ជំនួបកំពូល​ជា​ប្រវត្តិសាស្រ្ត​រវាង​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង​គីម ជុងអ៊ុន​បើក​ធ្វើ​នៅ​ថ្ងៃ​អង្គារ ទី១២ មិថុនា​នេះ​ក្នុង​ប្រទេស​សិង្ហបុរី។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​នរណា​នឹង​មាន​ប្រៀប​ជាង​នរណា​នៅ​ក្នុង​ជំនួប​នេះ​ទេ ហើយ​គេ​ក៏​នៅ​មិន​ទាន់​ដឹង​ថា តើ​នឹង​ទទួល​លទ្ធផល​យ៉ាង​ណា​ដែរ។ តែ​បើ​តាម​លោក​ហ្សាវ តុង អ្នកជំនាញ​ផ្នែក​នុយក្លេអ៊ែរ​នៅ​វិទ្យាស្ថាន Carnegie បាន​យល់​ឃើញ​ថា ទោះ​បី​ជា​ជំនួប​នោះ​ទទួល​ជោគជ័យ ឬ​បរាជ័យ​ក៏​ដោយ ក៏​លោក​គីម ជុងអ៊ុន​ជា​អ្នក​ឈ្នះ និង​ទទួល​បាន​ការ​គាំទ្រ​បន្ថែម។



« សហរដ្ឋអាមេរិក​មិន​អាច​ចេញ​ពី​ជំនួបកំពូល ហើយ​បញ្ឆេះ​សង្រ្គាមប្រឆាំង​កូរ៉េខាងជើង​ដោយ​វាយប្រហារ​ផ្លូវយោធា​នោះ​ទេ ព្រោះ​ថា​ក្នុង​ពេល​ជាមួយ​គ្នា​នេះ កូរ៉េខាងជើង​បាន​បង្កើន​ទំនាក់ទំនង​យ៉ាង​ស្និតស្នាល និង​ប្រកប​ដោយ​ជោគជ័យ​ជាមួយ​មហាអំណាច​ផ្សេង​នៅ​ក្នុង​តំបន់។ ទំនាក់ទំនង​ជាមួយ​កូរ៉េខាងត្បូង​ក្តី ជាមួយ​ចិន​ក្តី និង​ជាមួយ​រុស្ស៊ី​ក្តី គឺ​ល្អ​ណាស់។

ទន្ទឹម​គ្នា​នេះ កូរ៉េខាងជើង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​កសាង​ខ្លួន​ឯង​ជា​រូបភាព​តួអង្គ​ទទួល​ខុសត្រូវ​អន្តរជាតិ​ជាមួយ​នឹង​ពាក្យ​សន្យា​បោះបង់​ចោល​ការ​បង្ករឿង​ផ្លូវយោធា និង​បង្ហាញ​ចេញ​នូវ​ឆន្ទៈ​ក្នុង​ការ​បើក​ចំហ​ទៅ​កាន់​ពិភព​ខាងក្រៅ​ដើម្បី​ធ្វើ​ជំនួញ។ នៅ​ក្នុង​រចនាបទ​មួយ​នេះ ការ​វាយប្រហារ​ផ្លូវយោធា​របស់​អាមេរិក​លើ​កូរ៉េខាងជើង​នឹង​គ្មាន​អ្នក​ណា​គាំទ្រ​ឡើយ។

ប្រសិន​បើ​កូរ៉េខាងជើង​បញ្ឈប់​ជា​ស្ថាពរ​នូវ​ការ​សាកល្បង​នុយក្លេអ៊ែរ និង​ការ​បាញ់​សាកល្បង​គ្រាប់មីស៊ីលបាលីស្ទិក ចិន និង​រុស្ស៊ី​ប្រាកដ​ជា​មិន​ចេញ​មុខ​គាំទ្រ​ទណ្ឌកម្ម​អន្តរជាតិ​ថ្មី​លើ​កូរ៉េខាងជើង​ទេ។ ដូច្នេះ​ខ្ញុំ​គិត​ថា គំនាប​របស់​អាមេរិក​លើ​កូរ៉េខាងជើង​បាន​ឈាន​ដល់​កម្រិត​កំពូល​ហើយ ហើយ​តាម​យោបល់​របស់​ខ្ញុំ អាមេរិក​គ្មាន​មធ្យោបាយ​អ្វី​ដើម្បី​ដើម្បី​ដាក់​គំនាប​លើ​កូរ៉េខាងជើង​ទៀត​ឡើយ។

គេ​អាច​និយាយ​បាន​ថា អាមេរិក​ប្រហែល​ជា​គ្មាន​ជម្រើស​អ្វី​ផ្សេង ក្រៅ​ពី​ទទួល​យក​ការ​ដែល​កូរ៉េខាងជើង​មិន​ព្រម​បោះបង់​ចោល​នុយក្លេអ៊ែរ​ភ្លាមៗ​នោះ​ទេ »៕ ប្រភព៖ RFI