ភ្នំពេញ —ក្រុម​ប្រជា​ពលរដ្ឋ​ជាង​២០០​នាក់​ដែល​មិន​ទាន់​ទទួល​បាន​ដំណោះ​ស្រាយ​ ​ក្នុង​វិវាទ​ដីធ្លី​រ៉ាំរ៉ៃ​ជាមួយ​ក្រុម​ហ៊ុន​ស្ករអំពៅ​ក្នុង​ខេត្តកោះកុង​ ​បាន​មក​តវ៉ា​នៅ​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​នៅ​ព្រឹក​ថ្ងៃអង្គារ​នេះម្តង​ទៀត បន្ទាប់​ពី​ពួក​គេ​ត្រូវបាន​អាជ្ញាធរ​ខេត្តរារាំងមិន​ឲ្យ​ធ្វើ​ដំណើរ​មក​កាន់​រាជធានី​ភ្នំពេញកាលពី​ថ្ងៃ​ច័ន្ទ។​ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​អង្គការ​លីកាដូ​ដែល​ឃ្លំាមើល​សិទ្ធិ​មនុស្សក្នុង​ស្រុក​ ​ហើយ​ដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​អង្គារ​នេះ​ ​និង​តាម​ការ​បញ្ជាក់​របស់​ប្រជា​ពលរដ្ឋ។​

អង្គការ​លីកាដូ​ក៏​បាន​ថ្លែង​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​របស់​ខ្លួន​ថា អភិបាល​រង​ខេត្ត​កោះកុង​មួយ​រូប​គឺ​លោក​ ​អន ភារៈ​បាន​មក​ជួប​ក្រុម​ប្រជា​ពលរដ្ឋ​ ដែល​មក​ប្រមូល​ផ្តុំ​នៅ​មុខ​ក្រសួង​រៀបចំ​ដែនដី​ និង​បាន​ស្នើ​ឲ្យ​ប្រជា​ពលរដ្ឋ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ​ដើម្បី​ពិភាក្សា​រក​ដំណោះ​ស្រាយ។​

យ៉ាងណា​ក៏​ដោយ​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​ចេញ​សេចក្តី​ប្រកាស​មួយ​នៅ​ថ្ងៃ​អង្គារ​នេះ​ ក្រោយការ​ជួប​ប្រជុំ​រវាង​លោក​ ​ជា សុផារ៉ា​ ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែន​ដី​ និង​ក្រុម​អ្នក​តវ៉ា។​ ​សេចក្តី​ប្រកាស​បាន​បញ្ជាក់​ជា​ថ្មី​ទៀត​ អំពី​ការ​តាំង​ចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការ​បញ្ចប់​វិវាទ​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុន​ស្ករ​អំពៅ​ចំនួន​ពីរ។​

ក្រសួង​រៀបចំ​ដែនដី​បាន​ថ្លែង​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​របស់​ខ្លួន​ថា​ នា​ព្រឹក​ថ្ងៃ​ទី៥​ ខែ​មិថុនា​ ឆ្នាំ​២០១៨​ ឯកឧត្តម​ជា សុផារ៉ា​ ​ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី​ នគ​រូបនីយកម្ម​ និង​សំណង់​ បាន​ជួប​ជាមួយ​តំណាង​ប្រជា​ពលរដ្ឋ​៣១៧​គ្រួសារ​ ដែល​មាន​វិវាទ​ដីធ្លី​ជា​មួយ​ក្រុមហ៊ុន​ ​Koh Kong Planatation Co.,Ltd ​ ​និង​ក្រុមហ៊ុន​ ​Koh Kong Sugar Industry Co.,Ltd​ ​ ស្ថិត​នៅ​ស្រុក​ស្រែ​អំបិល​ និង​ស្រុក​បទុម​សាគរ​ ខេត្តកោះកុង។​ ក្រុម​ការងារកំពុងមមាញឹក​ក្នុង​ការ​វាស់​វែង​បែង​ចែក​ដី​ឡូតិ៍​ជូន​ក្រុម​ប្រជា​ពលរដ្ឋ​២០០​ គ្រួសារ​ ដែល​ទើប​បាន​ចាប់​ឆ្នោត​ជ្រើស​រើស​ឡូតិ៍​រួចរាល់​ ​និង​វាស់​វែង​បែង​ចែក​ដី​ឡូតិ៍​ជូន​ក្រុម​ប្រជា​ពលរដ្ឋ​១៧៥​គ្រួសារ​ដែល​ជិត​នឹង​បាន​បញ្ចប់។ ​ក្រោយ​ពី​បញ្ចប់​ការងារនេះ​ ក្រុម​ការងារ​នឹង​បន្តចាត់​ចែង​បែង​ចែក​ដីឡូតិ៍​សម្រាប់​ក្រុម​ប្រជា​ពលរដ្ឋ​៣១៧​គ្រួសារ​ ក្រុម​ប្រជា​ពលរដ្ឋ​១៧០​គ្រួសារ​ និង​ក្រុម​ប្រជា​ពលរដ្ឋ​៩៨​គ្រួសារ​ទៀត​សរុប​ចំនួន​ ៥៨៥​គ្រួសារ​ ដែល​គ្រោង​ចុះវាស់​វែង​បែង​ចែក​ដីឡូតិ៍​ឲ្យ​បាន​រួចរាល់​ចន្លោះ​ពី​ថ្ងៃទី​ ២០ ​ខែ​មិថុនា​ ដល់​ដំណាច់​ខែ​មិថុនា​នេះ​គឺមុន​ការ​បោះឆ្នោត។​

ក្រសួង​រៀបចំ​ដែនដី​បាន​ស្នើ​ថា ​ប្រជា​ពលរដ្ឋ​ដែល​ពាក់​ព័ន្ធ​ត្រូវ​សហការ​ជាមួយ​ក្រុម​ការងារ​ដើម្បី​អាច​សម្រេចកិច្ចការ​នេះ​តាម​ផែនការ​គ្រោង។​

លោក ឱម ផុន​ ​វ័យ​៦៥​ឆ្នាំ​ ជា​ប្រជា​ពល​រដ្ឋ​ដែល​ចូលរួម​ក្នុង​ការតវ៉ា​នោះ​ និង​ដែល​បាន​ចូល​ជួប​ប្រជុំ​ជា​មួយ​លោក​ ​ជា សុផារ៉ា​ ​មាន​ប្រសាសន៍​ប្រាប់​ ​VOA​ ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ​ក្រុម​ប្រជា​ពល​រដ្ឋ​ស្វាគមន៍​ក្នុង​ការ​ចូលរួម​សហការ​ជា​មួយ​រដ្ឋាភិបាល​ ដើម្បី​ធ្វើ​ការ​វាស់​វែង​ដី។​ ​លោក​បាន​សំណូម​ពរ​ឲ្យរដ្ឋាភិបាលពន្លឿន​ការ​ងារ​របស់​ខ្លួន​ក្នុង​ការ​ជួយ​ប្រជា​ពល​រដ្ឋ​ក្នុង​វិវាទ​ដីធ្លី​ដែល​អូស​បន្លាយ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ។​

«ខ្ញុំ​សូម​សំណូមពរ​ដល់​ខាង​ឯកឧត្តម​ ​ជា សុផារ៉ា​ ​ជួយ​ពន្លឿនបន្ថែម​ថែម​ទៀត​ ​ហើយ​ក៏​ឲ្យ​សម្តេច​តេជោ​ជួយ​ប្រជា​ពលរដ្ឋ​ទាំង​៣០២​គ្រួសារ​ ឲ្យបាន​រស់​រាន​មាន​ជីវិត​ មាន​ដី​ប្រើ​ប្រាស់​ ​មាន​សំណង​បន្ថែម​ហ្នឹង​ឲ្យ​លឿន​បន្តិច​ ​ព្រោះ​គាត់​ក្រីក្រ»។​

កាល​ពីថ្ងៃច័ន្ទ​ ​ប្រជា​ពល​រដ្ឋ​សហគមន៍​ជីខ​ ក្រុម​៣០២​គ្រួសារ ​ដែល​មិន​ទាន់​ទទួល​បាន​ដំណោះ​ស្រាយ​ បាន​ប្រមូលផ្តុំ​គ្នា​ទៅ​តវ៉ា​នៅ​ភ្នំពេញសារជាថ្មី​ ​ដោយ​ជួល​រថយន្ត​ចំនួន​១០​គ្រឿង​ មានគ្នា​សរុប​ប្រហែល​៣០០​នាក់។​ ​ក៏ប៉ុន្តែ​ភ្លាមៗ​នោះ​ ​មាន​មន្ត្រី​កងរាជ​អាវុធហត្ថ​ ប្រហែល១០​នាក់​ ​ដឹកនាំ​ដោយ​លោក សួន ស៊ីថា​ ​អភិបាល​រង​ស្រុក​ស្រែ​អំបិល​ ​បាន​ឃាត់​ឡាន​ ​នៅ​ចំណុច​ភូមិ​អូរជ្រៅ​ ​ជិត​ផ្លូវ​បំបែក​ទៅ​ផ្លូវ​ជាតិ​លេខ​៤។​ ​នេះបើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​សិទ្ធិ​មនុស្ស។​

ការ​រារាំង​នោះ​មិន​បង្ក​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច ​ឬ​អំពើ​ហិង្សា​នោះ​ទេ។​ ​ចំណែក​ក្រុម​ប្រជា​ពលរដ្ឋ​ដែល​ត្រូវ​បាន​អាជ្ញាធរ​រារាំង​នោះ​ ​បានបញ្ជាក់​ថា​ ក្រោយ​ការ​ឃាត់​ឃាំង​នោះ​ ប្រជា​ពល​រដ្ឋ​ក៏​សម្រេច​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ពី​កន្លែង​ហាម​ឃាត់​នោះ​មក​ទីក្រុង​ភ្នំពេញ។​ ​តែ​ដោយ​ការ​នឿយហត់​ ​ពួក​គេ​ក៏​សម្រេច​ឡើង​ជិះ​រថយន្ត​ឈ្នួល​បន្ត​មក​ទីក្រុង​ភ្នំពេញ។​

សេចក្តី​ប្រកាស​របស់​អង្គការលីកាដូ​ចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ បាន​ឲ្យ​ដឹង​ក្នុង​ន័យ​ដើម​ថា៖​

«អស់​រយៈ​ពេល​ច្រើន​ឆ្នាំ​មក​ហើយ​ ​ប្រជា​ពលរដ្ឋ​ដែល​មក​ពីឃុំជីខ​លើ​ ឃុំ​ជីខ​ក្រោម​ ឃុំ​ដង​ពែង​ និង​ឃុំ​កណ្តោល​ទាំងនេះ​ បាន​ដាក់​ញ្ញត្តិ​ជូន​ទៅ​អាជ្ញាធរ​ខេត្ត​ និង​ក្រសួង​ពាក់​ព័ន្ធ​និង​ក្រុម​ហ៊ុន​ស្ករ​អំពៅ​ថៃ​ KSL ​ក៏ដូច​ជា​សមាជិក​ព្រឹទ្ធ​សភា​នៃ​គណបក្ស​កាន់​អំណាច​គឺ​លោក​ឧកញ៉ា ​លី​ យ៉ុង​ផាត់»។​

លោក​ ​អំ សំអាត​ ​ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​លីកាដូ ​មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​គួរ​ខ្នះខ្នែង​បញ្ចប់​វិវាទ​ទៅ​តាម​ការ​សន្យា​របស់​ខ្លួន​ ដូច​ដែល​បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​របស់​ក្រសួង​រៀបចំ​ដែនដី។​ ​លោ​កមាន​ការ​បារម្ភ​ថា​ ​អំពើ​ហិង្សា​អាច​នឹង​កើត​ឡើង​នា​ពេល​ខាង​មុខ​ ក្នុង​ករណី​មាន​ការ​រារាំង​សកម្មភាព​តវ៉ា​របស់​ពលរដ្ឋ​បន្ត​ទៀត​នោះ។

«អ្វី​ដែល​ខ្ញុំ​បារម្ភ​ ខ្លាចតែ​អី​ចេះ​ទេ​ ​ខ្លាច​លោ​តែ​ដល់​ពេល​ដែល​តាម​លិខិត​អះអាង​ហ្នឹង​ហើយ ​មិន​បាន​ដោះ​ស្រាយ​ជូន​ប្រជា​ពលរដ្ឋ​ទៀត។​ ប្រជា​ពលរដ្ឋ​លោក​នឹង​ត្រឡប់​មក​ទៀត​ ដែល​ធ្វើ​ឲ្យ​បញ្ហា​នេះ​ វា​កាន់​តែ​ក្តៅ​ទៅ​ ហើយ​វា​កាន់តែ​មានបញ្ហា​ចម្រូង​ចម្រាស​ទៅ​ ពីព្រោះ​ដូច​ម្សិលមិញ​មានការ​ឃាត់​រថយន្ត​ ​មាន​ការ​បិទ​មិន​ឲ្យ​គាត់​មក។​ យើង​បារម្ភ​ថា​ ថ្ងៃ​ក្រោយ​ វា​អាច ​បើសិន​ជាដោះ​ស្រាយ​មិន​ចប់​ទេ​ វា​នឹង​កើត​ជា​រឿង​ផ្សេង​ ឬ​ក៏​អាច​មាន​អំពើ​ហិង្សា​កើត​ឡើង​ទៀត​ក៏​ថា​បាន​ដែរ​បាទ»។​

លោក​ ​អន ភារៈ​ ​អភិបាល​រង​ខេត្ត​កោះកុង​ ​បាន​បញ្ជាក់​ថា​ ក្រុម​ប្រជា​ពលរដ្ឋ​ដែល​ឡើង​មក​តវ៉ា​នៅ​រាជ​ធានី​ភ្នំពេញ​ ​បាន​ត្រឡប់​ទៅ​កាន់​ខេត្ត​វិញ​ហើយ។​ ​លោក​បាន​អះអាង​ថា​ អាជ្ញាធរ​នឹង​ពន្លឿន​ការ​វាស់​វែង​ដី។

«បាទ​ ជំរុញ​ ជំរុញ​ការ​វាស់​វែង​ឲ្យ​បាន​លឿន»។​

កាល​ពីខែ​មុន ក្រសួង​រៀប​ចំ​ដែន​ដី​ ​នគរូបនីយកម្ម ​និង​សំណង់​បាន​សន្យា​ថា​ នឹង​រក​ដំណោះ​ស្រាយ​ដល់​ប្រជា​ពលរដ្ឋ​ដែល​មាន​វិវាទ​ជាមួយ​ក្រុម​ហ៊ុន​ ​Koh Kong Plantation Co., Ltd​ ​និង​ ​Koh Kong Sugar Industry Co., Ltd​ ​នេះ​ដែរ។​ ​ក្រសួង​បាន​បញ្ជាក់​ថា​ ខ្លួន​បាន​ចាត់​ក្រុម​ការងារ​ចុះ​សហ​ការ​ជាមួយ​ក្រុម​ការ​ងារ​របស់​អាជ្ញាធរ​ខេត្ត​កោះកុង​ ​ដើម្បី​ពិនិត្យ​អត្តសញ្ញាណ​អ្នក​កាន់​កាប់ ​និង​ដីពាក់​ព័ន្ធ​នឹង​ ករណី​វិវាទ​ខាង​លើ​ ចាប់ពី​ថ្ងៃ​ទី​២១​ ​ខែ​ឧសភា​ ​ឆ្នាំ​២០១៨​ ​រហូត​រួច​រាល់​ជា​ស្ថាពរ​ឈាន​ទៅ​ដោះ​ស្រាយ​បញ្ចប់។

ការ​សន្យា​នាពេល​នោះ​កើត​មាន​ឡើង​ ​បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​រវាង​ពលរដ្ឋ​ជាង​២០០​នាក់​ជា​មួយ​ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​ និង​កង​សន្តិសុខ​ក្នុង​រាជធានី​ នៅ​ពេល​ក្រុម​ប្រជា​ពលរដ្ឋ​ព្យាយាម​ដើរ​ហែក្បួន​ទៅ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយ​កម្ម​ និង​សំណង់។ ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​បានរាយ​ការណ៍​កាលពី​ពេល​កន្លង​មក​ថា​ អ្នក​តវ៉ា​មួយ​ចំនួនកំពុង​ពរ​កូនតូច​នៅ​ជាប់​នឹង​ខ្លួន​ អំឡុង​ពេល​មាន​ការ​ប៉ះទង្គិច​គ្នា​នោះ៕ ប្រភព៖ VOA