ក្រុមហ៊ុន​ទូរគមនាគមន៍​របស់​ចិន​ឈ្មោះ ​ZTE ​បាន​ចុះ​ហត្ថលេខា​ជាមួយ​សហរដ្ឋ​អាមេរិក​ដែល​នឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ដែល​កំពុង​ជាប់​គាំង​មួយ​នេះ​អាច​ត្រឡប់​ចូល​ក្នុង​ទីផ្សារ​អាជីវកម្ម​វិញ​បាន។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​សារព័ត៌មាន Reuters។



ក្រុមហ៊ុន​ ZTE​ ស្ទើរ​តែនឹង​បិទ​ទ្វារ​ទៅ​ហើយ​បន្ទាប់​ពី​រដ្ឋបាល​របស់​លោក ត្រាំ ​បាន​កាត់​ផ្តាច់​មិន​ឲ្យ​មាន​ការ​នាំ​ចេញ​គ្រឿង​បន្លាស់​ដែល​ផលិត​នៅ​សហរដ្ឋ​អាមេរិក​ដើម្បី​ផ្តត់ផ្គង់​ដល់​ក្រុមហ៊ុន​មួយ​នេះ។ យោង​តាម​សម្តី​របស់​អ្នកជំនាញ​ម្នាក់​បាន​ថ្លែង​ថា​ក្រុម​ហ៊ុន​ ZTE ​ត្រូវ​បាន​គេ​ចាប់​បាន​ដោយ​ផ្ទាល់​នៅ​ពេល​ដែល​ក្រុមហ៊ុន​នេះ​បាន​យក​បច្ចេកវិទ្យា​របស់​សហរដ្ឋ​អាមេរិក​ដាក់​នៅ​ក្នុង​ទំនិញ​ដែល​លក់​ទៅ​ឲ្យ​ប្រទេស​នានា​ដែល​កំពុង​ទទួល​រង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​សហរដ្ឋ​អាមេរិក​រួមមាន​អ៊ីរ៉ង និង​កូរ៉េ​ខាង​ជើង​ជាដើម។

ក្រុមហ៊ុន ​ZTE​ ពឹង​ផ្អែក​ទាំង​ស្រុង​លើ​ការ​ផ្គត់​ផ្គង់​ទំនិញ​មួយ​ចំនួន​ដែល​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ពី​សហរដ្ឋ​អាមេរិក។

យោង​តាម​សេចក្តី​រាយការណ៍​របស់​សារព័ត៌មាន ​Reuters​ បាន​ឲ្យ​ដឹង​ថា​កិច្ច​ព្រម​ព្រៀង​នេះ​នឹង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ ZTE​ អាច​ធ្វើ​ប្រតិបត្តិការ​ឡើង​វិញ​រួម​ទាំង​ការ​ពិន័យ​ប្រាក់​ចំនួន​១​ពាន់​លាន​ដុល្លារ​ ត្រួត​ពិនិត្យ​នៅ​ក្នុង​រោងច្រក​របស់​ខ្លួន​ជា​ប្រចាំ និង​ផ្លាស់​ប្តូរ​ក្រុម​ការងារ​ប្រតិបត្តិ​របស់​ក្រុមហ៊ុន។

ទាំង​ក្រុមហ៊ុន​ ZTE ​និង​ក្រសួងពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​មិន​បាន​បញ្ជាក់​អំពី​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​នេះ​នៅ​ឡើយ​ទេ។

ក៏​ប៉ុន្តែ​យោង​តាម​សេចក្តី​រាយការណ៍​ថា​ សមាជិក​សភា​សហរដ្ឋ​អាមេរិក​មាន​ការ​ខឹងសម្បាដែល​រដ្ឋបាល​របស់​លោក ត្រាំ ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ ZTE ​អាច​បន្ត​ប្រើប្រាស់​ទំនិញ​ដែល​ផលិត​នៅ​សហរដ្ឋ​អាមេរិក​នេះ។

សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិតេយ្យ​លោក ​Mark Warner​ បាន​ថ្លែង​ថា៖ «ប្រសិន​បើ​សេចក្តី​រាយការណ៍​នេះ​ជា​ការ​ពិត​មែន​នោះ​ នេះ​គឺ​ជា​កំហុស​ដ៏​ធំ​មួយ។ សកម្មភាព​របស់​ក្រុមហ៊ុន​ ZTE ​គឺ​ជា​ការ​គំរាម​កំហែង​ដល់​សន្តិសុខជាតិ​របស់​សហរដ្ឋ​អាមេរិក»៕ ប្រភព៖ VOA