ភ្នំពេញ — ថ្ងៃ​ទី​១៧ ​មេសា​ ឆ្នាំ១៩៧៥ ជាថ្ងៃបើក​ទំព័រ​ប្រវត្តិ​សាស្ត្រ​កម្ពុជា​នៃ​កាល​វេលា​ដែល​កូន​មិន​ស្គាល់​ម្តាយ​ ព្រោះ​ស្គាល់​តែ​អង្គការ​ថ្នាក់​លើ​ ឬ​មនុស្ស​ត្រូវ​បាន​គេ​វាយ​កម្ទេច​ចោល​ដោយ​គ្រាន់​តែការ​ប្រព្រឹត្ត​កំហុស​ឆ្គង​បន្តិច​បន្តួច​ដូចជា​ការ​លួច​មើម​ដំឡូង​មក​ធ្វើ​ជា​អាហារ។​ ​ទំព័រដ៏​ខ្មៅ​ងងឹត​នេះ​ត្រូវ​បាន​បើក​ដោយ​ក្រុម​ខ្មែរ​ក្រហម​ទាហាន​ខោអាវ​ខ្មៅ​ ​ដែល​បាន​វាយ​ផ្តួល​រំលំកង​ទ័ព​របប​សាធារណរដ្ឋ​ខ្មែរ​របស់​លោក​សេនា​ប្រមុខ​ ​លន់ នល់​ ​ហើយ​បាន​កាន់កាប់​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​ជិត​បួន​ឆ្នាំនោះ។​

យុវជន​ដែល​បាន​ចូលរួម​ទិវា​ជាតិ​នៃ​ការ​ចងចាំ​ ​ឬ​ពិធី​រំឭក​ដល់​ការ​ឈឺ​ចាប់​ពីអំពើ​ឧក្រិដ្ឋ​កម្ម​ក្នុង​របប​ខ្មែរ​ក្រហមមិន​សូវ​យល់​ច្បាស់​ពី​ប្រវត្តិ​ខ្មៅ​ងងឹត​នេះ​ឡើយ។​ ​តែ​បន្ទាប់​ពី​បានមើល​ឃើញ​ឈុត​ឆាក​សម្តែង​អំពី​ការ​ចូល​លុក​លុយ​របស់​ក្រុម​កុម្មុយ​និស្ត​ជ្រុល​និយម​មក​ក្នុង​ប្រទេស​កម្ពុជា​ ​ពួក​គេ​និយាយ​ថា​ របប​ខោអាវ​ខ្មៅ​ឥត​សីលធម៌​នេះ​មិន​ត្រូវ​កើត​មាន​ម្តង​ទៀត​ឡើយ​ ​ក្នុង​សង្គម​ទំនើប​បច្ចុប្បន្ន​របស់​ពួក​គេ។​

នៅ​ឯ​ទី​កន្លែង​រំឭក​ដល់​ព្រឹត្តិ​ការណ៍​សោក​នាដកម្ម​បង្ក​ដោយ​ក្រុម​ខ្មែរ​ក្រហម​ ដែល​គេ​ស្គាល់​ថា​ ជា​មជ្ឈ​មណ្ឌល​ប្រល័យ​ពូជសាសន៍​ជើង​ឯក​ ​ដែល​ជា​សារមន្ទីរ​ដ៏​ធំ​មួយ​នៅ​ភាគ​និរតី​នៃ​ទីក្រុង​ភ្នំពេញនោះ​ កញ្ញា​ ​ស៊ីម រដ្ឋា​ ​វ័យ​១៩​ឆ្នាំ​បាន​ឃើញទិដ្ឋភាពសម្តែង​ បង្ហាញកម្មាភិបាល​ខ្មែរ​ក្រហម​មួយរូប​យក​ទារក​ទៅ​បោក​សម្លាប់​នៅ​នឹងគល់​ឈើ​ ​ដែល​កញ្ញា​យល់​ថា​ ជា​អំពើ​ឃោរឃៅ​បំផុត។​ ​កញ្ញា​មិនចង់​ឃើញ​ការ​សម្លាប់​យ៉ាង​ឃោរ​ឃៅ​នេះតទៅ​ទៀត​ទេ។

«អត់​ចង់​ឃើញ​ទេ​ ព្រោះអី​វា​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ណាស់​ ព្រោះ​អីកូន​ក្មេង​ត្រូវ​បោក​នឹង​គល់​ឈើ​ចោល»។​

ឈុតសម្តែង​បង្ហាញពីការ​ចាប់យកកូនក្មេងទៅសម្លាប់​នៅនឹង​គល់​ឈើ​ ដែលបាន​ធ្វើ​ឡើង​កាលពីថ្ងៃ​ទី​២០ ខែឧសភា​ ឆ្នាំ២០១៨ នៅឯ​មជ្ឈ​មណ្ឌល​ប្រល័យ​ពូជសាសន៍​ជើង​ឯក នាជាយ​រាជធានី​ភ្នំពេញ។ (ហ៊ុល រស្មី​/VOA)

កញ្ញា​ ​ស៊ូ ហ្វីយ៉ានី​ ​វ័យ​២០​ឆ្នាំ​ ​ដែល​ជា​ខ្មែរ​ឥស្លាម​ និង​ជា​និស្សិត​នៅ​មហា​វិទ្យា​ល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ ​ថ្លែង​ថា​ វិនាស​កម្ម​ ​ដែល​ធ្លាប់​កើត​មាន​ឡើង​ក្នុង​សម័យ​ខ្មែរ​ក្រហម​ មិន​អាច​កើត​ឡើង​ម្តង​ក្នុង​សម័យ​ដែល​កំពុង​អភិវឌ្ឍ​ដូច​សព្វ​ថ្ងៃ​នេះ​ទេ។​

ដោយ​បាន​ឈរ​នៅ​ក្បែរ​មិត្ត​ភក្តិ​ម្នាក់​ដែល​មក​ចូលរួម​ប្រារព្ធ​ទិវា​ចង​ចាំ​នៃ​ការ​រង​គ្រោះ​ និង​ការ​កាប់​សម្លាប់​ក្នុង​សម័យ​ខ្មែរ​ក្រហម​ នា​វាល​ពិឃាត​ជើង​ឯក ដែល​ជា​សារ​មន្ទីរ​ប្រល័យ​ពូជ​សាសន៍​ដដែល​នោះ​ កញ្ញា​ហ្វីយ៉ានីនិយាយ​ថា៖​

«សម្រាប់​យុវជន​យើង​ទៅ​ថ្ងៃ​ក្រោយ​ទៀត​ គួរតែ​រារាំង​ ព្រោះអី​មិន​គួរ​ឲ្យ​របប​ហ្នឹង​ កើត​ឡើងវិញ​ម្តង​ទៀត​ទេ​ ព្រោះ​អី​ទម្រាំ​ប្រទេស​យើង​ ទម្រាំ​អភិវឌ្ឍ​បាន​ដល់​សព្វ​ថ្ងៃ​ហ្នឹង​គឺ​វា​ពិបាក​ណាស់​ បើសិន​វា​ ​របប​ហ្នឹង​កើត​ឡើង​ម្តង​ទៀត​ គឺ​រលាយ​ហ្មង»។​

ថ្ងៃ​ទី​២០​ ​ខែ​ឧសភា​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​កំណត់​យក​ជា​ទិវា​ជាតិ​នៃ​ការ​ចង​ចំាហើយ​ជាថ្ងៃ​ឈប់​សម្រាកជារៀង​រាល់​ឆ្នាំ​ ​ដើម្បី​រំឭក​ដល់​ជន​រងគ្រោះ​ ​និង​ការ​ឈឺ​ចាប់​ពី​ឧក្រិដ្ឋ​កម្ម​ដែល​កើត​មាន​ក្នុង​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​នោះ។

លោក​ ​លីម អាស៊ីគីន​ ​ជា​និស្សិត​ឆ្នាំ​មួយ​ផ្នែក​អក្សរ​សាស្ត្រ​ខ្មែរ​នៅ​សាកល​វិទ្យាល័យ​ភ្នំពេញ​ថ្លែង​ថា​ ជា​ជម្រើស​មួយ​ល្អ​សម្រាប់​ជនរង​គ្រោះ​ក្នុង​របប​ខ្មែរ​ដែល​រដ្ឋាភិបាល​បាន​កំណត់​យក​ថ្ងៃ​ទី​២០ ​ឧសភា​នេះជា​ថ្ងៃ​ឈប់​សម្រាក​របស់​ពលរដ្ឋ​កម្ពុជា​នៅ​ទូទាំង​ប្រទេស។​

«សម្រាប់​ខ្ញុំ​គឺ​យល់​ថា​ ជា​ស័ក្តិ​សម​បំផុត​ ព្រោះ​ជា​ទិវា​មួយ​ដែល​យើង​រំឭក​ពី​បុព្វ​ការីជន​ ដែលបាន​ចែកឋាន​ទៅ​ ក៏ដូច​ជា​គោរព​វិញ្ញាណក្ខន្ធ​ ហើយ​ក៏ដូច​ជា​ឲ្យ​ក្មេងៗ​ទាំងអស់​យល់​ដឹង​ និង​ចង​ចាំ​ទិវា​នេះ​ មិនមែន​ជាការ​ចង​គំនុំ​ទេ​ តែ​យើង​ចង​ចាំ។ ​យើង​យក​ពីការ​ចង​គំនុំ​នេះមក​ជា​ចង​ចាំ​ ​រំឭក​ បង្កា​ និង​ទប់ស្កាត់​ទៅ​វិញ»។​

ការ​កំណត់​នេះ​គឺ​ជា​ផ្នែក​មួយ​គឺ​ជា​សំណង​សមូហ​ភាព​មួយ​ក្នុង​ចំណោម​សំណង​សមូហ​ភាព​ផ្សេង​ទៀត​ ដែល​បាន​ផ្តល់​ដោយ​សាលាក្តី​ខ្មែរ​ក្រហម​ជូន​ដល់​ជន​រង​គ្រោះ​ទាំង​ឡាយ​ក្នុង​របប​ខ្មែរ​ក្រហម។​

សំណង​រដ្ឋប្បវេណី​ជា​លក្ខណៈ​សមូហ​ភាព​មួយ​នេះ​គឺធ្វើ​ឡើងសម្រាប់​ជន​រង​គ្រោះ​ដែល​ជា​ដើម​បណ្តឹង​ក្នុង​សំណុំ​រឿង​០០២/០១​ ​បន្ទាប់​ពីជនរង​គ្រោះ​បាន​ស្នើ​ទៅ​សាលាក្តី​ខ្មែរក្រហម​ក្នុង​ពេល​កន្លង​មក។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ ​នេត ភក្រ្តា​ ​អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម។​

របប​កុម្មុយនិស្ត​ជ្រុល​និយម​ខ្មែរ​ក្រហម​ ដែល​ដឹកនាំ​ប្រទេស​កម្ពុជា​ពី​ឆ្នាំ​១៩៧៥​ ដល់​ឆ្នាំ​១៩៧៩​ បាន​ធ្វើ​ឲ្យ​មនុស្ស​ប្រមាណ​១,៧​លាន​នាក់​បាត់​បង់​ជីវិត​ ដោយ​ការ​សម្លាប់​ កង្វះ​ម្ហូប​អាហារ​ ​និង​ការ​ធ្វើការ​ហួស​កម្លាំង​ រួម​ជាមួយ​ការ​ធ្វើ​ទារុណ​កម្ម​ផ្សេង​ទៀត។

លោក​ ​នេត ភក្ត្រា​ ​ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​ ​និង​ជា​មន្ត្រី​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​ ថ្លែង​ថា​ ការ​កំណត់​របស់​រដ្ឋាភិបាល​យក​ថ្ងៃ​ទី​២០​ ខែ​ឧសភា​ជា​ថ្ងៃ​ឈប់​សម្រាក​នេះ​ ​ជា​សំណង​សមូហភាព​ចុង​ក្រោយ​សម្រាប់ជន​រងគ្រោះ​ដែល​ជា​ដើម​បណ្តឹង​ក្នុង​សំណុំ​រឿង​០០២/០១​ដែល​មាន​ជន​ជាប់​ចោទ​ ​នួន ជា​ និង​ ​ខៀវ សំផន​ ​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ជម្លៀស​ប្រជាជន​ដោយ​បង្ខំ។​ លោក​មាន​ប្រសាសន៍ថា​ ​សាលាក្តី​នឹង​ធ្វើការ​ប្រកាស​ឲ្យ​ដឹង​ពី​សំណង​រដ្ឋប្បវេណី​ផ្សេង​ទៀត​សម្រាប់​ដើម​បណ្តឹង​រដ្ឋប្បវេណី ក្នុង​សំណុំ​រឿង​០០២/០២​ ដែល​មាន​ជន​ជាប់​ចោទ​ដដែល​គឺ​ ​នួន ជា​ ​និង​ ខៀវ សំផន។​ ​លោក​ថា​ សំណង​នឹង​អាច​ធ្វើ​ឡើង​ ​នៅ​ក្រោយ​ការ​ប្រកាស​សាលក្រម​សម្រាប់​សំណុំ​រឿង​នេះ។​

«សំណង​ដែល​យើង​អាច​ដឹង​ជារួម​គឺ​សំណង​ដែល​ដាក់​នៅ​ក្នុង​សំណុំ​រឿង​០០២/០២​ ដែល​ស្នើ​សុំ​ដោយ​ជន​រងគ្រោះ​ហ្នឹង​ គឺ​ផ្តោត​ទៅលើ​ការ​អប់រំ​ ផ្តោត​ទៅ​លើ​ការ​ស្តានិតិសម្បទា​ ហើយ​និង​ការ​ពាក់​ព័ន្ធ​ជាមួយ​នឹង​ការ​ចងចាំ។​ ហើយ​គម្រោង​ហ្នឹង​គឺមាន​ច្រើន​ប្រភេទ។​ ខ្ញុំ​មិនទាន់​អាច​រៀបរាប់​បាន​ទាំង​អស់​ទេ​ ដោយ​សារ​តែ​គម្រោង​នេះ​គឺដាក់​នៅ​ ​ដាក់​ទៅ​កាន់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ អីចឹង​ អង្គ​ជំនុំ​ជម្រះ​សាលាដំបូង​នឹង​ពិនិត្យ​មើល​ទៅលើ​គម្រោង​សំណង​នេះ ហើយ​សំណង​នេះ​អាច​ផ្តល់​ទៅ​ឲ្យ​ជន​រងគ្រោះ​បាន​ ក្នុង​ករណី​ដែល​អង្គ​ជំនុំ​ជម្រះ​រក​ឃើញ​ថា ជន​ជាប់ចោទ​នួន​ ជា​ និង​ខៀវ សំផន​ហ្នឹង​គឺ​មាន​ពិរុទ្ធភាព ​បាន​អាច​សម្រេច​ផ្តល់​សំណងបាន។ ​ប្រសិន​ជា​មិន​រក​ឃើញ​ថា លោកមាន​ការ​ទទួល​ខុស​ត្រូវ​ ដូច​អ្វី​ដែល​ជាការ​ចោទ​ប្រកាន់​ទេ​ សំណង​ក៏មិន​បាន​ដែរ​ ពីព្រោះ​ថា​ ជនជាប់​ចោទ​គាត់​មិន​មាន​ទោស​ ឬ​មួយ​ក៏​អី​នឹង​បាទ»។​

លោក​បញ្ជាក់បន្ថែម​ថា​ ​តុលាការ​នឹង​ប្រកាស​សាលក្រម​ក្នុង​សំណុំ​រឿង​០០២/០២​នៅ​ក្នុងខែ​សីហា​ខាង​មុខ។​ ​ក្នុង​សំណុំ​រឿង​នេះ​ ​ជនជាប់​ចោទ​ទាំង​ពីរ​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ និង​ឧក្រិដ្ឋ​ប្រល័យ​ពូជសាសន៍​ប្រឆាំង​ជន​ជាតិចាម​ និង​វៀត​ណាម។​

ជន​ជាប់​ចោទ​ចំនួន​ប្រាំ​រូប ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​មេ​ដឹកនាំ​កំពូល​ និង​ជា​អ្នក​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​ក្នុង​របប​នេះ​ រួម​មាន​ខៀវ សំផន​ ​អតីត​ប្រមុខ​រដ្ឋ ​នួន​ ជា​ អតីត​ប្រធាន​សភា​ប្រជាជន​បដិវត្តន៍​កម្ពុជា ​អៀង ​សារី ​ អតីត​រដ្ឋ​មន្ត្រី​ការ​បរទេស ​និង​អៀង ​ធីរិទ្ធ​ ​អតីត​រដ្ឋ​មន្ត្រី​សង្គម​កិច្ច​ រួម​ទាំង​កាំង​ ហ្កេក​អ៊ាវ​ ហៅ​ឌុច​ អតីត​ប្រធាន​មន្ទីរ​សន្តិសុខ​មជ្ឈឹម​ស-២១។​ ​ពួកគេ​ត្រូវ​បាន​នាំ​មក​កាន់​សាលា​វិនិច្ឆ័យ​ក្ដី​ដើម្បី​ប្រឈម​មុខ​នឹង​ការណ៍​ពិត​ប្រវត្តិ​សាស្ត្រ​ និង​ដំណើរការ​យុត្តិធម៌។​

ដោយ​ឡែក​នៅ​ក្នុង​ថ្ងៃ​ប្រារព្ធ​ទិវា​ជាតិ​នៃ​ការ​ចងចាំ ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២០ ​ខែ​ឧសភា​កន្លង​ទៅ​នោះ​ គេ​ឃើញ​មាន​ការ​លើក​ស្លាក​សញ្ញា​អបអរ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ និង​មាន​ការ​លើក​ឡើង​អំពី​ដំណើរ​នៃ​ការ​បោះឆ្នោត​ខែ​កក្កដា​ខាង​មុខ​នេះ​ នៅ​ឯ​កន្លែង​ប្រារព្ធ​ពិធី​ក្នុង​វាល​ពិឃាត​ជើង​ឯក​នេះ​ផង​ដែរ។

តាម​ឯកសារ​ដែល​បាន​លើក​ឡើង​អំពី​ការ​ឈឺ​ចាប់​ពី​អំពើ​ឧក្រិដ្ឋ​កម្ម​ក្នុង​សម័យ​ខ្មែរ​ក្រហម​ និង​ដំណាក់​កាល​កម្ពុជា​បច្ចុប្បន្ន​នេះ​ ​ដែល​អ្នក​យក​ព័ត៌មាន​បាន​ឃើញ​ក្នុង​ពិធី​នោះ​ ​បាន​បញ្ជាក់​ឲ្យ​ដឹង​ក្នុង​អត្ថ​ន័យ​ដើម​ថា៖

«ថ្មីៗ​កន្លង​មក​នេះ​ គណៈ​កម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ រាជធានី​ភ្នំពេញ​ បាន​សម្រេច​ដំណើរ​ការ​រៀបចំ​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​សមាជិក​គណបក្ស​ ក្រុម​បក្ស​ និង​គ្រួសារ​បក្ស​ ហើយ​កំពុង​ត្រៀម​រៀបចំ​កម្លាំង​ និង​សម្ភារៈ​សម្រាប់​ការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រនីតិ​កាល​ទី​៦​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៩​ ខែ​កក្កដា​ ឆ្នាំ​២០១៨​ខាង​មុខ​នេះ ​សំដៅ​រួម​ចំណែក​លើក​កម្ពស់​លទ្ធិ​ប្រជា​ធិប​តេយ្យ​ឲ្យ​កាន់​តែ​រីក​ចម្រើន​ឡើង​ និង​ពង្រឹង​សិ្ថរភាព​នយោបាយ​សន្តិសុខ​ សណ្តាប់​ធ្នាប់​ ពង្រីក​ហេដ្ឋារចនា​សម្ព័ន្ធ​រូបវ័ន្ត​ លើក​កម្ពស់​ការ​គោរព​សិទ្ធិ​ សេរីភាព​ និង​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស​ ​ព្រម​ទាំង​ជំរុញ​កិច្ច​អភិវឌ្ឍ​មូលដ្ឋាន​ ដោយ​ជំរុញ​ផលិត​កម្ម​ និង​ផ្តល់​សេវា​សាធារណៈ​ ដែល​អាច​ឆ្លើយ​តប​តាម​តម្រូវ​ការរបស់​ប្រជា​ពលរដ្ឋ​ បំបាត់​អំពើ​អសកម្ម​នានា​ ហើយនឹង​ដើម្បី​ចូលរួម​ការកាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជា​ពលរដ្ឋ»។​

ក្រុម​យុវជន​ដែល​ស្ថិត​ក្នុង​ពិធី​រំឭក​ដល់ការ​រងគ្រោះ​ពី​អំពើ​ឧក្រិដ្ឋ​កម្ម​ក្នុង​សម័យ​ខ្មែរ​ក្រហម​របស់​ ​សាឡុត​ ស​ ឬ​ប៉ុល ពត​ ​មិន​បាន​យល់​ពី​ខ្លឹមសារ​នយោបាយ​របស់​គណបក្ស​កាន់​អំណាច​នេះ​ទេ​ ​ក៏ប៉ុន្តែ​ពួក​គេ​និយាយ​ថា​ ប្រទេស​របស់​ពួក​គេ​មិន​អាច​វិល​ទៅរក​កាល​សម័យ​នៃ​ការ​សម្លាប់​រង្គាល​គ្នា​ទៀត​ឡើយ​ ហើយ​អ្វី​ដែល​អាចបង្កា​អំពើ​ដ៏ឃោរ​ឃៅ​នេះ​បាន​ គឺ​បង្កើនការ​អប់រំ​ និង​ការ​យល់​ដឹង​អំពី​យុគ​សម័យ​ដ៏​ខ្មៅ​ងងឹត​ក្នុង​ប្រវត្តិសាស្ត្រ​ទំនើប​របស់​កម្ពុជា​នា​ទស​វត្សរ៍​១៩៧០៕ ប្រភព៖ VOA