ភ្នំពេញ —ក្រសួង​ចំនួន​បី​ប្រកាស​រួម​គ្នា​ចាត់​វិធាន​ការ​លើខ្លឹមសារ​នៃ​ការផ្សព្វ​ផ្សាយ​តាម​បណ្តាញ​អ៊ីនធឺណេត​ ក្នុង​ចេតនា​បង្ក​ជា​ចលាចល​បណ្តាល​ឲ្យ​អន្តរាយ​ដល់​វិស័យ​ការពារ​ជាតិ ​និង​សណ្តាប់​ធ្នាប់​សង្គម ​គ្រប់រូប​ភាព ​និង​ទម្រង់។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​អន្តរ​ក្រសួង​ស្តីពី​ការ​គ្រប់​គ្រង​ការ​ផ្សាយ​តាម​គេហ​ទំព័រ ​និង​បណ្តាញ​ទំនាក់​ទំនង​សង្គម​ ដែល​ដំណើរ​ការ​តាម​ប្រព័ន្ធអ៊ីនធឺណិត​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។​

ប្រកាស​អន្តរ​ក្រសួង​របស់​ក្រសួង​ព័ត៌មាន​ ក្រសួង​មហា​ផ្ទៃ ​និង​ក្រសួង​ប្រៃសនីយ៍ ​ចេញ​កាលពី​ថ្ងៃ​ទី២៨​ ខែ​ឧសភា ​ឆ្នាំ​២០១៨ ​ដែល​ទើប​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​បញ្ជា​ក់ថា ​ប្រកាស​នេះ​មាន​គោល​បំណង​គ្រប់​គ្រង​ការ​ផ្សព្វ​ផ្សាយ​រាល់​ខ្លឹមសារ​ព័ត៌មាន ​ឬ​សារជា​អក្សរ ​សំឡេង​ រូប​ភាព ​វីដេអូ ​ឬ ​ទម្រង់​ផ្សេងៗ​ទៀត ​តាម​គេហ​ទំព័រ​ និង​បណ្តាញ​ទំនាក់​ទំនង​សង្គម​ ដែល​ដំណើរ​ការ​តាម​ប្រព័ន្ធអ៊ីនធឺណិត​នៅ​កម្ពុជា ​ឲ្យ​ស្រប​តាម​អនុក្រឹត្យ​ស្តីពី​ការ​រៀបចំ ​និង​ការ​ប្រព្រឹត្ត​ទៅ​របស់​ក្រសួង​ព័ត៌មាន ​និង​ច្បាប់​ស្តី​ពីរ​បប​សារ​ព័ត៌មាន។​

មាត្រា​៤​នៃ​ប្រកាស​អន្តរ​ក្រសួង​ដែល​មាន​១០​មាត្រា​នោះ​បន្ថែម​ថា​ ​ដើម្បី​ធានា​ការ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ ​ក្រសួង​ព័ត៌មាន ​ក្រសួង​មហា​ផ្ទៃ ​និង​ក្រសួង​ប្រៃសនីយ៍ ​ត្រូវ​ចាត់​តាំង​ជំនាញ​ជា​សេនាធិការ ​ដើម្បី​ងាយ​ស្រួល​ក្នុង​កិច្ច​សហការ​ធ្វើ​ការ​តាម​ដាន ​សិក្សា ​ស្រាវជ្រាវ​ ស្វែង​រក​ការ​ធ្វើ​អាជីវកម្ម ​និង​ការ​ផ្សព្វ​ផ្សាយ​ល្មើស​ច្បាប់​តាម​គេហ​ទំព័រ​ និង​បណ្តាញ​ទំនាក់​ទំនង​សង្គម​ដើម្បី​ចាត់​វិធាន​ការ​តាម​នីតិ​វិធី។​

ប្រកាស​អន្តរ​ក្រសួង​ត្រង់​មាត្រា​៥​ត្រូវ​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«ស្ថាប័ន ​អង្គភាព​ជំនាញ​នីមួយៗ​ត្រូវ​បំ​ពេញ​កាតព្វ​កិច្ច​តាម​ភារកិច្ច​រៀងៗ​ខ្លួន ​និង​ត្រូវ​សហការ​គ្នា ​ឬ​សហការ​ជា​មួយ​ក្រសួង ​ស្ថាប័ន​ពាក់​ព័ន្ធ​ដទៃ​ទៀត ​ដើម្បី​ចាត់​វិធាន​ការ​ប្រឆាំង​ ទប់ស្កាត់​ការ​ផ្សព្វ​ផ្សាយ​រាល់​ខ្លឹមសារ​ព័ត៌មាន ​ឬ​សារ​ជា​អក្សរ ​សំឡេង​ រូបភាព​ វីដេអូ ​ឬ ​ទម្រង់​ផ្សេងៗ​ទៀត​ ដែល​មាន​ចេតនា​បង្កភាព​ចលាចល ​អាច​បណ្ដាល​ឲ្យ​អន្ដរាយ​ដល់​វិស័យ​ការពារ​ជាតិ​ សន្ដិសុខ​ជាតិ ​ទំនាក់​ទំនង​ជា​មួយ​ប្រទេស​ដទៃ ​សេដ្ឋកិច្ច​ជាតិ ​សណ្ដាប់​ធ្នាប់​សាធារណៈ ​ការ​រើសអើង ​និង​វប្បធម៌ ​ប្រពៃណី​ជាតិ»។​

យ៉ាង​ណា​ក៏​ដោយ ​ប្រកាស​នេះ​មិន​បាន​រៀបរាប់​លម្អិត​ថា ​តើ​ការផ្សព្វ​ផ្សាយ​ដែល​មាន​ចេតនា​បង្ក​ភាព​ចលាចល​ ឬ​អន្តរាយ​ដល់​វិស័យ​ការពារ​ជាតិ​គឺ​ជា​ការ​ផ្សព្វ​ផ្សាយ​ក្រោម​រូបភាព​បែប​ណា​នោះ​ទេ។​

នាយ​ឧត្តមសេនីយ៍ ​ខៀវ សុភ័គ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ ​បាន​ប្រាប់ ​VOA ​ថា ​ការ​សម្រេច​ចេញ​ប្រកាស​នេះ​គឺ​ដោយ​សារ​មាន​ការ​កើត​ឡើង​នូវ​បទ​ល្មើសមួយ​ចំនួន​តាម​បណ្តាញ​អ៊ីនធឺណិត​ ដែល​រួម​មាន​ការ​ប្រមាថ​ព្រះ​មហា​ក្សត្រ​ជា​ដើម។ ​លោក​បន្ថែម​ថា ​ក្រសួង​នឹង​ចាត់​វិធាន​ការ​លើ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​អ៊ីនធឺណិត​ណា​ដែល​ផ្សព្វ​ផ្សាយ ឬ​ចែក​ចាយ​បន្ត​នូវ​ខ្លឹមសារ​ល្មើស​ទៅ​នឹង​ច្បាប់​ដែល​មាន​ចែង​ជា​ធរមាន​ រួច​បញ្ជូន​ទៅតុលា​ការដើម្បី​សម្រេច។​

លោក​មាន​ប្រសាសន៍​ថា៖​

«យើង​មើល ​ឧទាហរណ៍​ថា​ ច្បាប់​បរិហារ​កេរ្តិ៍​ក៏​មាន​ ច្បាប់​បរិហារ​កេរ្តិ៍​ជួន​កាល​គេ​មិន​ថា​ អី​ផង។ ​ គេ​ថា​ យើង​អីចឹង។​ យើង​អាច​ប្តឹង​បក​បាន​ទេតើ។​ ទី២​ទៀត ​ស្រុក​ទេស​អត់​មាន​កលយុគ្គអី​ផង។​ គេ​បំផុស​ឲ្យ​មាន​ចលនា​បដិវត្តន៍​ពណ៌​អី​អីចឹង​ហ្នឹង​ណា»។​

កន្លង​មកគេ​ឃើញ​មាន​ការ​ចាប់​ខ្លួន ​ចោទ​ប្រកាន់​ ​និង​ឃុំ​ខ្លួន​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន​ដែល​បាន​បង្ហោះ​សារ​ផ្សេងៗ ​ដែល​មាន​ទាំង​ការ​រិះគន់ ការ​ដឹក​នាំរបស់​រដ្ឋាភិបាល​ដែលដឹក​នាំដោយ​លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន សែន ​ការ​រិះគន់។​ ចំណែក​លោក ​អ៊ុក គឹមសេង ​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​ លើក​ឡើង​ថា ​អ្នក​សារ​ព័ត៌មាន​អាច​ប្រឈម​នឹង​ការ​ចាត់​វិធានការ​តាម​ច្បាប់ ​ប្រសិន​បើ​អ្នក​សារ​ព័ត៌មាន​ទាំង​នោះ​ធ្វេស​ប្រហែស​ក្នុង​ការ​ប្រមូល​ព័ត៌មាន​ពី​ប្រភព​ដែល​មិន​គួរ​ឲ្យ​ទុក​ចិត្ត ​ឬ​ប្រភព​ព័ត៌មាន​ដែល​និយាយ​មិន​ពិត។​

លោក​បញ្ជា​ក់ថា៖​

«កាលណា​យើង​បង្ហោះ​ព័ត៌មាន ​ឬ​ក៏​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ដែល​ជា​ព័ត៌មាន​ក្លែង​ក្លាយ ​ហើយ​ដែល​វា​បង្ក​ដល់​មាត្រា​ដែល​ហាមឃាត់ ​ឧទាហរណ៍​បង្ក​ដល់​បញ្ហា​សន្តិខុស​ជាតិ ​ឧទាហរណ៍​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​។ល។​ ហ្នឹង​សុទ្ធ​តែជា​រឿង​មួយ​ដែល​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់»។​

សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​បច្ចុប្បន្ន​បាន​ធ្លាក់​ចុះ​រហូត​ដល់​ទៅ​១០​ថ្នាក់​ ហើយ​បច្ចុប្បន្ន ស្ថិត​នៅ​លំដាប់​លេខ​រៀង​ទី​១៤២ ​ក្នុង​ចំណោម​ប្រទេស​១៨០​លើ​ពិភពលោក។ ​នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន។ ​របាយ​ការណ៍​នោះក៏​បានបញ្ជាក់​ថា​ ប្រទេស​កម្ពុជា​ហាក់​ដូចជា​មាន​ទំនោរ​ទៅ​កាន់​ផ្លូវ​ដូច​គ្នាទៅ​នឹង​ប្រទេស​ចិន​ ​បន្ទាប់ពី​បិទសារ​ព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន។​

លោក ​អំ សំអាត ​មន្រ្តី​ជាន់​ខ្ពស់​ផ្នែក​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​លើក​ឡើង​ថា អ៊ីនធឺណេត​គឺជា​កន្លែង​ដែល​មាន​ប្រជាប្រិយ​ភាព​ជាង​គេ​ក្នុង​ការ​បញ្ចេញ​មតិ ​ចាប់​តាំង​ពីការ​ប្រមូល​ផ្តុំ ​និង​ការ​បញ្ចេញ​មតិ​ជាទូ​ទៅ​របស់​ប្រជា​ពលរដ្ឋ ត្រូវ​បាន​រដ្ឋាភិបាល​រឹតត្បិត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ​លោក​បន្ថែម​ថា ​ប្រកាស​អន្តរ​ក្រសួង​ ដែល​ទើប​ចេញ​ក្នុង​គោល​បំណង​ចាត់​វិធានការ​លើ​ខ្លឹមសារ​នៃ​ការផ្សព្វ​ផ្សាយ​តាម​បណ្តាញ​អ៊ីនធឺណេត​នេះ​គឺផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​កម្ពុជា ​ដែល​ចែងពី​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​ប្រជា​ពលរដ្ឋ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ជា​ធម្មតា​ ប្រជា​ពលរដ្ឋរស់​នៅ​លោក​ត្រូវ​ការ​ទទួល​នូវ​ព័ត៌មាន ​ក៏​ដូចជា​ការ​បញ្ចេញ​មតិ​ផ្សេងៗ​ទៀត ​អំពី​ការ​យល់​ឃើញ​របស់​ខ្លួន​រៀងៗ​ខ្លួន។ ​កាលណា​តែ​គាត់​មាន​ការ​ភិតភ័យ​ហើយ​កម្រិត​នូវ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ខ្លួន​ឯង​ អាហ្នឹង​វា​ធ្វើ​ឲ្យ​បាត់​បង់​ឱកាស​ក្នុង​ការ​ចូល​រួម ​និង​ការ​កែ​លម្អនៅ​ក្នុង​សង្គម»។​

កិច្ច​ពិភាក្សា​ក្នុង​តំបន់​មួយ ​ដែល​ធ្វើ​ឡើង​ក្នុង​ទី​ក្រុង​បាងកក​ប្រទេស​ថៃ​ កាលពី​ដើម​ខែ​ឧសភា ឆ្នាំ​២០១៨ ពាក់​ព័ន្ធ​នឹង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​តាម​ប្រព័ន្ធអ៊ីនធឺណិត​ក្នុង​តំបន់​ទន្លេ​មេគង្គ គេ​ឃើញ​ប្រទេស​កម្ពុជា ​ថៃ ​និង​មីយ៉ាន់ម៉ា ​បង្ហាញ​ថា ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​តាម​ប្រព័ន្ធ​អ៊ីនធឺណេត​កំពុង​ត្រូវ​បាន​គ្រប​ដណ្តប់​ដោយ​បទប្បញ្ញត្តិ​របស់​រដ្ឋាភិបាល ​ដែល​មាន​ដូចជា​ច្បាប់ ស្តីពី​ឧក្រិដ្ឋ​កម្ម​អ៊ីនធឺណិត ​ច្បាប់​ស្តីពី​ទូរគមនាគមន៍ ​និង​ច្បាប់​ពាក់​ព័ន្ធ​នឹង​ការ​ប្រមាថ​ព្រះ​មហា​ក្សត្រ​ជា​ដើម។​

បើ​តាម​តួ​លេខ​ចេញ​ដោយ​ក្រសួង​ប្រៃសនីយ៍ ​និង​ទូរគមនាគមន៍ ​ក្នុង​ឆ្នាំ​២០១៧ ​កម្ពុជា​មាន​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​ចំនួន​ជាង​៨​លាន​នាក់​ ក្នុង​នោះ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​មាន​ចំនួន​ជាង​៦​លាន​នាក់។​

លោក ង៉ែត ម៉ូសេ ​ប្រធាន​ផ្នែក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​អង្គការ​សង់​ត្រាល់ ​លើក​ឡើង​ថា ​ ប្រកាស​របស់​ក្រសួង​កំពុង​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ភ័យ​ខ្លាច​ក្នុង​ការ​បញ្ចេញ​មតិលើ​បណ្តាញ​អ៊ីនធឺណិត​ ដែល​លោក​ថា ​រដ្ឋាភិបាល​ត្រូវធ្វើ​ការពន្យល់​បក​ស្រាយ​ឲ្យ​បាន​ច្បាស់​លាស់ពាក់​ព័ន្ធ​នឹង​មាត្រានី​មួយៗ​នៃ​ប្រកាស​នេះ។​ លោក​បន្ថែម​ថា ​ប្រកាស​នេះ​នឹង​អាច​ផ្តល់​ផលវិជ្ជ​មាន​ដល់​សង្គម​ ​ប្រសិន​បើ​មាន​ការអនុ​វត្ត​ត្រឹម​ត្រូវ​ ដោយ​ផ្តោត​លើ​វិធានការ​បង្ក្រាប​ការ​បង្ហោះ​ព័ត៌មាន​ក្លែង​ក្លាយ។ ​ប៉ុន្តែ​លោក​ថា​ លោក​បារម្ភ​ពីការអនុ​វត្ត​របស់​អាជ្ញាធរ​លើស​ពី​សមត្ថកិច្ច រហូត​ធ្វើ​ឲ្យ​ប៉ះពាល់​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​ប្រជា​ពលរដ្ឋ។​

លោក​បញ្ជា​ក់ថា៖​

«ឥឡូវ​ចាប់​ផ្តើមមាន​អ្នក​បំភ័យ​ខ្លះ​ហើយ​លើ​បណ្តាញ​សង្គម​ឥឡូវ។​ អូ! ​គេ​អាច​ចាប់​អញ្ចេះ គេ​អាច​ចាប់​អញ្ចុះ ​ព្រោះ​ប្រជាជន​ទាំង​អស់​មិន​មែន​សុទ្ធ​តែ​អ្នក​ចេះ​ច្បាប់​ទេ ​មិន​មែន​សុទ្ធ​តែអាន​បាន ​ហើយ​យល់​ទាំង​អស់​ទេ។ ​អីចឹង​វា​ទាមទារ​ឲ្យ​មន្រ្តី​ជំនាញ​ហ្នឹង​មកបក​ស្រាយ​ មក​បញ្ជាក់​បន្ថែមដើម្បី​កុំ​ឲ្យ​ប្រជា​ពលរដ្ឋ​ហ្នឹង​ភ័យ​ខ្លាច ​លែង​ហ៊ាន​ចង់​ធ្វើ​អី​អីចឹង​វិញ»។​

កន្លង​ទៅ​មាន​ការ​ចាប់​ខ្លួន​បុរស​ពីរ​រូប​ ដែល​បាន​បង្ហោះ​សារ​មាន​ន័យ​ប្រមាថ​ព្រះ​មហា​ក្សត្រ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក។ ​ក្រៅ​ពី​ការ​ចាប់​ខ្លួន​អ្នក​ដែល​បង្ហោះ​សារពាក់​ព័ន្ធ​នឹង​ព្រះ​មហា​ក្សត្រ​ ក៏​នៅ​មាន​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ជា​ច្រើន​រូប​ទៀត ត្រូវ​បាន​ឃាត់​ខ្លួន ​ចោទ​ប្រកាន់​ និង​ឃុំ​ខ្លួន ​ពាក់​ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​ផ្សេងៗ ​ដែល​រដ្ឋាភិបាល​បញ្ជា​ក់ថា ​ជា​ការ​ប្រមាថ ​និង​ជា​ការ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​ជា​ដើម៕ ប្រភព៖ VOA