ភ្នំពេញ —អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដ៏​លេចធ្លោ​មួយ​រូប​ក្នុង​ប្រទេស​កម្ពុជាគឺ​អ្នកស្រី​ ​ចក់ សុភាព​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​បាន​ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ​រាជធានី​ភ្នំ​ពេញ​ ​ក្នុង​សំណុំ​រឿង​ប្រធាន​បក្ស​ជំទាស់​គឺ​លោក​ ​កឹម សុខា​ ​ដែល​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ក្បត់ជាតិ។​



នាយិការ​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​CCHR​ រូប​នេះ​គឺ​ជា​សាក្សីទីបី​ដែល​បាន​ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ​រាជធានី​ភ្នំពេញ។​

ក្រោយ​ការ​បំភ្លឺ​ប្រាប់ចៅ​ក្រម​ស៊ើបសួរ​ជាង​១​ម៉ោង​កន្លះ​ ​អ្នកស្រី​ ​ចក់ សុភាព​ ​បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ដែល​រង់ចាំ​នៅ​ខាង​ក្រៅ​តុលាការ​ថា​ ​ចៅ​ក្រមស៊ើប​សួរ​បានសួរនាំ​អ្នកស្រី​ទាក់ទិននឹង​ការងារ​របស់​អ្នក​ស្រី​និង​ដំណើរ​ការ​ ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​នៅ​មុន​និង​ក្រោយ​ការ​គ្រប់គ្រង​របស់​លោក​ កឹម សុខា។​

ដោយ​ព្យាយាម​មិន​បញ្ជាក់​លម្អិត​ពី​ការ​សាកសួរ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​អ្នកស្រី​ ​ចក់ សុភាព​ ​ថ្លែង​ថា៖​

​«ដូច​ខ្ញុំ​បាន​បញ្ជាក់​គឺ​ពាក់ព័ន្ធ​នឹង​ការងារ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ​នៅពេលដំបូង​ ​ហើយ​កិច្ចការ​ខ្លះ​ខ្ញុំអត់​អាច​ឆ្លើយ​បាន​ទោះ​បីខ្ញុំបាន​ចូល​ធ្វើការយូរ​មែន​ ​ប៉ុន្តែ​កិច្ចការ​ជា​ច្រើន​ខ្ញុំ​មិនដឹងទេ​។ អញ្ចឹង​ ​អ្វី​ដែល​ខ្ញុំ​ចង់​បញ្ជាក់​គឺសួរ​ពាក់ព័ន្ធ​ការងារ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ លោក​ ​កឹម សុខា​ ​ហើយ​នឹង​ការងារ​ពេល​បច្ចុប្បន្ន​ខ្លះ​ដែរ»។​

លោក​ ​កឹម សុខា​ ​ដែល​ពេលនេះ​កំពុង​ជាប់​ឃុំ​គឺ​ជា​អ្នក​បង្កើត​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ក្នុង​ឆ្នាំ​ ​២០០២​ ​និង​ធ្លាប់​ធ្វើ​ជា​ប្រធានអង្គការ​ ​នេះ​អស់​ជាច្រើ​ឆ្នាំ​មុន​ពេល​លោក​សម្រេច​វិលចូល​ឆាក​នយោ​បាយ​វិញ​នៅ​ឆ្នាំ​២០០៧។​ ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ​ធ្លាប់​រងការ​គំរាម​បិទទ្វារ​ ​ក្រោយ​ការ​ចាប់​ខ្លួន​ ​លោក​ ​កឹម សុខា។​ ​យ៉ាងណា​ក៏​ដោយ​រដ្ឋាភិបាល​កម្ពុជា​ ​បាន​បញ្ជាក់​កាល​ពី​ចុងឆ្នាំ​ ​២០១៧​ថា​ ​អង្គការ​សិទ្ធិ​មនុស្ស​មួយ​នេះ​ ​មិនមាន​ទំនាក់​ទំនង​នឹង«​ករណី​ក្បត់ជាតិ»​ របស់​ ​លោក​ ​កឹម សុខា​ ​នោះ​ទេ។​

អ្នកស្រី​ ​ចក់ សុភាព​ ​គឺ​ជា​សាក្សី​ទីបី​ ​ក្នុង​ចំណោម​សាក្សី​ទាំង​ ​៨រូប​ ​ដែល​បាន​ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ​រាជធានី​ភ្នំពេញ​ ​ក្នុង​សប្តាហ៍​នេះ។​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​សាក្សី​ពីរ​រូប​គឺអ្នកស្រី​ ​ចក់ សុភាព​ ​និង​ លោក​ ​មាស គីមសេង​ ​ប្រធាន​សមាគម​ធាងត្នោត​បាន​ចូលឆ្លើយ​នៅ​មុខ​ចៅ​ក្រម​ស៊ើបសួរ​ ​ខណៈ​សាក្សី​មួយ​រូប​ទៀត​ គឺ​លោក​ ​គ្រី ​សុង​ ​អតីត​បុគ្គលិក​របស់​ ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ចូល​ខ្លួន​កាល​ពី​ដើម​សប្តាហ៍​នេះ។​

លោក​ ​លី សុផាណា​ ​អ្នកនាំពាក្យ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​បាន​ប្រាប់​អ្នកសារ​ព័ត៌មាន​តាម​បណ្តាញ​សង្គម​ ​តេឡេក្រាម​ ​ក្នុង​ន័យ​ដើម​ថា៖​ ​«សាក្សី​បាន​ចូលឆ្លើយ​ចំនួន២នាក់​នៅ​ថ្ងៃ​នេះ។​ ​មក​ដល់​ថ្ងៃនេះ​ ​សាក្សី​ចូល​ឆ្លើយ​បាន​៣​ ​នាក់​ ​និង​អវត្តមាន​សាក្សី​ម្នាក់​ ​ហើយ​នឹង​បន្ត​សួរ​សាក្សី​ផ្សេង​ទៀត​នៅ​សប្តាហ៍​ក្រោយ »។​

លោក គី ឫទ្ធី ចៅក្រម​ស៊ើប​សួរនៃ​តុលាការ​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​កោះ​ ​ហៅ​សាក្សី​៨រូប​ដើម្បី​ផ្តល់​សក្ខីកម្ម​ ​លើ​សំណុំ​រឿង​ ​«ក្បត់ជាតិ»​ ​របស់​លោក​ ​កឹម សុខា។​ ​ភាគ​ច្រើន​នៃសាក្សី​ទាំង​៨រូប​គឺ​ជា​មន្ត្រីឬ​អតីត​មន្ត្រី​អង្គការ​សង្គមស៊ីវិលនិង​អ្នក​សារព័ត៌​មាន​ប្រជាជន​ដែល​មាន​និន្នាការ​គាំ​ទ្របក្ស​ជំទាស់។​

លោក​ ​សៀ ភារម្យ​ ​ប្រធាន​អង្គការ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន​ ​ដែល​ជា​សាក្សី​មួយ​ក្នុង​ចំណោម​នោះ​ ​បាន​ប្រាប់​ ​VOA​ ​ពី​សហ​រដ្ឋ​អាមេរិក​ ​កាល​ពី​ដើម​ខែ​មិថុនា​ថា​ ​លោក​មិន​ចាប់​អារម្មណ៍​ចំពោះ​ដីកា​របស់​«តុលាការ​តេឡេ»​ ​នៃ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​នោះ​ឡើយ។​ ​ហើយ​ ​លោក​ក៏​នឹង​មិន​ចូល​ឆ្លើយ​នៅ​តុលាការ​នៅ​ថ្ងៃ​ទី១២​មិថុនា​ខាង​មុខ​ដែរ។​

អ្នកស្រី​ ​ចក់ សុភាព​ ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​និង​អង្គការ​សង្គម​ស៊ីវិល​សង្ឃឹម​ដំណើរការ​នីតិវិធី​ ​ក្នុង​សំណុំ​រឿង​របស់​លោក​ ​កឹម សុខា​ ​នឹង​ធ្វើ​ឡើង​ដោយ​ឯករាជ្យ​ ​ហើយ​សិទ្ធិ​របស់​សាក្សី​ក៏​នឹង​ត្រូវ​បាន​គោរព​សិទ្ធិ​ផង​ដែរ។​

«ជា​ក្តី​សង្ឃឹម​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ឬ​ក្នុង​នាម​អង្គការ​សង្គម​ស៊ីវិល​គឺ​យើងចង់​ឃើញ​ថា​ដំណើរការ​នីតិវិធី​នេះ​ធ្វើ​ទៅ​ប្រកប​ដោយ​ឯករាជ្យ​ ​ហើយ​នឹង​មិន​មាន​ការ​ជះឥទ្ធិពល​ណា​មួយ​ ​ហើយ​ជា​ពិសេស​គឺ​ធានា​ដល់​សិទ្ធិ​អ្នក​ពាក់ព័ន្ធ​ទាំង​ឡាយ​រួម​ទាំង​សាក្សី​រួម​ទាំងជន​ជាប់​ចោទ​ ​ទទួល​បាន​នូវ​សិទ្ធិ​ជំនុំជម្រះ​ដោយ​យុត្តិធម៌»។​

លោក​ ​កឹម សុខា​ ​ប្រធាន​បក្ស​ជំទាស់​ ​ដ៏​ធំ​នៅ​កម្ពុជា​ត្រូវបាន​ចាប់ឃុំខ្លួន​កាលពី​ដើម​ខែ​កញ្ញា​ ​កន្លង​ទៅ​ ក្រោម​បទ​ចោទ​ថា​រួម​ដៃ​ជា​មួយ​បរទេស​ដើម្បី​ផ្ដួល​រំលំ​របប​គ្រប់គ្រង​របស់​ ​លោក​ ​ហ៊ុន សែន។​ ​លោក​ ត្រូវ​បានចោទ​និង​ឃុំខ្លួន​ ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង​នៃខេត្ត​ត្បូងឃុំ។​ ​កម្ពុជា​បាន​រង​ការ​រិះគន់​និង​សម្ពាធ​យ៉ាងច្រើនពី​ប្រទេស​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ​ ​ក្រោយ​ពីរដ្ឋាភិបាល​ដែល​គ្រប់​គ្រង​ដោយ​គណ​បក្ស​ប្រជាជន​កម្ពុជា​ ​បាន​ឃុំខ្លួន​មេបក្ស​ជំទាស់​និង​រំលាយ​បក្ស​ដែល​មាន​ពល​រដ្ឋ​គាំទ្រ​ជាង​៤០​ភាគរយ​ក្នុង​ការ​បោះឆ្នោត​កន្លង​មក។​ ​ខណៈ​ដំណើរ​ការ​កាត់​ទោស​លោក​កឹម សុខា​ ​កំពុង​តែ​ធ្វើ​ឡើង​ដោយ​សន្សឹមៗ។​ ​ប្រទេស​កម្ពុជា​គ្រោង​នឹង​ធ្វើ​ការ​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃទី​២៩​ខែ​កក្កដា​ដោយ​គ្មាន​ការ​ចូល​រួមពី​បក្ស​ជំទាស់​មួយ​នេះ៕ ប្រភព៖ VOA