ប្រឈមមុខនឹងការរិះគន់ជាច្រើន ដែលចោទថា ក្រុមហ៊ុនគ្រប់គ្រងបណ្តាញ​បច្ចេកវិទ្យា​អ៊ីនធើនែត ថាបានចូលរូមធ្វើឲ្យរីកសាយភាព នូវព័ត៌មានក្លែងក្លាយ ហើយធ្វើឲ្យវិស័យសារព័ត៌មាន​ផ្លូវការ ត្រូវចុះថយនោះ នៅថ្ងៃអាទិត្យនេះ អគ្គនាយកក្រុមហ៊ុន Google បាន​ចេញមុខមកប្រកាសថា ក្រុមហ៊ុនខ្លួន នឹងប្រើប្រាស់បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត ដើម្បីជាប្រយោជន៍ ជំរុញការការចែកចាយ និងការអាន នូវព័ត៌មានដែលមានប្រភពច្បាស់លាស់ គួរទុកចិត្តបាន។ ធ្វើដូចនេះ គឺដើម្បីលើកកំពស់ នឹងផ្តល់តំលៃ ដល់ការងារ របស់អ្នកកាសែត ដែលមានវិជ្ជាជីវៈត្រឹមត្រូវ។



លោក Sundar Pichai អគ្គនាយកក្រុមហ៊ុន Google បានប្រកាសថា៖ តាម​រយៈ​បច្ចេកវិទ្យា​”បញ្ញាសិប្បនិម្មិត​” កម្មវិធី Google News ថ្មី នឹងធ្វើឲ្យចេញជាអាទិភាព នូវអត្ថបទព័ត៌មានត្រឹមត្រូវ ផ្លូវការ មានប្រភពច្បាស់លាស់ ហើយនឹងទូលំទូលាយ គ្រប់ជ្រុងជ្រោយ។ កម្មវិធី Google News ថ្មីនេះ នឹងដាក់ឲ្យដំណើរការ ចាប់ពីដើមខែក្រោយទៅ។

កម្មវត្ថុរបស់ Google ដែលជាអណាចក្រក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានវិទ្យា ដ៏ធំជាងគេនេះ គឺប្រើប្រាស់ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីជួយបណ្តាញព័ត៌មានផ្លូវការ ឲ្យអាចមានផ្សព្វផ្សាយអត្ថបទ ឬព័ត៌មានរបស់ខ្លួនឲ្យទូលំទូលាយ នឹងដើម្បីបង្កើនចំនួនអ្នកអាន។ ហើយទន្ទឹមនឹងនេះ Google ​មានបំណង កាត់បន្ថយផលអាក្រក់ នៃប្រព័ន្ធ Algorithme ដែលប្រព័ន្ធនេះ ធ្វើឲ្យចេញតែព័ត៌មាន ឬអត្ថបទ មួយចំនួនជាអាទិភាព ទាំងដោយគ្មានការតាមដានពីប្រភព និងពីភាពច្បាស់ការ។

យោងតាមសម្តី លោក Trystan Upstill ប្រធានគំរោងថ្មីនេះ របស់ Google បានឲ្យដឹងថា ក្រុមការងារ ចង់ទាញយកចំណុចល្អនៃប្រព័ន្ធ Algorithme នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីលើកកំពស់ផ្តល់តំលៃ ដល់បញ្ញារបស់មនុស្ស។ បញ្ញាមនុស្សនោះ គឺការងារ ស្នាដៃសរសេរ និងការស្រាវជ្រាវ របស់អ្នកសារព័ត៌មាន ដែលមានវិជ្ជាជីវៈត្រឹមត្រូវ នេះតែម្តង។ ក្នុងន័យនេះ កម្មវិធី Google News ថ្មី និងធ្វើឲ្យចេញនូវព័ត៌មានទាំងឡាយណា ដែលស្របទៅតាមវិស័យ និងការនិយមចូលចិត្តរបស់អ្នកអានម្នាក់ៗ ហើយព្រមជាមួយគ្នានេះ គឺមានលោតចេញនូវព័ត៌មានធំៗ សំខាន់ៗ ដែលព័ត៌មានទាំងអស់នោះ សុទ្ធតែមានប្រភពត្រឹមត្រូវ។

គួរបញ្ជាក់ថា ជាច្រើនឆ្នាំមកហើយ Google ត្រូវបានបណ្តាញសារព័ត៌មានរិះគន់ ថាបានកេងចំណេញ បូមយកប្រាក់ចំណូលបានមកពីការផ្សាយពាណិជ្ជកម្ម តាមរយៈការផ្សាយអត្ថបទព័ត៌មាន ទាំងដោយមិនបានផ្ទៀងផ្ទាត់ប្រភព ព្រោះប្រព័ន្ធAlgorithme ស្វ័យប្រវត្តិជាអ្នកកំណត់។ ប្រឈមមុខនឹងការរិះគន់កន្លងមក Google កំពុងព្យាយាមកែលំអរ ការប្រើប្រាស់បច្ចេកវិទ្យា Algorithme របស់ខ្លួន ឲ្យបានត្រឹមត្រូវ ដើម្បីបិទខ្ទប់ កុំឲ្យលេចចេញនូវព័ត៌មាននានា ដែលគ្មានប្រភពច្បាស់លាស់ ជាព័ត៌មានក្លែងក្លាយ ប្រឌិតដោយជនអគតិ ឬក្រុមណាមួយ ដើម្បីបំភ័នមតិមហាជន។

ការសន្យាធ្វើការកែលំអ របស់Google នាពេលនេះ ត្រូវបានអ្នកជំនាញខ្លះអបអរ តែទន្ទឹមនឹងនេះ អ្នកខ្លះនៅតែព្រួយបារម្ភ ដោយលើកឡើងថា បណ្តាញព័ត៌មានតូចតាច នៅតែគ្មានលទ្ធភាពទទួលផល ព្រោះGoogle ផ្តល់អាទិភាព ឲ្យដល់តែបណ្តាញព័ត៌មានធំៗ មួយចំនួនតូច តែប៉ុណ្ណោះ៕ ប្រភព៖ RFI