នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu បាន​ជួប​ជាមួយ​នឹង​មេដឹកនាំ​បារាំង​នៅ​ថ្ងៃ​អង្គារ​នេះ​នៅ​ក្នុង​ទីក្រុង​ប៉ារីស ស្រប​ពេល​ដែល​លោក​បន្ត​កិច្ច​ប្រឹងប្រែង​របស់​លោក​នៅ​ក្នុង​ការ​បញ្ចុះបញ្ចូល​មេដឹកនាំ​នានា​នៅ​ទ្វីប​អឺរ៉ុប​ឲ្យ​កែប្រែ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។

Israeli Prime Minister Benjamin Netanyahu attends the weekly cabinet meeting at the Prime Minister’s office in Jerusalem Sunday, June 3, 2018 (AP Photo/Sebastian Scheiner, Pool)



លោក Netanyahu បាន​ចាប់ផ្ដើម​ដំណើរ​ទស្សនកិច្ច​ទ្វីប​អឺរ៉ុប​រយៈពេល ៣ ថ្ងៃ​របស់​លោក​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ ដែល​នៅ​ទី​នោះ លោក​បាន​រំឭក​អធិការបតី​អាល្លឺម៉ង់​លោកស្រី Angela Merkel ថា ការ​ជ្រៀតជ្រែក​របស់​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​អាច​បង្ក​ឲ្យ​មាន​លំហូរ​ជន​ភៀស​ខ្លួន​ដ៏​ធំ​ជា​ថ្មី​ទៅ​កាន់​ទ្វីប​អឺរ៉ុប។

នៅ​ក្នុង​ការ​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ឯ​សន្និសីទ​ព័ត៌មាន​រួម​គ្នា​មួយ​ជាមួយ​នឹង​លោកស្រី Merkel មេដឹកនាំ​អ៊ីស្រាអែល​រូប​នេះ​បាន​និយាយ​ថា រដ្ឋាភិបាល​អ៊ីរ៉ង់​ចង់​ធ្វើ​យុទ្ធនាការ​សាសនា​មួយ​នៅ​ក្នុង​ប្រទេស​ស៊ីរី​ដែល​មាន​ប្រជាជន​ភាគ​ច្រើន​កាន់​សាសនា​ឥស្លាម​និកាយ​ស៊ុននី ដោយ​ប្រើ​កង​ជីវពល​ឥស្លាម​និកាយ​ស៊ីអ៊ីត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​អ្នក​កាន់​សាសនា​ឥស្លាម​និកាយ​ស៊ុននី​ប្ដូរ​ជំនឿ​របស់​ខ្លួន។

លោក Netanyahu បាន​និយាយ​ថា៖ «ករណី​នេះ​នឹង​បង្កាត់​ឲ្យ​មាន​ភ្លើង​សង្គ្រាម​សាសនា​មួយ​ទៀត​កើត​ឡើង ដែល​ពេល​នេះ​គឺ​សង្គ្រាម​សាសនា​នៅ​ក្នុង​ប្រទេស​ស៊ីរី ហើយ​ផល​ប៉ះពាល់​គឺ​នឹង​មាន​ជន​ភៀស​ខ្លួន​ជា​ច្រើន»។

លោកស្រី Merkel បាន​បញ្ជាក់​ថា លោកស្រី​ឯកភាព​ថា សកម្មភាព​របស់​ប្រទេស​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​គឺ​ជា​ការ​ព្រួយ​បារម្ភ​មួយ ប៉ុន្តែ​លោកស្រី​បាន​ការពារ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នេះ​ថា​ជា​មធ្យោបាយ​មួយ​ដើម្បី​រារាំង​មហិច្ឆតា​នុយក្លេអ៊ែរ និង​សាសនា​របស់​រដ្ឋាភិបាល​អ៊ីរ៉ង់។

លោក Netanyahu នឹង​ជួប​ជាមួយ​នឹង​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron នៅ​ថ្ងៃ​អង្គារ​នេះ និង​ជួប​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោកស្រី Theresa May នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ៕ ប្រភព៖ VOA