មន្ត្រី​ចារកិច្ច​ម្នាក់ នៃ​ទីភ្នាក់ងារ​ស៊ើបការណ៍​សំងាត់​ផ្នែក​យោធា ​របស់​អាមេរិក​ ត្រូវ​បាន​គេ​​ចាប់​ឃាត់​ខ្លួន​​ នៅ​ព្រលាន​យន្តហោះ ​ដោយ​ជាប់​ចោទ ​ពី​បទ​លួចលក់​ព័ត៌មាន​សំងាត់ ​ទៅ​ឲ្យ​ភ្នាក់ងារ​ចារកិច្ច​របស់​ចិន ​ជា​ថ្នូរ​នឹង​ប្រាក់​ចំនួន​៨សែន​ដុល្លារ។



បើតាម​ការឲ្យដឹង​ពីក្រសួង​យុត្តិធម៌​អាមេរិក បាន​ឲ្យដឹងថា​ លោក ​Ron Rockwell Hansen ​អាយុ​៥៨ឆ្នាំ ​ត្រូវបាន​ចាប់ឃាត់ខ្លួន នៅឯព្រលានយន្តហោះ ក្រុង Seattle ក្នុងពេលដែលជននេះ បំរុងឡើងយន្តហោះ ឆ្ពោះទៅប្រទេសចិន ដោយនាំយកទៅជាមួយ នៅសំណុំឯកសារសំងាត់ជាច្រើន។

យោងតាមលិខិតចោទប្រកាន់ ជនឈ្មោះ Ron Rockwell Hansen​ បានចូលបំរើការ ក្នុងទីភ្នាក់ងារស៊ើបការណ៍សំងត់យោធាអាមេរិក ក្នុងឆ្នាំ២០០៦ ហើយបច្ចុប្បន្នជាមន្ត្រីចូលនិវត្តន៍។ ជននេះចេះភាសារុស្ស៊ី និងភាសាចិនកុកងឺ យ៉ាងស្ទាត់ជំនាញ។ ជននេះត្រូវបានបញ្ជូនឲ្យទៅធ្វើការ នៅក្រុងប៉េកាំង ក្នុងការិយល័យពាណិជ្ជកម្មមួយរបស់អាមេរិក ដើម្បីអាចបានបន្លំខ្លួនធ្វើការជាមួយទីភ្នាក់ងារចារកិច្ចរបស់ចិន។ សម្រាប់ការិយាល័យស៊ើបការណ៍សំងាត់ របស់អាមេរិក និងសម្រាប់ FBI ជននេះគឺជាភ្នាក់ងារចារកិច្ច ដែលធ្វើការឲ្យអាមេរិក។

ក៏ប៉ុន្តែ អ្នកជំនាញស៊ើបការណ៍របស់អាមេរិក បានតាមដានដឹងថា ជននេះ ធ្លាប់បានស្កាត់ លួចជួបមន្ត្រីស៊ើបការណ៍សំងាត់របស់ចិនជាញឹកញាប់ ហើយដែលជននេះបានលាក់ មិនប្រាប់ថ្នាក់លើរបស់ខ្លួនទេ។ហើយ​មិនត្រឹមតែប៉ុណ្ណោះជននេះ បានប្រើប្រាស់លេខទូរស័ព្ទពិសេស ដែលចិនបានប្រគល់ឲ្យទៀតផង។

នៅរវាងឆ្នាំ២០១៣-២០១៦ ជនសង្ស័យនេះ បានជាប់បំណុលគេយ៉ាងសន្ធឹកសន្ធាប់។ គឺក្នុងកំឡុងពេលនោះហើយ ដែលគេបានតាមដានដឹងថា ជនឈ្មោះ Ron Rockwell Hansen នេះ បានទទួលប្រាក់ពីភ្នាក់ងារចិន សរុបចំនួន ៨សែនដុល្លារ ជាក្រដាសប្រាក់សុទ្ធ ដែលជននេះបានស្ពាយយកទៅសហរដ្ឋអាមេរិក។

គួរកត់សម្គាល់ថា មួយរយៈពេលចុងក្រោយនេះ អាមេរិកបានចាប់ឃាត់ខ្លួនមន្ត្រីមួយចំនួនរបស់ខ្លួន ដែលត្រូវជាប់សង្ស័យ ថាបានលួចលាក់ បន្លំធ្វើការជាមួយភ្នាក់ងារបរទេស ជាថ្នូរនឹងទឹកប្រាក់។ ​ជាក់ស្តែង ជនជាតិអាមេរិក ដើមកំណើតចិនម្នាក់ ឈ្មោះ Jerry Chun Shing Lee អតីតភា្នក់ងាររបស់ CIA ត្រូវបានឃាត់ខ្លួននៅដខែមករា ដើមឆ្នាំនេះ ពីបទឃុបឃិតជាមួយភ្នាក់ងារស៊ើបការណ៍សំងាត់បរទេស។ ជនម្នាក់ទៀត ឈ្មោះ Kevin Mollary អតីតបុគ្គលិកនៃក្រសួងការបរទេសអាមេរិក ក៏ត្រូវបានឃាត់ខ្លួន កាលពីឆ្នាំ២០១៧កន្លងទៅ ពីបទល្មើសដូចគ្នា។ ដូចគ្នាដែរ ស្ត្រីមន្ត្រីការទូតម្នាក់ទៀត ឈ្មោះ Candace Marie Claiborne ក៏ត្រូវបានចាប់ខ្លួនកាលពីឆ្នាំ២០១៧ដែរ ពីបទពាក់ព័ន្ធឃុបឃិត ជាមួយក្រុមចារកិច្ចរបស់ចិន៕ ប្រភព៖ RFI