មន្រ្តី​ក្រសួង​ការ​បរទេស​អូស្រ្តាលី​កាល​ពី​ម្សិល​មិញ បាន​ព្រមាន​ថា រដ្ឋាភិបាល​អូស្រ្តាលី កំពុង​ពិចារណា​បិទ​ទិដ្ឋាការ​ចំពោះ​មន្រ្តី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​ពាក់​ព័ន្ធ​ក្នុង​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ដល់​មូលដ្ឋាន​គ្រឹះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ការ​ព្រមាន​នេះ​គឺ​​ជា​ការ​ឆ្លើយ​តប​នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​កិច្ច​ការ​បរទេស ការពារ​ជាតិ​និង​ពាណិជ្ជកម្ម​នៃ​ព្រឹទ្ធសភា​អូស្រ្តាលី ដែល​ចោទ​សួរ​មន្រ្តី​ក្រសួង​ការ​បរទេស​របស់​ខ្លួន​ចំពោះ​វិធានការណ៍​មក​លើ​រដ្ឋាភិបាល​កម្ពុជា។



លោក​ស្រី ជូលី ហិចឆ័រ (Julie Heckscher) មន្រ្តី​នាយកដ្ឋាន​កិច្ចការ​បរទេស និង​ពាណិជ្ជកម្ម​នៃ​ក្រសួង​ការ​បរទេស​អូស្រ្តាលី បាន​អះអាង​ថា រដ្ឋាភិបាល​អូស្រ្តាលី​នៅ​តែ​បារម្ភ​ខ្លាំង​អំពី​វិបត្តិ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ដែល​អាច​ប៉ះ​ទង្គិច​ដល់​លទ្ធផល​បោះ​ឆ្នោត​ជាតិ​នា​ខែ​កក្កដា​ខាង​មុខ។

នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​កិច្ច​ការ​បរទេស ការពារ​ជាតិ និង​ពាណិជ្ជកម្ម​នៃ​ព្រឹទ្ធសភា​អូស្រ្តាលី ថ្ងៃ​ទី​៣១ ​ខែ​ឧសភា ម្សិល​មិញ លោក​ស្រី ជូលី ហិចឆ័រ បាន​ព្រមាន​ថា ដំណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ពេល​ខាង​មុខ​នឹង​មិន​អាច​ជឿ​ទុក​ចិត្ត​បាន​ទេ ដរាប​ណា​គណបក្ស​ប្រឆាំង​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ធ្ងន់​ធ្ងរ​នោះ។ លោក​ស្រី​បន្ត​ថា រដ្ឋាភិបាល​អូស្រ្តាលី​នឹង​បន្ត​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​តាម​ដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​ នា​ខែ​កក្កដា ខាង​មុខ​នេះ។

បើ​តាម​លោក​ស្រី ជូលី ហិចឆ័រ រដ្ឋាភិបាល​អូស្រ្តាលី កំពុង​ពិចារណា​បិទ​ទិដ្ឋាការ​ចំពោះ​មន្រ្តី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​ពាក់​ព័ន្ធ​ក្នុង​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ដល់​មូលដ្ឋាន​គ្រឹះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ក៏​ប៉ុន្តែ​លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាត់​ទុក​ការ​លើក​ឡើង​របស់​លោក​ស្រី ជូលី ហិចឆ័រ ថា​ជា​ការ​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា និង​ថា​វា​គ្រាន់​តែ​មតិ​របស់​មន្រ្តី​ថ្នាក់​ទាប​ប៉ុណ្ណោះ មិន​មែន​ជា​ជំហរ​របស់​ក្រសួង​ការ​បរទេស​អូស្ត្រាលី​នោះ​ទេ។

តាម លោក សុខ ឥសាន ប្រសិន​បើ​អូស្ត្រាលី​បិទ​ទិដ្ឋាការ​ដល់​មន្រ្តី​កម្ពុជា​មែន លោក​យល់​ថា ជា​ការ​រំលោភ​លើ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ និង​ធម្មនុញ្ញ​អាស៊ាន។

រហូត​មក​ទល់​ពេល​នេះ មាន​តែ​សហរដ្ឋ​អាមេរិក​ទេ​ដែល​ចេញ​មុខ មុន​គេ​ក្នុង​ការ​បិទ​ទិដ្ឋាការ​ដល់​មន្រ្តី​ជាន់​ខ្ពស់ក្រសួង​ការ​បរទេស​កម្ពុជា ខណៈ​ក្រុម​តំណាង​រាស្រ្ត​របស់​ប្រទេស​មហា​អំណាច​មួយ​នេះ កំពុង​ដំណើរ​ការ​ធ្វើ​ច្បាប់​បង្កក​ទ្រព្យ​សម្បត្តិ​របស់​ក្រុម​មន្រ្តី​កម្ពុជា​ថែម​ទៀត៕ ប្រភព៖ RFI