ក្រសួងការបរទេសអាមេរិក ទើបបានបញ្ជាក់ឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ទី ៧មិថុនា ថា គេបានបញ្ជូនមន្ត្រីទូតអាមេរិកមួយចំនួន ដែលបំរើការងារនៅប្រទេសចិន ឲ្យត្រលប់ទៅអាមេរិកវិញ ដើម្បីទទួលការពិនិត្យសុខភាព ឲ្យបានស៊ីជម្រៅ។ ការបញ្ជូនមន្ត្រីខ្លួន ឲ្យត្រលប់ទៅវិញនេះ គឺ បន្ទាប់ពីមានការសង្ស័យថា បុគ្គលិកទាំងនោះ បានរងនូវការវាយប្រហារតាមរយៈរលកសម្លេង ឬរលកសញ្ញា យ៉ាងចំលែក ដែលធ្វើឲ្យពួកគេមានរបួស ក្នុងប្រព័ន្ធសរសៃប្រសាទ។



មន្ត្រីទូតអាមេរិក មួយចំនួន ដែលបំពេញការងារនៅចិន ត្រូវបានបញ្ជូន ឲ្យទៅទទួលការពិនិត្យតាមដានសុខភាព នៅឯសហរដ្ឋអាមេរិកវិញ។ នេះគឺជាការប្រកាសរបស់ក្រសួងការបរទេសអាមេរិក។ អ្នកនាំពាក្យក្រសួង បានបញ្ជាក់ទៀតថា ក្រសួងបានបញ្ជូនក្រុមអ្នកជំនាញវិជ្ជសាស្ត្រមួយក្រុម ឲ្យទៅដល់ក្រុងគ័ងចូវប្រទេសចិន បន្ទាប់ពីមន្ត្រីកុងស៊ុលអាមេរិកម្នាក់ នៅទីនោះ ​បានជូនដំណឹងថា គេមានអាការៈជម្ងឺក្នុងប្រព័ន្ធប្រសាទ ហើយឮសម្លេងយ៉ាងចម្លែក ក្នុងត្រចៀក កាលពីខែមុន។

ក្រោយការជូនដំណឹងនេះ ក្រសួងការបរទេសអាមេរិក បានប្រកាសសញ្ញាអាសន្ន ដល់បុគ្គលិកខ្លួនទាំងអស់ ដែលធ្វើការនៅចិន ឲ្យមានការប្រុងប្រយត្ន័ ហើយត្រូវបញ្ជូនដំណឹងមកក្រសួងភ្លាម បើសិនជាមានអាការៈជំងឺគួរឲ្យសង្ស័យ។ អាការៈជំងឺ ដែលក្រសួងអាមេរិកលើកឡើងនោះ មានដូចជា អាការៈវិលមុខធីងធោង ឈឺក្បាលខ្លាំងបណ្តាលមកពីត្រចៀក នឿយហត់អស់កម្លាំង វង្វេងភ្លេចភ្លាំង ស្រវាំងភ្នែក ហ៊ឹងត្រចៀក ឬគេមិនលក់ជាដើម។

ក្រុមអ្នកជំនាញវិជ្ជសាស្ត្រអាមេរិក ដែលទើបតែទៅដល់ក្រុងគ័ងចូវ និងធ្វើការវិភាគ ថាតើអាការៈជំងឺ​ របស់មន្ត្រីទូតនៅទីនោះ មានលក្ខណៈដូចទៅនឹងករណីវាយប្រហារដោយរលកសញ្ញា នៅឯស្ថានទូតអាមេរិក ប្រចាំទីក្រុងឡាហាវ៉ាន ប្រទេសគុយបា កាល​ពីឆ្នាំ​មុន​ដែរឬទេ។ គួររំលឹកថា កាលពីឆ្នាំ២០១៧ មន្ត្រីទូតអាមេរិក នៅក្រុងឡាហានវ៉ាន ចំនួន​២៤​នាក់ មានអាការៈជម្ងឺរបៀបនេះ។ ក្រៅពីនេះ មន្ត្រីទូតកាណាដា១០នាក់ទៀត ក៏មានអាការៈជម្ងឺស្រដៀងគ្នានេះដែរ។

ថ្វីបើ ពុំទាន់មានការសន្និដ្ឋាន ណាមួយឲ្យបានជាក់ច្បាស់ តែរដ្ឋាភិបាលអាមេរិក បានសង្ស័យថា មានប្រទេសផ្សេងណាមួយ កំពុងតែប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាយ៉ាងចម្លែក ដែលអាចបញ្ចេញ សម្លេង ឬរលកសញ្ញាដ៏ខ្លាំង តែមិនអាចមើលឃើញនឹងភ្នែក ដើម្បីចូលទៅបំផ្លាញ ប្រព័ន្ធសរសៃប្រសាទរបស់មន្ត្រីទូតអាមេរិក។

យ៉ាងណាក៏ដោយ សម្រាប់ករណីដែលកំពុងកើតឡើងនៅក្នុងប្រទេសចិន ត្រូវបានក្រសួងការបរទេសចិន លើកឡើងថា ខ្លួនបានតាមដានអង្កេតហើយ ដោយពុំមានស្រង់បាននូវរលកសម្លេង ឬរលកសញ្ញាចំលែកណាមួយ ដែលអាចបណ្តាលឲ្យមន្ត្រីទូតអាមេរិក មានជម្ងឺឡើយ។ ចំណែកករណីកាលពីខែមុន នៅឯក្រុងគ័ងចូវ គឺអាជ្ញាធរចិន មិនបានដឹងឮទេ ដោយសារតែក្រសួងការបរទេសអាមេរិក មិនបានប្រាប់មកភាគីចិន។ បើសិនជាភាគីអាមេរិកជូនដំណឹង ឲ្យបានត្រឹមត្រូវ ម្លេះអាជ្ញាធរចិន អាចចាត់វិធានការតាមដានឲ្យច្បាស់លាស់ ព្រោះវាជាការទទួលខុសត្រូវរបស់ចិន ក្នុងការធានាការពារសន្តិសុខ សុវត្ថិភាពជូនមន្ត្រីបរទេសដែលបំរើការងារនៅចិន៕ ប្រភព៖ RFI