ភ្នំពេញ —រដ្ឋាភិបាល​កម្ពុជា​បាន​ស្នើ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​រាជធានី​ ​ខេត្ត ​បង្កើន​កិច្ច​ខិតខំ​ រក​ច្រក​ដែល​មាន​ប្រសិទ្ធភាព​ដើម្បី​ដោះស្រាយ​វិវាទ​ដីធ្លី​ ​និង​រារាំង​មិន​ឲ្យ​ពលរដ្ឋ​មក​ផ្តុំ​គ្នា​តវ៉ា​ក្នុង​រាជធានី​ភ្នំពេញ។​ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​មហា​ផ្ទៃ​ដែល​ ​VOA​ ​ទទួល​បាន។​

លិខិត​របស់​លោក​ ​ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ ចុះ​ថ្ងៃ​ទី​១៣​ ខែ​មិថុនា​ ឆ្នាំ​២០១៨​ បាន​ណែនាំ​ដល់​រដ្ឋបាល​រាជធានី​ ខេត្ត​ ឲ្យ​ត្រៀម​ឆ្លើយតប​នឹង​ការ​ត​វ៉ា​របស់​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ក្នុង​ន័យ​ដើម​ថា៖​

«ត្រូវ​បង្កើន​ការ​តាម​ដាន​ និង​គ្រប់​គ្រង​សភាព​ការណ៍​វិវត្ត​ពាក់​ព័ន្ធ​នឹង​បញ្ហា​ទំនាស់​ដីធ្លី​ នៅ​តាម​ខេត្ត​នីមួយៗ​ឲ្យបាន​ហ្មត់​ចត់​ ​ដើម្បីចូល​រួម​បង្ការ ទប់ស្កាត់​កុំឲ្យ​មាន​និន្នាការ​ឡើង​មក​ប្រមូល​ផ្តុំ​តវ៉ា​ដាក់​ញត្តិ​នៅ​រាជធានី​ភ្នំពេញ»។​

លោក​ ​ស ខេង​ ​ក៏​បាន​ស្នើ​ឲ្យ​រដ្ឋបាល​រាជធានី​ ​ខេត្ត​ ​ណែនាំ​ដល់​អាជ្ញាធរ​ ​និង​កង​កម្លាំង​មាន​សមត្ថកិច្ច​រក្សា​បាន​នូវ​ភាព​អត់​ធ្មត់​នៅក្នុង​ការ​បំពេញ​ការងារ​ពាក់​ព័ន្ធ​នឹង​បញ្ហា​ទំនាស់​ដីធ្លី​ ឬ​ការ​ទាម​ទារ​តវ៉ា​នានា​របស់​ប្រជា​ពលរដ្ឋ​អំពី​បញ្ហា​ដីធ្លី​ ដើម្បី​បញ្ចៀស​ឲ្យ​បាន​នូវ​អំពើ​ហិង្សា​ដែល​អាច​កើត​មាន​ឡើង​ជាយថាហេតុ។ រដ្ឋបាល​រាជធានី​ ​ខេត្ត​ត្រូវ​ធ្វើការ​ពង្រឹង​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ការបញ្ជាក់​លើ​លិខិត​ស្នាម​ ​ឯកសារ​នានា​ពាក់​ព័ន្ធ​ដីធ្លី​ ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ច្បាប់​ ​បែប​បទ​ នីតិវិធី​ និង​ការ​ណែនាំ​ជាធរមាន​ ​ហើយ​ត្រូវ​ចាត់​វិធាន​ការ​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់​ចំពោះ​បុគ្គល​ជា​អាជ្ញាធរ​ដែល​ចេញ​ឯកសារ​មិន​ស្រប​ច្បាប់​នានា​ពាក់​ព័ន្ធ​ដីធ្លី។​

លិខិត​របស់​លោក​ ស ខេង​ ​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ ​បាន​បញ្ជាក់​អំពី​ការ​ឆ្លើយ​តប​របស់​អាជ្ញាធរ​ទៅ​នឹង​អ្នក​មក​ប្រមូល​ផ្តុំ ​និង​សុំ​ដាក់​ញត្តិនៅ​រាជធានី​ភ្នំពេញ ​តាម​ន័យ​ដើម​ថា៖​

«រដ្ឋបាល​រាជធានី​ភ្នំពេញ​ត្រូវចាត់​ក្រុម​ការងារ​មួយ​ឲ្យ​តាម​ដាន​ និង​ក្តាប់​សភាព​ការណ៍​របស់​អ្នក​តវ៉ា​ទំនាស់​ដីធ្លី​នៅទីតាំង​ដែល​មាន​ប្រជា​ពលរដ្ឋ​មក​ប្រមូល​ផ្តុំ​ និង​ទីកន្លែង​ស្នាក់​នៅ​របស់​ពួក​គាត់​ក្នុង​រាជ​ធានី​ភ្នំពេញ​ ព្រម​ទាំង​ចាត់​ចែង​កង​កម្លាំង​មាន​សមត្ថកិច្ច​ឲ្យ​ជួយ​ការពារ​សន្តិសុខ​ និង​សុវត្ថិភាព​ជូន​ពួក​គាត់»។​

លិខិត​របស់​លោក ​ស ខេង ​បាន​បន្ថែម​ថា៖​

«រដ្ឋបាល​រាជធានី​ភ្នំពេញ​ត្រូវ​ទំនាក់​ទំនង​ជូន​ព័ត៌មាន​ភ្លាម​ទៅ​រដ្ឋបាល​ខេត្ត​ពាក់​ព័ន្ធ​ ​នៅពេល​ដែល​ដឹង​អំពី​ព័ត៌មាន​ពាក់​ព័ន្ធ​នឹង​ការ​ប្រមូល​ផ្តុំ​នៅទីតាំង​ណាមួយ​ក្នុង​រាជធានី​ ដើម្បី​តវ៉ា​បញ្ហា​ទំនាស់​ដីធ្លី​របស់​ប្រជា​ពលរដ្ឋ​ មក​ពីខេត្ត​ណា​មួយ។​ ​បន្ទាប់​ពីទទួល​បាន​ព័ត៌មាន​នេះ​ រដ្ឋបាល​ខេត្ត​ត្រូវ​ចាត់​ក្រុម​ការងារ​មួយ​ជា​បន្ទាន់​ ឲ្យ​មក​ជួប​ប្រជា​ពលរដ្ឋ​ដើម្បី​សម្រុះ​សម្រួល​ប្រជា​ពលរដ្ឋ​ឲ្យ​ទៅចូល​រួម​ដោះស្រាះ​បញ្ហា​ទំនាស់​ដីធ្លី​នៅ​មូលដ្ឋាន​វិញ​ ព្រម​ទាំង​ចាត់​ចែង​មធ្យោបាយ​ដឹក​ជញ្ជូន​ពួក​គាត់​ត្រឡប់ទៅ​កាន់​លំនៅដ្ឋាន​រៀងៗ​ខ្លួន»។​

នៅ​មុន​ការ​ចេញ​លិខិត​ណែនាំ​របស់​លោក​ ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ក្រុម​ប្រជា​ពលរដ្ឋ​ជា​ច្រើន​រយ​នាក់​មក​ពីខេត្ត​នានា​ បាន​មក​កាន់​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើ​ការត​វ៉ា​ជាមួយ​រដ្ឋាភិបាល​ ក្នុង​គោល​បំណង​ស្វែងរក​ដំណោះ​ស្រាយ​ទៅ​លើ​ទំនាស់​ដីធ្លី​របស់​ពួក​គេ។

រូបឯកសារ៖ ប្រជាពលរដ្ឋ​ពី​ខេត្ត​ក្រចេះដែល​រង​ជម្លោះ​ដីធ្លី​ ទល់​នឹង​ក្រុមហ៊ុនចម្ការ​កៅស៊ូ​មេមត់ ឡើងមកដង្ហែញាត្តិ​តាម​ដង​ផ្លូវ​នៅ​រាជធានី​ភ្នំពេញ​ ទាមទារ​សុំ​ការដំណោះស្រាយ​ដោយ​រដ្ឋាភិបាល​ទៅលើការ​បាត់បង់ដីធ្លីដែល​ពួកគាត់អះអាង​ថា​ជា​របស់ពួកគេ។

កាល​ពី​ពេល​ថ្មីៗ​នេះ​ ​លោក​ ​ជា សុផារ៉ា​ ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី​ នគរូបនីយកម្ម​ និង​សំណង់​ ​បាន​សន្យា​បញ្ចប់​ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ​ជាង​៣០០​គ្រួសារ​ជាមួយ​នឹង​ក្រុមហ៊ុន​ស្ករ​អំពៅ​ចំនួន​ពីរ​ ដែល​លោក ​លី យ៉ុងផាត់​ ​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​កាន់អំណាច​ បាន​អះ​អាង​ថា ​មិន​មែន​ជា​របស់​លោក​ទៀត​ទេ។ ​ការ​សន្យា​របស់​លោក​ ​ជា សុផារ៉ា​ ​បាន​ធ្វើ​ឡើង​ ​ក្រោយ​ពីក្រុម​ប្រជា​ពលរដ្ឋ​ទាំងនោះ​ ​ឡើង​មក​តវ៉ា​នៅ​រាជធានី​ភ្នំពេញ​ជាច្រើន​លើក​ ច្រើន​សារ​ ហើយ​ថែម​ទាំង​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​អាជ្ញាធរ​ក្រុង​ទៀត​ផង។​

លោក​ ​អន ភារៈ​ ​អភិបាល​រង​ខេត្ត​កោះកុង​ ដែល​ធ្លាប់​ត្រូវ​បាន​ពលរដ្ឋ​អះអាង​ថា​ ស្កាត់​មកជួ​ប​ពលរដ្ឋ​នៅ​ក្រសួង​រៀបចំ​ដែន​ដី​ នគរូបនីយកម្ម​ និង​សំណង់​ ក្នុង​ករណី​ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ​ និង​ក្រុមហ៊ុន​ស្ករ​អំពៅ​នេះ​ បាន​បញ្ជាក់​ប្រាប់​ VOA ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ សាលា​ខេត្ត​កោះកុង​បាន​ទទួល​លិខិត​របស់​លោក​ ស ខេង​ ហើយ​ តែលោក​បាន​បដិសេធ​មិន​ផ្តល់​ការ​អធិប្បាយ​ថា​ តើ​លោក​នឹង​ធ្វើយ៉ាង​ណា​ទៅ​តាម​លិខិត​នោះ​ទេ​ ដោយ​លោក​បាន​បង្វែរ​សំណួរ​ទៅ​លោក​ សុខ សុទ្ធី​ មន្ត្រី​នាំពាក្យ​សាលា​ខេត្ត។​

VOA​ ​បាន​ព្យាយាម​សុំការ​អធិប្បាយ​ពី​លោក សុខ សុទ្ធី​ អភិបាល​រង​ខេត្ត​កោះកុង​ និង​មន្ត្រី​នាំពាក្យ​សាលា​ខេត្ត​ ​តែ​ទូរសព្ទ​លោក​រោទិ៍​គ្មាន​អ្នក​ទទួល។​

លោក​ ​អំ សំអាត​ ​ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​របស់​អង្គការ​ឃ្លាំ​មើល​ និង​ការពារ​សិទ្ធិ​មនុស្ស​ លីកាដូ​ ចាត់​ទុក​ថា​ នេះ​ជា​លើក​ទីមួយ​ដែល​រដ្ឋាភិបាល​បាន​ចេញ​លិខិត​អន្តរាគមន៍​ជាមុន​ ក្នុង​ការ​ទប់ស្កាត់​សកម្មភាព​ប្រជា​ពលរដ្ឋ​ឡើង​មក​តវ៉ា​នៅទីក្រុង​ភ្នំពេញនៅ​មុន​អំឡុង​ពេល​បោះឆ្នោត។

លោក​ថ្លែង​ថា៖​

«ការណ៍​ឡើង​មក​ទីក្រុង​ភ្នំពេញ​របស់​ប្រជា​ពលរដ្ឋ​នេះ ​គឺ​ដោយសារ​តែ​លោក​បាត់​បង់​ជំនឿ​ទៅ​លើ​អាជ្ញាធរ​មូលដ្ឋាន​ គឺ​អាជ្ញាធរ​ខេត្ត ​រាជធានី​ដែល​បញ្ហា​គាត់​មាន​យូរ​រ៉ាំរ៉ៃ​ ហើយ​ដោះ​មិន​ចេញ។ អីចឹង​បាន​គាត់​សម្រុក​មក​រាជធានី​ភ្នំពេញ​ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​របស់​គាត់​ហ្នឹង។ នេះ​មិនមែន​ជា​បញ្ហា​ឥឡូវ កើត​ថ្មី​ទេ។ ​បញ្ហា​ដីធ្លី​នេះ​វា​ជា​បញ្ហា​យូរ​ហើយ​ ​ប៉ុន្តែ​បើសិន​ជា​លិខិត​របស់​ក្រសួង​មហា​ផ្ទៃ​បាន​ចេញ​ គឺ​ជា​លិខិត​មួយ​ថ្មី​នៅ​ក្នុង​អាណត្តិ​នេះ។​ ហើយ​យើង​ក៏​អប​អរ​សាទរ​ដែរ​ចំពោះ​លិខិត​នេះ។​ បើសិន​ជា​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​ ឬ​ថ្នាក់​ខេត្ត​ និង​រាជធានី​ហ្នឹង​ គាត់​ប្រឹងប្រែង​ធ្វើ​ការ​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​ ចាប់​តាំងពី​ដំបូង​មក​ ​ ប្រហែល​ជា​មិន​មាន​រឿង​ បញ្ហា​ដីធ្លី​ក្តៅ​គគុក​ ឬក៏​ប្រជា​ពលរដ្ឋ​ឡើង​មក​តវ៉ា​នៅ​ទីក្រុង​ភ្នំពេញ​នោះ​ទេ​ បាទ»។​

មន្ត្រី​សិទ្ធិ​មនុស្ស​ជាន់​ខ្ពស់​រូប​នេះ​ថ្លែង​បន្ត​ថា​ មាន​បញ្ហា​ដីធ្លី​ជា​ច្រើន​ដែល​ដោះ​មិន​ចេញ​ដែល​ភាគ​ច្រើន​ជាប់ពាក់​ព័ន្ធ​ដី​សម្បទាន​សេដ្ឋកិច្ច ​ដែល​រដ្ឋាភិបាល​បាន​ផ្តល់​ទៅ​ក្រុមហ៊ុន​ឯកជន​កាល​ពី​ពេល​កន្លង​មក​នោះ។​

«ខ្ញុំ​គិត​ថា​ រឿង​រ៉ាវ​ដែល​រ៉ាំរ៉ៃ​ធំៗ​ហ្នឹង​ វា​ច្រើន​តែ​ពាក់​ព័ន្ធ​នឹង​រឿង​សម្បទាន​ដី​សេដ្ឋកិច្ច​ ឬ​ក៏​រឿង​ដី​ដែល​ប្រជា​ពលរដ្ឋ​មាន​បញ្ហា​ជាមួយ​អ្នក​ដែល​មាន​អំណាច​ធំៗ​ អីចឹង​ ​គឺ​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​ហ្នឹង​គឺ​បាន​ន័យ​ថា​ អំណាច​របស់​គាត់​មិន​អាច​ដោះស្រាយ​បាន​ទេ។​ អីចឹង​ទាល់​តែ​អាជ្ញាធរ​ថ្នាក់​ជាតិ​ ឬ​ក៏​រាជរដ្ឋា​ភិបាល​តែម្តង​ដែល​សម្រេច​ធ្វើការ​ដោះស្រាយ។​ អាហ្នឹង​ហើយ​ដែល​វា​កើត​ជា​បញ្ហា​ ក្លាយ​ទៅ​ជា​ជំងឺ​រ៉ាំរ៉ៃ​នៃ​បញ្ហា​ដីធ្លី​ ដោយសារ​តែ​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​ ឬក៏​អាជ្ញាធរ​រាជធានី​ខេត្ត​ហ្នឹង​ គាត់​មិន​អាច​ធ្វើការ​ដោះ​ស្រាយ​ជូន​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​លទ្ធផល​ល្អ​បាន​នោះ​បាទ»។​

ក្នុង​លិខិត​ដដែល​របស់​លោក ​ លោក​ ​ស ខេង​ ​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ក៏​លើ​ឡើង​ពី​បញ្ហា​ទន្ទ្រាន​យក​ដី​ផង​ដែរ។​ ​លោក​បាន​បញ្ជាក់​ថា​ បញ្ហា​នេះ​តែងតែកើត​ឡើង​មុន​ពេល​បោះឆ្នោត​ម្តងៗ។

លិខិត​របស់​លោក​ ស ខេង​ បាន​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​

«ទន្ទឹម​នេះ​ នៅមុន​ពេល​បោះឆ្នោត​ម្តងៗ​ ក្រុម​ឱកាស​និយម​មួយ​ចំនួន​តែងតែ​ឆ្លៀត​ធ្វើ​សកម្ម​ភាព​រំលោភ​ទន្រ្ទាន​កាន់​កាប់​ដី​សាធារណៈ​ ដីព្រៃឈើ​ និង​ដីធ្លី​ដែល​មាន​ម្ចាស់​គ្រប់​គ្រង​ផង​ដែរ»។

លោក​ ​ស ខេង​ ​ក៏​បាន​ណែនាំ​ដល់​រដ្ឋបាល​រាជធានី​ ខេត្ត​ឲ្យ​ទប់​ស្កាត់​បញ្ហា​នេះ​ ចាប់​ពី​ពេល​នេះ​រហូត​ដល់​ថ្ងៃ​បោះឆ្នោត​ ដោយ​អាជ្ញាធរ​ត្រូវ​ប្រើ​ប្រាស់​យន្តការ​ដោះ​ស្រាយ​ទំនាស់​ដីធ្លី​ដែល​មាន​ស្រាប់​នៅ​ថ្នាក់​រាជធានី​ ខេត្ត​ ឲ្យ​បន្ត​ខិតខំ​ជំរុញ​ការ​សម្រុះ​សម្រួល​ និង​ដោះ​ស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​ជូន​ប្រជា​ពលរដ្ឋ​ប្រកប​ដោយ​តម្លាភាព​ សុចរិត​ភាព​ និង​យុត្តិធម៌​ ដោយ​ត្រូវ​ចុះ​ជួប​ផ្ទាល់​ជាមួយ​ប្រជា​ពលរដ្ឋ​ ដើម្បី​ស្រាវជ្រាវ​ និង​ស្វែង​យល់​ឲ្យ​បាន​ស៊ី​ជម្រៅ​ និង​ច្បាស់​លាស់​អំពី​សាវតា​ដី​ទំនាស់​ បញ្ហា​ទំនាស់​ដីធ្លី​ សាវតា​ប្រជាពលរដ្ឋ​ និង​ការ​ទាមទារ​តវ៉ា​របស់​ប្រជា​ពលរដ្ឋ​ ដើម្បី​ធ្វើ​ជា​មូលដ្ឋាន​បង្អែក​សម្រាប់​ទាញ​ហេតុ​ផល​ក្នុងការ​សម្រុះ​សម្រួល​ និង​ដោះ​ស្រាយ​ទំនាស់​ដីធ្លី៕ ប្រភព៖ VOA

Loading...