វ៉ាស៊ីនតោន —រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​ការ​សោកស្ដាយ «យ៉ាង​ខ្លាំង» ចំពោះ​ការ​សម្រេច​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​រំលាយ ចូលរួម​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ខែ​កក្កដា ឆ្នាំ ២០១៨ ខាង​មុខ​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ដែល VOA ទទួល​បាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

លោកស្រី Heather Nauert ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស ​បាន​បញ្ជាក់​បន្ថែម​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ទី១៧ ខែ​ឧសភា​នេះថា៖

«ការ​សម្រេច​របស់​រដ្ឋាភិបាល​កម្ពុជា​នេះ បាន​រារាំង​សិទ្ធិ​ប្រជាធិបតេយ្យ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​រាប់​លាន​នាក់ មិន​ឲ្យ​មាន​លទ្ធភាព​បោះ​ឆ្នោត​ឲ្យ​បេក្ខជន​ដែល​ខ្លួន​ពេញ​ចិត្ត និង​ធ្វើ​ឲ្យមាន​មន្ទិល​សង្ស័យចំពោះ​សុចរិត​ភាព​នៃ​ដំណើរការ​បោះ​ឆ្នោត»។

ជំហរ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​កើត​មាន ឡើង​ក្រោយពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​បិទបញ្ចប់​ការចុះ​បញ្ជី​ឈ្មោះ​គណបក្ស​នយោបាយ​ កាលពី​ថ្ងៃទី​១៤ ខែ​ឧសភា​ដោយ​គ្មាន​គណបក្ស​សង្គ្រោះជាតិ​ចូលរួម។

ក្រសួង​ការបរទេស​បាន​បន្ថែម​ថា៖​ «យើង​ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ប្រគល់​សិទ្ធិ​ឲ្យ​បេក្ខជន​គណបក្ស​សង្គ្រោះ​ជាតិ​ឡើង​វិញ​ជាបន្ទាន់»។

សហរដ្ឋ​អាមេរិកក៏គាំទ្រ​ការ​សម្រេច​កាល​ពី​ពេល​ថ្មីៗ​នេះ​របស់​ក្រុម​ការងារ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​ឃុំ​ខ្លួន​ដោយ​ខុស​ច្បាប់ ដែល​បាន​បញ្ជាក់​ថា «ការ​ឃុំ​ខ្លួន​លោក កឹម សុខា មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជា​អំពើ​ខុស​ច្បាប់‍» ហើយ​សហរដ្ឋ​អាមេរិក «អំពាវនាវ​សារ​ជា​ថ្មី​ឲ្យ​មាន​ការ​ដោះលែង​រូប​លោក​ជា​បន្ទាន់‍»។

គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន ដោយសារ​លោក កឹម សុខា ដែល​ជា​មេដឹកនាំ​គណបក្ស​នេះ ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ។

ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នៅ​កម្ពុជា​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៩ ខែ​កក្កដា ខាង​មុខ​នេះ៕ ប្រភព៖ VOA

Loading...