លោក​រដ្ឋមន្រ្តី​ការបរទេស​នៃ​ប្រទេស​សិង្ហបុរី Vivian Balakrishnan ផ្តើម​ទស្សនកិច្ច​រយៈពេល ២ថ្ងៃ​នៅ​ក្នុង​ទីក្រុង​ព្យុងយ៉ាង កូរ៉េខាងជើង​ដោយ​ចាប់​ផ្តើម​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី៧ មិថុនា​នេះ។ ទស្សនកិច្ច​របស់​ប្រមុខការទូត​សិង្ហបុរី​នៅ​ទឹកដី​កូរ៉េខាងជើង​ពេល​នេះ​បាន​ធ្វើ​ឡើង ប៉ុន្មាន​ថ្ងៃ​មុន​គម្រោង​ជំនួបកំពូល​ជា​ប្រវត្តិសាស្រ្ត​រវាង​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​នៅ​ថ្ងៃទី១២ មិថុនា​ក្នុង​ប្រទេស​សិង្ហបុរី។ នៅ​ក្នុង​ឱកាស​នោះ ដែនលំហអាកាស​ក្នុង​ប្រទេស​សិង្ហបុរី​នឹង​ត្រូវ​រឹតបន្តឹង​ចំនួន ៣ថ្ងៃ។

វត្តមាន​របស់​ប្រមុខ​ការទូត​សិង្ហបុរី​នៅ​ក្នុង​ទីក្រុង​ព្យុងយ៉ាង​រយៈពេល ២ថ្ងៃ​ជា​ការ​អញ្ជើញ​ពី​សមភាគី​កូរ៉េខាងជើង នេះ​បើ​​ផ្អែក​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​សិង្ហបុរី​ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​ពុធ ទី៦ មិថុនា។ ទោះ​ជា​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​មិន​បាន​ប្រាប់​ពី​មូលហេតុ​នៃ​ដំណើរ​ទស្សនកិច្ច​នោះ​ក៏​ដោយ​ក៏​គេ​ដឹង ជា​ទស្សនកិច្ច​ដើម្បី​រៀបចំ​របៀបវារៈ​នៃ​គម្រោង​ជំនួបកំពូល​ជា​ប្រវត្តិសាស្រ្ត​រវាង​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​នៅ​ថ្ងៃទី១២ មិថុនា។

ចំណែក​សេតវិមាន​បាន​បញ្ជាក់​ជា​ផ្លូវការ​ថា គម្រោង​ជំនួបកំពូល​រវាង​លោក​ត្រាំ និង​លោក​គីម​នឹង​រៀបចំ​នៅ​ក្នុង​សណ្ធាគារ Capella ស្ថិត​លើ​កោះ Sentosa ក្នុង​ទឹកដី​សិង្ហបុរី។ ដោយឡែក​ក្នុង​ថ្ងៃ​ពុធ ទី៦ មិថុនា​ដដែល អង្គការ​អាកាសចរស៊ីវិល​អន្តរជាតិ និង​រដ្ឋបាល​អាកាសចរ​ស៊ីវិលអាមេរិកាំង​បាន​ផ្សព្វផ្សាយ​សេចក្តី​ជូនដំណឹង​មួយ​ស្តីពី​ការ​រឹតបន្តឹង​ចរាចរណ៍​ផ្លូវអាកាស​នៅ​ក្នុង​លំហអាកាស​សិង្ហបុរី​រយៈពេល ៣ថ្ងៃ គឺ​ថ្ងៃទី១១ ១២ និង ១៣ មិថុនា។ តាម​សេចក្តី​ជូនដំណឹង​ដដែល និង​ដើម្បី​ហេតុផល​សន្តិសុខជាតិ គ្រប់​យន្តហោះ​ដែល​ត្រូវ​ចុះ​ចត​នៅ​ព្រលាន​យន្តហោះ Changi នឹង​ត្រូវ​បន្ថយ​ល្បឿន និង​ត្រូវ​ប្រើប្រាស់​ផ្លូវ​ដែល​បាន​កំណត់។

សូម​ជម្រាប​ជូន​ថា​នៅ​ថ្ងៃ​ចន្ទ ទី៤ មិថុនា​ដើមសប្តាហ៍​នេះ រដ្ឋអំណាច​សិង្ហបុរី​បាន​បង្ហាញ​ចេញ​នូវ​វិធានការ​សន្តិសុខ​មួយ​ចំនួន​ដែល​នឹង​ត្រូវ​អនុវត្តន៍​ក្នុង​ថ្ងៃ​ជំនួបកំពូល​រវាង​លោក​ត្រាំ និង​លោក​គីម។ វិធានការ​សន្តិសុខ​ទាំង​នោះ​មាន​ដូច​ជា ការ​ដាក់​តំបន់​មួយ​ចំនួន​ឲ្យ​ស្ថិត​ក្នុង​តំបន់​ពិសេស​ដែល​ត្រូវ​ទទួល​វិធានការ​សន្តិសុខ​ពិសេស​ចន្លោះ​ថ្ងៃទី១០ និង ១៤ មិថុនា។ ជាក់ស្តែង តំបន់ប៉ែកកណ្តាល​ដែល​មាន​វត្តមាន​ស្ថានទូតអាមេរិក ក្រសួង​ការបរទេស និង​សណ្ធាគារ​ជា​ច្រើន៕ ប្រភព៖ RFI