ លោក​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​ដូណាល់ ទូស្ក​បាន​គូសបញ្ជាក់​ថា នេះ​ពិត​ជា​ឱកាស​មួយ​ដ៏​ល្អ​ដែល​អឺរ៉ុប​ត្រូវ​រម្លឹក​ថា ទស្សនវិស័យ​របស់​អឺរ៉ុប​នៅ​តែ​ជា​ជម្រើស​ភូមិសាស្រ្ត យុទ្ធសាស្រ្ត​នៃ​តំបន់​បាល់កង់។ បើ​គ្មាន​ទស្សនវិស័យ​នេះ​ទេ សំណាងអាក្រក់​នឹង​កើត​មាន​ជា​ថ្មី​ដូច​ដែល​គ្រប់​គ្នា​បាន​ស្គាល់​ក្នុង​ទសវត្ស​ឆ្នាំ ៩០ ពោល​គឺ​សង្រ្គាម​បង្ហូរ​ឈាម​នៅ​ក្នុង​តំបន់​នោះ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​លោក​ដូណាល់ ទូស្ក។

នៅ​ក្នុង​គម្រោង​ពង្រីក​សមាជិកភាព​ជាមួយ​ក្រុមប្រទេស​ក្នុង​តំបន់​បាល់កង់ ជំនួបកំពូល​បាន​ត្រឹម​និយាយ​ពី​ការ​តភ្ជាប់​អឺរ៉ុប​ទៅ​តំបន់​បាល់កង់​តាម​រយៈ​ការ​ធ្វើ​វិនិយោគ​នៅ​ក្នុង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន ការ​ដោះដូរ​ក្នុង​វិស័យ​អប់រំ វប្បធម៌ និង​ការ​ពង្រឹង​រួម​គ្នា​ក្នុង​វិស័យ​សន្តិសុខ និង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​លំហូរ​ជនអន្តោប្រវេសន៍។ ចំណែក​រឿង​បញ្ចូល​សមាជិក​ថ្មី​បាន​និយាយ​សំដៅ​តែ​លើ​ប្រទេស​ស៊ែរប៊ី និង​ម៉ុងតេណេហ្គ្រោ​ដែល​បាន​ពិភាក្សា​គ្នា​តាំង​ពី​ឆ្នាំ ២០១៤ និង ២០១២។ អ្វី​ជា​ការ​កត់សម្គាល់ ក្នុង​ចំណោម​ប្រទេស​សមាជិក​អឺរ៉ុប​ទាំង ២៨ប្រទេស មាន​អេស្ប៉ាញ ក្រិក ស៊ីប ស្លូវ៉ាគី និង​រូម៉ានី​កំពុង​បន្ត​មិន​ទទួល​ស្គាល់​កូសូវ៉ូ​ដែល​បាន​ប្រកាស​ឯករាជ្យ​ខ្លួន​ឯង​ក្នុង​ឆ្នាំ ២០០៨ ទេ។

ចំណែក​ក្រិក​កំពុង​បន្ត​កើត​ទុក្ខ មិន​សុខ​ចិត្ត​តាំង​ពី ២៧ឆ្នាំ​ពី​ការ​ដែល​រដ្ឋអំណាច​ម៉ាសេដ្វាន​ដែល​ជា​អតីត​សាធារណរដ្ឋ​យូកូស្លាវី​បាន​ដាក់​ឈ្មោះ​ប្រទេស​ដូច​នឹង​ឈ្មោះ​ខេត្ត​មួយ​របស់​ក្រិក។ ទាំង​នេះ​សុទ្ធសឹង​ជា​រឿង​វិវាទ​ដែល​ធ្វើ​ឲ្យ​អឺរ៉ុប​ឈឺ​ក្បាល ពិបាក​ដោះស្រាយ។ អ៊ីចឹង​បាន​ជា​មាន​ការ​លើក​ឡើង​ថា ការ​ដែល​អឺរ៉ុប​បន្ត​អូសបន្លាយ​ក្នុង​ការ​អូសទាញ​ក្រុម​ប្រទេស​នៅ​តំបន់​បាល់កង់​ឲ្យ​នៅ​ជាមួយ​ខ្លួន​អាច​នឹង​ធ្វើ​ឲ្យ​តំបន់​មួយ​នេះ​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​រុស្ស៊ី ចិន ឬ​ប្រទេស​តួកគី​ដែល​កំពុង​ព្យាយាម​វាតទី​ទៅ​កាន់​តំបន់​នោះ៕ ប្រភព៖ RFI

Loading...